កាលពីសប្ដាហ៍មុនភ្នំពេញប៉ុស្ដិ៍បានចុះផ្សាយនូវវគ្គទី ២ រួចមកហើយអំពីកម្រិតនៃផលប្រយោជន៍របស់កម្មករសំណង់ដែលច្បាប់ការងារបានជួយពួកគាត់តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ខណៈក្រុមហ៊ុនខ្លះមិនទាន់បានអនុវត្តច្បាប់។
សម្រាប់ថ្ងៃចន្ទនេះយើងសូមលើកយកភាគបញ្ចប់ទាក់ទងនឹងការទទួលខុសត្រូវរបស់ក្រុមហ៊ុនក៏ដូចជា ការបំពាក់សម្ភារការពារសុវត្ថិភាពដែលមានខ្លឹមសារដូចខាងក្រោម ៖
និយាយពីបញ្ហាគ្រោះថ្នាក់ក្នុងពេលកម្មករបំពេញការងារតើនេះដោយសារខាងក្រុមហ៊ុនមិនបានបំពាក់សម្ភារការពារឬមួយយ៉ាងម៉េច?
បញ្ហានេះភាគច្រើនកម្មករសំណង់ប្រមាណជា ៧០ ទៅ ៨០ ភាគរយគាត់មិនទទួលបានសម្ភារការពារអំពីសុខភាពសុវត្ថិភាពទេ។ ករណីនេះវាមាន ២ ដំណាក់កាលទី ១ គឺប្រសិនបើក្រុមហ៊ុនធំគាត់ប្រើកម្មករផ្ទាល់គាត់នឹងមានសម្ភារគ្រប់គ្រាន់សម្រាប់ការពារសុខភាព សុវត្ថិភាព ប៉ុន្តែបើក្រុមហ៊ុននោះម៉ៅការច្រើនតំណគឺភាគច្រើនអត់មានសម្ភារសម្រាប់ការពារគ្រោះថ្នាក់ទេ។
អ៊ីចឹងហើយបានធ្វើឲ្យវាមានការប៉ះពាល់គ្រោះថ្នាក់ដល់កម្មករ ហើយនៅពេលមានគ្រោះថ្នាក់ទៅចោទដាក់អ្នកនេះ អ្នកនោះដើម្បីឱ្យទទួលខុសត្រូវ អ៊ីចឹងធ្វើឲ្យបញ្ហាធ្លាក់ទៅលើកម្មករដែលពួកគាត់មិនដឹងអីទៅវិញ។ គាត់ជាអ្នកធ្វើការបម្រើឲ្យក្រុមហ៊ុន ហើយផ្តល់ផលប្រយោជន៍ឲ្យក្រុមហ៊ុន ប៉ុន្តែពេលមានគ្រោះថ្នាក់គឺក្រុមហ៊ុនមួយៗតែងតែដោះដៃពីបញ្ហានេះ។
តើលោកអាចប្រៀបធៀបលើវិស័យសំណង់ពីមុន និងបច្ចុប្បន្នថា តើមានស្ថានភាពខុសគ្នាយ៉ាងដូចម្តេច? តើច្បាប់បានធានាអ្វីខ្លះដល់ពួកគេ?
