ជនដែលត្រូវនគរបាលយុត្តិធម៌ចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសអ្វីមួយតែងមានការបញ្ជូនទៅតុលាការ ដោយឆ្លងកាត់ដំណាក់កាលចៅក្រមស៊ើបសួររហូតដល់ពេលបើកសវនាការជំនុំជម្រះ។ តើជានីតិវិធី គេហៅជននោះថា ជាជនសង្ស័យ ជនត្រូវចោទ និងជនជាប់ចោទ នៅពេលណាខ្លះ?
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍ បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ាន-អន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦ R ផ្លូវ ២៥២ សង្កាត់ចតុមុខដែលមានខ្លឹមសារដូចខាងក្រោម៖
ចំពោះជនដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ តើគេហៅជននោះថា យ៉ាងម៉េច?
ជនដែលស្ថិតនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ គឺគេហៅជននោះថា ជាជនសង្ស័យ ពីព្រោះជននោះ មិនទាន់ត្រូវបានខាងព្រះរាជអាជ្ញាចោទប្រកាន់នៅឡើយទេ (ពីដំណាក់កាលនគរបាលយុត្តិធម៌ទៅព្រះរាជអាជ្ញា)។
បើជនម្នាក់ដែលត្រូវបានអយ្យការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់ ហើយត្រូវត្រៀមឡើងសវនាការជំនុំជម្រះ។តើគេហៅជននោះថា ជាជនត្រូវចោទ ឬជាជនជាប់ចោទ?
ជាគោលការណ៍ច្បាប់ កាលណាជនណាម្នាក់កំពុងស្ថិតនៅក្នុងដំណាក់កាល ព្រះរាជអាជ្ញាស៊ើបសួរ និងស្ថិតនៅដំណាក់កាលចៅក្រមស៊ើបសួរ គឺជនម្នាក់នោះគេហៅថា ជាជនត្រូវចោទហើយ។ព្រោះអី ជនម្នាក់នោះ បានឆ្លងកាត់ដំណាក់កាលចៅក្រមស៊ើបសួរ ឬបានបញ្ចប់ការស៊ើបសួរពីសំណាក់ចៅក្រមស៊ើបសួរ និងត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ និងត្រៀមខ្លួនឡើងសវនាការជំនុំជម្រះ ហើយ។ ដូច្នេះ គេហៅជនម្នាក់នោះថា ជាជនត្រូវចោទ។
ឧទាហរណ៍ថា ជនម្នាក់ ត្រូវតុលាការកោះហៅមកបើកសវនាការជំនុំជម្រះជាលើកដំបូង បន្ទាប់ពីចៅក្រមស៊ើបសួរចោទប្រកាន់រួច ពាក់ព័ន្ធបទល្មើសអ្វីមួយ។ តើជាគោលការណ៍ច្បាប់ ជនម្នាក់នោះ ត្រូវហៅថា ជាជនជាប់ចោទ ឬជនត្រូវចោទដូចខាងលើ?
ករណីនេះជាដំណាក់កាលបើកសវនាការជំនុំជម្រះ ហើយដោយសារថា គាត់បានឆ្លងកាត់ដំណាក់កាលចៅក្រមស៊ើបសួរបានចោទប្រកាន់គាត់រួចហើយ ដូច្នេះជននោះ នឹងត្រូវបានហៅ ជាជនជាប់ចោទហើយ។ ហេតុអ្វីបានជាជនម្នាក់នោះត្រូវបានគេហៅថាជាជនជាប់ចោទ ព្រោះអីជននោះត្រូវបានចៅក្រមស៊ើបសួរចោទគាត់រួចហើយ ទើបតុលាការហៅគាត់ត្រូវស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះ។ដូច្នេះគាត់ត្រូវគេហៅថាជាជនជាប់ចោទ (ពីដំណាក់កាលចៅក្រមស៊ើបសួរទៅចៅក្រមជំនុំជម្រះ)។ ព្រោះថា ជននោះគាត់បានជាប់ចោទ ហើយទើបបានគេយកគាត់ទៅជំនុំជម្រះ។
ចុះចំពោះពាក្យថា ពិរុទ្ធជន គេហៅនៅពេលណាដែរ ?
ពាក្យថា ពិរុទ្ធជន បានន័យថា នៅពេលតុលាការប្រកាសទោសគាត់ថា គាត់ត្រូវជាប់ទោសប៉ុន្មានៗឆ្នាំ ហើយបើជននោះគាត់មិនទាន់មានសាលក្រមស្ថាពរទេគឺគាត់នៅតែមានឈ្មោះថា ជាជនជាប់ចោទដដែល ក៏ប៉ុន្តែការជាប់ចោទរបស់គាត់ហ្នឹងវាមិនទាន់ថាតើសេចក្តីសម្រេចរបស់តុលាការហ្នឹងគាត់ត្រូវបានចោទប្រកាន់ពិតប្រាកដ ឬមិនពិតប្រាកដនៅឡើយទេ។ អ៊ីចឹងការជាប់ចោទនោះ គ្រាន់តែជាលក្ខខណ្ឌមួយដែលតុលាការគេសម្រេចថាជននោះត្រូវបានជាប់ចោទដោយសារចៅក្រមស៊ើបបានសម្រេចរួចហើយ។ ប៉ុន្តែ ពេលដល់ដំណាក់កាលចៅក្រមជំនុំជម្រះគឺ ជាសិទ្ធិរបស់ចៅក្រមជំនុំជម្រះទៀត។
ប្រសិនបើ ជននោះ ត្រូវជំនុំជម្រះ ហើយតុលាការមិនអាចរកកំហុសគាត់ឃើញ និងដោះលែងជននោះវិញ។ តើអាចចាត់ទុកថាករណី ចោទប្រកាន់ និងឃុំខ្លួនគាត់បណ្តោះអាសន្ននោះ ជាការរំលោភសិទ្ធិរបស់ជននោះទេ?
ករណីនេះមិនមែនជាការរំលោភសិទ្ធិអីទេ ដោយសារតែច្បាប់កំណត់អ៊ីចឹង គឺនៅពេលដែលជនណាម្នាក់ត្រូវសមត្ថកិច្ចចាប់គាត់ហើយបញ្ជូនទៅតុលាការ ហើយតុលាការធ្វើតាមនីតិវិធី ឃុំខ្លួនបណ្តោះអាសន្នអាហ្នឹងមិនអាចនិយាយបានថាតុលាការរំលោភសិទ្ធិ ឬផ្លោះសិទ្ធិនោះទេ ប៉ុន្តែច្បាប់គេកំណត់អ៊ីចឹង (ផ្លោះសិទ្ធិ មានន័យថាតុលាការយកគេមកឃុំដោយគ្មានកំហុស)។ នៅតុលាការលើពិភពលោក ក៏គេធ្វើអីចឹងដូចតែគ្នាមិនខុសទេ៕