ក្នុងករណី​មាន​វិវាទ​គ្នា​ដោយ​ភាគី​ម្ខាង​ប្រើ​អំពើ​ហិង្សា​ទៅ​ភាគី​ម្ខាង​ទៀត ហើយ​ត្រូវ​បាន​ភាគីរង​គ្រោះ​ប្តឹង​ទៅ​តុលាការ​ប៉ុន្តែ​ខាង​ភាគី​បង្ក​បាន​ចេញ​សំណង​ជំងឺ​ចិត្ត​ឲ្យ​ជន​រង​គ្រោះ។ ករណី​នេះ​ប្រសិន​បើ​ភាគី​ជន​រង​គ្រោះ​ដាក់​បណ្តឹង​ដល់​តុលាការ​ហើយ​តើ​អាច​ដក​បណ្តឹង​វិញ​បាន​ទេ?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ឡោ​គីម ហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន-អន្តរជាតិ ដែល​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

ឧបមា​ថា មាន​ករណី​មួយកើតឡើង​ដោយ​បុរស​ម្នាក់​ប្រើ​ហិង្សា​ទៅ​លើ​នារី​ម្នាក់ (ទះ​កំផ្លៀង) ហើយ​ត្រូវ​នារី នោះ​ប្តឹង​ទៅ​តុលាការ​ផង​និង​ទៅ​នគរបាល​មូលដ្ឋាន​កើត​ហេតុ​ផង។ ពេល​នោះ​ភាគី​ទាំង ២ បាន​សម្រុះ​សម្រួល​គ្នា ហើយ​នគរបាល​ក៏បាន​រាយ​ការណ៍​ទៅ​ព្រះរាជ​អាជ្ញា។ ក្រោយ​មក​បុរស​នោះ​ត្រូវ​បាន​ដោះ​លែងវិញ ដោយ​នគរបាល​ប្រាប់​ថា ព្រះរាជ​អាជ្ញា​ឲ្យ​ដោះ​លែង។ តើ​ករណី​បែប​នេះ​អាច​ធ្វើ​ទៅ​បាន​តាម​នីតិវិធី​ច្បាប់​ទេ?

នៅក្នុង​ករណី​ហ្នឹង​ដោយសារ​អំពើ​នោះ​ជា​អំពើហិង្សា​ស្រាល ដូច្នេះ​ព្រះរាជ​អាជ្ញា​លោក​យល់​ឃើញ​ថា​បទ​ល្មើស​នោះ​វា​មិន​មែន​ជា​រឿង​ធំដុំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធា​រណៈ​សង្គម​ខ្លាំងក្លា។ ដូច្នេះ​ព្រះរាជ​អាជ្ញា​លោក​អាច​តម្កល់​រឿង​ទុក​មិន​ចាត់ការ​បាន ហើយ ជន​នោះ​អាច​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​ដោយ​ជន​នោះ​មិន​ត្រូវ​ជាប់​ចោទ​ទេ។

បើទោះជា​មានការ​ព្រមព្រៀង​ពី​ភាគី ប៉ុន្តែ​ភាគី​ខាង​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រួច​ហើយ​តើ​ភាគី​ខាង​ជន​រង​គ្រោះ​ចង់​ដក​ពាក្យ​បណ្តឹង​វិញ​បាន​ទេ?

តាម​បណ្តឹងរដ្ឋប្បវេណី​ជនរងគ្រោះ​គ្រប់​នីតិវិធី​នៃ​ដំណើរ​ការ​ក្តី​គាត់​អាច​មាន​សិទ្ធិ​ដក​បណ្តឹង​រដ្ឋ​ប្បវេណី​របស់​គាត់​បាន​គ្រប់​ពេល ដោយសារ​តែ​ដើម​បណ្ដឹង​បាន​ទទួល​សំណង​រដ្ឋ​ប្បវេណី​សម​ល្មម​នឹង​គាត់ទទួល​ហើយ។

យោង​មាត្រា ៤១ នៃ​ក្រមនីតិវិធី ព្រហ្មទណ្ឌ​ចែងថា កាលណា បណ្តឹង​ណាមួយ​ត្រូវ​បាន​តម្កល់ ទុក​ឥត​ចាត់​ការ​ព្រះរាជ​អាជ្ញា​ត្រូវ​ឲ្យ​ដំណឹង​ដល់​អ្នក​ប្តឹង​អំពី​សេចក្តី​សម្រេច​របស់​លោក​នៅ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត ហើយ​យ៉ាង​យូរ​បំផុត​រយៈពេល ២ (ពីរ) ខែ​គិត​ពី​ថ្ងៃ​ចុះ​ពាក្យ​បណ្តឹង​ដែល​មាន​ចែង​ក្នុង​មាត្រា ៥០ (បញ្ជី​នៃ​ពាក្យ​បណ្តឹង) នៃ​ក្រម​នេះ ការ​តម្កល់​រឿង​ឥត​ចាត់ការ​ត្រូវ​តែ​មាន​សំអាង​ច្បាប់ និង​សំអាង​ហេតុ។ ការ​តម្កល់ ទុក​ឥត​ចាត់ការ​នេះ​គ្មាន​អាជ្ញា ជំនុំ​ទេ ព្រោះ​ព្រះរាជ​អាជ្ញា​អាច សើរើ​កែប្រែ​សេចក្តី​សម្រេច​របស់​ខ្លួន​វិញ​ក្នុង​ខណៈ​ដែល បណ្តឹង​អាជ្ញា​មិន​ទាន់​ផុត​រលត់​នៅ​ឡើយ។

ប្រសិន​បើ​អ្នក​ប្តឹង​មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ទេ​សាមី​ខ្លួន​អាច​ធ្វើ​ការ​តវ៉ា​ទៅ​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​បាន។

ការតវ៉ា​នេះ​ត្រូវធ្វើ​នៅក្នុង​រយៈពេល ២ (ពីរ) ខែ​គិត​ចាប់ពី ថ្ងៃ​ទទួល​ដំណឹង​អំពី​សេចក្តី​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។ ការ​តវ៉ា​នេះ​ត្រូវ​ធ្វើ​តាម​បណ្តឹង​សាមញ្ញ​នៅ​អង្គការ​អយ្យការ​ដែល​ពាក់ព័ន្ធ។

បន្ទាប់​មក​សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​ព្រះរា​ជអាជ្ញា​អម​សាលា​ឧទ្ធរណ៍​ដោយ​តំណាង​អយ្យការ អម​សាលា​ដំបូង។ ប្រសិន​បើ​យល់​ឃើញ​ថា ការ​តវ៉ា​នេះ​មាន​មូលហេតុ​ត្រឹមត្រូវ អគ្គ​ព្រះរាជ្ញា អម​សាលា​ឧទ្ធរណ៍​ចេញ​អធិបញ្ជា​ដល់​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ឲ្យ​ធ្វើការ​ចោទ​ប្រកាន់។

អគ្គ​ព្រះរា​ជអាជ្ញា​ធ្វើ​អធិ​បញ្ជា​តាម​ការ​ណែនាំ​ជា​លាយ​លក្ខណ៍​អក្សរ។ នៅ​ក្នុង​ករណី​ផ្ទុយ​ពី​នេះ អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​របស់​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ទុក​ជា​បាន​ការ។ អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ត្រូវ​ឲ្យ​ដំណឹង​អំពី​សេចក្តី​សម្រេច​នេះ​ដល់​អ្នក​ប្តឹង​តវ៉ា៕