តាម​ធម្មតា​គោលបំណង​នៃ​ច្បាប់​ការងារ​មិន​សំដៅ​បម្រើ​ឲ្យ​តែ​កម្មករ​និយោជិត និង​និយោជក​ក្នុង​វិស័យ​កាត់ដេរ​នោះ​ទេ ប៉ុន្តែ​ក្នុង​ផ្នែក​ផ្សេង​ក៏​គាំពារ​ផង​ដែរ​។ ​ទោះ​យ៉ាង​ណា​នៅក្នុង​ការងារ​បម្រើ​អាហារ​ភេសជ្ជៈ​ និង​ផ្នែក​សេវា​កម្សាន្ត​បច្ចុប្បន្ន ថៅកែ​ហាក់​មិន​ទាន់​បាន​យក​ច្បាប់​ស្តីពី​ការងារ​អនុវត្ត​ទៅ​លើ​ពួកគេ​នៅ​ឡើយ​ទេ ពិសេស​ក្រោយ​​មាន​ច្បាប់​សហជីព​។

ជុំវិញ​បញ្ហា​នេះ​លោក ស ម៉ូរ៉ា ប្រធាន​សហជីព​ចំណី​អាហារ​​ និង​សេវាកម្ម​កម្ពុជា​ដែល​មាន​សមាជិក​ប្រមាណ​ជាង​ ៤ ​ពាន់​នាក់​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​បាន​ផ្ដល​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

បើ​និយាយ​ពី​សហជីព​លោក​តើ​បច្ចុប្បន្ន​ខាង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គិតគូរ​យ៉ាង​ម៉េច​ដែរ​?

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​បើ​យើង​និយាយ​ទៅ​គឺ​ការចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​វា​នៅ​តែ​មាន​បញ្ហា​លំបាក​ដោយសារ​តែ​តម្រូវការ​ពី​ក្រសួង​ការងារ​វា​លើស​ពី​ច្បាប់​សហជីព​។ ​

ករណី​នេះ​បើ​ទោះ​ជា​សហជីព​ជាច្រើន​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​ហើយ​ក៏ដោយ ប៉ុន្តែ​វា​ចំណាយ​ពេល​ច្រើន ហើយ​កម្មករ​មួយ​ចំនួន​ហ្នឹង​ដល់​តែ​មាន​ការលំបាក​ពេក​ទៅ​ពួកគាត់​ក៏​មិន​ចង់​បង្កើត​សហជីព​តទៅ​ទៀត​ដែរ​។ ​អ៊ីចឹង​វា​បាន​ធ្វើឲ្យ​ពួកគាត់​បាត់បង់​នូវ​សិទ្ធិ និង​ផលប្រយោជន៍​នៅ​កន្លែង​ធ្វើការ​ពួកគាត់​។

បញ្ហា​មួយ​ទៀត​គឺ​អំពី​ការផ្សព្វផ្សាយ​វិវាទ​ដោយ​យើង​មើល​ឃើញ​ថា​ពេល​បច្ចុប្បន្ន​នេះ​សហជីព​មិន​អាច​ការពារ​កម្មករ​និយោជិត​ដែល​ជា​សមាជិក​របស់​ខ្លួន​បាន​ទេ បើ​សិន​ជា​សហជីព​ហ្នឹង​គ្មាន​ភាព​ជា​តំណាង ពិសេស​ពី​សហព័ន្ធ​តែ​ម្តង​គឺថា​សហព័ន្ធ​មិន​អាច​ការពារ​សមាជិក​ខ្លួន​បាន​ទេ​។ ​

