ប្រសិនបើ​ជនណា​ម្នាក់​បង្ក​បទល្មើស​អ្វីមួយ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តើ​ជន​នោះ​អស់សិទ្ធិ​ជា​ពលរដ្ឋ​ ឬ​ក៏​នៅតែ​មាន​សិទ្ធិ​ធម្មតា ហើយ​ត្រូវ​បាន​ច្បាប់​ការពារ​បែប​ណា​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៥ Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

តើ​ច្បាប់​បាន​កំណត់​ទេ​ថា នៅពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំង​នៅ​ទីសាធារណៈ​ទាំង​នៅក្នុង​បន្ទប់​សួរចម្លើយ​។ តើ​តម្រូវ​ឲ្យ​ជន​នោះ​បិទបាំង​មុខ​ពាក់​ម៉ាស់ ឬ​ពាក់មួក​ ឬ​ពាក់​វ៉ែនតា​ខ្មៅ​) ​ដែរ​ទេ​?

នៅពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំង​នៅ​ទីសាធារណ:​ទាំង​នៅក្នុង​បន្ទប់​សួរចម្លើយ សួរថា​តើ​ច្បាប់​តម្រូវ​ឲ្យ​ជន​នោះ​បាំង​មុខ​ដូចជា​ (​ពាក់​ម៉ាស់ ឬ​ពាក់មួក​ ឬ​ពាក់​វ៉ែនតា​ខ្មៅ​) ដែរ​ទេ​? ​ជា​គោលការណ៍​តាម​ការអនុវត្ត​ច្បាប់​ស្តង់ដា​អន្តរជាតិ និង​ច្បាប់​ជាតិ​ (​រដ្ឋធម្មនុញ្ញ​) គឺ​មាន​ន័យ​ថា​ច្បាប់​ការពារ​ជីវិត​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​។

ព្រោះ​ពួកគេ​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ជា​ស្ថាពរ​នៅ​ឡើយ​ទេ​ផ្ទុយ​ទៅ​វិញ​ការដែល​ជនសង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​តម្រូវ​ឲ្យ​មាន​ការបិទបាំង​មុខ ពាក់​ម៉ាស់ ឬ​ពាក់មួក ឬ​ពាក់​វ៉ែនតា គឺជា​ការគោរព​សិទ្ធិ​របស់​ជនសង្ស័យ​ទៅវិញ​ទេ​។

តើ​ការចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​ពី​ឈ្មោះ អាយុ និង​បង្ហាញ​មុខ​របស់​ជនណា​ម្នាក់​ក្នុង​អំឡុងពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ការត្រឹមត្រូវ​ដែរ​ទេ​ ឬ​អាច​ថា​រំលោភ​លើ​សិទ្ធិ​របស់​ជន​នោះ​?

ចំពោះ​ការចុះផ្សាយ​តាម​កាសែត​នូវ​ឈ្មោះ អាយុ និង​បង្ហាញមុខ​របស់​ជនណា​ម្នាក់​ក្នុង​អំឡុងពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ការមិន​ត្រឹមត្រូវ​នោះ​ទេ​ចំពោះ​ការធ្វើ​បែបនេះ​គឺ​ខុស​ទៅ​នឹង​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស ហើយ​វា​អាច​ប៉ះពាល់​ទៅ​លើ​ផ្លូវចិត្ត ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ ក្រមសីលធម៌ ជាពិសេស​បើ​មាន​ការពាក់ព័ន្ធ​នឹង​អនីតិជន​ដែល​ជា​កុមារ​ ឬ​ស្ត្រី​ជាដើម​គឺ​កាន់តែ​មាន​ការប៉ះពាល់​សិទ្ធិ​របស់​គាត់​ធ្ងន់ធ្ងរ​ថែមទៀត​។

ព្រោះ​ជន​នោះ​មិន​ទាន់​ត្រូវបាន​តុលាការ​កាត់ទោស​ជា​ស្ថាពរ​នៅ​ឡើយ​ទេ​។ ​ម្យ៉ាង​ទៀត​ក៏​មិនមាន​ច្បាប់​ណា​មួយ​ចែង ហើយ​តម្រូវ​ឲ្យ​ចុះផ្សាយ​ក្នុង​កាសែត​នូវ​អត្តសញ្ញាណ និង​បង្ហាញ​មុខ​ជន​នោះទេ​។ ក៏ប៉ុន្តែ​ប្រសិន​បើ​មានការ​ចុះផ្សាយ​វិញ​នោះ​អ្នក​ចុះផ្សាយ​ត្រូវ​ចេះ​ច្នៃ​ថតរូប​​ឬ​ច្នៃ​រូបថត​កុំ​ឲ្យ​ចំ​មុខ​ ឬ​ធ្វើ​ម៉េច​ឲ្យ​រូបថត​នោះ​មាន​សភាព​ព្រាលៗ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ផ្សេង​ទៀត​ស្គាល់​ជន​នោះ​បាន​។

