កាលពី​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍ បាន​ចុះផ្សាយ​មួយ​វគ្គ​រួច​មក​ហើយ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​​សំណង់​និង​ព្រៃឈើ​កម្ពុជា​អំពី​កម្រិត​នៃ​ផលប្រយោជន៍​របស់​កម្មករ​សំណង់​ដែល​ច្បាប់​ការងារ​បាន​ជួយ​ពួកគាត់ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​បាន​​អនុវត្ត​ច្បាប់​នៅ​ឡើយ​។

សម្រាប់​​ថ្ងៃនេះ ​យើង​សូម​លើក​យក​ចំណុច​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​​ការទទួល​ពាក្យ​បណ្ដឹង​ និង​ដំណោះស្រាយ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

-​លោក​ថា​សហព័ន្ធ​របស់​លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​​បងប្អូន​កម្មករ តើ​បណ្តឹង​ទាំង​នោះ​​បាន​ដោះស្រាយ​ខ្លះ​ហើយ​ឬ​នៅ​?

និយាយ​ឲ្យ​ចំ​ទៅ​គឺ​ខាង​ខ្ញុំ​បាន​​ដោះស្រាយ​ជា​ដំណាក់កាលៗ​ដែល​កន្លែង​ខ្លះ​ទៅ​ក៏​បាន ហើយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​យើង​មាន​ប្រមាណ​ ៨ ​ករណី ដោយ​ដោះស្រាយ​ជោគជ័យ​បាន​ ៦ ​ករណី និង​បន្ត​ដោះស្រាយ​ ២ ​ករណី​ទៀត​។ ក្នុង​ចំណោម​បណ្តឹង​របស់​បងប្អូន​កម្មករ​ក្នុង​នោះ​មាន​ ២ ​ករណី​សំខាន់​ដែល​ទី​ ១ ​គឺ​គ្រោះថ្នាក់​ការងារ​ និង​ទី​​ ២ ​គឺ​បណ្តឹង​ដែល​មេការ​ ឬ​ក្រុមហ៊ុន​រត់​ចោល​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​។

-​តើ​មាន​ក្រុមហ៊ុន​ធំ​ណា​មួយ​ដែល​ម៉ៅការ​យក​កម្មករ​សំណង់​ទៅ​ធ្វើការ ហើយ​គាត់​មាន​ចេញ​ធានា​រ៉ាប់រង​អី​ឲ្យ​ក្រុម​​កម្មករ​ដែរ​ទេ​ ឬ​មួយ​គាត់​គ្រាន់​​តែ​ទទួល​កម្មករ​ឲ្យ​ធ្វើការ​ជា​​លក្ខណៈ​រាយរងៗ​ដោយ​គ្មាន​ការធានា​ត្រឹមត្រូវ​?

តាមពិត​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ការ​ទូលាយ​ដែល​ការអនុវត្ត​ច្បាប់​នៅ​មាន​ការធូររលុង​។ ​បើ​តាម​ច្បាប់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​មាន​ការចុះបញ្ជី ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ធំ​ខ្លះ​មាន​តែ​ឈ្មោះ​ និង​ចុះបញ្ជី តែ​ក្រុមហ៊ុន​មួយ ក៏​ប៉ុន្តែ​នៅ​ក្រោម​ហ្នឹង​មាន​ [​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​] ​មួយ​ចំនួន​គ្មាន​ការចុះ​​បញ្ជី​ទេ​។

អ៊ីចឹង​បាន​ន័យ​ថា​ភាគច្រើន​មាន​តែ​ក្រុមហ៊ុន​មេ​មួយ​ដែល​ចុះបញ្ជី ហើយ​មាន​​ក្រុមហ៊ុន​តូច​ម៉ៅការ​បន្ត​ទៀត​ធ្វើ​ប៉ាតណាប៉ាតណី​អ៊ីចឹង​ទៅ​ហើយ​ក្រុមហ៊ុន​ធំ​ហ្នឹង​ពេល​ដែល​​មាន​បញ្ហា​គាត់​ឆ្លើយ​ដាក់​ក្រុមហ៊ុន​តូច​ដោយ​សំអាង​ថា គាត់​បាន​ម៉ៅ​ការបន្ត​ឲ្យ​ក្រុមហ៊ុន​តូច​ហើយ អ៊ីចឹង​ក្រុមហ៊ុន​ធំ​នោះ​គាត់​គេចផុត​។ ប៉ុន្តែ​បើ​តាម​​ផ្លូវ​ច្បាប់​គឺ​ក្រុមហ៊ុន​ធំ​នោះ​គាត់​ចៀស​មិន​ផុត​ទេ ប្រសិន​បើ​មាន​បញ្ហា​កើតឡើង​លើ​ក្រុមហ៊ុន​តូច​ក៏​ពិតមែន តែ​ក្រុមហ៊ុន​ធំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​។