បញ្ហា​មួយ​ទៀត ​ប្រសិន​បើ​ពី​មុន​នៅ​កន្លែង​ធ្វើការ​មាន​តែ​កម្មករ​ ២ ​ទៅ​ ៣ ​នាក់ ហើយ​បើ​ពួកគាត់​មិន​ចង់​បង្កើត​ជា​សហជីព តែ​ពួកគាត់​ចង់​ឲ្យ​សហព័ន្ធ​ការពារ​ពួកគាត់​គឺ​បាន​។ ប៉ុន្តែ​បច្ចុប្បន្ន​​គឺ​មិន​បាន​ទេ ប្រសិន​បើ​ពួកគាត់​មិន​បង្កើត​សហជីព​ខ្លួន​គាត់​នៅ​មូលដ្ឋាន​ទេ គឺ​នៅពេល​មាន​បញ្ហា​មិន​អាច​យក​បណ្តឹង​ទៅ​ក្រសួង​ការងារ​បាន​ទេ​។ មាន​ន័យ​ថា​បណ្តឹង​រួម​ ឬ​ក៏​បញ្ហា​រួម​របស់​ពួកគាត់ ប៉ុន្តែ​បើ​ពួកគាត់​មាន​បញ្ហា​ទំនាស់​ឯកជន​ជាមួយ​​ថៅកែ​គឺ​ពួកគាត់​អាច​យក​បណ្តឹង​នោះ​ទៅ​ក្រសួង​ការងារ​បាន ប៉ុន្តែ​សហជីព​មិន​អាច​ធ្វើ​ជា​តំណាង​ឲ្យ​គាត់​បាន​ទេ​។

តើ​សហជីព​លោក​នៅ​ដាច់​ដោយ​ឡែក​ពី​សហជីព​ផ្សេងៗ​ទៀត​ឬ​យ៉ាង​ណា​? ​ហើយ​ខាង​ក្រសួង​ការងារ គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​សហជីព​លោក​ដែរ​ឬ​ទេ​?

បញ្ហា​នេះ​ដោយសារ​យើង​ធ្វើ​ការងារ​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​នោះ​មក​ទល់​ឥឡូវ​នេះ​បើ​យើង​មើល​ពី​ការយក​ចិត្ត​ទុកដាក់​ពី​ក្រសួង​លើ​កម្មករ​ក្នុង​វិស័យ​ផ្សេង​ក្រៅពី​វិស័យ​កាត់ដេរ​ហ្នឹង​គឺថា​គាត់​ (​ក្រសួង​ការងារ​) ​ចាប់ផ្តើម​និយាយ​ពី​សហជីព​ក្រៅពី​វិស័យ​​កាត់ដេរ​ច្រើន​ជាង​មុន​។ បាន​ន័យ​ថា​ខាង​ក្រសួង​ការងារ​គាត់​គិតគូរ​ច្រើន​ដែរ ប៉ុន្តែ​សម្រាប់​វិស័យ​កាត់ដេរ​វា​នៅ​តែ​មាន​អត្ថិភាព​អ៊ីចឹង​។ ​

ជាក់ស្តែង​ ពេល​ក្រសួង​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​លើ​​កម្មករ​គឺថា​ក្នុង​មួយ​អាទិត្យ​ចំណាយ​ពេល​តែ​ ២ ​ថ្ងៃ​ទេ​ហើយ​ ៣ ​ថ្ងៃ​ទៀត​គឺ​ខាង​អធិការកិច្ច​ក្រសួង​​ការងារ​ចុះ​ទៅ​វិស័យ​កាត់ដេរ​។

នៅ​កន្លែង​បម្រើសេវា​កម្សាន្ត​ និង​ភេសជ្ជៈ​តើ​ពួកគេ​មាន​បាន​ចងក្រង​ជា​សហជីព​ទេ​?

ចំពោះ​កម្មករ​ដែល​ធ្វើ​ការងារ​ក្នុង​ផ្នែក​សេវា​កម្សាន្ត និង​ភេសជ្ជៈ​​គឺ​ពួកគាត់​មាន​ចងក្រង​ជា​សហជីព​ដែរ តែ​នៅ​កន្លែង​មួយ​ចំនួន​ពុំទាន់​មាន​ទេ ព្រោះ​បើ​ពួកគាត់​បង្កើត​ជា​សហជីព​គឺ​មាន​បញ្ហា​ប្រឈម​ច្រើន​ជាមួយ​ផល​ពិបាក​​ផ្សេងៗ​។ ​ដូច្នេះ​ពួកគាត់​មិន​ចង់​បង្កើត​ជា​សហជីព ហើយ​ពួកគាត់​ក៏​បោះបង់​សិទ្ធិ​របស់​ពួកគាត់​ចោល​តែ​ម្ដង​ទៅ​។

ចុះ​ប្រសិន​បើ​ពួកគាត់​មាន​បញ្ហា​ក្នុង​ការងារ​អ្វី​មួយ​ហើយ​តវ៉ា​តើ​ត្រូវ​ទៅ​ប្រាប់​អ្នក​ណា​?

