ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គម្រោង​លើក​កម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។

បញ្ហា​នេះ​ធ្វើឲ្យ​សហព័ន្ធ​សហជីព​ដែល​ធ្វើការ​ជាមួយ​កម្មករ​​សំណង់​សាទរ ខណៈ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​អនុវត្ត​តាម​ច្បាប់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ពិសេស​ និង​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ដល់​កម្មករ​ដែល​ប្រឈម​នឹង​ករណី​គ្រោះថ្នាក់​ផង​ដែរ​។ ​

ជុំវិញ​បញ្ហា​នេះ​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​​សំណង់​ និង​ព្រៃឈើ​កម្ពុជា​បាន​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ-ប៉ុស្ដិ៍​ដោយ​បាន​បកស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

មិន​ជា​ញឹកញាប់​ទេ ប៉ុន្តែ​មាន​ការ​កត់សម្គាល់​កន្លង​មក​ឃើញ​ថា ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​​មាន​ករណី​កម្មករ​ខ្លះ ជួប​គ្រោះថ្នាក់​ពេល​បំពេញ​ការងារ ដូចជា​ធ្លាក់​ជណ្តើរយន្ត​ ឬ​ក៏​ធ្លាក់​ពី​​លើ​អគារ​ស្លាប់​ជាដើម​។ ក្នុង​នាម​​លោក​ធ្វើការ​ទាក់ទង​នឹង​វិស័យ​នេះ តើ​លោក​គិត​ថា​សុវត្ថិភាព​ការងារ​លើ​វិស័យ​នេះ​មាន​ស្ថានភាព​យ៉ាង​ម៉េច​ដែរ​?

ខ្ញុំ​គិតថា​រហូត​មក​ទល់​ពេល​នេះ បើ​គិត​ពី​គ្រោះថ្នាក់​របស់​កម្មករ​សំណង់​គឺ​វា​មាន​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​។

ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយ​ថា វា​មាន​បញ្ហា​ប្រឈម​ខ្លាំង ព្រោះ​បើ​យើង​មើល​កន្លង​មក​គឺ​មាន​គ្រោះថ្នាក់​រាល់ថ្ងៃ ទោះ​តិច​ ឬ​ ច្រើន​បើ​យើង​មើល​តាម​សារព័ត៌មាន​ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​អីហ្នឹង យើង​ឃើញ​មាន​រាល់​ថ្ងៃ​តែ​ម្តង​។ អ៊ីចឹង​ពេល​គ្រោះថ្នាក់​វា​មិនមែន​ប៉ះពាល់​តែ​កម្មករ​ម្នាក់​នោះ​ទេ តែ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ទៀត​ព្រោះ​គាត់​ជា​អ្នក​រក​ចំណូល​​ប្រចាំ​គ្រួសារ​។ ពេល​គាត់​ជួប​គ្រោះថ្នាក់​ទៅ អ៊ីចឹង​វា​អាច​ធ្វើឲ្យ​បាត់​ចំណូល​ក្នុង​គ្រួសារ​របស់​គាត់​ហើយ​គ្រោះថ្នាក់​នេះ​កន្លង​​មក​ភាគច្រើន​គឺ​មិន​ដែល​មាន​អ្នកណា​គេ​យក​ចិត្ត​ទុកដាក់​ដល់​​ពួកគាត់​ទេ​ (​កម្មករ​សំណង់​) ​ដែល​ខ្ញុំ​ជួប​ប្រទះ​កន្លង​មក​។

