កាលពី​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​មួយ​វគ្គ​រួចមក​ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ជួល​ទីតាំង ឬ​ផ្ទះ​ឲ្យ​គេ តែ​ត្រូវ​បាន​អ្នក​ជួល​យក​ទៅ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​តាមរយៈ​​ការបកស្រាយ​ពី​លោក​មេធាវី​ កុយ ដុល្លា អត្តលេខ​ ១ ៩៧៨T ​ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ ដែល​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ​ជាន់​ទី​ ១០ បន្ទប់​លេខ P១០-P១១ ​ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​សម្រាប់​វគ្គ​នេះ​លោក​បាន​ពន្យល់​ជុំវិញ​ករណីនេះ​ថា តើ​ទីតាំង​ទាំងនោះ​អាច​ត្រូវ​ដកហូត​ឬ​មួយ​យ៉ាង​ណា តាមរយៈ​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដូចខាង​ក្រោម​៖

តើ​សមត្ថកិច្ច​អាច​ដក​ឃ្លាំង ឬ​ផ្ទះ​នោះ​ជា​សម្បត្តិ​រដ្ឋ​ទេ​? ប្រសិន​បើ​មិន​ដកហូត​ទេ ត្រូវ​​ប្រើពេល​ប៉ុន្មាន​ទើប​ប្រគល់​ឲ្យ​ម្ចាស់​វិញ ហើយ​ត្រូវបំពេញ​បែបបទ​ស្នើសុំ​កាន់កាប់​ផ្ទះ ឬ​ទីតាំង​​វិញ​តាម​នីតិវិធី​បែបណា​?

យោងតាម​មាត្រា​ ៤៤ ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា៖ “​ជនណា​ក៏ដោយ ទោះជា​បុគ្គល​ក្តី ជា​សមូហភាព​ក្តី​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី​។

កម្មសិទ្ធិឯកជន​ស្របច្បាប់​ស្ថិត​នៅ​ក្រោម​ការគាំពារ​នៃ​ច្បាប់​។

ដែល​នឹង​អាច​ដកហូត​កម្មសិទ្ធិ​អំពី​ជន​ណាមួយ​បាន​នោះ​លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្តល់​សំណង​ជាមុន ដោយ​សមរម្យ និង​យុត្តិធម៌​”​។

តាមរយៈ​មាត្រា​ខាងលើ​បានផ្តល់​ឲ្យ​ច្បាប់​ដោយ​ទ្បែក​ជា​អ្នកកំណត់​ពី​របប​កម្មសិទ្ធិ និង​ការដកហូត​កម្មសិទ្ធិ​លើ​វត្ថុ​ហើយ​នៅក្នុង​នោះ​យើង​ឃើញ​មានច្បាប់​ស្តីពី​អស្សាមិករណ៍ (​ឧទាហរណ៍​ដូចជា ការដកហូត​​អចលនវត្ថុ​ទាំងស្រុង ឬ​ផ្នែក​ណាមួយ ដើម្បី​សាងសង់​ផ្លូវ​ជាដើម តែ​ត្រូវ​ផ្តល់​សំណង​ជាមុន​ដោយ​សមរម្យ​) ​និង​ឃើញ​មាន​ក្នុង​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៦២ បាន​ចែងថា​៖ “​ការរឹបអូស​​អាច​ធ្វើ​ទៅលើ​វត្ថុ​ដូចតទៅ​៖

១-​ឧបករណ៍​សម្ភារ ឬ​វត្ថុ​ណា​​មួយ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​បទល្មើស ឬ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។

២-​វត្ថុ​ ឬ​មូលនិធិ​ដែល​ជា​កម្មវត្ថុ​នៃ​បទល្មើស​។

៣-​ផលទុន​ ឬ​ទ្រព្យសម្បត្តិ​ដែលជា​ផល​កើតចេញ​ពី​បទល្មើស​។

៤-​ឧបភោគភណ្ឌ សម្ភារ និង​ចលនវត្ថុ​នៅក្នុង​ទីកន្លែង​ដែល​បទល្មើស​បាន​ប្រព្រឹត្ត​។

ប៉ុន្តែ​ការរឹបអូស​មិនអាច​ប្រកាស​បាន​ទេ ប្រសិនបើ​មាន​ការប៉ះពាល់​ដល់​សិទ្ធិ​របស់​តតិយជន​”​។

ចំណែក​មាត្រា​ ៦៣ ​កថាខណ្ឌ​ ១ ​នៃ​ក្រមព្រហ្មទណ្ឌ​បានចែង​​ថា​៖ ​កាលបើ​ការរឹបអូស​បាន​ក្លាយ​ទៅជា​ស្ថាពរ ទ្រព្យសម្បត្តិ​រឹបអូស​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​លើកលែង​តែមាន​បទប្បញ្ញតិ្ត​ដោយ​ទ្បែក​ដែល​ចែង​អំពី​ការប្រគល់​ផ្សេង​ពីនេះ​” ។

