កាលពីថ្ងៃចន្ទសប្ដាហ៍មុនភ្នំពេញប៉ុស្តិ៍ បានផ្សព្វផ្សាយមួយវគ្គរួចមកហើយនូវអត្ថបទច្បាប់ទាក់ទងនឹង «ចំណងជើង» ដូចខាងលើ តាមរយៈការបកស្រាយពីលោក សួនវីរៈបញ្ញា ជាមេធាវីបម្រើការនៅការិយាល័យមេធាវីជីជីអន្តរជាតិ ដោយលោកបានឆ្លើយនូវសំណួរថា តើក្នុងករណីណាខ្លះដែលច្បាប់ហាមឃាត់ពុំឲ្យរៀបអាពាហ៍ពិពាហ៍បាន? ដោយឡែកនៅក្នុងវគ្គនេះយើងសូមលើកយកនូវចម្លើយរបស់លោកទាក់ទងនឹងសំណួរដដែលនេះមកចុះផ្សាយបន្ដដូចខាងក្រោម ៖
“ការហាមឃាត់មិនឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ” ចំពោះញាតិពន្ធ ដែលភាសាសាមញ្ញហៅថាសាច់ថ្លៃ ក៏ត្រូវបានច្បាប់ហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដែរ ដោយហាមមិនឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធនៃសែផ្ទាល់ និងសាខាញាតិពន្ធក្នុង៣ថ្នាក់រាប់ទាំងថ្នាក់ទី ៣។
ក្នុងករណីនេះទោះក្រោយពីមានការលែងលះឬកាត់កាល់កូនស្មុំក៏ដោយក៏ច្បាប់មិនអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ដែរលើកលែងតែក្នុងករណីដែលសហព័ទ្ធណាម្ខាង (សហព័ទ្ធមានន័យថាប្តីឬប្រពន្ធ) បានទទួលមរណភាពនោះសហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធនៅក្នុង ៣ ថ្នាក់បាន។ ក្នុងចំណុចនេះខ្ញុំសុំលើកឧទាហរណ៍ ២ ករណីឲ្យបងប្អូនបានយល់៖
-ករណីទី ១ ៖ បុរស “ក” បានរៀបការជាមួយនារី “ខ” ដោយបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ នារី “ខ” មានប្អូនស្រីបង្កើត ឈ្មោះ នារី “គ”។ នាថ្ងៃក្រោយមកបុរស “ក” បានលែងលះជាមួយនារី “ខ”ហើយបុរស “ក” បានស្រឡាញ់ និងមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនារី “គ” ដែលជាប្អូនរបស់នារី“ខ” ដែលជាអតីតប្អូនថ្លៃរបស់ខ្លួន។ ក្នុងករណីនេះអាពាហ៍ពិពាហ៍រវាងបុរស “ក” និងនារី “គ” ពុំអាចធ្វើបានទេ ដោយហេតុថាទោះបីជាបានលែងលះគ្នាជាមួយនារី “ខ” ហើយក៏ដោយក៏ច្បាប់ហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍រវាងអតីតសាខាញាតិពន្ធក្នុង ៣ ថ្នាក់។ ក្នុងករណីនេះ នារី “គ” ត្រូវជាអតីតប្អូនថ្លៃ មានន័យថា ជាអតីតញាតិពន្ធថ្នាកទី “២”។
-ករណីទី ២៖ បុរស “ក” បានរៀបការជាមួយនារី “ខ” ដោយបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ នារី “ខ” មានប្អូនស្រីបង្កើត ឈ្មោះ នារី “គ”។ នាពេលក្រោយមកនារី “ខ” ដែលជាប្រពន្ធបានទទួលមរណភាព។ ក្នុងករណីនេះ បុរស“ក” អាចរៀបអាពាហ៍ពិពាហ៍ជាមួយនារី “គ”បានដោយហេតុថាករណីនេះត្រូវបាន លើកលែងដោយច្បាប់ហើយអនុញ្ញាតឲ្យសហព័ន្ធដែលនៅរស់បន្ទាប់ពីសហព័ន្ធម្ខាងទៀតទទួលមរណភាពអាចរៀបអាពាហ៍ពិពាហ៍ជាមួយនឹងញាតិពន្ធ ក្នុង ៣ ថ្នាក់។ ករណីនេះត្រូវបានច្បាប់លើកលែងក្នុងគោលបំណងឲ្យមានការងាយស្រួលក្នុង ការមើលថែរក្សាកូនឬបញ្ឆាញាតិដែលសល់ពីចំណងអាពាហ៍ពិពាហ៍ ហើយម្យ៉ាងករណីនេះពុំ ប៉ះពាល់ដល់សីលធម៌សង្គមនោះ ទេព្រោះអតីតសហព័ទ្ធបានទទួលមរណភាពទៅហើយ។
-តើបុរសនិងនារីគួរធ្វើរបៀបណាតាមនីតិវិធីច្បាប់ដើម្បីឲ្យទៅជាប្តីប្រពន្ធស្របច្បាប់?
