កាលពី​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​មួយ​វគ្គ​រួច​ហើយ​ទាក់ទង​នឹង​កម្រិត​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ក្រោយ​ពេល​មាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាមរយៈ​ការសម្ភាស​ជាមួយ​លោក​ គង់ សុវណ្ណ ជា​ទីប្រឹក្សា​​ជំនាញ​ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ ជុំវិញ​ប្រធានបទ​ដដែល​នេះ យើង​សូម​ផ្សព្វផ្សាយ​បន្ត​នូវ​​កិច្ចសម្ភាសន៍​ដែល​ជា​វគ្គ​បញ្ចប់​​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន​មាន​ការ​ថយចុះ​ ឬ​កើនឡើង​ជាង​កាលពី​មិន​ទាន់​មាន​ច្បាប់​ចរាចរណ៍​? ​ដោយសារ​កត្តា​អ្វី​ខ្លះ​?

ដូច​ដែល​បាន​លើក​ឡើង​ខាង​​ដើម​អត្រា​អ្នក​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០១៧ ​កើនឡើង​ ៧ ​ភាគរយ​​ និង​អ្នករបួស​ធ្ងន់ធ្ងរ​ក៏​បាន​កើនឡើង​​ ៤ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។ ដូច​គ្នា​នេះដែរ​យោង​តាម​របាយការណ៍​នាយកដា្ឋន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រឹម​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០១៨ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​រហូត​ដល់​ ១០៦០ ​នាក់​ និង​របួស​ធ្ងន់​ ១៧៥៥ ​នាក់​ផងដែរ​។ ​

ដូចនេះ​ ប្រសិន​បើ​មាន​តែ​ការអប់រំ​ផ្សព្វផ្សាយ ប៉ុន្តែ​ពុំ​មាន​នូវ​វត្តមាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ពិសេស​ចំពោះ​ការបើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​មិន​ពាក់មួក​សុវត្ថិភាព​ និង​ការ​ល្មើស​ចំពោះ​ភ្លើង និង​មិន​គោរព​តាម​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យ​បាន​ក្លៀវក្លា​ទេ​នោះ​ចំនួន​អ្នក​ស្លាប់​ និង​របួស​ធ្ងន់ធ្ងរ​ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​អាច​នឹង​កើន​​ខ្ពស់​ជាង​ឆ្នាំ​ ២០១៧ ​ទៅ​ទៀត​។

និយាយ​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​វិញ តើ​គាត់​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​កម្រិត​ណា​ដែរ​បើ​តាម​ការសង្កេត​របស់​លោក​? រីឯ​អ្នក​ធ្វើ​ដំណើរ​មាន​ការ​យល់ដឹង​ត្រឹម​កម្រិត​ណា​ដែរ​?

នៅក្នុង​ឆ្នាំ​ ២០១៨ ​នេះ​អាច​ជា​ឆ្នាំ​ដែល​កម្ពុជា​មាន​ភាព​មមាញឹក​ខ្លាំង ហើយ​ថ្មីៗ​នេះ​មាន​ខេត្ត​ជាច្រើន​ក៏​កំពុង​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ទឹកជំនន់​​ថែម​ទៀត​។ ​ដូចនេះ​អាជ្ញាធរ​ និង​នគរបាល​ចរាចរណ៍​ប្រហែល​ជា​មាន​ផល​លំបាក​ក្នុង​ការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​ឱ្យ​បាន​ជាប់លាប់ និង​ពេញលេញ​។

អង្គការ​របស់​លោក​គឺជា​ដៃគូ​សំខាន់​មួយ​ដែរ​ក្នុង​ការចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តើ​មាន​ការ​ចូលរួម​លើ​ផ្នែក​អ្វី​ដែរ​? ហើយ​ទទួល​បាន​លទ្ធផល​យ៉ាង​ម៉េច​ដែរ​?

តាមរយៈ​វិសាលភាព​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​ផ្តួចផ្តើម​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្រោម​ការគាំទ្រ​ជំនួយ​បច្ចេកទេស និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​រួមមាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទីភ្នាក់ងារ​អភិវឌ្ឍន៍​​នៃ​ប្រទេស​បារាំង និង​កម្មវិធី​​ជំនួយ​អូស្ត្រាលី ក្រុម​ការងារ​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​បាន​​ចូលរួម​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​តាម​តំបន់​នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​ទាំង​ ១០ ​ខេត្ត​រួម​មាន​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​ដោយ​ផ្តោត​លើ​កត្តា​ហានិភ័យ​នានា​សំដៅ​ធ្វើ​យ៉ាង​ណា​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​​ផ្លូវ​គ្រប់​រូប​ដែល​ក្នុង​នោះ​រួមមាន ការបើក​ហួស​ល្បឿន​កំណត់​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​​ស្រវឹង ការពាក់​មួក​សុវត្ថិភាព​សុវត្ថិភាព​ថ្មើរជើង សុវត្ថិភាព​ជិះ​កង់ សុវត្ថិភាព​តំបន់​សាលារៀន និង​ការសង្គ្រោះ​បឋម​៕