តាម​ការពិនិត្យ​ទៅលើ​ច្បាប់​ខាងលើ ការដកហូត​ទៅ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​អាច​ធ្វើ​ទ្បើង​ក្រោម​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​អស្សាមិករណ៍ ឬ​មាន​សេចក្តី​សម្រេច​ជា​ស្ថាពរ​អាច​ជា​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ដែល​សម្រេច​រឹបអូស​វត្ថុ​ណាមួយ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ទើប​វត្ថុ​នោះ​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​។

ដោយ​ទ្បែក​ពាក់ព័ន្ធ​នឹង​សំណួរ​សួរថា​តើ បើ​មិន​ដកហូត​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ រយៈពេល​ប៉ុន្មាន​ទើប​ប្រគល់​ឲ្យ​ម្ចាស់​ (​កម្មសិទ្ធិករ​) ​វិញ​ហើយ​ត្រូវបំពេញ​បែបបទ​ស្នើសុំ​កាន់កាប់​ផ្ទះ​វិញ​តាម​នីតិវិធី​បែបណា​?

ជាធម្មតា នៅពេល​មាន​ការបិទ​ទីតាំង​នៃ​បទល្មើស​ដែល​បង្ក​ទ្បើង​ដោយ​ភតិកៈ (​អ្នក​ជួល​) ច្បាស់​ណាស់​នឹង​ប៉ះពាល់​ដល់​សិទ្ធិកម្មសិទ្ធិ​របស់​ម្ចាស់ផ្ទះ​ ឬ​​ឃ្លាំង​នោះ​។ អ៊ីចឹង​ម្ចាស់ផ្ទះ ឬ​ឃ្លាំង​នោះ គួរ​ធ្វើ​បែប​ណា​ទើប​អាច​កាន់កាប់​វិញ​បាន​។ ដើម្បី​ងាយស្រួល​ពន្យល់​ពី​ករណីនេះ គប្បី​ដឹង​អំពី​ដំណាក់កាល​នៃ​រឿងក្តី​ព្រហ្មទណ្ឌ​គឺ​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ​។

ហេតុដូច្នេះ​ម្ចាស់ផ្ទះ​ ឬ​ឃ្លាំង​អាចដាក់​ពាក្យស្នើសុំ​ទៅ​ស្ថាប័ន​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​ក្រសួង​មាន​សមត្ថកិច្ច​ (​ករណី​ច្បាប់​ចែង​ជាក់លាក់​) ​ដើម្បី​បើក​ទីតាំង​នោះ​វិញ ក៏ប៉ុន្តែ​ម្ចាស់ផ្ទះ ឬ​ឃ្លាំង​នោះ​ត្រូវ​ធ្វើ​សេចក្តីបញ្ជាក់ និង​មាន​ភ័ស្តុតាង​ថា ខ្លួន​ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះទេ​។

ជាទូទៅ​នៅក្នុង​កិច្ចសន្យា​ជួល​តែងតែ​បញ្ជាក់​ពី​កម្មវត្ថុ​នៃ​ការជួល​ថា តើ​ជួល​ដើម្បី​ធ្វើ​សកម្មភាព​អ្វី និង​មាន​ការបញ្ជាក់​ថា​នៅពេល​មាន​បទល្មើស​កើតទ្បើង​គឺជា​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​ភតិកៈ និង​បញ្ជាក់​អំពី​ភាពចាំបាច់​មួយចំនួន​ដែល​អាច​ឲ្យ​តុលាការ​ពិចារណា និង​ឈានដល់​ការអនុញ្ញាត​ឲ្យ​បើក​ទីតាំង​នោះ​វិញ​។ ប្រសិន​បើ​តុលាការ​អនុញ្ញាត​ឲ្យ​បើក​ទីតាំង​នោះ​វិញ គឺ​ម្ចាស់ផ្ទះ ឬ​ឃ្លាំង​នោះ​មាន​សិទ្ធិ​ចូលកាន់​កាប់ ​ប្រើប្រាស់ និង​អាស្រ័យ​វិញ​បាន​ដោយ​ស្របច្បាប់ ។

ដោយទ្បែក​ចំពោះ​ថិរវេលា​នៃ​ការបិទ​វិញ អាស្រ័យ​ទៅ​លើ​ច្បាប់​កំណត់ ហើយ​ករណីខ្លះ​​ក៏​ពុំបាន​កំណត់​ថិរវេលា​ដែរ​។ ជាក់ស្តែង​យើង​ឃើញ​មាន​ក្នុង​មាត្រា​ ៨៧ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន គឺ​ចៅក្រម​ស៊ើបសួរ​អាច​បិទ​គ្រឹះស្ថាន ការហាមឃាត់​អាជីវកម្ម​លើ​គ្រឹះស្ថាន​ជា​បណ្តោះអាសន្ន​អាច​ធ្វើ​ទ្បើង​សម្រាប់​រយៈពេល​ ៦ ​ខែ​យ៉ាង​ច្រើន​ប៉ុណ្ណោះ​។