ករណី​នេះ​មាន​តែ​សហព័ន្ធ​សហជីព​ទេ ប្រសិន​បើ​គាត់​ប្តឹង​មក​ពួក​ខ្ញុំ​គឺ​ពួក​ខ្ញុំ​អន្តរាគមន៍​ និង​អាច​ប្តឹង​ផ្តល់​ដើម្បី​ទារ​សំណង​ឲ្យ​បាន​សមរម្យ​សម្រាប់​ពួកគាត់​ទៅ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ក៏​មិន​ដឹង​ថា​នឹង​ផ្តល់​ព័ត៌មាន​ទៅ​ណា​? ​ថ្មីៗ​នេះ​ក៏​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ការងារ​ដែរ​ដោយ​កម្មករ​សំណង់​ជា​ជនរងគ្រោះ​បាន​បាក់ជើង​ហើយ​ត្រូវ​ខាង​ម្ចាស់​អគារ​បង់​សំណង​តែ​ ៣០០ ​ដុល្លារ​ទេ​។

សួរ​ថា​ទឹកប្រាក់​ ៣០០ ​ដុល្លារ​នេះ​​គាត់​យក​ទៅ​ព្យាបាល​ជើង​បាក់​របស់​គាត់​បាន​ឬ​ទេ​? គឺ​មិន​បាន​ទេ​អ៊ីចឹង​បាន​ន័យ​ថា ការងារ​ទទួល​ខុសត្រូវ​ពី​គ្រោះថ្នាក់​គឺ​វា​មិន​សូវ​មាន​សម្រាប់​ការងារ​សំណង់​នេះ​ទេ​។

លោក​ថា​ មាន​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​ក្នុង​ការងារ​សំណង់​តើ​បញ្ហា​ប្រឈម​នោះ​លោក​ចង់​សំដៅ​លើ​អ្វី​ខ្លះ​ទៅ​?

នៅក្នុង​វិស័យ​សំណង់​មាន​កត្តា​ ៣ ​សំខាន់​ដែល​ទី​ ១ ​គឺ​បញ្ហា​គ្រោះថ្នាក់​ហ្នឹង​។ ទី​ ២ ​គឺ​ប្រាក់​ឈ្នួល​ដែល​ប្រាក់​ឈ្នួល​នោះ​គ្មាន​ការកំណត់​ដែល​បាន​ន័យ​ថា​ជា​ការ​បោកប្រាស់ និង​កេងប្រវ័ញ្ច​បន្ត​គ្នា​ដែល​ពេល​​ខ្លះ​ថៅកែ​បើក​លុយ​ឲ្យ​អ្នក​ម៉ៅការ ហើយ​អ្នក​ម៉ៅការ​នោះ រត់​បាត់​។

ឥឡូវ​នេះ​ ក្នុង​ ១ ​ខែ​មាន​ពី​ ៤ ​ទៅ​ ៥ ​ករណី​ដែល​ពួក​ខ្ញុំ​កំពុង​ដោះស្រាយ​។ ករណី​មួយ​ទៀត​គឺ​ម៉ៅការ​ច្រើន​តគ្នា​ដែល​បញ្ហា​នេះ​វា​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​កម្មករ​សំណង់​។ ឧទាហរណ៍​កម្មករ​សំណង់​ម្នាក់​ធ្វើ​ការងារ​ក្នុង​ ១ ​ថ្ងៃ គេ​ឲ្យ​ឈ្នួល​គាត់​ ១០ ​ដុល្លារ អ៊ីចឹង​អ្នក​ម៉ៅការ​មួយ​កន្លែង​ចំណេញ​បន្តិចៗ ទម្រាំ​មក​​ដល់​កម្មករ​គឺ​តិច​មែនទែន​។

អ៊ីចឹង​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​​ពលកម្ម​របស់​គាត់​ដែរ​។ ខ្ញុំ​និយាយ​មក​វិញ​ទាក់ទង​ទៅ​នឹង​សុខភាព​សុវត្ថិភាព​របស់​កម្មករ​សំណង់​នេះ​តាមពិត​ទៅ​កន្លង​មក​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាវៈ​ក៏ដូចជា​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង​មិន​សូវ​យក​ចិត្ត​ទុកដាក់​ទេ​គឺ​ដល់​ពេល​មាន​គ្រោះថ្នាក់​ទើប​បាន​នាំគ្នា​ចុះ​ទៅ​មើល​។ បញ្ហា​នេះ​យើង​មើល​ឃើញ​មាន​ប៉ុន្មាន​ករណី​មក​ហើយ​កន្លង​មក​គ្រោះថ្នាក់​មាន​រហូត​ដល់​បាត់បង់​ជីវិត​។ ​

