សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យការងារកំពុងត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិគ្រោះយោបល់ដែលក្នុងនោះក៏មានខាងសហជីពធ្វើសំណើជាយោបល់ក្នុងការពិគ្រោះពិភាក្សាផងដែរ។ ច្បាប់នេះមាន ៦ ជំពូក និង ៣១ មាត្រា។ ដើម្បីបានជ្រាបថា សេចក្តីព្រាងច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យការងារដល់កម្មករ-កម្មការិនីកាត់ដេរយ៉ាងណានោះភ្នំពេញ-ប៉ុស្តិ៍បានសម្ភាសជាមួយលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោមៈ
តើក្រសួងការងារធ្វើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះក្នុងអត្ថប្រយោជន៍អ្វីដែរទៅ?
តាមពិតទៅច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះដោយសារតែមានការស្នើពីខាងសហជីព និងពីខាងអ្នកបញ្ជាទិញផ្សេងៗទើបកើតឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះឡើង។ ទោះយ៉ាងណាសេចក្តីព្រាងច្បាប់នេះ នៅមានចំណុចមួយចំនួននៅមានបញ្ហា ឬការលំបាកខ្លះទើបក្រសួងការងារឯកភាពឲ្យមានការពិគ្រោះយោបល់។ ក្នុងន័យនេះគំនិតយោបល់ដែលបានស្នើឡើងពីភាគីសហជីពត្រូវបានរៀបចំបញ្ជូនទៅក្រសួងការងារម្តងទៀតជាលើកទី ២ ។
មានមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះត្រូវបានដកចេញ។
តើមាត្រាដែលត្រូវបានដកចេញនេះអាចជាអត្ថប្រយោជន៍ដល់កម្មករ-កម្មការិនីកាត់ដេរ ឬក៏មានការលំបាកដល់ក្រសួង?
វាអាចជាការលំបាកដែរ ឧទាហរណ៍ថា សិទ្ធិរបស់តំណាងកម្មករ-កម្មការិនី ត្រូវបានគេបញ្ចូលនៅក្នុងក្រុមប្រឹក្សាជាតិដែលនិយាយពីប្រាក់ឈ្នួលនេះ ហើយប្រសិនបើយើងចូលរួមពិភាក្សាពិគ្រោះយោបល់ហើយ ហើយយើងបែរជាតវ៉ា ឬមិនពេញចិត្តនូវត្រង់ចំណុចណាមួយក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលនេះគឺខាងក្រសួងការងារមិនអនុញ្ញាតឲ្យយើងធ្វើអ៊ីចឹងទេ ដោយអាចនឹងត្រូវពិន័យ។ នៅក្នុងសេចក្តីព្រាងច្បាប់នេះដែរមានពាក្យពេចន៍មួយចំនួនដែលមានការលំបាកយល់ន័យត្រូវបានដកចេញហើយប្តូរមកដាក់ពាក្យសាមញ្ញវិញ។
យើងបានឃើញហើយច្បាប់ស្តីពីការងារត្រង់មាត្រា ១០៣,១០៤ រហូតដល់មាត្រា ១០៩ គឺសុទ្ធតែនិយាយពីសិទ្ធិកម្មករក្នុងការទាមទារប្រាក់ឈ្នួលអប្បបរមា ហើយនៅក្នុងលក្ខខណ្ឌពិន័យជាច្រើនដែលច្បាប់បានចែងលម្អិតនៅកន្លែងហ្នឹង។
យើងបានចរចាប្រាក់ឈ្នួលនេះជារៀងរាល់ឆ្នាំ ប៉ុន្តែច្បាប់ថ្មីនេះខាងក្រសួងការងារអាចចរចា ឬមិនចរចាក្នុងករណីមិនចាំបាច់ណាមួយ។
ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះមានការដាក់ពិន័យច្រើនដែរ និយាយទៅវាស្រដៀងនឹងច្បាប់សហជីពដែរ។ ឥឡូវនេះយើងក៏កំពុងត្រៀមរៀបចំធ្វើសំណើជាលិខិតផ្លូវការមួយទៀតដើម្បីដាក់ទៅក្រសួងការងារដើម្បីឲ្យក្រសួងហ្នឹងយកទៅពិចារណាក្នុងការតាក់តែងច្បាប់ស្តីពីប្រាក់ឈ្នួលហ្នឹង។
នេះជាការគិតរបស់ខ្ញុំទេ ការធ្វើសេចក្តីព្រាងច្បាប់នេះគឺខាងក្រសួងចង់កម្រិតក្នុងក្របខ័ណ្ឌមួយដែលមិនចង់ឲ្យមានការស្នើឡើងដោយសហជីពញឹកញាប់ពេក។
តើលោកគិតថាសេចក្តីព្រាងច្បាប់មួយនេះវាអាចផ្តល់អត្ថប្រយោជន៍ដល់កម្មករខ្លះទេ?
ប្រសិនបើសេចក្តីព្រាងច្បាប់នេះកុំដាក់ពិន័យដល់តំណាងកម្មករ កុំផ្តល់សិទ្ធិទៅខាងក្រសួងច្រើនពេក ហើយយកតាមសំណើដែលសហជីពស្នើនោះ ខ្ញុំគិតថាវាមិនអីទេព្រោះច្បាប់បានជួយដល់កម្មករច្រើនដែរ។ ពីមុនច្បាប់មានតែវិស័យកាត់ដេរទេ ប៉ុន្តែច្បាប់ថ្មីនេះពេលចេញទៅគឺអនុវត្តគ្រប់វិស័យការងារដទៃៗទៀតនៅទូទាំងប្រទេសដែលអាចជួយដល់គ្រប់វិស័យ៕