តាម​នីតិវិធី​ច្បាប់ បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​បទល្មើស​ណាមួយ​លើ​បុគ្គល​ម្នាក់​ទៀត គឺ​បុគ្គល​រងគ្រោះ​មាន​សិទ្ធិ​ប្តឹង​​ទៅ​នគរបាល​ក្នុង​មូលដ្ឋាន​ដែល​កើតហេតុ​នោះ​ ឬ​អាច​ទៅ​ប្តឹង​នៅ​កន្លែង​ណា​មួយ​ក៏បាន​។ ​ប៉ុន្តែ​ប្រសិន​បើ​ការប្រព្រឹត្ត​នោះ​ធ្វើ​ទៅ​លើ​ក្មេង​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​វិញ តើ​ជា​គោលការណ៍​ច្បាប់​ជនរងគ្រោះ​អាច​ប្តឹង​នៅ​កន្លែង​ណា​បាន​? ​ហើយ​គាត់​អាច​ប្តឹង​ទៅ​សមត្ថកិច្ច​បាន​ទេ​?

ជុំវិញ​ករណី​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

បើ​ក្មេង​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ប្រព្រឹត្ត​បទល្មើស​លើ​គាត់ តើ​ក្មេង​នោះ​អាច​ប្តឹង​ ឬ​រាយការណ៍​ប្រាប់​នគរបាល​យុត្តិធម៌​ ឬ​គាត់​អាច​រាយការណ៍​ទៅ​មនុស្ស​ដែល​មិនមែន​ជា​នគរបាល​បាន​ឬ​ទេ ?

ករណី​នេះ​តាម​ពិត​ទៅ​ក្មេង​នោះ​ជា​ជនរងគ្រោះ​ដែល​អាយុ​របស់​គាត់​មិនទាន់​គ្រប់​ (១៨ ​ឆ្នាំ​) ​ហើយ​គាត់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ម្តាយ​ឪពុក​ ឬ​អាណាព្យាបាល​របស់​គាត់​។

ប៉ុន្តែ​តាម​ច្បាប់​គឺ​ក្មេង​រងគ្រោះ​គាត់​អាច​មាន​សិទ្ធិ​ប្តឹង​ទៅ​សមត្ថកិច្ច​ ឬ​រាយការណ៍​ប្រាប់​ដល់​អ្នក​ណា​ម្នាក់​ដែល​នៅ​ជិត​ខាង​គាត់​បាន​គ្រប់ពេល​។ ​ម្យ៉ាង​បើ​គាត់​ទៅ​ប្តឹង​ដល់​នគរបាល​យុត្តិធម៌ គឺ​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​ត្រូវ​ធ្វើ​ពាក្យ​បណ្តឹង​ជូន​គាត់ ហើយ​គាត់​ចាំបាច់​ត្រូវ​តែ​មាន​សិទ្ធិ​ប្តឹង ពីព្រោះ​រឿង​នេះ​ជា​បទ​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​ការប្តឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​វិញ​គឺ​ម្តាយ​ឪពុក​ ឬ​អាណាព្យាបាល​របស់​គាត់​ជា​អ្នក​ប្តឹង​ជំនួស​ឲ្យ​ក្មេងរងគ្រោះ​នោះ​។

ប្រសិន​បើ​ក្មេងរងគ្រោះ​នោះ​ចង់​សរសេរ​ជា​ពាក្យបណ្តឹង តើ​អាច​ធ្វើ​បាន​ទេ​?

ប្រសិន​បើ​ក្មេងរងគ្រោះ​សរសេរ​ពាក្យបណ្តឹង​ជា​លាយលក្ខណ៍​អក្សរ​គឺ​ម្តាយ​ឪពុក​ ឬ​អាណាព្យាបាល​ក្មេង​នោះ​សរសេរ​ជំនួស​បាន​។ ​ប៉ុន្តែ​បើ​កើត​មាន​បទល្មើស​ជាក់ស្តែង​គឺ​ក្មេង​រងគ្រោះ​មាន​សិទ្ធិ​ប្តឹង​ទៅ​នគរបាល​យុត្តិធម៌​បាន ពោល​គឺ​អ្នកណា​ក៏ដោយ​ឲ្យ​តែ​គាត់​អាច​ប្រាប់​ ឬ​រាយការណ៍​បាន​។

ករណី​នេះ​បើ​តាម​មាត្រា​ ៣ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​ថា បណ្តឹង​អាជ្ញា​អនុវត្ត​ទៅ​លើ​បុគ្គល​គ្រប់រូប​ទាំង​រូបវន្ត​បុគ្គល​ទាំង​នីតិបុគ្គល​ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម​ធនធាន​ ឬ​ស្ថានភាព​ឯទៀត​ឡើយ​។