ការចុះ​ទៅ​មើល​ជនរងគ្រោះ​នេះ​សួរ​ថា គាត់​បាន​អ្វី​មក​វិញ​? ​តើ​ជនរងគ្រោះ​នោះ​រស់​មក​វិញ​ឬ​អត់​? អ៊ីចឹង​បើ​តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​សម្ភារ​ការពារ​បុគ្គល តើ​មុន​ពេល​ធ្វើការ គាត់​មាន​សម្ភារ​ការពារ​សុខភាព សុវត្ថិភាព​ដែរ​ឬ​អត់​? ​គាត់​បាន​បង្រៀន​ទៅ​ដល់​កម្មករ​សំណង់​ដែរ​ឬ​អត់​? ​ស្តង់ដារ​មាន​ឬ​អត់​អ៊ីចឹង​ទៅ​។

ការលើក​ឡើង​បែប​នេះ​គឺ​ដើម្បី​ចៀសវាង​ពេល​ធ្វើការ​វា​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ប្រសិន​បើ​មាន​គ្រោះថ្នាក់​ហើយ​ទើប​យើង​ចុះ​ទៅ​មើល បាន​ន័យ​ថា​ពេល​ចោរលួច​ហើយ​បាន​ទៅ​ធ្វើ​របង​ជា​ក្រោយ​។

អ៊ីចឹង​វា​មិន​បាន​លទ្ធផល​ហ្នឹង​មក​វិញ​ទេ ខ្ញុំ​ចង់​និយាយ​អ៊ីចឹង​។ បញ្ហា​ ១ ​ទៀត​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​ដូច​ដែល​​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង​។ ​ប្រាក់​ឈ្នួល​នេះ​បញ្ហា​សំខាន់​នៅក្នុង​វិស័យ​សំណង់​គឺ​មិន​ទាន់​មាន​ការកំណត់​ប្រាក់​ឈ្នួល​គោល​ណា​មួយ​ឲ្យ​វា​ជាក់លាក់​នៅ​ឡើយ​ទេ ហើយ​មាន​តែ​អនុម័ត​ប្រកាស​នូវ​ច្បាប់​ប្រាក់​ឈ្នួល​។

ប៉ុន្តែ​ប្រាក់​ឈ្នួល​គ្រាន់​គេ​ផ្តោត​តែ​ទៅ​លើ​ថ្នាក់ជាតិ ហើយ​ប្រាក់​ឈ្នួល​ខាង​វិស័យ​កាត់ដេរ​ជា​អាទិភាព រីឯ​វិស័យ​ផ្សេងៗ​ក៏​​ដូចជា​សំណង់​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។ អ៊ីចឹង​វិស័យ​មួយ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ខ្លាំង​។

និយាយ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា លោក​គិត​ថា​ទាំង​កម្មករ កម្មការិនី​កាត់ដេរ ក៏ដូចជា​កម្មករសំណង់ គឺ​សុទ្ធ​តែ​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​។ ​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ក្រសួង​ការងារ​មិន​បាន​គិតគូរ​ដល់​កម្មករ​ផ្នែក​សំណង់​នេះ​?