ករណី​នេះ​កន្លង​​មក យើង​បាន​ប្តឹង​ទៅ​ខាង​ក្រសួង​ការងារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធំ​នោះ​ទទួល​ខុសត្រូវ​ក្នុង​ករណី​​ខ្លះ​ដែរ​។ ពេល​ដែល​ក្រុមហ៊ុន​ម៉ៅការ​បន្ត​រត់​បាត់​ទៅ​យើង​បាន​ប្តឹង​ទៅ​ក្រុមហ៊ុន​ធំ ហើយ​ក្រុមហ៊ុន​ធំ​បាន​មក​ដោះស្រាយ​ជាមួយ​ខាង​សហព័ន្ធ​សហជីព​យើង​ចេញ​ជា​សំណង​ទៅ​ឲ្យ​ភាគី​ខាង​​ជនរងគ្រោះ​អី​អ៊ីចឹង​ទៅ​ដើម្បី​បញ្ចប់​រឿង​។

និយាយ​អំពី​សំណង​វិញ ឧបមាថា ឥឡូវ​ខាង​កម្មករ​សំណង់​ណា​ម្នាក់​គាត់​ត្រូវ​ស្លាប់​ដោយ​គ្រោះថ្នាក់​ធ្លាក់​ពី​លើ​អគារ​ជាដើម តើ​តម្លៃ​សង​ជំងឺចិត្ត​ប៉ុន្មាន ហើយ​បើ​របួស​សង​ប៉ុន្មាន​ដែរ ?

ជាទូទៅ​ នៅ​ក្នុង​ច្បាប់​ដូចជា​គ្មាន​ទេ ប៉ុន្តែ​ក្នុង​របប​សន្តិសុខ​សង្គម​គឺ​ច្បាប់​មាន បើ​តាម​បទពិសោធ​ក្នុង​ការ​ដោះស្រាយ​របស់​ខ្ញុំ​កន្លង​មក​អ្នក​ស្លាប់​ខ្លះ​ដោយ​គ្រោះថ្នាក់​ការងារ​ខាង​ក្រុមហ៊ុន​ឲ្យ​ ១ ​លាន​ទៅ​ ២ ​លាន​រៀល​​ ឬ​ ៣០០ ​ដុល្លារ​អ៊ីចឹង​ទៅ​។ ​ប៉ុន្តែ​យើង​អត់​ទទួល​នូវ​សំណង​ប៉ុណ្ណឹង​ទេ ពីព្រោះ​ដោយសារ​សំណង​ទាំង​នោះ​មើល​ទៅ​ហាក់​ដូចជា ទាប​ពេក វា​មិន​សម​នឹង​ជីវិត​មនុស្ស​។ អ៊ីចឹង​យើង​អាច​ទារ​ពី​ ៧ ​ទៅ​ ៨ ​ពាន់​ដុល្លារ​ដល់​ ១ ​ម៉ឺន​ដុល្លារ​អ៊ីចឹង​ទៅ ប៉ុន្តែ​តម្លៃ​​ប៉ុណ្ណឹង​ក៏​វា​មិន​អាច​ទិញ​អាយុជីវិត​បាន​ដែរ ប៉ុន្តែ​ដោយសារ​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ យើង​ទារ​សំណង​ធ្វើ​ម៉េច​ឲ្យ​សមរម្យ​នឹង​តម្លៃ​មនុស្ស​ដែល​ស្លាប់​។

អ៊ីចឹង​កន្លង​មក​អាច​ទារ​បាន​ ៤ ​ទៅ​ ៥ ​ពាន់​ដុល្លារ​ជួនកាល​ទៅ​ដល់​ ៨ ​ពាន់​ដុល្លារ ប៉ុន្តែ​មិនមែន​ខាង​ខ្ញុំ​ជា​អ្នក​សម្រេច​ទេ ខាង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​ក្រុម​គ្រួសារ​សព​ទេ​។ ដូច្នេះ​រឿង​ទទួល​យក​សំណង​គឺ​អាស្រ័យ​លើ​ខាង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ថា យក ឬ​មិន​យក​ប៉ុណ្ណោះ ។

ថ្មីៗ​នេះ​ខាង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​ ០១០ ​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គម្រោង​លើក​កម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។ ​តើ​លោក​គិត​ថា​ប្រសិន​បើ​ការងារ​នេះ​ដំណើរការ​មែន​នោះ វា​នឹង​ផ្តល់​ប្រយោជន៍​​ដល់​កម្មករ​សំណង់​បែប​ណា​?

យើង​គិត​ថា​សេចក្តី​សម្រេច​នេះ​វា​ជា​លក្ខណៈ​មួយ​ប្រសើរ​យើង​ខ្ញុំ​ក៏​អបអរសាទរ​ដែល​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្តីពី​សុខភាព​សុវត្ថិភាព និង​ស្តង់ដារ​នេះ​។ ករណី​នេះ​ហេតុអ្វី​បានជា​ខ្ញុំ​អបអរសាទរ ព្រោះ​យើង​គិត​ថា​មាន​អត្ថប្រយោជន៍​ច្រើន​នៅក្នុង​នោះ​។

ព្រោះ​ទី​ ១ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​អាច​ពិនិត្យ​​មើល​នូវ​លក្ខខណ្ឌ​ដែល​កន្លង​មក​​មិន​សូវ​ល្អ​បាន​ន័យ​ថា បញ្ហា​ប្រឈម​កន្លង​មក​វា​ជា​បទពិសោធ ដូចជា​គ្រោះថ្នាក់​ការងារ​គឺ​យើង​​អាច​ជជែក​គ្នា​ថា គួរតែ​ធ្វើ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​។ យើង​មាន​បទពិសោធ​កន្លង​មក​ក្រសួង​មាន​ចេញ​សេចក្តី​ប្រកាស​ ៥ ​ទៅ​ ៦ ​ដែរ​ទាក់ទង​នឹង​វិស័យ​សំណង់ ក៏​ប៉ុន្តែ​សេចក្តី​ប្រកាស​នោះ​មិន​ចំ​នឹង​អ្វី​ដែល​ពួកគាត់​ចង់​បាន​ទេ​។

នៅក្នុង​នោះ​ដែរ​ប្រកាស​នោះ​គាត់​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ថា គ្រោះថ្នាក់​នោះ​បណ្តាល​មកពី​អី្វ វា​ប៉ះពាល់​អ្វី​ខ្លះ​? អ៊ីចឹង​ខាង​ក្រសួង​​នឹក​ឃើញ​ថា អាហ្នឹង​ល្អ​គឺ​គាត់​ដាក់​អាហ្នឹង​តែ​ម្តង​តែ​គាត់​មិន​​បាន​ផ្តល់​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទេ​។

ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នោះ​មក​គឺ​ពេល​ដែល​ចេញ​សេចក្តី​សម្រេច​ ឬ​ប្រកាស​ណា​មួយ​ទាក់ទង​នឹង​សុខភាព​សុត្ថិភាព​យើង​គិតថា​ភាគី​ដែល​ពាក់ព័ន្ធ​នៅក្នុង​សមាជិក​ក្រុមប្រឹក្សា​ហ្នឹង​មាន​សិទ្ធិ​យោបល់​លើក​​ឡើង​ដែល​ជា​ធាតុ​ផ្សំ​មួយ​ដើម្បី​ឲ្យ​មាន​អំណះ​អំណាង​ក្នុង​ការចេញ​សេចក្តី​សម្រេច ឬ​ចរាចរណ៍​ណា​មួយ​ពាក់ព័ន្ធ​នឹង​សុខភាព​សុវត្ថិភាព​ឲ្យ​ចំ​គោលដៅ​ដែល​កម្មករ​សំណង់​ចង​បាន​។

ការងារ​នេះ​ជា​ការ​ល្អ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ខាង​ក្រសួង​ការងារ​ទើប​លើក​យក​វិស័យ​នេះ​មក​គិតគូរ​?

រឿងនេះ​ខ្ញុំ​បាន​សួរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​គេ​ឆ្លើយ​ថា ខាង​ក្រសួង​ការងារ​មិន​បាន​ទុកចោល​ទេ គ្រាន់​តែ​ថា​វា​មាន​ជំហាន​ដែល​ជំហាន​ទី​ ១ គឺ​វិស័យ​កាត់ដេរ ជំហាន​ទី​ ២ គេ​ធ្វើ​លើ​វិស័យ​ផ្សេងៗ​អ៊ីចឹង​ទៅ ។ តែ​ការ​ព្យាយាម​ ឬ​ការ​ទុក​វិស័យ​សំណង់​នេះ​យូរ​មក​ទល់​ពេល​នេះ​វា​ហាក់​ដូចជា​អូសបន្លាយ​យូរ​សម្រាប់​កម្មករ​សំណង់​។

បញ្ហា​មួយ​ទៀត​ ខាង​សហព័ន្ធ​យើង​បាន​ព្យាយាម​រក​ព័ត៌មាន​ដែល​គ្រោះថ្នាក់​ឲ្យ​បាន​ច្រើន ហើយ​ពួក​ខ្ញុំ​បាន​ស្នើ​ទៅ​ខាង​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO ) ​ដូចជា ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ហើយ​នៅ​ពេល​យុទ្ធនាការ​ថ្ងៃទី​ ១ ​ឧសភា ឬ​មាន​កម្មវិធី​ធំៗ ពួក​ខ្ញុំ​តែងតែ​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ចេញ​សេចក្តី​ប្រកាស​ទាក់ទង​នឹង​សុខភាព​សុវត្ថិភាព​។ ​បើ​នៅ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ខ្ញុំ​តែង​លើក​ឡើង​សុំ​ឲ្យ​ (ILO ) ​ជួយ​បង្កើត​ក្រុមប្រឹក្សា​ការងារ​ ឬ​មួយ​ក៏​គណៈកម្មការ​សុខភាព សុវត្ថិភាព​សម្រាប់​ថ្នាក់​ជាតិ​សម្រាប់​ក្នុង​វិស័យ​សំណង់​តែ​​ម្តង​។ ​

នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧ ​សហព័ន្ធ​សហជីព​យើង​មាន​ការសិក្សា​ស្រាវជ្រាវ​មួយ​ទៅ​លើ​ក្រុម​កម្មករ​សំណង់​​ ៤៨ ​គោលដៅ​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ អ្នក​ម៉ៅការ​ផ្ទះល្វែង បុរី​ខុនដូ​ធំៗ អ៊ីចឹង​យើង​សិក្សា​ ៤៨ ​គោលដៅ​មាន​កម្មករ ​១០០៥ ​នាក់​ក្នុង​នោះ​តាម​របាយការណ៍​​ពី​ការស្រាវជ្រាវ​មាន​ ១៩ ​ភាគរយ​ដែល​ទទួល​គ្រោះថ្នាក់ អ៊ីចឹង​​បាន​ន័យ​ថា​គ្រោះថ្នាក់​នេះ​ខ្ពស់​ណាស់​បាន​ន័យ​ថា កម្មករ​សំណង់​ ១ ​ពាន់​នាក់ វា​គ្រោះថ្នាក់​ ២០០ ​នាក់​ទៅ​ហើយ​ហ្នឹង​។

ចំពោះ​របាយការណ៍​ដែល​ខ្ញុំ​បាន​​ធ្វើ​បទ​បង្ហាញ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​ការងារ​ដែល​បាន​ចូលរួម​ដែរ​នោះ​គាត់​ក៏​បាន​លើក​ឡើង​ដែរ​ថា របាយការណ៍​ស្តីពី​គ្រោះថ្នាក់​នេះ​ខ្ពស់​ណាស់​។ នេះ​ជា​ភ័ស្តុតាង​មួយ​ដែរ ដែល​ជំរុញ​ឲ្យ​ក្រសួង​ការងារ ឬ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​យក​ចិត្ត​ទុកដាក់​ក្នុង​រឿង​ហ្នឹង​៕

(​សូម​រង់ចាំ​តាមដាន​នៅ​សប្ដាហ៍​ក្រោយ​)