មាត្រា ៤ បណ្តឹង​អាជ្ញា​ត្រូវ​អនុវត្ត​ក្នុង​នាម​នៃ​ផលប្រយោជន៍​ទូទៅ​ដោយ​អយ្យការ​។ អយ្យការ​ធ្វើ​ការ​ចោទប្រកាន់​ពី​បទព្រហ្មទណ្ឌ និង​សុំ​ឲ្យ​អនុវត្ត​ច្បាប់​​នៅ​ចំពោះ​មុខ​យុត្តាធិការ​ (​ស៊ើបសួរ និង​យុត្តាធិការ​ជំនុំជម្រះ​)​។

មាត្រា​ ៥ ជនរងគ្រោះ​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​អាច​ដាក់​ពាក្យបណ្តឹង​ដោយ​តាំងខ្លួន​ជា​​ដើមបណ្តឹង​រដ្ឋប្បវេណី​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​។

ពាក្យ​ប្តឹង​ដោយ​មាន​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​អានុភាព​ប្តឹង​ដល់​ចៅក្រម​ស៊ើបសួរ​អំពី​បណ្តឹង​អាជ្ញា​នៅក្នុង​លក្ខខណ្ឌ​ដែល​បញ្ញត្តិ​ដោយ​មាត្រា​ ១៣៩ (​ការបញ្ជូន​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា )​និង​មាត្រា​ ១៤០ (​ការបង់ប្រាក់​តម្កល់​ទុក​) ​នៃ​ក្រម​នេះ​។ យុត្តាធិការ​ព្រហ្មទណ្ឌ​ក៏​អាច​ទទួល​បណ្តឹង​ពី​មន្ត្រី​រាជការ​ ឬ​ភ្នាក់ងារ​សាធារណៈ​ដទៃ​ទៀត​ដែល​ច្បាប់​ដោយ​ឡែក​បាន​ប្រគល់​អំណាច​ឲ្យ​ផង​ដែរ​។

មាត្រា​ ៦ បុគ្គល​គ្រប់​រូប​ដែល​ប្រកាស​ថា ខ្លួន​ជា​អ្នករងគ្រោះ​នៃ​បទល្មើស​អាច​ដាក់​ពាក្យ​ប្តឹង​បាន​។

ពាក្យ​ប្តឹង​សាមញ្ញ​គ្មាន​អានុភាព​នាំឲ្យ​ធ្វើការ​ចោទប្រកាន់​ជា​បទ​ព្រហ្មទណ្ឌ​ទេ​។ នៅក្នុង​ករណី​ដែល​ពាក្យ​ប្តឹង​ស្ថិត​នៅ​ដោយ​គ្មាន​ចម្លើយ​ ឬ​ត្រូវ​បាន​តម្កល់​ទុក​ឥត​ចាត់ការ​ដោយ​ព្រះរាជអាជ្ញា ជនរងគ្រោះ​អាច​ប្តឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​​ឧទ្ធរណ៍​ទៅ​តាម​របៀប​ដូច​ដែល​មាន​ចែង​ទុក​ដោយ​មាត្រា​ ៤១ (​ការតម្កល់​រឿង​ទុក​ឥត​ចាត់ការ​) ​នៃ​ក្រម​នេះ​។

តើ​ពាក្យ​បណ្តឹង​ដែល​ក្មេង​​រងគ្រោះ​ប្តឹង​ទៅ​នគរបាល​យុត្តិធម៌​អាច​មាន​ទម្ងន់​ដល់​ការចោទប្រកាន់​ជនល្មើស​ឬ​ទេ​?

ខ្ញុំ​សូម​ជម្រាប​ជូន​ថា ពាក្យបណ្តឹង​តាម​ផ្លូវ​ច្បាប់​គឺ​គ្រាន់​តែ​ជា​សញ្ញាណ​មួយ​ទេ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​គាត់​ធ្វើការ​វិនិច្ឆ័យ​ថា តើ​ការ​ផ្តល់​ព័ត៌មាន​នោះ​វា​ពិត ឬ​មិន​ពិត​នៃ​បណ្តឹង​នោះ​។ ចំពោះ​ការចោទប្រកាន់​ ឬ​មិន​ចោទប្រកាន់​គឺ​អាស្រ័យ​លើ​ព្រះរាជអាជ្ញា​ប៉ុណ្ណោះ បើទោះ​ជន​នោះ​អាយុ​ត្រឹម​ប៉ុន​ណា​ក៏ដោយ ក៏​គាត់​មាន​សិទ្ធិ​ប្រាប់​ ឬ​ក៏​រាយការណ៍​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដែរ​៕