កន្លងមក​ខ្ញុំ​បាន​សួរ​ទៅ​មន្ត្រី​ក្រសួង​ការងារ​ខ្លះ​ដែរ ហើយ​គាត់​ប្រាប់​ថា ដោយសារ​វិស័យ​កាត់ដេរ​ជា​វិស័យ​អាទិភាព​ដែល​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​លំដាប់​លេខ​ ១​។ ដូច្នេះ​គេ​ផ្គត់ផ្គង់​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​នេះ​រីកចម្រើន​ហើយ​ធ្វើឲ្យ​ថេរ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ហ្នឹង​បាន​រីក​លូតលាស់​។ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​ការសោកស្តាយ​ដែរ ព្រោះ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​យើង​ឃើញ​មាន​ការ​រីកចម្រើន​មែនទែន ប៉ុន្តែ​ក្នុង​វិស័យ​សំណង់​គឺ​នៅ​តែ​មិន​សូវ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ដែល​លោក​បាន​សួរ​ខ្ញុំ​អ៊ីចឹង​។

ខ្ញុំ​មិន​ដឹង​ថា​មកពី​មូលហេតុ​អី​ដែរ ព្រោះ​ដោយសារ​ថា​វិស័យ​សំណង់​ជា​វិស័យ​មួយ​សំខាន់​ដែរ​នៅ​កម្ពុជា​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​ការ​លូតលាស់​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់ពី​ឆ្នាំ​ ២០១០ ​រហូត​មក​ទល់​​ពេល​នេះ​គឺ​លឿន​មែនទែន​។

បក​មក​ករណី​គ្រោះថ្នាក់​ការងារ​របស់​កម្មករ​សំណង់​វិញ​ ​តើ​មាន​ក្រុមហ៊ុន​ណា​មាន​ការ​ចេញ​ធានារ៉ាប់រង​អី​ដែរ​ទេ​?

ករណី​នេះ​ខ្ញុំ​ធ្លាប់​ជួប​បទពិសោធ​កាលពី​ខ្ញុំ​ធ្លាប់​ធ្វើ​សហជីព​​ដែល​នៅ​កម្ពុជា​នេះ​មាន​សហជីព​ជាង​ ៣០ ​គោលដៅ​ហើយ​យើង​មាន​សហជីព​មួយ​ចំនួន​ធំ​ដែល​យើង​ចរចា​ឲ្យ​ក្រុមហ៊ុន​នោះ​ទិញ​ធានា​រ៉ាប់រង​ឲ្យ​កម្មករ​របស់​គាត់​ និង​ឲ្យ​គាត់​បង់​ចូល​ក្នុង​របប​សន្តិសុខ​សង្គម​។ អាហ្នឹង​លុះត្រា​តែ​សហជីព​យើង​មាន​ឥទ្ធិពល​ដែល​មាន​ន័យ​ថា យើង​អាច​ចរចា និង​អាច​ពិភាក្សា​គ្នា​​បាន តែ​ប្រសិន​បើ​សហជីព​យើង​មិន​សូវ​មាន​ក្នុង​នោះ​ទេ ក្រុមហ៊ុន​នោះ​មិន​អនុវត្ត​ឡើយ​។

ព្រោះ​ ៣ ​ទៅ​ ៤ ​ខែ​ដើម​ឆ្នាំ​នេះ ពួក​ខ្ញុំ​បាន​ទទួល​ពាក្យបណ្តឹង​ច្រើន​ទាក់ទង​ទៅ​នឹង​គ្រោះថ្នាក់​ការងារ​ពី​ការកេងប្រវ័ញ្ច និង​ការ​​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​​បាន​ន័យ​ថា ក្រុមហ៊ុន​គេ​បើក​លុយ​ឲ្យ​ហើយ តែ​អ្នក​ម៉ៅការ​យក​លុយ​រត់​មិន​បើក​ឲ្យ​កម្មករ អ៊ីចឹង​ខាង​ខ្ញុំ​ទទួល​ពាក្យ​បណ្តឹង​ច្រើន​មក​ទល់​ពេល​នេះ​។

(​សូម​រង់ចាំ​តាមដាន​នៅ​សប្ដាហ៍​ក្រោយ​)