ដំបូងបំផុត គូភាគី ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ត្រូវច្បាស់ក្នុងចិត្តថាខ្លួនមានឆន្ទៈយល់ព្រម ឯកភាព រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយការស្ម័គ្រចិត្តពិតប្រាកដនិងគ្មានការបង្ខិតបង្ខំ។
គូភាគីដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍នៅលំនៅឋានរបស់នារី ដោយភ្ជាប់ជាមួយនូវ៖ (១) លិខិតបញ្ជាក់នៅលីវរបស់បុរស និងនារី,(២)សៀវភៅគ្រួសារឬ សំបុត្រកំណើតរបស់ភាគី ទាំង ២។
នៅពេលដែលបានដាក់ពាក្យសុំរួចហើយមន្ត្រីអត្រានុកូលដ្ឋាននឹងធ្វើការពិនិត្យអំពីលក្ខខណ្ឌសារធាតុ (ដែលខ្ញុំបានបកស្រាយជូនក្នុងសំណួរទី ២ ខាងលើ) ថាគូភាគីពិតជាបានបំពេញនូវលក្ខខណ្ឌសារធាតុក្នុងការរៀបអាពាហ៍ពិពាហ៍ឬនៅ? បើក្នុងករណីដែលមន្រី្តអត្រានុកូលដ្ឋានពិនិត្យពាក្យសុំ ហើយកត់សម្គាល់ឃើញថា លក្ខខណ្ឌសារធាតុពុំត្រូវបានបំពេញ ឧទាហរណ៍ដូចជាករណីភាគីម្ខាងមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រំលាយឬភាគី មិនទាន់គ្រប់អាយុឬករណីភាគីមានភេទដូចគ្នាឬភាគីជាញាតិលោហិតដែលបានហាមឃាត់ នោះមន្ត្រីអត្រានុកូលដ្ឋាននឹងមិនទទួលយកពាក្យសុំរៀបអាពាហ៍ពិពាហ៍ឡើយ។
បើក្នុងករណីដែលលក្ខខណ្ឌសារធាតុត្រូវបានបំពេញត្រឹមត្រូវតាមកំណត់ច្បាប់ហើយ នោះមន្ត្រីអត្រានុកូលដ្ឋាននឹងទទួលពាក្យសុំ ហើយជូនដំណឹងជាសាធារណៈអំពីការរៀបអាពាហ៍ពិពាហ៍។ ការជូនដំណឹងជាសាធារណៈនេះ ជាការយកប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋានទៅបិទនៅលំនៅឋានខាងនារី ខាងបុរស និងឃុំ/សង្កាត់នៃខាងនារី និងខាងបុរស។
បន្ទាប់មកក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃបិទប្រកាសជាសាធារណៈ ប្រសិនបើពុំមានអ្នកប្តឹងជំទាស់ទេ មន្ត្រីអត្រានុកូលដ្ឋានអាចដំណើរការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងបុរស និងនារី ដោយតម្រូវឲ្យមានសាក្សីជានីតិជនចំនួន ២ នាក់ចូលរួម។
បន្ទាប់ពីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ហើយមន្ត្រីអត្រានុកូលដ្ឋានត្រូវស្រង់ខ្លឹមសារដែលមានកំណត់ក្នុងកិច្ចសន្យាអាពាហ៍ពិពាហ៍ចូលទៅក្នុងបញ្ជីអាពាហ៍ពិពាហ៍។ មន្ត្រីអត្រានុកូលដ្ឋានត្រូវរៀបចំចេញលិខិតផ្លូវការមួយដើម្បីឲ្យគូភាគីប្រើប្រាស់ហៅថា “សំបុត្រអាពាហ៍ពិពាហ៍”។
“សំបុត្រអាពាហ៍ពិពាហ៍”នេះហើយដែលជាសក្ខីភាពនៃចំណងអាពាហ៍ពិពាហ៍របស់គូភាគីតាមផ្លូវច្បាប់។សរុបមកខ្ញុំបាទ សូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបុរសនិងនារី ដែលមានបំណងក្នុងការរៀបអាពាហ៍ពិពាហ៍ គួរតែទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់បងប្អូនទទួលបានការទទួលស្គាល់ពេញលេញតាមកំណត់ច្បាប់៕