តាម​ផ្លូវ​ច្បាប់​ការ​ដាក់​ទោសទណ្ឌ​បុគ្គល​ណា​ម្នាក់​លុះ​ត្រា​ណា​បុគ្គល​រូប​នោះ​ មាន​អាយុ​ចាប់​ពី​ ១៤ ឆ្នាំ​ទៅ ១៨ ឆ្នាំ​ឡើង​ទៅ​ ប៉ុន្តែ​បើ​ក្មេង​ដែល​មាន​អាយុ​ក្រោម ១៤ ឆ្នាំ​វិញ ហើយ​បាន​បង្ក​បទ​ល្មើស​ត្រូវ​ជាប់​ចោទ​ក្នុង​បទ​ល្មើស​ឧក្រិដ្ឋ​ណា​មួយ​​តើ​ច្បាប់​ផ្តល់​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​យ៉ាង​ដូចម្តេច​ដែរ?

ចង់​ជ្រាប​ថា​មាន​ខ្លឹម​សារ​យ៉ាង​ណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យុង ផានិត អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖

មាន​ករណី​ទណ្ឌិត​ (អ្នក​ទទួល​សាលក្រម​ ឬ ​សាល​ដីកា​ស្ថាពរ) ម្នាក់​ឈ្មោះ ឃី វណ្ណី ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​ជំនុំ​ជម្រះ ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ប្រកាស​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ព្រោះ​បន្ទាប់ពី​ស្រាវជ្រាវ​ដល់​មូល​ដ្ឋាន​ក្នុង​សំបុត្រ​កំណើត​បញ្ជាក់​ថា ក្មេង​នោះ​កាល​ពី​ថ្ងៃ​ប្រព្រឹត្ត​បទល្មើស​គាត់​ទើប​មាន​​អាយុ​ ១២ ​ឆ្នាំ ២៨ ថ្ងៃ​ប៉ុណ្ណោះ។ បាន​ន័យ​ថា ​ក្មេង​នោះ​មាន​អាយុ​ក្រោម​ ១៤ ឆ្នាំ។ ប៉ុន្តែ​មុន​មាន​ការ​ដោះ​លែង ​ក្មេង​នោះ​ត្រូវ​តុលា​ការ​​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​គុក​ ៣​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ។ តាម​ផ្លូវ​ច្បាប់​ បុគ្គល​ដែល​អាច​ជាប់​ទោស​លុះ​ណា​មាន​អាយុ​ចាប់​ពី ១៤ ឆ្នាំ​ឡើង។

ក្នុង​ករណី​បែប​នេះ​សួរ​ថា​ពេល​​កើត​ហេតុ​ដំបូង​ហេតុ​អ្វី​បាន​ជា​នគរបាល​យុត្តិធម៌​មិន​ស្រាវជ្រាវ​ពី​​អាយុ​របស់​ក្មេង​នោះ​ឲ្យ​បាន​ច្បាស់?

ករណី​នេះ​ក្នុង​​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៣៧ ​ចែង​ថា​បុគ្គល​ដែល​មិន​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​មិន​ត្រូវ​ទទួល​ទណ្ឌកម្ម​ណា​មួយ​ទេ។

ចំពោះ​មាត្រា ៣៩ ​អនីតិជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជា​កម្មវត្ថុ​នៃ​វិធានការ​តាម​ដាន​ វិធាន​ការ​អប់រំ ​វិធាន​ការ​ការពារ និង​វិធានការ​ឧបត្ថម្ភ។ ប៉ុន្តែ​តុលាការ​​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅ​លើ​អនីតិជន​អាយុ​ចាប់​ពី ១៤ ​(ដប់​បួន) ឆ្នាំ​ឡើង​​ទៅ​ប្រសិន​បើ​កាលៈទេសៈ​នៃ​បទ​ល្មើស​ ឬ ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ។

ដូច​លោក​បាន​​សួរ​ខាង​លើ​ពាក់ព័ន្ធ​នឹង​ករណី​ទណ្ឌិត​ម្នាក់​មិន​ទាន់​គ្រប់​អាយុ​ហើយ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​រឿង​រំលោភ​សេព​សន្ថវៈ​ហើយ​ក្រោយ​ពី​តុលា​ការ​កំពូល​ជំនុំជម្រះ ក៏​ត្រូវ​ដោះលែង​វិញ។ ពាក់ព័ន្ធ​ករណី​នេះ​ខ្ញុំ​យល់​ថា​ វា​ទាក់ទង​នឹង​នគរបាល​​នៅ​មូលដ្ឋាន​ដែល​ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ហេតុ​អ្វី​បាន​ជា​នគរបាល​​មូលដ្ឋាន​នោះ​ មិន​ធ្វើ​ការ​ស្រាវជ្រាវ​សាវតារ ឬ​ប្រវត្តិ​របស់​ក្មេង​នោះ​មុន​នឹង​បញ្ជូន​ទៅ​តុលាការ។

តាម​ពិត​ទៅ​ អ្នក​ដែល​ពាក់ព័ន្ធ​ពេល​ចាប់​ជន​នោះ​មក​ គួរ​តែ​សង្ស័យ​ព្រោះ​ធម្មតា​ជន​នោះ​ត្រូវ​តែ​មាន​សាច់​ញាតិ​បង​ប្អូន​ ឬ ​ឪពុក​ម្តាយ​អី​ដែរ​ហើយ​ ហេតុ​អ្វី​បាន​ជា​​មិន​សួរ​ឲ្យ​ដឹង។ ​ដើម្បី​រក​កំហុស​អ្នក​ពាក់​ព័ន្ធ​បាន​ លុះ​​ណា​តែ​ធ្វើ​ការ​ស្រាវជ្រាវ​​ប្រសិន​បើ​កិច្ចការ​នេះ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ស្រាវជ្រាវ​ ​ហើយ​បញ្ហា​នេះ​កំហុស​មក​ពី​អ្នក​ណា។ ជា​ទូទៅ សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ជា​អ្នក​ធ្វើ​របាយការណ៍។

ដូច​ដែល​កន្លង​មក​មាន​មេធាវី​ខ្លះ​សំណូមពរ​ទៅ​តុលាការ​កុំ​ឲ្យ​ជឿ​ទៅ​លើ​របាយការណ៍​របស់​នគរបាល​ទាំង​ស្រុង​ពេក​​ ប៉ុន្តែ​តុលា​ការ​ក៏​តែង​តែ​សួរ​មក​វិញ​ថា ​តើ​មាន​ភ័ស្តុតាង​ណា​ផ្ទុយ​ទេ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​រក​ភ័ស្តុតាង​ថ្មី​ហ្នឹង។ នគរ​បាល​យុត្តិធម៌​គាត់​ជា​អ្នក​ងាយ​រក​ជាង​មេធាវី​ព្រោះ​គាត់​ជា​សមត្ថកិច្ច​គាត់​អាច​ទាក់ទង​គ្នា​គាត់​ភ្លាមៗ​ ឬ ​​ក៏​តុលាការ​ធ្វើ​លិខិត​បញ្ជូន​ទៅ​នគរបាល​មូលដ្ឋាន​ឲ្យ​ស្រាវជ្រាវ​រក​ឪពុក​ម្តាយ​បង​ប្អូន​ក្មេ​ង​នោះ​ទៅ។ ​

ពាក់ព័ន្ធ​អនីតិជន​ក្រោម​អាយុ​ ១៤ ​ឆ្នាំ​ហើយ​បាន​បង្ក​​បទ​ល្មើស​ឧក្រិដ្ឋ។ បើ​យោង​​មាត្រា​ ៤០ នៃ​ក្រម​ព្រហ្មទណ្ឌ​​និយាយ​ពី​​វិធានការ​ការពារ​ និង​វិធាន​ការ​ឧបត្ថម្ភ​មាន​ដូច​ត​ទៅ៖

