ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ពេលខ្លះមានជម្លោះជាមួយគ្នា ហើយដំណាក់កាលដំបូងពួកគាត់ប្រាកដជាទៅប្តឹងដល់អាជ្ញាធរមូលដ្ឋានដូចជា អាជ្ញាធរ សង្កាត់-ឃុំ ឬ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលពួកគាត់រស់នៅនោះ។ ប៉ុន្តែពេលមានបណ្តឹងពីគូជម្លោះ តើនគរបាលគួរអនុវត្តបែបណា ដើម្បីសម្រួលតាមនីតិវិធីច្បាប់។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក មេធាវី ផុន ធារិន ក្រុមហ៊ុនមេធាវី ស៊ី ឌី អេស មានការិយាល័យនៅផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថាលោក “ក” បានជំពាក់លុយលោក “ខ” ហើយលោក “ខ” បានប្តឹងលោក “ក” ទៅនគរបាលប៉ុស្តិ៍។ បន្ទាប់មកនគរបាលបានមកនាំខ្លួនលោក “ក” ទៅសួរនាំ។ សួរថា តើនគរបាលអនុវត្តបែបនេះត្រឹមត្រូវតាមច្បាប់ឬទេ?
ជាទូទៅពលរដ្ឋជួបបញ្ហាលំបាកដែលពាក់ព័ន្ធទៅនឹងវិស័យច្បាប់ស្ទើរទូទាំងប្រទេស ហើយបានស្វែងរកជំនួយពីមន្ត្រីអាជ្ញាធរមូលដ្ឋានដូចជា មេភូមិ មេឃុំ ឬមន្ត្រីនគរបាលជាដើម ដើម្បីដាក់បណ្តឹងដោះស្រាយជម្លោះ ឬវិវាទនៃការទាមទារនានា ដែលពួកគេយល់ថាមន្ត្រីអាជ្ញាធរទាំងនោះ មានសមត្ថកិច្ចដោះស្រាយបញ្ហាទាំងនេះបាន។
ដោយឡែក នៅក្នុងករណីខាងលើលោក“ ក” បានជំពាក់លុយលោក “ខ” ហើយលោក “ខ” បានប្តឹងលោក “ក” ទៅនគរបាលប៉ុស្តិ៍។ មន្ត្រីនគរបាលទទួលពាក្យបណ្តឹងរបស់ពលរដ្ឋគឺជាការអនុវត្តត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។ យោងតាមមាត្រា ៧១ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា “មន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្តឹងទាមទារ និងបណ្តឹងបរិហារ។
មន្ត្រីនគរបាលយុត្តិធម៌ពិនិត្យបទល្មើសទាំងឡាយ ”ក្នុងករណីខាងលើនេះបន្ទាប់ពីមន្ត្រីនគរបាលបានទទួលពាក្យបណ្តឹងពីលោក “ខ” មន្ត្រីនគរបាលនោះត្រូវពិនិត្យលើអង្គហេតុ និងខ្លឹមសារកម្មវត្ថុដែលលោក “ខ” ប្តឹងទាមទារឲ្យលោក “ក” សងប្រាក់ដែលជំពាក់ ថាតើការទាមទារតាមរយៈពាក្យបណ្តឹងរបស់លោក “ខ” ជាសមត្ថកិច្ចរបស់ខ្លួនដែលច្បាប់តម្រូវឲ្យបំពេញដែរឬទេ?។
ករណីនេះកម្មវត្ថុរបស់លោក “ខ” បង្ហាញត្រឹមតែជាបណ្តឹងសាមញ្ញ (រឿងក្តីរដ្ឋប្បវេណី) ហើយមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះមន្ត្រីនគរបាលត្រូវពន្យល់បង្ហាញទៅលោក “ខ” ឲ្យទៅដាក់ពាក្យបណ្តឹងនៅតុលាការដែលមានសមត្ថកិច្ចដើម្បីដោះស្រាយតាមនីតិវិធី។
ចំពោះមន្ត្រីនគរបាលវិញក្រោយពីបានពិនិត្យកម្មវត្ថុ និងអង្គហេតុតាមពាក្យបណ្តឹងរបស់លោក “ខ” ហើយឃើញថាសកម្មភាពបណ្តឹងរបស់លោក “ខ” មិនមានជាបទល្មើស និងមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ហើយមន្ត្រីនគរបាលនោះ បែរជានាំខ្លួនលោក “ក” មកប៉ុស្តិ៍នគរបាលរបស់ខ្លួនដើម្បីធ្វើការសាកសួរគឺជាទង្វើខុសច្បាប់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងកិត្តិយសរបស់បុគ្គល។ មន្ត្រីនគរបាលយុត្តិធម៌ដែលបានប្រព្រឹត្តកំហុសក្នុងពេលអនុវត្តមុខងាររបស់ខ្លួនប្រឈមមុខទទួលខុសត្រូវទណ្ឌកម្មខាងវិន័យ និងទោសព្រហ្មទណ្ឌ។
យោងតាមមាត្រា ៥៨៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា “អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬ ដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួននៅតែបំពេញដោយខុសច្បាប់នូវកិច្ចការដែលប៉ះពាល់ដល់សេរីភាពបុគ្គលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១០ ០០០- ០០០ (ដប់លាន) រៀល។
ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌ទទួលបានពាក្យបណ្តឹងភ្លាម ហើយមកហៅលោក “ក” ទៅ និងចាប់វាយខ្នោះសួរថាការអនុវត្តនីតិវីធីបែបត្រឹមត្រូវ ឬក៏ខុសច្បាប់?
