ក្រោយពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​មក គេ​សង្កេត​ឃើញ​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មាន​ច្រើន​ដដែល​។ ​ជុំវិញ​មូលហេតុ​នៃ​បញ្ហា​នេះ​ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​ជាមួយ​លោក គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ និង ជា​អនុប្រធាន​ក្រុម កម្មវិធី​សុវត្ថិភាពចរាចរណ៍​សហគមន៍ នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហ៊ាន​ទី ២ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តាម​ការសង្កេត​របស់​អង្គការ​លោក​ដែល​ធ្វើ​ការងារ​លើ​ចរាចរណ៍ តើ​ច្បាប់​ចរាចរណ៍​ដែល​ប្រើប្រាស់​កន្លង​មក​លោក​យល់​ថា ទាំង​ពលរដ្ឋ ទាំង​នគរបាល​ចរាចរណ៍ ពួកគាត់​គោរព​ច្បាប់ និង​អនុវត្ត​បាន​យ៉ាង​ម៉េច​ដែរ ?

បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​បាន​ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​រាល់​ពេល​ធ្វើ​ដំណើរ​។ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់​​ទុក​នូវ​សោក​នាដកម្ម​មាន​ដូចជា​ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ​ជាមួយ​នឹង​ផលប៉ះពាល់​ជាច្រើន​ផ្សេង​ទៀត​ចំពោះ​សេដ្ឋកិច្ច និង​សង្គមជាតិ​ទាំង​មូល​។

ជាក់ស្តែង​យើង​សង្កេត​ឃើញ​​ថា បើ​ទោះ​ជា​មាន​ច្បាប់​ចរាចរណ៍​ដែល​ល្អ​ប្រសើរ​ច្រើន​ជាង​មុន ការផាក​ពិន័យ និង​ការដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន​ ប៉ុន្តែ ​ប្រជាពលរដ្ឋ​ហាក់​ដូចជា​ពុំ​ទាន់​ទទួល​បាន​ការយល់ដឹង​ជ្រួតជ្រាប​ និង​គោរព​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ឡើយ​ទេ ម្ល៉ោះ​ហើយ​បាន​ជា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដូចជា ចំនួន​អ្នកស្លាប់ និង​របួស​ធ្ងន់ធ្ងរ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ថយ​ចុះ​ស្រប​តាម​ការរំពឹង​ទុក​របស់​ផែនការ​ជាតិ​ដែល​បាន​កំណត់​នៅ​ឡើយ​។

ទាំងអស់​នេះ​យើង​អាច​និយាយ​បាន​ថា ការចូលរួម​វិនិយោគ​លើ​ការអប់រំ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការយល់ដឹង និង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ពិត​ជា​នៅ​មាន​កម្រិត​ពោល​គឺ​អ្នក​បើក​លឿន​នៅ​តែ​លឿន​អ្នក​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើកបរ​នៅ​តែ​ប្រព្រឹត្ត​បន្ត អ្នក​មិន​គោរព​ភ្លើង​ស្លាក​សញ្ញា​ចរាចរណ៍​ក៏ដូចជា​កាន់តែ​ល្មើស​ជាង​មុន​ទៅ​ទៀត​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ហាក់​កើត​មាន​ជា​បន្តបន្ទាប់​បើ​ទោះបី​ជា​ច្បាប់​ចរាចរណ៍​អនុម័ត​ឱ្យ​ប្រើ​ទៅ​ហើយ​ក្តី​។ តើ​បញ្ហា​គ្រោះថ្នាក់​នេះ​មកពី​មិន​សូវ​មាន​ការផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ឬ​ក៏​មកពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​?

កាលពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ​យើង​សង្កេត​ឃើញ​ថា​ទាំង​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល​ក៏ដូចជា វិស័យ​ឯកជន​បាន​រួម​ដៃ​គ្នា​យ៉ាង​សកម្ម និង​ស្វិតស្វាញ​បំផុត​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​។

ទន្ទឹម​នឹង​នោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក៏​បាន​អនុវត្ត​ពី​ដើម​ឆ្នាំ​ ២០១៦ ​ដោយ​សកម្ម​។ ​ជា​លទ្ធផល​យើង​បាន​សង្កេត​ឃើញ​ថា​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ ១៧ ​ភាគរយ​របួស​ធ្ងន់​ថយ​ចុះ​ ១៤ ​ភាគរយ និង​របួស​ស្រាល​ថយ​ចុះ​ ១៣ ​ភាគរយ​។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៧ ​និង​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០១៨ ​នេះ​យន្ត​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ និង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូចជា​ពុំ​សូវ​មាន​ភាព​ផុសផុល​ដូច​កាល​ដែល​បាន​អនុវត្ត​កាលពី​ឆ្នាំ​ ២០១៦ ​កន្លង​ទៅ​ទេ​។ ដូច្នេះ​ហើយ​បាន​ជា​យោង​ទៅ​តាម​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០១៧ ​កើនឡើង​ ៧ ​ភាគរយ និង​អ្នករបួស​ធ្ងន់ធ្ងរ​គឺ​កើនឡើង​ ៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

ជា​ការពិត​ណាស់​មនុស្ស​តែងតែ​បង្ក​កំហុស​ឆ្គង​ និង​ងាយស្រួល​​ទទួល​រង​នូវ​ឥទ្ធិពល​ដែល​ងាយ​គ្រោះថ្នាក់ និង​អវិជ្ជមាន​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់​។ ដូចនេះ​ហើយ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជំនឿ និង​ការប្រព្រឹត្ត​របស់​អ្នកបើកបរ​គ្រប់​រូប​ឱ្យ​ឆ្ពោះ​ទៅ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​គឺ​ចាំបាច់​ណាស់​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ីវិល វិស័យ​ឯកជន​ក៏ដូចជា វិស័យ​ព័ត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ ទំព័រ​​បណ្តាញ​សង្គម​ត្រូវ​ពង្រីក​បន្ថែម​​ការចូលរួម​ចំណែក​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ជាប់លាប់​ហើយ​បន្ត​ទ្រទ្រង់​សកម្មភាព​អាទិភាព​ដែល​មាន​ដូចជា កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ក្នុង​សាលារៀន និង​សហគមន៍ ការកែលម្អ​កម្រិត​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ពង្រឹង​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ធ្វើ​បច្ចុប្បន្នភាព​បទដ្ឋាន​ពាក់ព័ន្ធ​ក្រោម​ច្បាប់​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ផលិត​ខ្សែភាពយន្ត​អប់រំ​ខ្លី និង​ដាក់​ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង​ការអនុវត្ត​កិច្ចការ​សុវត្ថិភាព​ចរាចរណ៍​តាម​ក្រសួង​មន្ទីរ​ស្ថាប័ន​សាលារៀន និង​សហគមន៍​។​ល​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)