នៅពេល​ដែល​ជនណា​ម្នាក់​ជាប់​ពាក់ព័ន្ធ ឬ​ជាប់ចោទ​នឹង​ការផ្តន្ទាទោស​ពី​តុលាការ​ដែល​បទ​ចោទ​មាន​ដូចជា​បទលហុ​,​បទមជ្ឈិម និង​បទឧក្រិដ្ឋ​។ ប៉ុន្តែ ថា​តើ​បទ​ចោទ​ណា​ខ្លះ​ដែល​ត្រូវ​មាន​មេធាវី ឬ​គ្មាន​មេធាវី​ក្នុង​ពេល​ជំនុំជម្រះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​ យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

តាម​នីតិវិធី​ក្នុង​ការ​ជំនំជម្រះ តើ​បទល្មើស​ណា​មិន​តម្រូវ​ឲ្យ​មាន​មេធាវី ហើយ​បទល្មើស​ណា​តម្រូវ​ឲ្យ​មាន​មេធាវី​?

តាម​នីតិវិធី​នៅ​ក្នុង​ការជំនុំជម្រះ​ដែល​តម្រូវ​ ឬ​ចាំបាច់​ឲ្យ​មាន​វត្តមាន​មេធាវី​គឺ​បទឧក្រិដ្ឋ និង​បទល្មើស​ដែល​ទាក់ទង​ជាមួយ​អនីតិជន​។ ប៉ុន្តែ​ក្រៅពី​នេះ​មិន​តម្រូវ​ឲ្យ​មាន​មេធាវី​ទេ តែ​អាស្រ័យ​លើ​ជន​ជាប់ចោទ បើ​គាត់​ពឹងពាក់​មេធាវី​ដើម្បី​ការពារ​ក្តី​ឲ្យ​គាត់​ក៏​បាន​។ និយាយ​ឲ្យ​ចំ​ទៅ​គឺ​បទឧក្រិដ្ឋ និង​អនីតិជន ត្រូវ​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ដាច់ខាត​។

ឧទាហរណ៍​សវនាការ​ជំនុំជម្រះ​ក្នុង​បទមជ្ឈិម​តើ​ករណី​នេះ​តម្រូវ​ឲ្យ​ភាគី​ម្ខាងៗ​មាន​មេធាវី​ដែរ​ទេ​?

ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង​ជា​គោលការណ៍​សិទ្ធិ​របស់​ជនជាប់ចោទ​គឺ​គាត់​អាច​ពឹងពាក់​មេធាវី​ក៏​បាន មិន​ពឹងពាក់​រក​មេធាវី​ក៏​បាន​។ អាហ្នឹង​ទាក់ទង​នឹង​រឿង​បទមជ្ឈិម ពោល​គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ដែល​គាត់​មាន​សិទ្ធិ​រក​មេធាវី​។ ប៉ុន្តែ​ករណី​បទមជ្ឈិម​គឺ​សាមីខ្លួន​រក​មេធាវី​ខ្លួនឯង តែ​បើ​ស្ថាប័ន​ ឬ​អង្គការ​ណា​មួយ​ចង់​ជួយ​ក៏​បាន​ដែរ​។

៤- ​តើ​តួនាទី​របស់​មេធាវី​មាន​សារៈសំខាន់​ដូចម្តេច​?

មេធាវី​ជា​អ្នក​យល់​ដឹង​ពី​ច្បាប់ ហើយ​គាត់​អាច​ទាមទារ​នូវ​សិទ្ធិ​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​គេ​បំពាន​ឲ្យ​កូនក្តី​របស់​គាត់​។ មេធាវី​អាច​តំណាង​ឲ្យ​រឿង​រដ្ឋប្បវេណី​បាន តែ​បើ​ជា​រឿង​ព្រហ្មទណ្ឌ​វិញ មេធាវី​មិន​អាច​តំណាង​ឲ្យ​កូនក្តី​បាន​ទេ តែ​បើ​​កូនក្តី​គាត់​ដែល​ជា​ជន​ជាប់ចោទ​មាន​វត្តមាន​គឺ​គាត់​អាច​ការពារ​ក្តី​ឲ្យ​កូនក្តី​គាត់​បាន​៕