ជនណាម្នាក់​នៅពេល​ប្រព្រឹត្ត​បទល្មើស​អាច​ជា​បទល្មើស​​ជាក់ស្តែង​ ឬ​ក៏​មិន​ជាក់ស្តែង​ក៏ដោយ​នៅពេល​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​គឺ​តាម​ច្បាប់​មិនទាន់​ចាត់ទុក​ជន​នោះ​ថា ជា​ជនជាប់ចោទ​នៅ​ឡើយ​ទេ​។

បើ​ដូច្នេះ​តើ​ជន​នោះ​ត្រូវ​ហៅថា​ដូចម្តេច​ដែរ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ ប៉ុស្តិ៍​បាន​សម្ភាស​​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ឧទាហរណ៍ ជន​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ ឬ​បង្ក​បទល្មើស​ជាក់ស្តែង ហើយ​ត្រូវ​នគរបាល​ឃាត់​ខ្លួន តើ​ជន​នោះ​គេ​អាច​ហៅ​ថា​យ៉ាង​ដូចម្តេច​ដែរ​?

ជុំវិញ​ករណី​នេះ​ជនណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​ត្រូវ​នគរបាល​ឃាត់​ខ្លួន​ និង​អញ្ជើញ​ជន​នោះ​ទៅ​ប៉ុស្តិ៍នគរបាល​នៅក្នុង​មូលដ្ឋាន​នោះ​ដើម្បី​សាកសួរ​។

បញ្ហា​នេះ​ជន​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នគរបាល​សាកសួរ ដូច្នេះ​ក្នុង​ន័យ​ច្បាប់​គេ​ហៅ​ជន​នោះ​ថា​ជា​ជនសង្ស័យ ហើយ​បើ​ទោះ​ជា​ជន​នោះ​បង្ក​ជា​បទល្មើស​ជាក់ស្តែង​ ឬ​ក៏​មិន​ជាក់ស្តែង​ក៏ដោយ​គឺ​ជន​នោះ​នៅ​ត្រឹម​តែ​ជា​ជនសង្ស័យ​ដដែល​។

លុះ​ពេល​នគរបាល​ធ្វើ​កំណត់ហេតុ​បញ្ជូន​ជនសង្ស័យ​នោះ​មក​តុលាការ​ (​ដំណាក់កាល​ព្រះរាជអាជ្ញា​) ​ពេល​នោះ​ព្រះរាជអាជ្ញា លោក​សាកសួរ​ហើយ​ប្រសិន​បើ​ជន​នោះ​បាន​ប្រព្រឹត្ត​មែន​ទើប​ព្រះរាជអាជ្ញា​ធ្វើ​បណ្តឹងអាជ្ញា​ដើម្បី​ចោទប្រកាន់ (​ដីកាសន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​) ​។

បើយោង​មាត្រា​ ៣៨ ​នៃ​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា​ការចោទប្រកាន់ ការចាប់​ខ្លួន​​ ឬ​ការឃុំ​ខ្លួន​ជន​ណា​ម្នាក់​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ ។

ជនសង្ស័យ​ជារឿយៗ​នៅពេល​នគរបាល​ចាប់​ខ្លួន​បាន​ក្នុង​បទល្មើស​ជាក់ស្តែង​នោះ​ត្រូវ​បាន​ថតរូប​ចុះ​ក្នុង​សារព័ត៌មាន​ដោយ​គ្មាន​ការបិទបាំង​មុខ​ឡើយ​ខណៈ​ជន​នោះ​ក៏​មិន​ទាន់​ត្រូវ​បាន​ចោទប្រកាន់​ពី​សំណាក់​តុលាការ​ផង​។ សួរថា​ការបង្ហាញ​មុខ​ ឬ​ថតរូប​ជន​នោះ​បង្ហាញ​ក្នុង​កាសែត តើ​អាច​ខុស​​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​ដែរ​ទេ ?

ការថត​រូប​បុគ្គល​ណា​ម្នាក់​ពេល​នគរបាល​ឃាត់​ខ្លួន ហើយ​បង្ហាញ​មុខ​ជន​នោះ​ក្នុង​សារព័ត៌មាន​គឺ​ការធ្វើ​បែប​នេះ​ខុស​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​ហើយ ព្រោះ​ជន​នោះ​មិន​ទាន់​សន្មត​ថា គាត់​ជា​ជន​មាន​ទោស​នៅ​ឡើយ​ទេ​។

ម្យ៉ាង​ចំពោះ​កុមារ​ ឬ​ស្ត្រី​គឺ​ភាគច្រើន​ត្រូវ​តែ​បិទ​មុខ ដូច្នេះ​គួរតែ​អនុវត្ត​ទៅ​តាម​ក្រម​សីលធម៌​ និង​ត្រូវ​ស្វែងយល់​ពី​ច្បាប់​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ឆ្គង​ក្នុងការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​។ ការយល់ដឹង​បែប​នេះ​ពេល​ដែល​យើង​បំពេញ​ភារកិច្ច​ទៅ​គឺ​វា​សមស្រប​ទៅ​នឹង​ច្បាប់​ផង​ និង​ស្រប​ទៅ​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង​។ អ៊ីចឹង​ទេ​នៅ​ពេល​ដែល​ថតរូប​ជន​នោះ ហើយ​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​បើ​ដាក់​រូប​ជន​នោះ​គួរ​បិទ​ព្រាលៗ​លើ​មុខ​ជន​នោះ​ផង​ពោល​គឺ​ធ្វើ​យ៉ាង​ណា​កុំ​​ឲ្យ​មើល​ស្គាល់​ថា ជា​អ្នក​ណា​?