ក៏ប៉ុន្តែ​ប្រសិន​បើ​យើង​ពិនិត្យ​ទៅលើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​ត្រង់​មាត្រា ២២ កថាខណ្ឌ ៣ គឺថា ផលិតកម្ម សហត្ថាករណ៍ ពាណិជ្ជកម្ម​ព្រមទាំង​គ្រឹះស្ថាន​នានា​ដែល​ត្រូវបាន​បញ្ឈប់ ឬ​បិទទ្វារ​ជា​បណ្តោះអាសន្ន​អាច​ដំណើរការ​ទ្បើង​វិញ​បាន លុះត្រាតែ​​មាន​ការអនុញ្ញាត​ពី​ក្រសួង​មាន​សមត្ថកិច្ច ហេតុដូច្នេះ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​នេះ​ពុំមាន​កំណត់​ថិរវេលា​នោះ​ទេ​។

ប្រសិនបើ​អ្នក​ជួល​ (​ភតិកៈ​) សម្លាប់​មនុស្ស​ក្នុង​ផ្ទះ​នោះ ហើយ​​រត់​បាត់​តើ​ម្ចាស់ផ្ទះ​ជាប់ទោស​ ឬ​​ក៏ត្រូវ​សមត្ថកិច្ច​រឹបអូស​ផ្ទះ ព្រោះ​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​?

នៅពេល​មាន​បទល្មើស​ឃាតកម្ម​នៅក្នុង​ផ្ទះ​បង្ក​ទ្បើង​ដោយ​ភតិកៈ ហើយ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​អាចមាន​ម្នាក់ ឬ​មាន​ច្រើន​នាក់​គឺ​អាចជា​ចារី​ (​ជនដៃដល់​) ​សហចារី អ្នកសមគំនិត និង​អ្នក​ផ្តើមគំនិត​។ អ៊ីចឹង​សួរថា តើ​ម្ចាស់​ផ្ទះ​ជាប់ទោស​ឬ​ទេ ហើយ​ផ្ទះ​នោះ​ត្រូវ​បាន​រឹបអូស​ឬទេ​?

យោងតាម​មាត្រា​ ២៤ ​នៃ​ក្រមព្រហ្មទណ្ឌ​ (​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​) ​បាន​ចែងថា​៖ “​បុគ្គល​ម្នាក់ៗ​​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​តែ​​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​”​។

ត្រង់ចំណុច​នេះ ប្រសិន​បើ​ភតិកៈ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម​ប្រាកដ​មែន គឺ​គាត់​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះមុខ​ច្បាប់ ដោយហេតុ​ថា​ក្នុង​រឿង​ព្រហ្មទណ្ឌ នរណា​ធ្វើ គឺ​អ្នក​នោះ​ជា​អ្នកទទួល​ខុសត្រូវ​ដូច​ពាក្យ​មួយ​ពោល​ថា សក់​អ្នកណា ក្បាល​អ្នកនោះ (​ជា​ភាសា​បារាំង comme on fait son lit, on se couche)​។

អ៊ីចឹង​ទេ​ម្ចាស់ផ្ទះ ឬ​ភតិបតី​ត្រូវ​បង្ហាញ​ថា​ខ្លួន​ពុំបាន​ប្រព្រឹត្ត​បទល្មើស​ ឬ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ជាមួយ​ចារី​នោះទេ ដូចជា ខ្លួន​ពុំ​បាន​សម្រួល​ឲ្យ​មាន​បទល្មើស​ទេ ខ្លួន​ពុំ​បាន​ផ្ចុងផ្តើម​ឲ្យ​មាន​បទល្មើស​ទេ ដើម្បី​រួចផុត​ពី​ការប្រឈម​នឹង​ការទទួលខុសត្រូវ និង​រួច​ផុត​ពី​ការប្រឈម​នឹង​ការរឹបអូស​ផ្ទះ​នោះ​។ ​

ចំណែក​តុលាការ​វិញ ខ្ញុំបាទ​​ជឿថា គាត់​កាត់សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​ណាស់ ពោល​គឺ​មុន​សេចក្តី​សម្រេច​ផ្តន្ទាទោស​អ្នកណាម្នាក់​នោះ​គឺ​គាត់​មាន​ភ័ស្តុតាង​ដាក់បន្ទុក​ច្បាស់លាស់​ណាស់៕