
លោក មេធាវី ផុន ធារិន កាលពីកន្លងមក ។ រូបថត សហការី
ការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ ឬពាក្យហៅថា ជាប្តីប្រពន្ធជាទូទៅគេសន្មតថា បានឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍។ ប៉ុន្តែមានបុរស ឬស្ត្រីខ្លះមិនបានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ទេ គឺពួកគេគ្រាន់តែស្រឡាញ់គ្នាដោយស្ម័គ្រចិត្តប៉ុណ្ណោះ។ ចំពោះប្តីប្រពន្ធដែលមិនបានរៀបការនេះសួរថា តើពួកគេមានសិទ្ធិទៅរកគូថ្មី ឬបែងចែកកូន ឬទ្រព្យសម្បត្តិយ៉ាងណាដែរ។
ជុំវិញបញ្ហានេះ ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសជាមួយលោកមេធាវី ផុន ធារិន ជាមេធាវីការិយាល័យមេធាវី ផុន ធារិន នៅបុរីឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានរួមរស់ជាមួយនាង (ខ) បានកូនជាមួយគ្នា តែមិនបានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ទេ។ តើលោក (ក) ឬស្ត្រី (ខ) មានសិទ្ធិទៅយកប្រពន្ធ ឬប្តីថ្មីបានទេ? បើបានសំអាងលើមូលហេតុអ្វី?
ដើម្បីងាយយល់ចំពោះសំណួរខាងលើ យើងចាំបាច់ត្រូវស្វែងយល់ពីអត្ថន័យនៃពាក្យថា “អាពាហ៍ពិពាហ៍” និង “អនុភាពនៃអាពាហ៍ពិពាហ៍” ជាមុនសិន។ អាពាហ៍ពិពាហ៍គឺជាសម្ព័ន្ធភាពមួយជីវិតរវាងបុរស និងនារី ដូច្នេះហើយបុរស និងនារីនោះចាំបាច់ត្រូវពេញវ័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គម ផ្លូវចិត្ត និងកាយ។ ហេតុដូច្នេះហើយនីតិភាពនៃអាពាហ៍ពិពាហ៍តាមច្បាប់កំណត់ត្រូវមានអាយុ ១៨ ឡើងទៅតែលើកលែងក្នុងករណីពិសេសប៉ុណ្ណោះ។
អាពាហ៍ពិពាហ៍តាមផ្លូវច្បាប់មានអនុភាពលុះត្រាតែអាពាហ៍ពិពាហ៍នោះបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ចុះអេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។
ការរៀបអាពាហ៍ពិពាហ៍ភាគច្រើននៅកម្ពុជា ជាពិសេសនៅតាមជនបទធ្វើឡើងដោយគ្រាន់តែរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីប៉ុណ្ណោះ ប៉ុន្តែមិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ទេ។ ក្នុងករណីសំណួរខាងលើលោក (ក) និងនាង (ខ) បានរួមរស់ជាមួយគ្នាជាអនីតិសង្វាស (មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) មានន័យថា មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ ទោះបីគូស្វាមីភរិយានេះបានទទួលស្គាល់ពីសហគមន៍ថា ជាប្តីប្រពន្ធបានរៀបការតាមប្រពៃណីពេញមុខ-ពេញមាត់ទទួលស្គាល់ពីចាស់ទុំក៏ដោយ។ ការរស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍ (មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) បានបង្កឱ្យភាគីណាមួយអាចមានប្តី ឬប្រពន្ធផ្សេងទៀតបានដោយបញ្ញតិ្តទ្វេពន្ធភាពមិនអាចគ្របដណ្តប់លើភាគីនេះបានឡើយ។
បើករណីភាគីណាមួយមិនព្រមលែងលះគ្នា ហើយភាគីម្ខាងទាមទារទៅផ្តិតមេដៃត្រឹមឃុំ-សង្កាត់ តើអាជ្ញាធរឃុំ-សង្កាត់នោះមានសិទ្ធិសម្រេចឬទេ?
ជាការអនុវត្តជាក់ស្តែងអាជ្ញាធរឃុំ-សង្កាត់ មានសិទ្ធិអំណាចបានត្រឹមតែសម្របសម្រួលឱ្យភាគីប៉ុណ្ណោះ ទោះបីការលែងលះនោះមានសំបុត្រអាពាហ៍ពិពាហ៍ ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក៏ដោយ។ ចំពោះការផ្តិតមេដៃដោយគូភាគីក្នុងការលែងលះនៅអាជ្ញាធរឃុំ-សង្កាត់ ចំពោះករណីគូភាគីមិនមានសំបុត្រអាពាហ៍ពិពាហ៍ មានតម្លៃគ្រាន់តែជាកិច្ចសន្យា និងជាការប្រកាសថាភាគីបានផ្តាច់អនីតិសង្វាសពីគ្នាប៉ុណ្ណោះមិនមានអត្ថន័យការលែងលះតាមផ្លូវច្បាប់នោះឡើយ។ ករណីមួយចំនួនធំដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ក៏ត្រូវបានដោះស្រាយនៅតុលាការ ដោយសារពាក់ព័ន្ធនឹងការបែងចែកទ្រព្យបំណុល និងអំណាចមេបាជាដើម។
ក្នុងអំឡុងពួកគេរួមរស់ជាមួយគ្នា ក៏មានទ្រព្យសម្បត្តិរួមដែរ ហើយពេលពួកគេលែងលះគ្នាមិនអាចចែកទ្រព្យគ្នាបានព្រោះភាគីម្ខាងៗទារយកច្រើនរៀងៗខ្លួន។ បញ្ហានេះតើសមត្ថកិច្ចណាជួយដោះស្រាយឱ្យបាន?
ក្នុងករណីភាគីមានសំបុត្រអាពាហ៍ហើយមានបំណងលែងលះដោយការព្រមព្រៀង បែងចែកទ្រព្យ បំណុល ឬអំណាចមេបាភាគីត្រូវធ្វើកិច្ចព្រមព្រៀងលែងលះរួមគ្នា រួចហើយបន្តនីតិវិធីដាក់ពាក្យស្នើសុំដីកាសម្រេចលែងលះតាមការព្រមព្រៀងពីតុលាការជាកាស្រេច។ ដោយឡែកភាគីមានសំបុត្រអាពាហ៍ពិពាហ៍ ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ ចំពោះការបែងចែកទ្រព្យបំណុល និងអំណាចមេបាជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការក្នុងការចេញសាលក្រម។
ឧបមាថា ប្តីប្រពន្ធដែលរួមរស់ជាមួយគ្នា មិនបានរៀបការ នោះចង់ឱ្យមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ និងទទួលស្គាល់ផ្លូវច្បាប់ តើពួកគេធ្វើបានទេ ហើយសមត្ថកិច្ចណាជាអ្នកសម្រេច?
ប្តីប្រពន្ធបានរួមរស់ជាមួយគ្នាយូរមកហើយ មិនបានរៀបការ អាចដាក់ពាក្យស្នើសុំទៅចៅសង្កាត់ (មន្ត្រីអត្រានុកូលដ្ឋាន) ដើម្បីស្នើសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ព្រមទាំងមានសាក្សី ២ នាក់ដែលអាចបញ្ជាក់អះអាងបានថា ប្តីប្រពន្ធនេះពិតជាបានរួមរស់ជាមួយគ្នាពិតប្រាកដមែន។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍នេះមានតម្លៃតាមផ្លូវច្បាប់គ្រប់គ្រាន់ ដូចសំបុត្រអាពាហ៍ពិពាហ៍ដែរ៕