ពលរដ្ឋ​ខ្មែរ​ខ្លះ​តែង​យល់ថា​ការរស់នៅ​ជាមួយគ្នា​រវាង​បុរស​និង​ស្ត្រី​គឺ​ចាត់​ទុក​ជា​ប្តី​ប្រពន្ធ​ឬ​ជា​ស្វាមី​ភរិយា​នឹង​គ្នា បើ​ទោះ​ជា​ពួកគេ​មិន​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ក៏ដោយ។ ប៉ុន្តែ​សួរ​ថា ការ​រស់​នៅ​ជាមួយ​គ្នា​បែប​នេះ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់​ឬទេ? ហើយ​ចុះ​កូនៗ​របស់​ពួកគេ​អាច​សន្មត​បាន​ថា ជា​កូន​មាន​ខាន់ស្លា​ដែរ​ឬ​យ៉ាងណា?​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​សួន វីរៈ​បញ្ញា ជា​មេធាវី​បម្រើការ​នៅ​ការិយាល័យ​មេធាវី​ជី​ជី​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៦ ផ្លូវ ១៧២ សង្កាត់​ផ្សារ​ថ្មី ៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

បុរស​ម្នាក់​បាន​ស្រឡាញ់គ្នា​ជាមួយ​នារី​ម្នាក់​រហូត​មានកូន​ជាមួយគ្នា​ផង ប៉ុន្តែ​ពួកគេ​មិន​បាន​ចុះ​លិខិត​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ទេ។សួរ​ថា ការ​រស់​នៅ​របស់​ពួកគាត់​ជា​ប្តី​ប្រពន្ធ​បែប​នេះ​ស្រប​ច្បាប់​ដែរ​ទេ?

ការព្រមព្រៀង​រវាង​បុរស និង​ស្ត្រី ក្នុងការ​រួមរស់​ជាមួយគ្នា គឺជា​ការ​ព្រម​ព្រៀង​លក្ខណៈ​ធម្មជាតិ​ដែល​មាន​តាំង​ពី​បុរាណ​មក។ ការ​ព្រម​ព្រៀង​បង្កើត​ចំណង​អាពាហ៍​ពិពាហ៍​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ទំនាក់​ទំនង​សង្គម ហេតុ​ដូចនេះ​ហើយ​ទើប​ទំនាក់​ទំនង​នៃ​ចំណង​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់ ហើយ​ពុំមាន​ភាគី​ណាមួយ​អាច​រំលាយ​ចំណង​អាពាហ៍​ពិពាហ៍​បាន​តាម​ទំនើង​ចិត្ត​ឡើយ។

នៅ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​ប្រជាពលរដ្ឋ​តែងតែ​ស្វាគមន៍​ចំណង​អាពាហ៍​ពិពាហ៍​រវាង​បុរស និង​នារី ដោយ​ការ​រៀបចំ​ពិធី​មង្គលការ​ឬ​ពីធី​រៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​ជាតិ​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​ឬ​ពិធី​ជប់​លៀង​នេះ​ពុំទាន់​បង្កើត​ឲ្យ​ចំណង​អាពាហ៍​ពិពាហ៍​មាន​លក្ខណៈ​ត្រឹមត្រូវ​ពេញ​លេញ​ស្រប​តាម​ច្បាប់​នោះ​ទេ។

អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់ លុះ​ត្រា​តែ​បាន​បង្កើត​ឡើង​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់ ដោយ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​សារធាតុ និង​លក្ខខណ្ឌ​ទម្រង់​នៃ​មាត្រា ៩៤៨ ដល់​មាត្រា ៩៥៦ នៃ​ក្រម​រដ្ឋ​ប្បវេណី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ខ្ញុំ​សូម​លើក​ឧទាហរណ៍​ដូចខាងក្រោម៖