១-ការ​ប្រគល់​អនីតិជន​ឲ្យ​ទៅ​ឪពុក​ម្តាយ​អាណា​ព្យាបាល​បុគ្គល​ដែល​ថែរក្សា​អនីតិជន​នោះ​ ឬ​បុគ្គល​ណា​ផ្សេង​ទៀត​ប្រសិន​បើ​បុគ្គល​នោះ​ស័ក្តិសម​នឹង​ទំនុក​ចិត្ត។

២-ការ​ប្រគល់​អនី​តិជ​ន​ឲ្យ​ទៅ​សេវា​សាធារណៈ​ដែល​សម្រាប់​ទទួល​អនីតិជន​ទៅ​អង្គការ​ឯកជន​ដែល​មាន​នីតិសម្បទា​ក្នុង​ការ​ទទួល​អនីតិជន។

៤-ការ​ប្រគល់​អនីតិជន​ឲ្យ​ទៅ​មន្ទីរពេទ្យ​ ឬ ​ស្ថាប័ន​ឯកជន។

៥-ការដាក់​អនីតិជន​ឲ្យ​ស្ថិត​នៅ​​ក្រោម​ការ​ការពារ​របស់​តុលាការ។

មាត្រា​ ៤១ - ក្នុង​ករណី​ដាក់​ឲ្យ​​ស្ថិត​នៅ​ក្រោម​ការការ​ពារ​​របស់​តុលា​ការ​នោះ​តុលាការ​​ចាត់​តាំង​បុគ្គល​មួយ​រូប​ដែល​ទទួល​ភារៈ​ធ្វើ​ការ​តាម​ដាន​អនីតិ​ជន។​ បុគ្គល​នេះ​ផ្ញើ​​របាយ​ការណ៍​ស្តីពី​កិរិយា​មារយាទ​របស់​អនីតិជន​ឲ្យ​បាន​ទៀង​ទាត់​ដល់​ព្រះ​រាជ​អាជ្ញា។ បុគ្គល​នោះ​ត្រូវ​​ផ្តល់​ព័ត៌មាន​ដល់​ព្រះ​រាជ​អាជ្ញា​អំពី​ព្រឹត្តិការណ៍​ទាំង​អស់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កែ​ប្រែ​នូវ​វិធាន​ការ​នេះ។

ចំពោះ​អនីតិ​ជន​ ដែល​មិន​ទាន់​គ្រប់​អាយុ​ជាប់​ពន្ធនាគារ​បើ​តាម​ច្បាប់​​ស្តី​ពី​យុត្តិធម៌​សម្រាប់​អនីតិជន​បាន​ផ្តល់​សិទ្ធិ​ជា​មូល​ដ្ឋាន​អ្វីខ្លះ​ដល់​​គាត់?

ក្នុង​មាត្រា ៦ ​នៃ​ច្បាប់​ស្តី​ពី​យុត្តិធម៌ សម្រាប់​អនីតិជន​ចែង​ថា អនីតិជន​គ្រប់រូប​ដែល​ជាប់​សង្ស័យ ឬ​ជាប់​ចោទ​ថា​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​នីតិវិធី​ ដូច​ត​ទៅ៖

-សិទ្ធិ​មិន​ផ្តល់​ចម្លើយ​នៅ​ពេល​ដែល​មាន​ ឬ​គ្មាន​វត្ត​មាន​មេធាវី។

-សិទ្ធិ​មិន​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​ឆ្លើយ​ដាក់​បន្ទុក​លើ​ខ្លួន​ឯង។​

-សិទ្ធិ​រក្សាការ​សម្ងាត់​នៃ​ជីវិត​ឯកជន​។

-សិទ្ធិ​ទទួល​បាន​ការ​ពិនិត្យ​សុខភាព ​និង​ការ​ព្យាបាល។

-សិទ្ធិ​ទទួល​បាន​ការ​ឲ្យ​ដំណឹង​អំពី​បទ​ចោទ​ប្រកាន់។

-សិទ្ធិ​ក្នុង​ការ​ជូន​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​ទៅ​ដល់​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់។

-សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធា​វី​ដោយ​ការ​ជ្រើស​រើស​ឬ​ដោយ​ការ​ចាត់​តាំង​ដោយ​មិន​យក​កម្រៃ​ស្រប​តាម​លក្ខខណ្ឌ​ដែល​ចែង​ដោយ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​បំផុត​នៃ​នីតិ​វិធី។

-សិទ្ធិ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​នៅ​គ្រប់​ដំណាក់​កាល​រឿង​ក្តី​ប្រសិន​បើ​ការ​ចូល​រួម​នេះ​មិន​ផ្ទុយ​នឹង​ឧត្តម​ប្រយោជន៍​របស់​អនីតិជន។

-សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​អ្នក​បក​ប្រែ​ភាសា​ដោយ​មិន​យក​កម្រៃ​បើ​មាន​ការ​ចាំ​បាច់។

-សិទ្ធិ​បង្ហាញ​ភ័ស្តុ​តាង។

-សិទ្ធិ​ស្នើ​សុំ​ឲ្យ​កោះហៅ​សាក្សី​ និង​សួរ​សាក្សី។

-សិទ្ធិ​ស្នើ​សុំ​អនុ​ញ្ញត​នៅ​ក្រៅ​ឃុំ​។

-សិទ្ធិ​ស្នើ​សុំ​ឲ្យ​កែប្រែ​វិធាន​ការ​ត្រួ​ត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

-សិទ្ធិ​ទំនាក់​ទំនង​ជាមួយ​ស្ថានទូត​ ស្ថាន​កុង​ស៊ុល​ ក្នុង​ករណី​អនីតិជន​ជា​ជន​បរទេស។

-សិទ្ធិ​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរ​មាន។

មាត្រា ៧ ចែង​ថា នីតិភាព​នៃ​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ត្រូវ​បាន​កំណត់​ចាប់​ពី​អាយុ ១៨ (ដប់​ប្រាំបី) ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​ តុលាការ អាច​ប្រកាស​ទណ្ឌ​កម្ម​ព្រហ្មទណ្ឌ ទៅ​លើ​អនីតិជន​អាយុ​ចាប់​ពី ១៤ (ដប់​បួន) ឆ្នាំ​ឡើង​ទៅ​ប្រសិន​បើ​កាលៈទេសៈ​នៃ​បទ​ល្មើស​ ឬ ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​នោះ​តម្រូវ​លើក​លែង​តែ​ករណី​មាន​ចែង​ពិសេស​នៅ​ក្នុង​ច្បាប់​ផ្សេង​ទៀត។

មាត្រា ៩ អាយុ​នៃ​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​របស់​អនីតិជន​ត្រូវ​កំណត់​យក​អាយុ​នៅ​ពេល​ដែល​អនីតិ​ជន​នោះ​ប្រព្រឹត្ត​​បទ​ល្មើស។ ភ័ស្តុ​តាង​នៃ​អាយុ​របស់​អនីតិជន​ត្រូវ​បាន​បញ្ជាក់​ដោយ​សំបុត្រ​កំណើត​ ឬ ​ឯកសារ​ផ្សេង​ទៀត​ដែល​អាច​បញ្ជាក់​បាន​អំពី​កំណើត។

ក្នុង​ករណី​ពុំ​មាន​ឯកសារ​ ឬ ​មាន​ការ​សង្ស័យ​ឬ​មិនមាន​ភាព​ច្បាស់​លាស់​ ទាក់​ទង​នឹង​យ​ថា​ភូត​​ឯកសារ​នោះ​ភ័ស្តុតាង​នៃ​អាយុ​របស់​អនីតិជន​អាច​ផ្តល់​តាម​គ្រប់​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​តុលាការ​អាច​ជឿទុក​ចិត្ត​បាន។

អាជ្ញាធរ ​មាន​សមត្ថកិច្ច​ត្រូវ​ស្វះ​ស្វែង​រក​ភ័ស្តុតាង​ដើម្បី​កំណត់​អាយុ​របស់​អនីតិជន​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ ក្នុង​ករណី​មាន​ការ​សង្ស័យ​អំពី​អាយុ​របស់​អនីតិជន​វិមតិ​សង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​អនីតិជន៕