បើ​ជន​ណា​ម្នាក់​ដែល​បង្ក​បទល្មើស​ហើយ​ត្រូវ​នគរបាល​ចាប់​ខ្លួន ជន​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ស៊ើបសួរ​បន្ត​ពី​សំណាក់​អយ្យការ​ (​ព្រះរាជអាជ្ញា​)​។ ​បន្ទាប់​មក​ត្រូវ​ចោទ​ពី​សំណាក់​ព្រះរាជ​អាជ្ញា​ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ​ក្នុង​ប្រព័ន្ធ​តុលាការ តើ​អយ្យការ​ និង​ចៅក្រម​ខាង​ណា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ដោះលែង​ ឬ​មិន​ដោះលែង​ជន​បង្ក​ណា​ម្នាក់​? ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ​ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

ក្នុង​ប្រព័ន្ធ​តុលាការ​មាន​ពាក្យ​ថា​​អយ្យការ​តើ​ពាក្យ​ថា​អយ្យការ​នេះ​ជា​អ្វី​? ​ហើយ​ពាក្យ​ថា​អយ្យការ​អម​តុលាការ​ជា​អ្វី​? ​ហើយ​ចៅក្រម​តំណាង​ឱ្យ​អ្វី​ដែរ​?

អយ្យការ​ (​ព្រះរាជអាជ្ញា​) ​គឺជា​ស្ថាប័ន​មួយ​ដាច់​ដោយ​ឡែក​ពី​ចៅក្រម ហើយ​ស្ថាប័ន​នេះ​មាន​តួនាទី​ចោទប្រកាន់​ដែល​មាន​មន្ត្រី​​ព្រះរាជអាជ្ញា​ជា​អ្នក​សម្រេច​។

ពាក្យ​ថា​អាជ្ញា​គឺជា​អំណាច អ៊ីចឹង​ព្រះរាជអាជ្ញា​មាន​ន័យ​ថា​ប្រើ​សម្រាប់​ប្រទេស​ដែល​មាន​ស្តេច​តែ​បើ​ប្រទេស​គ្មាន​ស្តេច​គេ​ហៅ​ថា រាជអាជ្ញា​។ ឯ​ចៅក្រម (​តុលាការ​) តំណាង​នៃ​អំណាច​ក្នុង​ប្រទេស​។

ចំពោះ​ពាក្យ​ថា​អយ្យការ​អម​តុលាការ​នោះ​គឺ​មាន​ន័យ​ថា​ស្ថាប័ន​មួយ​នេះ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​តុលាការ​ទេ​តែ​ជា​ស្ថាប័ន​ចោទប្រកាន់​ទៅ​លើ​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ ឬ​ប្រឆាំង​នឹង​ច្បាប់​ទាក់ទង​រឿង​ព្រហ្មទណ្ឌ​។

អយ្យការ​អម​តុលាការ​នេះ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រង​លើ​កម្លាំង​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត-ក្រុង​មាន​នគរបាល​កងរាជ​អាវុធហត្ថ មេព្រៃ ជលផល ជាដើម​។

ករណី​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ​បើ​នគរបាល​យុត្តិធម៌​ ឬ​កម្លាំង​កងរាជ​អាវុធហត្ថ​បង្ក្រាប​បទល្មើស​អ្វី​មួយ​ត្រូវ​តែ​ឆ្លង​យោបល់​ពី​ព្រះរាជអាជ្ញា​ដែល​ជា​ស្ថាប័ន​អយ្យការ​ជា​មុន​សិន​ពោល​គឺ​មិន​អាច​រំលង​ទៅ​ដល់​តុលាការ​បាន​ទេ លើក​លែង​តែ​បទល្មើស​ជាក់ស្តែង​ដែល​មន្ត្រី​នគរបាល​ត្រូវ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ ប៉ុន្តែ​បន្ទាប់ពី​ចាប់​ជន​នោះ​ហើយ​ត្រូវ​រាយការណ៍​មក​ព្រះរាជអាជ្ញា​ជា​ចាំ​បាច់​តែ​បើ​មិន​ជាក់ស្តែង​ទេ​មិន​អាច​ចាប់​ជន​នោះ​បាន​ទេ​បើ​មិន​បាន​រាយការណ៍​មក​​ព្រះរាជអាជ្ញា​។

យោង​មាត្រា​ ២៧ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​អំពី​តួនាទី​អង្គការ​អយ្យការ​ចែង​ថា អង្គការ​អយ្យការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ និង​សន្និដ្ឋាន​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​។ ​អង្គការ​អយ្យការ​ធានា​រ៉ាប់រង​ការអនុវត្ត​សេចក្តី​សម្រេច​ខាង​បទ​ព្រហ្មទណ្ឌ​ព្រម​ទាំង​ធានា​យក​ចិត្ត​​ទុក​ដាក់​លើ​ការផ្សព្វផ្សាយ​ដីកា បង្គាប់​ឲ្យ​ចាប់​ខ្លួន​។

ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ចៅក្រម​អយ្យការ​មាន​សិទ្ធិ​កេណ្ឌ​កងកម្លាំង​សាធារណៈ​ដោយ​ផ្ទាល់​ជា​ជំនួយ​។

ចៅក្រម​អយ្យការ​ត្រូវ​តែ​មាន​វត្តមាន​នៅក្នុង​ពេល​សវនាការ​រឿង​ព្រហ្មទណ្ឌ​។

ចុះ​ដូចម្តេច​ទៅ​ហៅ​ថា​ចៅក្រម​​អយ្យការ​? ​តើ​ចៅក្រម​អយ្យការ​បែងចែក​ជា​ប៉ុន្មាន​ប្រភេទ​?

យោង​មាត្រា​ ២៨ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដដែល​ចែង​ថា​​ចៅក្រម​អយ្យការ​បែងចែក​ជា ៣ ប្រភេទ​គឺ ៖

-​អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញា​រង និង​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​។

-​អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា​អម​តុលាការ​ឧទ្ធរណ៍​។

-​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​។

តើ​ពាក្យ​ថា​ចៅក្រម​អាច​ហៅថា​តុលាការ​បាន​ឬទេ​?

ពាក្យ​ថា​ចៅក្រម​គឺ​គេ​សំដៅ​លើ​តុលាការ​នេះ​ហើយ ហើយ​គាត់​មាន​សិទ្ធិអំណាច​ក្នុង​ការកាត់​ក្តី​តាម​ផ្លូវ​ច្បាប់​លើ​ជនណា​ម្នាក់​ដែល​ល្មើសច្បាប់​ហើយ​ក៏​ជា​​អ្នក​សម្រេច​ឲ្យ​ជន​ណា​ម្នាក់​រួច​ខ្លួន​បាន​ដែរ​ ប្រសិន​បើ​រកឃើញ​ថា ជន​នោះ​គ្មាន​កំហុស​៕

(​សូម​រង់ចាំ​អាន​បន្ត​សប្ដាហ៍​ក្រោយ​)