-បុរស​និង​នារី ១ គូ​ដែលមាន​ទ្រព្យសម្បតិ្ត​ប្រាក់​សមរម្យ​បាន​ព្រម​ព្រៀង​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ដោយ​ពួកគាត់​បាន​ប្រារព្ធ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​ជាតិ​យ៉ាង​ធំ​ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រហែល ១០០០ នាក់ ប៉ុន្តែ​ពួកគាត់​ពុំ​បាន​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រា​នុកូល​ដ្ឋាន​នោះ​ទេ។ ក្នុង​ករណី “ក”នេះ គឺ​បុរស និង​នារី ខាង​លើ ពុំ​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពេញ​លេញ​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​នោះ​ទេ។

-បុរស និង​នារី ១ គូ​ដែលជា​កម្មករ​ក្រីក្រ ហើយ​ពុំមាន​ទ្រព្យ​សម្បត្តិ និង​លុយ​កាក់​ក្នុង​ការ​រៀបចំ​ពិធី​មង្គលការ​ធំដុំ​អធិក​អធម​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ស្រឡាញ់​គ្នា​ពិត​ប្រាកដ ហើយ​ចង់​ទទួល​បាន​ចំណង​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា។

ពួក​គាត់​ក៏បាន​ដឹក​ដៃ​គ្នា​ទៅ​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រានុ​កូល​ដ្ឋាន។ ក្នុង​ករណី «ខ» គឺ​បុរស​និង​នារី ១ គូ​នេះ ទទួល​បាន​ចំណង​អាពាហ៍​ពិពាហ៍​ពេញ​លេញ​ស្រប​តាម​ច្បាប់​និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់​ទោះបី​ជា​ពុំ​បាន​រៀបចំ​ពិធី​ជប់​លៀង​ឬ​ពិធី​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​ក៏ដោយ។

ត្រឡប់មក​សំណួរ​ខាងលើ​វិញ ខ្ញុំ​សូមបញ្ជាក់ថា ទោះបីជា​បុរស និង​នារី រស់នៅ​ជាមួយ​គ្នា ហើយ​ទទួល​បាន​កូន​ឬក៏​មិន​មាន​កូន​ក៏ដោយ ឲ្យ​តែ​ពុំបាន​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍​ទេ​នោះ​ការ​រស់​នៅ​របស់​ពួក​គាត់​ពុំទាន់​ស្រប​ច្បាប់​ជា​ប្តី​ប្រពន្ធ​នៅ​ឡើយ​ទេ ព្រោះ​លក្ខខណ្ឌ​ទម្រង់​នៃ​អាពាហ៍​ពិពាហ៍​តាម​ផ្លូវ​ច្បាប់ គឺ​តម្រូវ​ឲ្យ​គូ​ភាគី​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​នៅ​មុខ​មន្ត្រី​អត្រា​នុកូល​ដ្ឋាន។

ដើម្បី​ឲ្យ​ទៅជា​ប្តី​ប្រពន្ធ​ស្របច្បាប់​បាន តើ​គូភាគី​ត្រូវបំពេញ​លក្ខខណ្ឌ​សារធាតុ​តាមផ្លូវ​ច្បាប់​អ្វីខ្លះ?ហើយ​តើ​ក្នុងករណី​ណាខ្លះ​ដែល​ច្បាប់​ហាម​ឃាត់​ពុំ​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​បាន?

ខ្ញុំ​សូម​រំឭក​ឡើងវិញ​ថា អាពា​ហ៍​ពិពាហ៍​ស្រប​ច្បាប់​លុះ​ត្រា​តែ​បាន​បង្កើត​ឡើង​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់​ដោយ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​សារ​ធាតុ​និង​លក្ខខណ្ឌ​ទម្រង់។

លក្ខខណ្ឌ​សារធាតុ គឺជា​លក្ខខណ្ឌ​ដែល​ច្បាប់​កំណត់​អំពី​អានុភាព​នៃ​អាពាហ៍​ពិពាហ៍ ដូចជា ភេទ អាយុ ការ​ព្រម​ព្រៀង របស់​គូភាគី ការ​ហាម​ឃាត់​ទ្វេ​ពន្ធភាព និង​ការ​ហាម​ឃាត់​អាពាហ៍​ពិពាហ៍​រវាង​ញាតិ​ជា​ដើម។ នៅ​ពេល​ដែល​គូភាគី​ដាក់​ពាក្យ​សុំ​រៀប​អាពាហ៍​ពិពាហ៍ ប្រសិន​បើ​លក្ខខណ្ឌ​សារធាតុ​នេះ​ពុំ​បាន​បំពេញ​គឺ​មន្ត្រី​អត្រា​នុកូល​ដ្ឋាន​មិន​ទទួល​យក​ពាក្យ​សុំ​រៀប​អាពាហ៍​ពិពាហ៍​ឡើយ។

