ការឈ្លោះគ្នា​រហូត​ភាគី​ម្ខាង​ធ្វើ​ឲ្យភាគី​ម្ខាង​ទៀត​ស្លាប់​គឺ​តាមផ្លូវ​ច្បាប់​អ្នកបង្ក​ត្រូវ​មាន​ទោស ប៉ុន្តែ​តើ​ច្បាប់​នឹង​ត្រូវ​កំណត់​ទោស​បែប​ណា​ប្រសិន​បើ​ក្នុង​គ្រួសារ ១ សម្លាប់​សមាជិក​ខ្លួនឯង​ស្លាប់​យ៉ាង​នោះ? ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកស្រី មេធាវី លឹម ច័ន្ទ​លីដា សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស​មាន​ការិយាល័យ​ផ្ទះ​លេខ ៥៤ ផ្លូវ​លេខ ៣៣៧ សង្កាត់ ​បឹងកក់ ២ ខណ្ឌ​ ទួលគោក រាជធានី​ភ្នំពេញ មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ក្នុងករណី​បងប្អូន​បង្កើត​ឈ្លោះ​គ្នា​ហើយ​បង​ជ្រុលដៃ​វាយ​ប្អូន​រហូត​ស្លាប់​ សួរថា​តើ​បងប្រុស​នោះ​មាន​ទោស​ដែរ​ឬទេ?

នៅក្នុង​ករណីនេះ បងប្រុស​ដែល​បាន​វាយ​ប្អូនបង្កើត​ខ្លួន​ស្លាប់​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ចំពោះ​ទង្វើ​ល្មើស បុគ្គល​ជា​បង​ប្រុស​នេះ​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម។

យោងតាម​មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០០៩ ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ដោយ​ប្រើ​អាវុធ​ឬ​មិន​ប្រើ​អាវុធ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០ ឆ្នាំ ដល់ ១៥ ឆ្នាំ។

តើ​ច្បាប់​កំណត់​ឲ្យ​ភាគី​បងប្រុស​ត្រូវតែមាន​ទោស​ឬ​យ៉ាងណា? បើ​ភាគី​ប្អូន​ដែល​រង​គ្រោះ​មិន​បាន​ប្ដឹង​ទៅ​តុលាការ​ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផង​នោះ?

ទោះបី​មិនមាន​ពាក្យបណ្តឹង​ណាមួយ​មក​តុលាការ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ កាល​ណា​មន្ត្រី​មាន​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ឬ​ការ​រាយការណ៍​អំពី​បទ​ល្មើស​អ្វីមួយ មន្ត្រី​មាន​សមត្ថកិច្ច​មាន​ភារកិច្ច​ត្រូវ​ចុះ​ទៅ​ទីតាំង​កើត​ហេតុ​ភ្លាម ព្រមទាំង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ យោង​តាម​មាត្រា ៥៦ ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ ២០០៩ ចែង​ថា នគរបាល​យុត្តិធម៌​មាន​ភារកិច្ច​ធ្វើការ​ត្រួត​ពិនិត្យ​បទ​ឧក្រិដ្ឋ បទ​មជ្ឈិម និង​បទ​លហុ កំណត់​អត្ត​សញ្ញាណ​និង​ចាប់​ជន​ល្មើស ព្រមទាំង​ប្រមូល​ភ័ស្តុតាង។

ចំពោះ​ករណីនេះ វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជនបង្ក ត្រូវបាន​ច្បាប់​កំណត់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ល្មើស​របស់​ខ្លួន។ យោងតាម​មាត្រា ១ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ ២០០៩ បាន​ចែង​ថា “ច្បាប់​ព្រហ្មទណ្ឌ​កំណត់​បទ​ល្មើស​ចង្អុល​បង្ហាញ​បុគ្គល​ដែល​ត្រូវបាន​ប្រកាស​ថា​ជា​អ្នកទ​ទួល​ខុស​ត្រូវ​ចំពោះ​បទ​ល្មើស​និង​កំណត់​ទោស ព្រមទាំង​បែប​បទ​នៃ​ការ​អនុវត្ត​ទោស​នេះ។

ប្រសិនបើ​ភាគី​បង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ប្រពន្ធ​ភាគី​ប្អូនសុំ​កុំ​ឲ្យ​ឃាត់​ខ្លួន​ជន​បង្ក តើ​បាន​ទេ?

ក្នុងករណីនេះ មន្ត្រីនគរបាល​មិនមាន​សមត្ថកិច្ច​ក្នុងការ​សម្រេច​ដោះលែង​ជន​សង្ស័យ​នេះ​ឡើយ ទោះបី​មាន​ការ​ស្នើ​សុំ​កុំ​ឲ្យ​ឃាត់​ខ្លួន​ពី​ភាគី​ប្រពន្ធ​ជន​រង​គ្រោះ​ក៏ដោយ។ យោង​តាម​មាត្រា ១០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ ២០០៩ ចែង​ថា “នៅ​ពេល​ផុត​កំណត់​រយៈពេល​ឃាត់​ខ្លួន បុគ្គល​ដែល​ត្រូវបាន​ឃាត់​ខ្លួន​នោះ​ត្រូវៈ បញ្ជូន​ខ្លួន​ទៅ​ព្រះរាជ​អាជ្ញា ឬ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​ព្រះរាជ​អាជ្ញា។

ក្នុង​រឿង​ដដែល​នេះ​ឧបមា​ថាបើ​នគរបាល​ដោះលែង​ជនបង្ក តើ​នគរបាល​រូបនោះ​នឹងត្រូវ​មាន​ទោស​ដែរ​ឬទេ?

មន្ត្រីនគរបាល​ដែល​បានផ្តល់​ដោយ​ខុសច្បាប់​នូវ​បញ្ជា​ដោះលែង​ជន​សង្ស័យ​ឬ​ជន​ល្មើស គឺជា​អំពើ​ល្មើស​ច្បាប់។​ យោង​តាម​មាត្រា ៥២១ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ ២០០៩ កាល​ណា​អ្នក​រាជការ​សាធា​រណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធា​រណៈ​ដោយ​ការ​បោះឆ្នោត ដែល​ទោះបី​ក្រោម​រូបភាព​ណា​ក៏ដោយ ចេញ​បញ្ជា​ដោយ​ខុស​ច្បាប់​ឲ្យ​ឃុំ ឬ​ដោះលែង​ជន​ជាប់​ឃុំ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល៕