ជាធម្មតា ជន​ម្នាក់​ដែល​មាន​សតិបញ្ញា​គ្រប់គ្រាន់ ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស​នឹងត្រូវ​មានទោស​។ ​ប៉ុន្តែ​ចំពោះ​ជន​ដែល​មាន​សតិបញ្ញា​មិន​គ្រប់គ្រាន់​ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស​វិញ តើ​ច្បាប់​នឹង​លើកលែង​ ឬ​ក៏​តម្រូវ​ឲ្យ​ជន​ប្រព្រឹត្តល្មើស​នោះ​ត្រូវ​តែ​មានទោស​? ​ជុំវិញ​បញ្ហា​នេះ​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ម៉ៅ សុវិទ្យា សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែល​មាន​ការិយាល័យ​ជាន់​ទី​ ១០ បន្ទប់ P10-11 នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) អគារ​លេខ​ ៣៦ ផ្លូវ ១៦៨ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

តើ​មនុស្ស​វិកលចរិត​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែរឬទេ ក្នុង​ករណី​គាត់​បាន​ទៅ​ប្រព្រឹត្ត​បទល្មើស ដូចជា ការប្រើ​អំពើហិង្សា​ ឬ​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ ឬ​អំពើ​ផ្សេងទៀត​ដែល​ជា​បទល្មើស​?

ជាគោលការណ៍​បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​អំពើ​នោះ​មាន​ចែង​ក្នុង​​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​។

ប៉ុន្តែ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មាន​ចែង​អំពី​មូលហេតុ​នៃ​ការមិន​ទទួល​ខុសត្រូវ ឬ​ការ​សម្រាល​នូវ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ផងដែរ​។ ​យោង​តាម​មាត្រា​ ៣១ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចែង​អំពី​ការមិន​ទទួល​ខុសត្រូវ​ដោយសារ​មូលហេតុ​វិបល្លាស​ស្មារតី​៖ "​កាលបើ​ជន​ណា​ម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ជន​នោះ​កើត​វិបល្លាស​ស្មារតី ដែល​ធ្វើឲ្យ​បាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់​ខ្លួន ជន​នោះ​មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ទេ​"​។ ​ក្នុង​ករណី​ខាងលើ​​នេះ បុគ្គល​ម្នាក់​ដែល​វិកលចរិត​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកដទៃ ដែល​ជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ ឧ. លោក ក ដែល​ជា​មនុស្ស​វិកលចរិត​អចិន្រៃ្តយ៍​បាន​វាយ​លោក ខ ឲ្យ​មាន​របួស​។

តើ លោក ក ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក្នុង​បទហិង្សា​ដោយ​ចេតនា​ដែរឬទេ​? ក្នុង​ករណី​នេះ​ប្រសិន​បើ​មានការ​បញ្ជាក់​ច្បាស់លាស់​ដោយ​គ្រូពេទ្យ​ជំនាញ​ថា លោក ក ពិតជា​មនុស្ស​វិកលចរិត​ប្រាកដ​មែន​នោះ លោក ក មិន​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ ទោះបី​ជា​ការប្រព្រឹត្ត​នោះ​គឺជា​បទល្មើស​ដែល​ច្បាប់​ចែង​ក៏ដោយ ព្រោះ​ថា​លោក ក បាន​បាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់​ខ្លួន​ទាំង​ស្រុង ដោយសារ​បញ្ហា​វិបល្លាស​ស្មារតី​ដែល​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចែង​អំពី​ការមិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ប្រសិន​បើ​បុគ្គល​នោះ​បាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់​ខ្លួន​ដោយសារ​បញ្ហា​វិបល្លាស​ស្មារតី​។

ទោះបី​ជា​លោក ក មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក៏ដោយ ក៏​ជនរងគ្រោះ​មាន​សិទ្ធិ​ក្នុង​ការទាមទារ​នូវ​សំណង​រដ្ឋប្បវេណី​ពី​បុគ្គល​ដែលជា​អ្នក​មាន​អាណាព្យាបាល​ ឬ​អ្នកគ្រប់គ្រង​លោក ក ដើម្បី​ទទួល​ខុសត្រូវ​លើ​សំណង​នៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​លោក ក ផងដែរ​។

បើ​បុគ្គល​កើត​វិបល្លាស​ស្មារតី​ដែល​ប្រព្រឹត្ត​បទល្មើស ហើយ​មិន​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេនោះ តើ​គ្រប់​បុគ្គល​ដែល​កើត​វិបល្លាស​ស្មារតី​នៅ​​ពេល​ប្រព្រឹត្ត​បទល្មើស​ត្រូវ​រួចផុត​ពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​មែន​ទេ​?

ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​ ៣១ ​កថាខណ្ឌ​ទី​ ១ បាន​ចែងថា​ការមិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដោយសារ​បញ្ហា​វិបល្លាស​ស្មារតី​គឺ​សំដៅ​ទៅលើ​បុគ្គល​ដែល​បាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់ខ្លួន​អាច​ថា​ជា​មនុស្ស​វិកលចរិត​ជា​អចិន្រៃ្តយ៍​។ ​ក្នុង​ករណី​ខាងលើ​នេះ​មិនមែន​គ្រប់​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​នៅពេល​ដែល​ខ្លួន​កើត​វិបល្លាស​ស្មារតី​សុទ្ធតែ​រួច​ផុតពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ​។

ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ខ្លួន​កើត​វិបល្លាស​ស្មារតី​ដែល​បន្ថយ​នូវ​ការដឹង​ខុសត្រូវ​របស់​ខ្លួន ជន​នោះ​នៅ​តែ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដដែល ប៉ុន្តែ​តុលាការ​ត្រូវតែ​គិតគូរ​អំពី​បញ្ហា​នេះ កាលណា​តុលាការកំណត់​ទោស ព្រោះ​ជន​មួយ​ចំនួន​អាច​កើតមាន​វិបល្លាស​ស្មារតី​តាម​ពេលវេលា ឧ. លោក ក ជា​មនុស្ស​វិកលចរិត ប៉ុន្តែ​មានពេល​ខ្លះ​លោក ក គាត់​ជា​មនុស្ស​ធម្មតា​ដែល​អាច​យល់ដឹង​ខុសត្រូវ ដូច្នេះ​ប្រសិន​បើ​លោក ក គាត់​ប្រព្រឹត្ត​បទល្មើស​ក្នុងពេល​ដែល​គាត់​អាច​យល់ដឹង​ខុសត្រូវ​នោះ​លោក ក មិន​រួច​ផុតពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​បានទេ​។ ​

ក្នុងករណី​ផ្សេង​ទៀត​ដែល​ជន​ណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ជន​នោះ កើត​វិបល្លាស​ស្មារតី ដោយសារ​តែ​គ្រឿង​ស្រវឹង​ ឬ​សារជាតិ​ផ្សេងៗ​ដែល​ច្បាប់​ហាមឃាត់​។ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​មិន​អាច​រួចផុត​ពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​បាន​ឡើយ ហើយ​ការអះអាង​នានា​អំពី​ការបាត់បង់​នូវ​ការដឹង​ខុសត្រូវ​របស់​ខ្លួន​ក៏​មិនមែន​ជា​មូលហេតុ​ដែល​ជន​នោះ​ត្រូវ​រួច​ផុត​ពី​ការទទួល​ខុសត្រូវ​បាន​ដែរ​។

ចុះបើ​ក្នុង​ករណី​ដែល​បុគ្គល​ដែលមាន​ការយល់ដឹង​គ្រប់គ្រាន់​បាន​ប្រព្រឹត្ត​បទល្មើស​លើ​ជន​ដែល​មាន​បញ្ហា​វិបល្លាស​ស្មារតី តើ​បុគ្គល​ត្រូវ​ទទួល​ទោស​យ៉ាងដូចម្តេច​?

កាលណា​បុគ្គល​ដែល​មាន​ការយល់ដឹង​គ្រប់គ្រាន់​បាន​ប្រព្រឹត្ត​បទល្មើស​នោះ ជន​ដែល​ប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​លើ​ការប្រព្រឹត្ត​របស់ខ្លួន​។​ ​ក្នុងករណី​ខាងលើ​នេះ​បុគ្គល​ដែល​មាន​ការយល់ដឹង​គ្រប់គ្រាន់​បាន​ប្រព្រឹត្ត​បទល្មើស​លើ​ជន​ដែលមាន​បញ្ហា​វិបល្លាស​ស្មារតី​នោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទៅ​តាម​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។

យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​អំពី​ទណ្ឌកម្ម​លើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​រួមទាំង​មានចែង​អំពី​ស្ថាន​ទម្ងន់ទោស​ផង​។ ​ក្នុងករណី​ខាងលើ​នេះ​បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ដែល​មាន​ស្ថាន​ទម្ងន់ទោស ព្រោះ​ការប្រព្រឹត្ត​បទល្មើស​នេះ​គឺ​បាន​ប្រព្រឹត្ត​លើ​ជន​ដែល​មាន​ស្មារតី​អាច​យល់ដឹង​ និង​ការពារ​បាន​។ ឧ. លោក ក ជា​អ្នកភូមិ​ដែល​រស់​ក្បែរ​គ្នា​ជាមួយ នារី ខ​។ លោក ក បាន​ដឹង​ថា​នារី ខ គឺជា​មនុស្ស​ដែល​មាន​សតិ​មិន​គ្រប់គ្រាន់ ហើយ​លោក ក បាន​លួងលោម​នារី ខ ឲ្យ​ទៅ​ដើរលេង​ជាមួយ​គាត់​។

លោក ក បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​នារី ខ​។ ក្នុង​ករណី​នេះ​លោក ក ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក្នុង​បទរំលោភ​សេពសន្ថវៈ និង​មាន​ស្ថាន​ទម្ងន់ទោស​យោង​តាម​មាត្រា ២៤០ និង ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​មាត្រា ២៤១ បាន​ចែងថា "​បទ​រំលោភ​សេពសន្ថវៈ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ (​ប្រាំពីរ​) ​ឆ្នាំ ទៅ​ ១៥ (​ដប់ប្រាំ​) កាលបើ​អំពើ​នេះ​ប្រព្រឹត្ត​ទៅលើ​៖ ៣) ​បុគ្គល​ដែល​ទន់ខ្សោយ​ពិសេស​ដោយ​មូលហេតុ​នៃ​ជំងឺ​ ឬ​ពិការភាព​កាលបើ​ស្ថានភាព​បុគ្គល​នេះ​ត្រូវ​បាន​គេ​ឃើញ​ជាក់ស្តែង ឬ​កាលបើ​ជនល្មើស​បានដឹង​"៕