លក្ខខណ្ឌ “ភេទ” ការរៀបអាពាហ៍ពិពាហ៍​ត្រូវបាន​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទទួល​ស្គាល់​តែ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ភេទ​ផ្ទុយ​គ្នា​តែ​ប៉ុណ្ណោះ មានន័យ​ថា បុរស និង​នារី​អាច​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​បាន តែ

ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង បុរស និង​បុរស ឬ​នារី និង​នារី គឺ​ពុំ​ត្រូវ​បាន​ទទួល​ស្គាល់​នោះ​ទេ។

លក្ខខណ្ឌ “អាយុ” បុរស និង​នារី​ដែល​ដល់​នីតិភាព (ជា​ធម្មតា គ្រប់ ១៨ ឆ្នាំ) អាច​រៀប​អាពាហ៍​ពិពាហ៍​បាន។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ភាគី​ម្ខាង​បាន​ដល់​នីតិភាព ហើយ​ភាគី​ម្ខាង​ទៀត​ពុំទាន់​ដល់​នីតិភាព ហើយ​មាន​អាយុ​លើស​ពី ១៦ ឆ្នាំ​នោះ អាច​រៀប​អាពាហ៍​ពិពាហ៍​បាន​ដោយ​ទទួល​ការ​យល់​ព្រម​ពី​អ្នក​មាន​អំណាច​មេបា​ឬ​អាណា​ព្យាបាល​របស់​អនីតិជន​នោះ។ ចំពោះ​ភាគី​ដែល​មាន​អាយុ​តិច​ជាង ១៦ ឆ្នាំ ទោះបី​ជា​មាន​ការ​យល់​ព្រម​ពី​អាណា​ព្យាបាល​ក៏​ពុំ​អាច​រៀប​អាពាហ៍​ពិពាហ៍​បាន​ដែរ។

“ការហាមឃាត់​មិន​ឲ្យ​មាន​ទ្វេ​ពន្ធភាព”​ ក្នុងករណី​ដែល​ភាគី​ណា​ម្ខាង​មាន​ចំណង​អាពាហ៍​ពិពាហ៍​ពី​មុន​មក ហើយ​ចំណង​អាពាហ៍​ពិពាហ៍​នោះ​ពុំទាន់​រលាយ​នៅ​ឡើយ​នោះ គាត់​ពុំ​អាច​រៀប​អាពាហ៍​ពិពាហ៍​ថ្មី​បាន​ទេ។

(មាត្រា ៩៤៩ ក្រម​រដ្ឋ​ប្បវេណី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា) “អំឡុង​ពេល​ហាម​ឃាត់​មិន​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ថ្មី​ទៀត” ភាគី​នារី​ដែល​បាន​រំលាយ​ចំណង​អាពាហ៍​ពិពាហ៍​ចាស់ ពុំ​អាច​ធ្វើ​ការ​រៀប​អាពាហ៍​ពិពាហ៍​បាន​ឡើយ ប្រសិន​បើ​អំឡុង​ពេល ១២០ ថ្ងៃ ពុំទាន់​បាន​កន្លង​ផុត​គិត​ចាប់​ពី​ថ្ងៃ​ដែល​អាពាហ៍​ពិពាហ៍​មុន​ត្រូវ​បាន​រំលាយ​ឬ​លុប​ចោល ប៉ុន្តែ​ករណី​ហាម​ឃាត់​នេះ​ត្រូវ​បាន​លើក​លែង​ក្នុង​ករណី​ដែល​នារី​មាន​ផ្ទៃពោះ​មុន​ពេល​ដែល​អាពាហ៍​ពិពាហ៍​មុន​ត្រូវ​បាន​រំលាយ​ឬ​លុប​ចោល​ហើយ​បាន​សម្រាល​កូន​ឬ​មាន​លិខិត​បញ្ជាក់​ពី​ការ​គ្មាន​ផ្ទៃពោះពី​វេជ្ជបណ្ឌិត។

