ជាទូទៅ ការចូល​បម្រើ​ការងារ​អ្វីមួយ​​តែង​មាន​ការតម្រូវ​ឱ្យ​គោរព​តាម​លក្ខន្ដិកៈ​​នៃ​ស្ថាប័ន​នោះ ក្នុង​នោះ​ក៏មាន​ការបញ្ជាក់​​ពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គលិក​ម្នាក់ៗ​​ផងដែរ ពិសេស​គឺ​លិខិត​ថ្កោលទោស​ជាដើម​។ ក៏ប៉ុន្តែ​ប្រសិន​បើ​មាន​បុគ្គលិក​ ឬ​​មន្ត្រី​ក្នុង​អង្គភាព​ ឬ​ស្ថាប័ន​នោះ​ប្រព្រឹត្ត​​ល្មើសច្បាប់​គឺ​តែង​មាន​ការផ្ដន្ទាទោស​។

ចង់ដឹងថា បើ​អនុវត្ត​ទោស​រួច បុគ្គល​នោះ​​អាច​ត្រឡប់​មក​ធ្វើការ​កន្លែង​ដើម​វិញ​​ឬទេ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក មេធាវី លី កុសល មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​ជា​យោធា​បាន​បាញ់​លោក​ (​ខ​) ​ស្លាប់ ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​។ ​ករណីនេះ​បើ​គាត់​ផុតកំណត់​ជាប់ទោស ហើយ​ចេញពី​ពន្ធនាគារ​វិញ តើ​អាច​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​វិញ​បានទេ​?

យោងតាម​មាត្រា​ ២៨ ​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពលខេមរភូមិន្ទ​ចុះ​ថ្ងៃ​ ១៨ ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៧ បាន​ចែង​អំពី​សម្បទា​ដែល​អាច​ធ្វើជា​ទាហាន​បាន​គឺ​គាត់​ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​លិខិត​ថ្កោលទោស​ដែល​បាន​បញ្ជាក់ថា គ្មាន​ទោស​។ ដូច្នេះហើយ​បើ​លោក​ (​ក​) ​ជា​យោធា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ដែល​ត្រូវបាន​ផ្តន្ទាទោស និង​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ហើយ​លោក​ (​ក​) ​គឺ​ពុំ​អាច​ចូល​បម្រើ​ការងារ​ជា​យោធា​វិញ​បាន​នោះទេ បើទោះបី​ជា​គាត់​អនុវត្ត​ទោស​រួចហើយ​ក៏ដោយ​ពីព្រោះ​សាវតារ​របស់គាត់​គឺ​ត្រូវ​បាន​ចារ​ថា ធ្លាប់​មាន​ទោស​រួចទៅ​ហើយ​។

ជាទូទៅ​ដើម្បី​អាច​ទទួលបាន​នូវ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ គឺ​ស្ថាប័ន​ទាំងនោះ​តែងតែ​តម្រូវ​ឱ្យ​មាន​លិខិត​ថ្កោលទោស ដែល​បញ្ជាក់​ថា ជន​នោះ​គ្មាន​ទោស​ពីមុន​មកនេះ​គឺជា​បុរេ​លក្ខខណ្ឌ​របស់​ស្ថាប័នរដ្ឋ​ដើម្បី​អាច​ចូល​បម្រើ​ការងារ​បាន​។

បច្ចុប្បន្ន​យើង​ក៏​សង្កេតឃើញ​ថា ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក៏​កំពុងមាន​តម្រូវការ​ឱ្យមាន​បញ្ជាក់​នូវ​សាវតារ​អំពី​ទោសទណ្ឌ​តាមរយៈ​លិខិត​ថ្កោលទោស​ដែល​ចេញពី​ក្រសួងយុត្តិធម៌​ផងដែរ​។

តើ​ស្ថាប័ន​ណាមួយ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការបញ្ជាក់​ពី​ភាព​ជា​មនុស្ស​ស្អាតស្អំ​គ្មាន​ទោស​របស់​គាត់​បាន​?

ជាគោលការណ៍​បើ​គាត់​ប្រព្រឹត្ត​បទល្មើស ហើយ​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស និង​មាន​សាលក្រម ឬ សាលដីកា​ស្ថាពរ​ហើយ​នោះ​គឺ​ឈ្មោះ​របស់​គាត់​គឺ​នឹងត្រូវ​បញ្ជូន​ទៅ​ក្រសួងយុត្តិធម៌ ហើយ​ក្រសួង​យុត្តិធម៌​ជា​អ្នកមាន​សមត្ថកិច្ច​ក្នុង​ការបញ្ជាក់​លើ​ជន​ណាមួយ​ថា គាត់​ធ្លាប់​ជាប់ទោស​ពីមុន​ឬក៏​អត់​?

ករណី​លោក​ (​ក​) ​ដដែល ប្រសិនបើ​គាត់​សម្លាប់​លោក​ (​ខ​) ​គាត់​ព្រម​ចេញ​សំណង​ទៅ​គ្រួសារ​លោក​ (​ខ​) ​រួចហើយ តើ​គាត់​ត្រូវ​មានទោស​ដែរ​ទេ​?

យោង​ទៅ​តាម​សំណួរ​ខាងលើ​អំពើ​ និង​សកម្មភាព​នេះ​វា​ចូល​ទៅក្នុង​បទល្មើស​​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ១៩៩ ហេតុដូច្នេះ​វា​នាំឱ្យ​កើតមាន​នូវ​បណ្តឹងអាជ្ញា​។ ​ជាធម្មតា​នាពេល​ដែល​បទល្មើស​មួយ​ ឬ​ច្រើន​ត្រូវបាន​ប្រព្រឹត្ត គឺ​តែងតែ​បង្ក​បច្ច័យ​អន្តរាយ​ដល់​សង្គម​ផង​ និង​ជនរងគ្រោះ​ផង​។ ​ហេតុនេះហើយ បាន​ជា​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ត្រង់​មាត្រា​ ២ បាន​បញ្ញត្តិ​អំពី បណ្តឹងអាជ្ញា និង​បណ្តឹង​រដ្ឋប្បវេណី​។

-​តើ​អ្វី​ទៅជា​បណ្តឹងអាជ្ញា​? ​និង​អ្វី​ទៅជា​បណ្តឹង​រដ្ឋប្បវេណី​?

+ បណ្តឹងអាជ្ញា៖

កាលណា​អំពើ​ដែលជា​បទល្មើស​ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុងសង្គម​ប្រាកដជា​បង្កឱ្យមាន​ភាព​ចលាចល​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​ភាពវឹកវរ​ដល់​សង្គម​នោះ​អង្គការ​អយ្យការ​ដែលជា​ម្ចាស់​បណ្តឹង​អាជ្ញា​តែមួយគត់​នឹង​ធ្វើការ​ចោទ​ប្តឹង​លើ​បុគ្គល​នោះ មិន​ថា​រូបវន្តបុគ្គល​ក្តី​ ឬ​នីតិបុគ្គល​ក្តី ដោយ​គោរព​នូវ​គោលការណ៍​សមភាព​ចំពោះមុខ​ច្បាប់​។

ប្រភព​ដែល​នាំឱ្យមាន​បណ្តឹងអាជ្ញា​រួមមាន​៖ បណ្តឹង​បរិហារ បណ្តឹងទាមទារ បណ្តឹង​សាមញ្ញ និង​​បណ្តឹង​រដ្ឋប្បវេណី​។ ម្ចាស់​បណ្តឹងអាជ្ញា​ក៏​​អាច​ចោទ​ប្តឹង​ដោយ​គ្មាន​បណ្តឹង​បាន​ផងដែរ ក្នុងករណី​ដែល​ខ្លួន​បានដឹង​អំពី​អត្ថិភាព​នៃ​បទល្មើស​នោះ​ដោយ​ខ្លួនឯង​។ ​បណ្តឹងអាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​ដោយ​បង្ហាញឱ្យឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស និង​ផ្តន្ទាទោស​ជននេះ​តាមច្បាប់​កំណត់​។ ​បណ្តឹងអាជ្ញា​អាច​ធ្វើ​បាន​តែ​ចំពោះមុខ​សាលាជម្រះក្តី​ព្រហ្មទណ្ឌ​តែ​ ១ ​គត់​ដែល​ខុសគ្នា​ពី​បណ្តឹង​​រដ្ឋប្បវេណី​។ មាត្រា​ ៧ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ក៏បាន​ចែង​ផងដែរ​អំពី​មូលហេតុ​នៃ​ការរលត់​បណ្តឹងអាជ្ញា​មានដូចជា​៖

-​មរណភាព​នៃ​ជនល្មើស​។

-​ការផុត​អាជ្ញាយុកាល​។

-​ការលើកលែង​ទោស​ជាទូទៅ​។

-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ​។

-​អាជ្ញា​អស់ជំនុំ​។

ដូច្នេះ​ការសង​សំណង និង​ការដក​ពាក្យបណ្តឹង​រដ្ឋប្បវេណី​គឺ​មិន​នាំឱ្យ​រលត់​បណ្តឹងអាជ្ញា​ទេ​។

លើកលែង​តែ​ក្នុងករណី​ច្បាប់​ព្រហ្មទណ្ឌ​មាន​ចរិត​លក្ខណពិសេស បានកំណត់​ជាក់លាក់​ថា “​ការដក​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​មូលហេតុ​នៃ​ការ​រលត់​បណ្តឹង​អាជ្ញា​” ​ទើប​បណ្តឹងអាជ្ញា​រលត់​។ ​ឧទាហរណ៍​៖ មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ចការពារ​ជនរងគ្រោះ​បាន​ចែងថា “​ការចោទប្រកាន់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ពុំ​អាចធ្វើ​បាន​ឡើយ​បើ​មាន​សំណើ​ពី​ជនរងគ្រោះ​ជា​នីតិជន​ដោយ​បទល្មើស​នោះ​ជា​បទមជ្ឈិម​ស្រាល​ ឬ​បទលហុ​។ ដូច្នេះ​កាលណា​លក្ខខណ្ឌ​នេះ​ត្រូវបាន​បំពេញ​នោះ​បណ្តឹងអាជ្ញា​របស់​អង្គការ​អយ្យការ​ត្រូវតែ​រលត់​។

មូលហេតុ​នៃ​ការបញ្ញត្តិ​បែបនេះ ដោយសារ​តែ​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ដើមហេតុ​បង្ក​កើតចេញ​ពី​បុគ្គល​ឯកជន​ហើយ​កាលណា​ជនរងគ្រោះ​អាច​ទទួលយក​ការប្រើ​ហិង្សា​ (​សមរម្យ​) ​បែបនេះ ក្នុងនាម​ជា​រដ្ឋ​មិនគួរ​គប្បី​លូកដៃ​ចូលក្នុង​ទំនាក់ទំនង​ឯកជន​បែបនេះ​ទេ​។

+ បណ្តឹង​រដ្ឋប្បវេណី​៖

បណ្តឹង​រដ្ឋប្បវេណី សំដៅលើ​បណ្តឹង​ដែល​ធ្វើ​ដោយ​ជនរងគ្រោះ ឬ​ដើម​បណ្តឹងរដ្ឋប្បវេណី ឬ​សិទ្ធិវ័ន្ត​នៃ​ជនរងគ្រោះ ដើម្បី​ទទួល​ការជួសជុល​ព្យសនកម្ម​ផ្លូវកាយ ផ្លូវចិត្ត និង​សម្ភារ​។ បណ្តឹង​រដ្ឋប្បវេណី​មាន​គោលបំណង​ធ្វើឱ្យ​បាន​ជួសជុល​ការខូចខាត​ដែល​បណ្តាល​មកពី​អំពើ​ល្មើស​ដល់​ភាគី​រងគ្រោះ​ហើយ​ក្នុង​គោលបំណង​នេះ​ឱ្យ​អ្នករងគ្រោះ​បាន​ទទួល​សំណង​ជំងឺ​ចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​ដែល​ខ្លួន​បានទទួល​។

បណ្តឹងរដ្ឋប្បវេណី អាចធ្វើ​ឡើង​នៅមុខ​សាលាជម្រះក្តី​ព្រហ្មទណ្ឌ​ជាមួយ​បណ្តឹង​អាជ្ញា​ក៏បាន​ ឬ​ធ្វើ​ឡើង​នៅមុខ​សាលាជម្រះក្តី​រដ្ឋប្បវេណី​តែម្តង​ក៏បាន ប៉ុន្តែ​ករណី​នេះ​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​ព្យួរ​សិន ដោយសារ​តែ​សេចក្តីសម្រេច​នៃ​បណ្តឹង​ព្រហ្មទណ្ឌ​មាន​ឧត្តមភាព​ជាង​សេចក្តី​សម្រេច​នៃ​បណ្តឹងរដ្ឋប្បវេណី ហើយ​តុលាការ​រដ្ឋប្បវេណី​សម្រេច​អំពី​សំណង​ដោយ​មិន​ពិនិត្យ​ទៅលើ​ចំណង​ហេតុផល​ទៀតឡើយ គ្រាន់​តែមាន​សេចក្តី​សម្រេច​ព្រហ្មទណ្ឌ​ស្ថាពរ​គឺ​គ្រប់គ្រាន់​។

ងាក​ទៅ​អង្គហេតុ​របស់​យើង​វិញ ថ្វីដ្បិត​គ្រួសារ​លោក​ (​ខ​) ទទួល​ការសម្រប​សម្រួល​ទទួល​នូវ​សំណង​ពី​ក្រុមគ្រួសារ​លោក​ (​ក​) ក៏ដោយ ក៏​មិនអាច​រំលត់​នូវ​បណ្តឹងអាជ្ញា​នោះដែរ ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​ប្រជាពលរដ្ឋ​ដែល​ដឹង​អំពី​បទល្មើស​នោះ​អាច​ប្តឹង​បរិហារ ទៅ​អយ្យការ​ដើម្បីឱ្យ​បណ្តឹងអាជ្ញា​នោះ​មាន​ចលនា​ផងដែរ​។

សរុប​សេចក្តី​មក លោក​ (​ក​) ​គាត់​នៅតែ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដដែល បើ​​ទោះបី​ជា​គាត់​ផ្តល់​សំណង​ឱ្យ​គ្រួសារ​លោក​ (​ខ​) ក៏ដោយ​៕