ជាគោលការណ៍​ច្បាប់​តើ​ជន​ដែល​សមត្ថកិច្ច​នាំខ្លួន​អាច​សន្មត​ថា​ជា​ជន​មាន​កំហុស​បាន​ទេ បើ​គេ​បានឃើញ​គាត់​ចាក់​ជន​ម្នាក់​ទៀត​ស្លាប់​ផ្ទាល់​ភ្នែក​ហើយ​នោះ​?

ចំពោះ​ជន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​គឺ​មិនអាច​សន្មត​ថា​ជា​ជន​មាន​កំហុស​បាន​ទេ ទោះបី​ជា​ជន​នោះ​ចាក់​ជន​ម្នាក់​ទៀត​ស្លាប់​ផ្ទាល់​ភ្នែក​ហើយ​ក៏ដោយ ព្រោះ​ថា​ជាគោលការណ៍​ច្បាប់ ជនជាប់ចោទ​ណា​ក៏ដោយ​ត្រូវ​ចាត់ទុក​ជា​មនុស្ស​ឥតទោស​ដរាប​ណា​តុលាការ​មិន​ទាន់​កាត់ទោស​ជា​ស្ថាពរ យោង​តាម​មាត្រា​ ៣៨ ​នៃ​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​គោលការណ៍​សន្មត​ថា គ្មាន​ទោស​នេះ​ក៏​មាន​ចែង​នៅក្នុង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ផង​ដែរ​ហើយ​ត្រូវ​តែ​គោរព​គ្រប់​រឿងហេតុ​ទាំងអស់​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ តាម​ច្បាប់​ក្រមនីតិវិធី​ព្រហ្មទណ្ឌ សមត្ថកិច្ច នគរបាល​យុត្តិធម៌​គ្រាន់តែ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ចាប់ខ្លួន​ជនល្មើស​នោះ​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ស្វែងរក​ពិរុទ្ធភាព​ជនល្មើស​តែ​ក៏​មិនមែន​មាន​ន័យ​អាច​សន្មត​​ថា ជនសង្ស័យ​មាន​កំហុស​នៅ​ឡើយ​នោះ​ទេ លុះ​មាន​ការវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ​ពី​ចៅក្រម​ជំនុំជម្រះ​ដោយ​បាន​រកឃើញ​ពី​កំហុស​របស់​ជនសង្ស័យ​នោះ​។

ឧបមាថា នគរបាល​បាន​វាយ​ជនម្នាក់​ពេល​ចាប់ខ្លួន​នៅ​ទីសាធារណ: ឬ​វាយ​ពេល​សួរចម្លើយ​ ឬ​ដាក់​ខ្នោះដៃ​ពេល​សួរចម្លើយ តើ​គាត់​ប្រព្រឹត្ត​បែប​នេះ​ផ្ទុយ​នឹង​ច្បាប់​ ឬ​ចាត់ទុក​ថា​រំលោភ​សិទ្ធិ​ជន​នោះ​ឬ​យ៉ាង​ណា​?

ពាក់ព័ន្ធ​នឹង​នគរបាល​វាយ​ជន​ម្នាក់​ពេល​ចាប់ខ្លួន​នៅ​ទីសាធារណ: ឬ​វាយ​ពេល​សួរចម្លើយ ឬ​ដាក់​ខ្នោះដៃ​ពេល​សួរចម្លើយ ការប្រព្រឹត្ត​បែប​នេះ​គឺ​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​តាម​ផ្លូវ​ច្បាប់ តាម​គោលការណ៍​សន្មត​ថា គ្មាន​ទោស​នេះ​ហើយ​ទើប​ច្បាប់​ហាម​មិន​ឲ្យ​មាន​ការបង្ក​ហិង្សា​អ្វី​មួយ​ដែល​ខុសច្បាប់​ទៅ​លើ​ជនសង្ស័យ​នោះ​ទេ​គឺ​មាន​ន័យ​ថា​អ្នក​ដែល​ត្រូវគេ​វាយ​នោះ​គ្មាន​ទោស​នៅឡើយ​ទេ ពួកគេ​នៅមាន​សិទ្ធិ​ជា​មនុស្ស​នៅឡើយ​។ ជាពិសេស​គឺ​បំណង​របស់​ច្បាប់​គឺ​កុំ​ឲ្យ​មាន​ការប្រើ​ហិង្សា​កើតឡើង​ទៅ​លើ​ជនសង្ស័យ បើ​ទោះបី​ជា​ជន​នោះ​បាត់បង់​សិទ្ធិសេរីភាព​ក្នុង​ការដើរហើរ​យ៉ាងណា​ក្តី​យោង​តាម​មាត្រា ៣៨ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា ច្បាប់​រ៉ាប់រង​មិន​ឲ្យ​មានការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណា​ម្នាក់​ឡើយ​។ តែ​ប្រសិន​បើ​សមត្ថកិច្ច នគរបាល​យុត្តិធម៌​នៅតែ​ប្រព្រឹត្ត​នូវ​ការប្រើ​អំពើហិង្សា វាយដំ​យក​ចម្លើយ​លើ​ជនសង្ស័យ​វិញ​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​គឺ​កិច្ចការងារ​កសាង​សំណុំរឿង​របស់​នគរបាល​យុត្តិធម៌​ដែល​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទាំងអស់​គឺ​ត្រូវ​បាន​មេធាវី​របស់​ជនសង្ស័យ​អាច​នឹងធ្វើ​ការសុំ​មោឃភាព​នូវ​កំណត់ហេតុ​សួរចម្លើយ​របស់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​។ សមត្ថកិច្ច​ក៏​អាច​ទទួល​រង​នូវ​បណ្តឹង​ពី​សំណាក់​ជនសង្ស័យ​វិញ​ពី​បទ​ការប្រើ​អំពើ​ហិង្សា​លើ​រូបរាងកាយ​របស់​គាត់​ទាំងនេះ​គឺជា​ចំណោទបញ្ហា​នឹង​កើតឡើង​ទាក់ទង​ទៅនឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ផង​ដែរ​។

ភារកិច្ច​នគរបាល​គឺ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ជនសង្ស័យ​បន្ត​ធ្វើ​អំពើ​ខុសច្បាប់ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណ: និង​របៀបរៀបរយ​សង្គម និង​អ្នកដទៃ​ផ្សេងទៀត​។ នគរបាល​គាត់​គ្រាន់​តែ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជន​នោះ​នៅ​នឹង​កន្លែង​បញ្ជូន​ខ្លួន​គាត់​ទៅ​ធ្វើការ​សាកសួរ​ចម្លើយ ពន្យល់​ពី​សិទ្ធិ​របស់​គាត់​ផ្សេងៗ​ដែល​គាត់​មាន​ដោះ​ខ្នោះដៃ​នៅពេល​សួរចម្លើយ​ជាដើម​។ បើ​យោងតាម​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា: ការ​ចោទប្រកាន់ ការចាប់ខ្លួន ឬ ការឃុំខ្លួន​ជនណាម្នាក់​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់​។

តើ​គេ​អាច​ចាត់ទុក​ថា​ជនណា​ម្នាក់​មាន​កំហុស​បាន​នៅ​ពេល​ណា​?

គេ​អាច​ចាត់ទុក​ថា​ជន​ណា​មា្នក់​មាន​កំហុស​បាន​នៅពេល​ដែល​ជន​នោះ​ត្រូវបាន​តុលាការ​កាត់ទោស​ជា​ស្ថាពរ គឺ​មានន័យ​ថា​សំណុំរឿង​ក្តី​របស់​ជន​ជាប់ចោទ​ត្រូវ​បាន​ដំណើរការ​តាម​នីតិវិធី​ព្រហ្មទណ្ឌ ដូចជា ការចាប់ផ្តើម​ការស៊ើបអងេ្កត ការចោទប្រកាន់ ការស៊ើបសួរ ការជំនុំជម្រះ​ក្តី​រហូត​ដល់​ដំណាក់កាល​ប្រកាស​សាលក្រម​កាត់ទោស​ជន​នោះ​ជា​ស្ថាពរ​ទើប​អាច​កំណត់​ថា ជនណា​ម្នាក់​មាន​កំហុស​​បាន​៕