(មាត្រា ៩៥០ នៃ​ក្រម​រដ្ឋប្ប​វេណី) “ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ញាតិ​លោហិត​នៅ​ក្នុង ក្រម​រដ្ឋ​ប្បវេណី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មាត្រា ៩៥១ បាន​កំណត់​យ៉ាង​ច្បាស់​ថា អាពាហ៍​ពិពាហ៍ មិន​អាច​ធ្វើ​បាន​ឡើយ​រវាង​ញាតិ​លោហិត​ផ្ទាល់​ឬ​សាខា​ញាតិ​ក្នុង ៣ ថ្នាក់​រាប់​ទាំង​ថ្នាក់ទី ៣ ផង។

មានន័យ​ថា​សាមី​ខ្លួន ដែល​មាន​បំណង​ចង់​រៀប​អាពាហ៍​ពិពាហ៍​មិន​អាច​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ ៖

(ក) ញាតិ​លោហិត​ខ្មែរ​ផ្ទាល់ (បុព្វ​ញាតិ​ខ្មែរ​ផ្ទាល់ មាន​ដូចជា៖ ឪពុក ម្តាយ ជីតា ជីទួត ជីលួត ជីលា ជីប៉ា និង​បញ្ឆា​ញាតិ​ខ្មែរ​ផ្ទាល់ មាន​ដូចជា កូន ចៅ ចៅទួត ចៅលួត ចៅលា ចៅប៉ា) (ខ) សាខា​ញាតិ​ក្នុង ៣ ថ្នាក់​រាប់​ទាំង​ថ្នាក់​ទី ៣ ផង មាន​ដូចជា បងប្អូន​បង្កើត ក្មួយ អ៊ំ ពូ មីង។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បងប្អូន​ជីដូន​មួយ​អាច​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​បាន ដោយ​បង​ប្អូន​ជីដូន​មួយ​ស្ថិត​នៅ​ក្នុង​លំដាប់​ញាតិ​ថ្នាក់​ទី ៤ មិន​ស្ថិត​ក្នុង​ការ​ហាម​ឃាត់​នៃ​ច្បាប់​ទេ។ “ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការរៀប​អាពាហ៍​ពិពាហ៍​រវាង​ញាតិ​ពន្ធ” ចំពោះ​ញាតិពន្ធ ដែល​ភាសា​សាមញ្ញ​ហៅថា​សាច់​ថ្លៃ ក៏ត្រូវ​បាន​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ដែរ ដោយ​ហាម​មិន​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ញាតិ​ពន្ធ​នៃ​ខ្សែ​ផ្ទាល់ និង​សាខា​ញាតិ​ពន្ធ​ក្នុង ៣ ថ្នាក់​រាប់ទាំង​ថ្នាក់​ទី ៣។

ក្នុង​ករណី​នេះ ទោះ​ក្រោយ​ពី​មាន​ការ​លែង​លះ​ឬ​កាត់​កាល​កូន​ស្មុំ​ក៏ដោយ​ក៏​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ដែរ លើក​លែង​តែ​ក្នុង​ករណី​ដែល​សហព័ទ្ធ​ណា​ម្ខាង (សហព័ទ្ធ​មានន័យ​ថា​ប្តី​ឬប្រពន្ធ) បាន​ទទួល​មរណភាព នោះ​សហព័ទ្ធ​ដែល​នៅ​រស់​អាច​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ បុគ្គល​ដែល​ធ្លាប់​ជា​សាខា​ញាតិពន្ធ​នៅ​ក្នុង ៣ ថ្នាក់​បាន។

(សូម​រង់ចាំ​អាន​បន្ដ​នៅ​ថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ)