ជាគោលការណ៍ច្បាប់តាមផ្លូវតុលាការ ជនដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬរដ្ឋប្បវេណីត្រូវបានតុលាការផ្តន្ទាទោសដែលការផ្តន្ទាទោសនោះចាប់ពីសាលាដំបូងរហូតដល់តុលាការកំពូលដែលសាលក្រម ឬសាលដីកានោះបានចូលជាស្ថាពររួចហើយ។
ប៉ុន្តែប្រសិនបើទណ្ឌិត ឬជនជាប់ចោទមានបំណងប្តឹងសើរើឡើងវិញតើបានដែរទេ? ហើយគេអាចធ្វើបាននៅពេលណា និងនៅតុលាការណាខ្លះ?
ជុំវិញបញ្ហានេះភ្នំពេញ ប៉ុស្តិ៍បានសម្ភាសជាមួយលោក យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖
តើបណ្តឹងសើរើគេប្តឹងនៅពេលណា?
បណ្តឹងសើរើគេប្តឹងនៅពេលសាលក្រម ឬសាលដីកាចូលជាស្ថាពរហើយ ហើយមានភ័ស្តុតាងថ្មីដែលបញ្ជាក់ថា អ្នកធ្វើបណ្តឹងនោះគ្មានការពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ។ បណ្តឹងសើរើគឺប្តឹងកាត់សេចក្តីសាឡើងវិញនូវរឿងក្តីទាំងឡាយណាដែលសាលាដំបូង ឬសាលាឧទ្ធរណ៍ ឬតុលាការកំពូលជំនុំជម្រះរួចហើយនិងសាលក្រម ឬសាលដីកានោះចូលជាស្ថាពរហើយ។
បើយោងមាត្រា ៤៤៥ បណ្តឹងសើរើរឿងក្តីអាចធ្វើទៅបានតែនៅក្នុងករណីដូចតទៅ ៖
១-កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគិតថាជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ។
២-កាលណាជនជាប់ចោទ ២ នាក់ត្រូវបានផ្តន្ទាទោសចំពោះបទល្មើសដដែលនេះ ដោយការផ្តន្ទាទោសទាំង ២ នេះមិនចុះសម្រុងគ្នាទេ។
៣-កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើសធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។
៤-កាលណាមានអង្គហេតុថ្មី ឬលិខិត ឬភ័ស្តុតាងថ្មីដែលនាំឲ្យគេសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិត។
តើបណ្តឹងសើរើនេះគេអាចប្តឹងចាប់ពីដំណាក់កាលណាមកដែរ?
បណ្តឹងសើរើអាចប្តឹងបានតែនៅតុលាការកំពូលទេ ចំពោះករណីព្រហ្មទណ្ឌ បើទោះបីជាសាលក្រម ឬសាលដីកានោះនៅដំណាក់កាលណាក៏ដោយ។
ជាគោលការណ៍ច្បាប់មានបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងព្រហ្មទណ្ឌ ដូច្នេះបើជនជាប់ចោទ ឬទណ្ឌិតចង់ប្តឹងសើរើតើមានការបែងចែកគ្នាដែរទេ?
ជាគោលការណ៍ច្បាប់ បើបណ្តឹងនោះជាបណ្តឹងព្រហ្មទណ្ឌហើយទោះបីជាជនជាប់ចោទមានសាលក្រម ឬសាលដីកាស្ថាពរនៅសាលាដំបូង និងនៅសាលាឧទ្ធរណ៍ ឬនៅតុលាការកំពូលក៏ដោយគឺជានីតិវិធីគេប្តឹងបានតែ ១ គត់ទៅតុលាការកំពូល។ ចំពោះរឿងរដ្ឋប្បវេណីវិញគឺមានសាលក្រមស្ថាពរនៅតុលាការណាគឺបុគ្គលនោះអាចប្តឹងចូលនៅតុលាការនោះបាន។
បានន័យថា បើរឿងរដ្ឋប្បវេណីចូលជាស្ថាពរនៅសាលាដំបូងគឺប្តឹងចូលទៅសាលាដំបូង បើមានសាលដីកាស្ថាពរនៅសាលាឧទ្ធរណ៍ត្រូវប្តឹងចូលទៅសាលាឧទ្ធរណ៍ បើស្ថាពរនៅតុលាការកំពូលត្រូវប្តឹងចូលទៅតុលាការកំពូល។ ប៉ុន្តែរឿងព្រហ្មទណ្ឌទោះជាស្ថាពរនៅសាលាដំបូងក៏ដោយទោះបីស្ថាពរនៅសាលាឧទ្ធរណ៍ និងស្ថាពរនៅតុលាការកំពូលក៏ដោយគឺគេអាចប្តឹងសើរើបានតែនៅតុលាការកំពូលទេ។
បើយោងតាមមាត្រា ៤៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងសើរើគឺជាផ្លូវតវ៉ាមួយប្រឆាំងនឹងសាលក្រម និងសាលដីកាដែលស្ថាពរហើយដែលមានអាជ្ញាអស់ជំនុំ។ សភាពេញអង្គនៃតុលាការកំពូលមានសមត្ថកិច្ចលើបណ្តឹងសើរើ។
ចំពោះមាត្រា ៤៤៤ បណ្តឹងសើរើអាចត្រូវធ្វើបាននៅក្នុងរឿងព្រហ្មទណ្ឌ ទោះបីតុលាការដែលបានសម្រេចនោះជាតុលាការណាក៏ដោយ និងទោះបីទោសដែលបានប្រកាសនោះជាទោសអ្វីក៏ដោយ។
មាត្រា ៤៤៦ សិទ្ធិប្តឹងសើរើរឿងក្តីជាសិទ្ធិរបស់ៈ
១-រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
២-ទណ្ឌិត ឬអ្នកតំណាងស្របច្បាប់ប្រសិនបើទណ្ឌិតនេះជាអសកម្មជន។
៣-សហព័ន្ធ ឪពុក ម្តាយ កូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារ ឬ ខាងផ្លូវចិត្តក្នុងការលុបបំបាត់ទណ្ឌកម្មនេះក្នុងករណីដែលទណ្ឌិតបានទទួលមរណភាព ឬបាត់ខ្លួន៕