ជាទូទៅ​ការជួល​ ឬ​បញ្ចាំ​វត្ថុ​អ្វី​​មួយ​បើតាម​ច្បាប់​គឺ​តម្រូវ​ឲ្យ​ភាគី​ទាំងសងខាង​បំពេញ​កាតព្វកិច្ច​​មួយ​ដែល​ហៅថា កិច្ចសន្យា​ទៅតាម​លក្ខខណ្ឌ​នៃ​ការព្រមព្រៀង​គ្នា​។ ​ចុះបើ​ភាគី​ម្ខាង​ (​អ្នក​ជួល​) ​ស្លាប់ តើ​ត្រូវ​ដោះស្រាយ​បែបណា​តាម​ផ្លូវ​ច្បាប់​? ​ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ឌឺរ៉ូយ៉ាល់​មេគង្គ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

លោក​ (​ក​) ​បាន​ជួល​រថយន្ត​ឲ្យ​​លោក​ (​ខ​) ​ជិះ ប៉ុន្តែ​មិនបាន​ធ្វើ​លិខិត​ជា​កិច្ចសន្យា​ទេ ចៃដន្យ​លោក​ (​ខ​) ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ហើយ​រថយន្ត​ក៏​ខូចខាត​ទៀត​។ ​ករណី​នេះ​តើ​លោក​ (​ក​) ​ប្តឹង​ទាមទារ​សំណង​ពី​ប្រពន្ធ​លោក​ (​ខ​) ​បាន​ឬ​ទេ​?

ជាទូទៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ កិច្ចសន្យា​អាច​កើតឡើង​ពី​ការព្រមព្រៀង​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយលក្ខណ៍អក្សរ​។ ​ជាក់ស្តែង​ករណី​ខាងលើ​នេះ យើង​អាច​ចាត់ទុក​ថា លោក​ (​ខ​) ​បាន​​ព្រមព្រៀង​ដោយផ្ទាល់​មាត់​​ជួល​រថយន្ត​ពី​លោក​ (​ក​) ​។ ​

សំណួរ​ថា តើ​លោក​ (​ក​) ​អាច​​ទាមទារ​សំណង​ពី​ប្រពន្ធ​លោក​ (​ខ​) ​បាន​ទេ​? ​ត្រង់ចំណុច​នេះ យើង​អាច​លើក​ឡើង​ជា​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​បញ្ជាក់​លើ​ការទទួល​ខុសត្រូវ​សំណង​ខូចខាត​។ យើង​លើក​យក​ចំណុច​មួយ ដោយ​សន្មត​ថា រថយន្ត​​ខាងលើ​នេះ​មិន​មាន​ការធានា​រ៉ាប់រង​ណាមួយ​ឡើយ នោះ​ការទទួល​ខុសត្រូវ​ចំពោះ​កិច្ចសន្យា​ជួល​រថយន្ត​ជា​កាតព្វកិច្ច​របស់​លោក​ (​ខ​) ​និង​ប្រពន្ធ​ត្រូវ​ប្រគល់​​ប្រាក់​ឈ្នួល និង​សង​ការខូចខាត​​ទៅ​លោក​ (​ក​)​។ ចុះ​បើ​លោក​ (​ខ​) ​ស្លាប់ នោះ​មាន​ន័យថា ​សន្តតិជន​របស់​លោក​ (​ខ​) ​ដូចជា ប្រពន្ធ កូន​។​ល​។ ត្រូវ​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​។

បើ​សមត្ថកិច្ច​ចាប់​ភាគី​បង្ក​​បាន ហើយ​ព្រម​ចេញ​សំណង តើ​លោក​ (​ក​) ​អាច​នៅតែ​មាន​​សិទ្ធិ​ទាមទារ​សំណង​ពី​គ្រួសារ​លោក​ (​ខ​) ​បាន​ទៀត​ទេ​?

លោក​ (​ក​) ​អាច​ទាមទារ​ប្រាក់​​ឈ្នួល​ពី​សន្តតិជន​របស់លោក​ (​ខ​) ​ក្នុង​ករណី​កាតព្វកិច្ច​របស់​លោក​ (​ខ​) ​ចំពោះ​ការបង់ប្រាក់​​ឈ្នួល​មិនទាន់​បាន​បំពេញ​។ ដោយឡែក សំណង​ការជួសជុល​ ឬ​សំណង​ខូចខាត​រថយន្ត​ត្រូវ​បាន​តតិយជន​ដែល​ជា​ជន​បង្ក​បាន​អនុវត្ត​កាតព្វកិច្ច​ជំនួស​លោក​ (​ខ​) ​ហើយ ដូច្នេះ​លោក​ (​ក​) ​មិន​អាច​ទាមទារ​លើស​ពី​សិទ្ធិ​តាមផ្លូវ​ច្បាប់​នោះទេ​។

ករណី​នេះ​កាលពី​លោក​ (​ក​) ​ទៅ​ជួល​រថយន្ត​មិន​បាន​ឲ្យ​ប្រពន្ធ​ដឹងឮ​ទេ ដូច្នេះ តើ​ប្រពន្ធ​​ត្រូវ​តែ​មាន​កាតព្វកិច្ច​ចេញ​​សង​ឬ​យ៉ាងណា​?

ក្នុង​ករណី​នេះ​ប្រពន្ធ​លោក​ (​ខ​) ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​លើ​សំណង​ការខូចខាត​រថយន្ត​របស់​លោក​ (​ក​) ​ដោយ​ហេតុថា ការខូចខាត​នេះ​ត្រូវ​ចាត់ទុក​ជា​បំណុល​រួម​ដែល​លោក​ (​ខ​) ​និង​ប្រពន្ធ​ត្រូវ​ទទួល​​ខុសត្រូវ​ក្នុង​អាណត្តិ​ចំណង​​អាពាហ៍ពិពាហ៍ ទោះបី​កិច្ចសន្យា​​នោះ ប្រពន្ធ​លោក​ (​ខ​) ​មិន​បាន​​ចូលរួម​ក៏ដោយ​។ ប្រពន្ធ​លោក​ (​ខ​) មាន​សិទ្ធិ​មិន​ទទួល​ខុសត្រូវ​លើ​ចំណែក​បំណុល​របស់​លោក​ (​ខ​) ​ជា​ប្តី​បាន​កាលបើ​ប្រពន្ធ​លោក​ (​ខ​) ​យល់ឃើញ​ថា បំណុល​របស់​លោក​ (​ខ​) និង​​ទ្រព្យ​ដែល​ជា​ចំណែក​របស់​លោក​ (​ខ​) មិន​សមាមាត្រ​គ្នា ហើយ​ប្រពន្ធ​លោក​ (​ខ​) មិន​ទទួល​​យក​ទ្រព្យ ឬ​មរតក​ដែល​ជា​​ចំណែក​របស់​លោក​ (​ខ​)៕