ប្រសិន​បើ​ពួកគាត់​មាន​បញ្ហា​ជា​របៀប​បុគ្គល អ៊ីចឹង​ពួកគាត់​អាច​ប្តឹង​ទៅ​ក្រសួង​ការងារ​បាន​ ប៉ុន្តែ​គ្រាន់តែ​ថា​នៅ​ពេល​ដែល​គាត់​ប្តឹង​ទៅ​ក្រសួង​ធម្មតា​ពេល​យើង​ប្តឹង​ទៅ​ក្រសួង​ការងារ​គឺ​​ភាគី​ខាង​និយោជក​គេ​មាន​មេធាវី​ ឬ​អ្នក​តំណាង​អ៊ីចឹង​ទៅ​។ ​ដោយឡែក​ខាង​កម្មករ​គឺ​មិន​មាន​អ្នក​តំណាង​ទេ ប៉ុន្តែ​បើ​យើង​មើល​តាម​ច្បាប់​គឺ​យើង​មាន​សិទ្ធិ​​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​។

បើ​ប្រៀបធៀប​ពី​មុន​មក​ឥឡូវ​តើ​វា​ខុស​គ្នា​យ៉ាង​ម៉េច​ដែរ​បន្ទាប់ពី​មាន​ច្បាប់​សហជីព​?

ជាក់ស្តែង​យើង​អាច​មើល​ឃើញ​គឺថា​វិវាទ​ជាច្រើន​វា​បាន​កើតឡើង​នៅ​មូលដ្ឋាន និង​បាន​រាំងស្ទះ​នៅ​ក្រសួង​ការងារ​ហើយ​ពេល​ដល់​ក្រសួង​ការងារ​ក៏​បង្វែរ​ទៅ​ជា​ទំនាស់​បុគ្គល​អ៊ីចឹង​ទៅ​។ ​

តាម​ធម្មតា​ប្រសិន​បើ​បង្វិល​ទៅ​ជា​រឿង​បុគ្គល​ហើយ​មាន​ការផ្សះផ្សា​នៅ​ក្រសួង​ការងារ អាហ្នឹង​ត្រូវ​តទៅ​តុលាការ​ទៀត ប៉ុន្តែ​តុលាការ​នៅ​ស្រុក​ខ្មែរ​យើង​កម្មករ​គ្មាន​ទំនុក​ចិត្ត​ទេ​ដោយសារ​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ដែល​ខ្លះ​រហូត​ដល់​ជាង​​ ១០ ​ឆ្នាំ​នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញ​។ អ៊ីចឹង​ហើយ​ពួកគាត់​មាន​តែ​ទម្លាក់​រឿង​នោះ​ចោល ហើយ​ប្រសិន​បើ​រឿង​នោះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ទាល់តែ​រឿង​នោះ​ជា​វិវាទ​រួម​ហើយ​បើ​វិវាទ​រួម​ទាល់តែ​ក្រសួង​បញ្ជូន​ករណី​ហ្នឹង​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទៀត​។

បើ​ក្រសួង​ការងារ​គិតថា​ជា​រឿង​វិវាទ​បុគ្គល​ហើយ​បង្វិល​ទៅ​ជា​រឿង​បុគ្គល​អ៊ីចឹង​គាត់​មាន​បាន​អី​ទៅ​ក្រសួង​​ការងារ​ទៀត​។ ​

ជាក់ស្តែង ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពី​មុន​មាន​ពី​ ២០ ​ទៅ​ ៣០ ​ករណី​ក្នុង​មួយ​​ខែៗ តែ​ឥឡូវ​មាន​តែ​ ១ ​ឬ​ក៏​ ២ ​ករណី​ក្នុង​មួយ​ខែ​គឺ​វា​ខុសគ្នា​ដូច​មេឃ និង​ដី​។ នេះ​មិនមែន​មាន​ន័យ​ថា​ស្ថានភាព​ការងារ​ហ្នឹង​​បាន​ល្អ​ប្រសើរ​ជាង​មុន​ទេ​វា​ពិបាក​ដូច​តែ​មុន​អ៊ីចឹង​ ៧០ ​ភាគរយ​ជាង​គឺ​ថៅកែ​រំលោភសិទ្ធិ​កម្មករ​។ មាន​ន័យ​ថា ពី​ឆ្នាំ​ ២០១៦ ​មក​ដល់​ឥឡូវ​គឺ​គ្មាន​ការ​ប្រែប្រួល​ទេ​៕