ចំពោះ​ជន​នោះ​យើង​ក៏​មិន​ត្រូវ​បង្ហាញ​ពី​អត្តសញ្ញាណ​គេ​ដែរ​។

ចំពោះ​ការឃាត់​ខ្លួន​របស់​សមត្ថកិច្ច​នគរបាល​វា​មាន​ ២ ​ករណី​គឺ​ករណី​ទី​ ១ ​នៅ​ពេល​ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង និង​ទី​ ២ ​គឺ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​ដីកា​របស់​តុលាការ​។ បើ​ការឃាត់​ខ្លួន​ជន​ណាម្នាក់​ទៅ​តាម​ដីកា​របស់​តុលាការ មាន​ន័យ​ថា​ជន​នោះ​ត្រូវ​ជាប់ចោទ​រួច​ហើយ អ៊ីចឹង​គេ​អាច​ប្រើ​ពាក្យ​ថា​ជន​ត្រូវ​ចោទ​គឺ​គេ​ឈប់​ប្រើ​ពាក្យ​ថា​ជនសង្ស័យ​ទៀត​ហើយ​។

ម្យ៉ាង​បើ​យើង​ចង់​ចុះ​ផ្សាយ​ដោយ​មាន​រូប​ជន​ប្រព្រឹត្ត​បទល្មើស​នោះ​យើង​ក៏​អាច​ថតរូប​ជន​នោះ​ចុះផ្សាយ​បាន​ដែរ​តែ​គួរ​ចេះ​ច្នៃ​យ៉ាង​ម៉េច​ថតរូប​កុំ​ឲ្យ​ចំ​មុខ​ជន​នោះ​ ឬ​កុំ​ឲ្យ​គេ​មើល​ស្គាល់​ថា​ជន​នោះ​ជា​ជន​ឈ្មោះ​​ក ឬ ខ អ៊ីចឹង​ទៅ​។ ការដែល​យើង​ចង់​បង្ហាញ​មុខ​ជន​នោះ​ក្នុង​កាសែត​ដោយ​សំអាង​ថា ចង់​ឲ្យ​ជន​នោះ​មាន​ការ​រាងចាល ក៏​ប៉ុន្តែ​ការ​រាងចាល​គឺ​នៅ​ពេល​តុលាការ​កាត់ទោស​ឯណោះ​ទេ​។

ជាទូទៅ​នៅពេល​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ជន​ណា​​ម្នាក់​គឺ​ត្រូវ​បញ្ជូន​បន្ត​ទៅ​តុលាការ ហើយ​ពេល​នោះ​ព្រះរាជអាជ្ញា​ត្រូវ​សាកសួរ​ជន​នោះ​បន្ត​ទៀត​។ ប៉ុន្តែ​បើ​និយាយ​ពី​ការចាប់​ខ្លួន​ជន​ណា​ម្នាក់​តាម​ដីកា​វិញ​តើ​ក្រោយ​ចាប់​ខ្លួន​ភ្លាម​​សមត្ថកិច្ច​ត្រូវ​តែ​បញ្ជូន​ទៅ​ឃុំ​តែ​ម្តង​ឬ​យ៉ាង​ណា ?

ករណី​នេះ​មាន​ដីកា​ខ្លះ​ចេញ​ពី​ព្រះរាជអាជ្ញា បើ​ចេញ​ពី​ព្រះរាជអាជ្ញា​គឺ​គេ​ត្រូវតែ​នាំ​ជន​នោះ​ប្រគល់​ទៅ​ឲ្យ​ព្រះរាជអាជ្ញា​នោះ​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ជន​នោះ​។

តែបើ​ចៅក្រម​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​វិញ​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណជន​ដូច​គ្នា ការធ្វើ​បែប​នេះ​ព្រោះ​ខ្លាច​មាន​ការ​ចាប់​មនុស្ស​ច្រឡំ​។ ចំពោះ​​ជន​នោះ ប្រសិន​បើ​ព្រះរាជអាជ្ញា​លោក​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ហើយ​គឺ​គាត់​អាច​អនុញ្ញាត​ឲ្យ​ជន​នោះ​រួច​ខ្លួន ​ឬ​​ឃុំ​ខ្លួន​ជន​នោះ អាស្រ័យ​តាម​ការយល់​ឃើញ​របស់​តុលាការ​ ឬ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។

នៅក្នុង​ច្បាប់​គេ​និយាយ​ថា បើ​​ជា​ករណី​ចាំបាច់​ទើប​តុលាការ​ឃុំ​ខ្លួន តែ​បើ​មិន​ចាំបាច់​ទេ​តុលាការ​គេ​មិន​ឃុំ​ខ្លួន​ជន​នោះ​ទេ​។ ព្រោះ​ច្បាប់​គោរព​ទៅ​លើ​គោលការណ៍​វិមតិ​សង្ស័យ​គោរព​ថា ការ​សន្មត​ជា​មុន​ថា​គ្មាន​ទោស​រហូត​ដល់​បើក​សវនាការ​ហើយ​ចេញ​សាលក្រម​ស្ថាពរ​ទើប​អាច​សន្មត​ថា ជននោះ​មាន​ទោស​បាន​៕