ប្រសិនបើយើងប្រៀបធៀបក្នុងវិស័យសំណង់ពីមុនមកទល់ឥឡូវ យើងឃើញថាវិស័យសំណង់មានការរីកចម្រើនខ្លាំងមែនទែនចាប់ពីឆ្នាំ ២០១០-២០១១ រហូតទល់ពេលនេះ។
ប្រសិនបើយើងឈរពីលើអគារខ្ពស់មើលមកក្រោមយើងមិនឃើញមានដីទេ ក៏ប៉ុន្តែនៅមិនទាន់មានការកែប្រែលក្ខខណ្ឌការងារនៅឡើយទេ។ ហេតុអ្វីបានជាខ្ញុំនិយាយ ដូច្នេះប្រាក់ឈ្នួលមិនទាន់មានការកំណត់ សុខភាព សុវត្ថិភាព ក៏មិនទាន់មានការការពារគ្រប់គ្រាន់សម្រាប់កម្មករសំណង់ដែរ រីឯអ្នកម៉ៅការមានច្រើនលើសមុនទៅទៀត។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ទាំងអស់គ្នា ទី ១ រដ្ឋក៏ប៉ះពាល់ បានន័យថាប្រសិនបើក្រុមហ៊ុនម៉ៅការច្រើនមិនមានការចុះបញ្ជិកាអីត្រឹមត្រូវ គឺក្រុមហ៊ុនទាំងអស់នោះមិនបានបង់ពន្ធចូលរដ្ឋ វាខាតទាំងអស់គ្នា។
តែប្រសិនបើរដ្ឋចាត់វិធានការឲ្យតឹងរ៉ឹងបានន័យថាក្រុមហ៊ុនទាំងនោះក៏បានចំណេញ កម្មករក៏ចៀសផុតពីគ្រោះថ្នាក់ ហើយរដ្ឋក៏បានចំណេញ។ អ៊ីចឹងបើយើងប្រៀបធៀបពីលក្ខខណ្ឌការងារពីមុនមកពេលនេះខ្ញុំគិតថា មិនខុសគ្នាទេ ក៏ប៉ុន្តែយើងគិតថាប្រាក់ឈ្នួលអាចខុសគ្នា។
កន្លងមកទំនិញលើទីផ្សារថោក ឯប្រាក់ឈ្នួលកម្មករសំណង់ត្រឹម ១ ថ្ងៃ ១៥០០០ ទៅ ១៦០០០ រៀលអីបាន តែបើធៀបទំនិញទីផ្សារបច្ចុប្បន្នមានការឡើងថ្លៃ ខណៈប្រាក់ខែកម្មករក៏ឡើង តែបើប្រៀបធៀបទៅ នៅតែមិនខុសគ្នាពីមុនដដែល។
ចំពោះច្បាប់តើបានធានាអ្វីខ្លះដល់ពួកគាត់ហើយឬនៅ?
បើនិយាយពីច្បាប់ការងារវិញ ខ្ញុំគិតថាល្អសម្រាប់អនុវត្តទៅលើកម្មករមិនថាវិស័យណាទេ ព្រោះច្បាប់ចែងថាឲ្យតែធ្វើការស៊ីប្រាក់ខែ និងមានចាប់ពីម្នាក់ឡើងទៅគឺច្បាប់គ្របដណ្តប់មានការការពារបានល្អ ក៏ប៉ុន្តែការអនុវត្តច្បាប់នៅមានការធូររលុងដូចខ្ញុំបានជម្រាបពីខាងដើមអ៊ីចឹង។ ខ្ញុំឧទាហរណ៍មួយថា ឈប់សម្រាកប្រចាំឆ្នាំក្នុងច្បាប់គេឲ្យ ១ ឆ្នាំឈប់ ១៨ ថ្ងៃដោយមានប្រាក់ឈ្នួល អ៊ីចឹងក្នុងវិស័យសំណង់មិនបានអនុវត្តទេ។
ស្ត្រីដែលមានផ្ទៃពោះគេឲ្យឈប់ ៩០ ថ្ងៃដោយមានប្រាក់ឈ្នួល ៥០ ភាគរយបានន័យថាបើគាត់ ១ ខែ ១៥០ ដុល្លារត្រូវទទួលបាន ៧៥ ដុល្លារក្នុង ១ ខែតែមិនបានអនុវត្តទេភាគច្រើនពេលដែលគាត់មានផ្ទៃពោះគឺក្រុមហ៊ុនបញ្ឈប់គាត់ទៅវិញ។
អាហ្នឹងដែលផ្ទុយពីច្បាប់ ប៉ុន្តែអត់មានចាត់វិធានការចំណុចនេះទេ ប្រសិនបើសហជីពយើងនៅកន្លែងនោះវិញយើងចង់ឲ្យក្រុមហ៊ុននោះអនុវត្ត ប៉ុន្តែកម្មករដែលមានជាង ២៣ ម៉ឺននាក់ភាគច្រើនយើងមិនអាចទៅជំរុញឲ្យគាត់អនុវត្តបានទាំងអស់គ្នាទេ។ យើងជំរុញឲ្យក្រុមហ៊ុនអនុវត្តបានលុះត្រាតែកន្លែងណាយើងមានសហជីព។ អ៊ីចឹងនៅសល់ច្រើនដែលកម្មករមិនបានទទួលពីក្រុមហ៊ុនដែលអនុវត្តតាមច្បាប់ហ្នឹង។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថាកម្មករសំណង់មានពី ១៩ ទៅ ២០ ម៉ឺននាក់នៃកម្លាំងពលកម្មសរុប។ ដោយឡែកកម្មករដែលជាសមាជិករបស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើនៅកម្ពុជាមានប្រមាណតែជាង ៧ ពាន់នាក់ក្នុងនោះមានស្ត្រីប្រមាណជា ៣០ ភាគរយ៕