ប្រសិនបើករណីនេះជាអង្គហេតុខាងលើមន្ត្រីនគរបាលយុត្តិធម៌ដែលអនុវត្តការនាំខ្លួនដោយដាក់ខ្នោះលោក “ក” គឺជាការបំពានច្បាប់។ (សូមមើលការរៀបរាប់ខាងលើ)
ផ្ទុយទៅវិញក្នុងករណីនេះមន្ត្រីនគរបាលបានទទួលពាក្យបណ្តឹងដែលមានភាគីតាំងខ្លួនជាជនរងគ្រោះ ហើយបណ្តឹងនោះគឺជាសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមន្ត្រីនគរបាលដែលទទួលពាក្យបណ្តឹងត្រូវតែចាប់ផ្តើមបើកការស៊ើបអង្កេតបឋម។ យោងតាមមាត្រា ១១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចែងថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការស្នើសុំរបស់ព្រះរាជអាជ្ញា។
មន្ត្រីនគរបាលយុត្តិធម៌អាចកោះហៅភាគីទាំងឡាយដែលសង្ស័យថា បានពាក់ព័ន្ធនឹងបទល្មើសណាមួយដើម្បីមកស្តាប់ចម្លើយបុគ្គល ឬផ្តល់ព័ត៌មានស្តីពីរឿងហេតុនោះបាន។
ក្រោយពីការស៊ើបអង្កេតបឋមត្រូវបានបញ្ចប់ មន្ត្រីនគរបាលយុត្តិធម៌ត្រូវបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាចាត់ការបន្តតាមនីតិវិធី។
យោងតាមមាត្រា ៧៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា “ក្នុងករណីណាក៏ដោយមន្ត្រីនគរបាលយុត្តិធម៌ មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើស និងជនរងគ្រោះ ឬក៏មានការដកពាក្យបណ្តឹងក៏ដោយ។
មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាកំណត់ហេតុ ឬវត្ថុតាងដោយចេតនា ឬលាក់បំបាំងដល់អាជ្ញាធរតុលាការអំពីអត្ថិភាពនៃកំណត់ហេតុ ឬវត្ថុតាងត្រូវចាត់ទុកថាមន្ត្រីនគរបាលយុត្តិធម៌នោះបានប្រព្រឹត្តបទល្មើសដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកភ័ស្តុតាង។
ម្យ៉ាងវិញទៀតមន្រី្តនគរបាលយុត្តិធម៌អាចដំណើរការនីតិវិធីស៊ើបអង្កេតដើម្បីកំណត់បទល្មើស បើក្នុងករណីចាំបាច់មន្រី្តនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនជនសង្ស័យភ្លាមបាន។
យោងតាមមាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា “ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថាបានចូលរួមក្នុងបទល្មើស ។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមទៅព្រះរាជអាជ្ញាព្រមទាំងត្រូវបញ្ជូនគ្រប់ភ័ស្តុតាងទាំងអស់ដែលតម្រូវឲ្យមានការឃាត់ខ្លួននេះ ។
(សូមរង់ចាំអានវគ្គបន្តនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ)