គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជានៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ​ដោយសារ​កត្តា​ជាច្រើន​បើ​ទោះ​ជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ទាំង​ពលរដ្ឋ​និង​សមត្ថកិច្ច​ហើយ​ក្តី។ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាសជាមួយ​លោក​ គង់ សុវណ្ណ ជាទី​ប្រឹក្សា​ជំនាញ​និង​ជា​អនុ​ប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជន​បទ​ជំហាន​ទី ២ របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ទាក់ទង​នឹង​ការ​វិវត្ត​ក្រោយ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តាម​ការអង្កេត​របស់​លោក​ក្នុងនាម​ជាទី​ប្រឹក្សា​ការងារ​សុវត្ថិភាព​ចរាចរណ៍​តើ​លោក​យល់​ឃើញ​ថា​ការ​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​យ៉ាង​ម៉េច​ដែរ ?

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​នៅតែ​បន្ត​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​សាធារណៈ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ទាំង​មូល​របស់​កម្ពុជា។រយៈពេល​ថ្មីៗ​កន្លង​ទៅ​នេះ​យើង​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​មាន​ច្បាប់​ចរាចរណ៍​និង​មាន​ការ​គោរព​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ល្អ​ប្រសើរ​ច្រើន​ជាង​មុន រួមមាន ការ​ផាក​ពិន័យ និង​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន​លើ​អ្នក​ប្រព្រឹត្ត​ខុស​ក្តី ប៉ុន្តែ​អ្នក​បើកបរ​មួយ​ចំនួន​ធំ ដូចជា ពុំទាន់​ទទួល​បាន​ការ​យល់​ដឹង​ជ្រួត​ជ្រាប និង​គោរព​ប្រតិបត្តិ​តាម​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ឡើយ​ទេ។ ម្ល៉ោះ​​ហើយ​បាន​ជា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ធ្ងន់ធ្ងរ​នៅ​ពុំទាន់​បាន​ថយ​ចុះ​ឲ្យ​ស្រប​តាម​ការ​រំពឹង​ទុក​របស់​ផែនការ​ជាតិ​ដែល​បាន​កំណត់​នៅ​ឡើយ​ទេ។

តើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អាចមកពី​មិនសូវ​មានការ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យបាន​ទូលំ​ទូលាយ​ ឬក៏​មក​ពី​កត្តា​មនុស្ស​មិន​គោរព​ច្បាប់?

ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល​ក៏​ដូចជា វិស័យ​ឯកជន​បាន​រួម​ដៃគ្នា​យ៉ាង​សកម្ម​និង​ស្វិតស្វាញ​បំផុត​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ជូន​ពលរដ្ឋ។ទន្ទឹម​នឹង​នោះ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ក៏បាន​អនុវត្ត​ពី​ដើម​ឆ្នាំ ២០១៦ យ៉ាង​សកម្ម​ផង​ដែរ។

ជា​លទ្ធផល​យើង​បាន​សង្កេតឃើញថា​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ ១៧ ភាគរយ​របួស​ធ្ងន់​ថយ​ចុះ ១៤ ភាគរយ​និង​របួស​ស្រាល​ថយ​ចុះ ១៣ ភាគរយ។

ដោយឡែក​ក្នុង​ឆ្នាំ ២០១៧ និងឆ្នាំ២០១៨ យន្តការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​និង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូចជា​ពុំ​សូវ​ផុស​ផុល​ដូច​ឆ្នាំ ២០១៦ កន្លង​ទៅ​ទេ។ដូច្នេះ​ហើយ​បាន​ជា​យោង​ទៅ​តាម​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​អត្រា​អ្នក​ស្លាប់​ក្នុង​ឆ្នាំ ២០១៧ មាន​ការ​កើន​ឡើង ៧ ភាគរយ​និង​អ្នក​របួស​ធ្ងន់ធ្ងរ​គឺ​កើន​ឡើង ៤ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៦។

ជាការ​ពិតណាស់​មនុស្ស​តែងតែ​បង្ក​កំហុសឆ្គង​និង​ងាយស្រួល​ទទួលរង​នូវ​ឥទ្ធិពល​ដែល​ងាយ​គ្រោះ​ថ្នាក់ និង​អវិជ្ជមាន​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់។ ដូច​នេះ​ហើយ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​បើកបរ​គ្រប់រូប​ឱ្យ​ឆ្ពោះ​ទៅ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​គឺ​ចាំបាច់​ណាស់​រាជ​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន​ក៏​ដូចជា វិស័យ​ព័ត៌មាន មាន​ទូរទស្សន៍​កាសែត វិទ្យុ ទំព័រ​បណ្តាញ​សង្គម​ត្រូវ​ពង្រីក​បន្ថែម​នូវ​ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ជាប់​លាប់ ហើយ​បន្ត​ទ្រទ្រង់​សកម្មភាព​អាទិភាព​ដែល​មាន​ដូចជា កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ក្នុង​សាលា​រៀន និង​នៅ​តាម​សហគមន៍ ការ​កែ​លម្អ​កម្រិត​សុវត្ថិភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ពង្រឹង​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ធ្វើ​បច្ចុប្បន្ន​ភាព​បទដ្ឋាន​ពាក់ព័ន្ធ​ក្រោម​ច្បាប់ ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ផលិត​ខ្សែ​ភាពយន្ត​អប់រំ​ខ្លី​និង​ដាក់​ចេញ​នូវ​កម្មវិធី​ប្រកួត​ប្រជែង​ការ​អនុវត្ត​កិច្ចការ​សុវត្ថិភាព​ចរាចរណ៍​តាម​ក្រសួង មន្ទីរ ស្ថាប័ន សាលា​រៀន និង​សហគមន៍។ល។

លោក​បានបញ្ជាក់ ហើយ​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ បើ​ទោះ​ជា​មាន​ការ​អនុវត្ត​ច្បាប់។ ក្នុង​នាម​លោក​ជាទី​ប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​នេះ​ដែរ តើ​លោក​សង្កេត​ឃើញ​បញ្ហា​គ្រោះ​ថ្នាក់​នេះ​មាន​ការ​វិវឌ្ឍ​ដូច​មេ្តច​ដែរ​នា​ពេល​ថ្មីៗ​នេះ?

ជាក់ស្តែង​នា​ដើមឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ យើង​ក៏បានសង្កេត​ឃើញ​ហេតុការណ៍​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​តក់ស្លុត​ជាច្រើន​ករណី​ដែល​បាន​បង្កឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់,រថយន្ត​ធ្វើ​អាជីវកម្ម​ឬ​ដឹក​កម្មករ​រថយន្ត​ក្រុង,យាន​យន្តូ​បករណ៍,រថយន្ត​លក្ខណៈ​គ្រួសារ​ត្រី​ចក្រ​និង​ទោចក្រ​យានយន្ត។

ទាំងអស់នោះ​ភាគច្រើន​អ្នកបើកបរ​ពួកគេ​បាន​បើក​ហួស​ល្បឿន​កំណត់​មិន​គោរព​ភ្លើង​បញ្ជា​ចរាចរណ៍​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ និង​មិន​គោរព​សិទ្ធិ​អាទិភាព និង​បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​បើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន។

បញ្ហា​ទាំងនេះហើយ​ដែល​យើងទាំងអស់គ្នា​បាន​មើលឃើញ​ជាក់​ស្តែង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រាជ​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ សមាគម​ជាតិ សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​បាន​ពួតដៃ​គ្នា​យ៉ាង​សកម្ម​លើ​ការ​អប់រំ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ប៉ុន្តែ​អ្នក​បើកបរ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើស​ច្បាប់ និង​ធ្វេស​ប្រហែស​ដដែល​ជា​ដដែល។

តាមរយៈ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ ២០១៨​ និង​ដាក់​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ កិច្ច​ប្រឹង​ប្រែង​រួមគ្នា​នេះ​បាន​កាត់​បន្ថយ​នូវ​ចំនួន​អ្នក​ស្លាប់​បាន ៧០៦ នាក់ និង​អ្នក​របួស​បាន ៤៥៣១ នាក់​ក្នុង​អំឡុង​ពេល​ ៣ ឆ្នាំ (២០១៦-២០១៨) ស្រប​ពេល​ដែល​យានយន្ត​មាន​កំណើន​ចំនួន ៣០,៨២ ភាគរយ។

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ដដែលៗ​នេះ តើ​លោក​គិត​ថា បណ្តាល​មក​ពី​កត្តា​មនុស្ស​ឬ​មក​ពី​កត្តា​អ្វី​ផ្សេង​រួមផ្សំ?

ជាការ​ពិតណាស់​មនុស្ស​តែងតែ​បង្ក​កំហុសឆ្គង និង​ងាយ​ស្រួល​ទទួល​រង​នូវ​ឥទ្ធិពល​ដែល​ងាយ​គ្រោះ​ថ្នាក់ និង​អវិជ្ជមាន​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់។ ដូច​នេះ​ហើយ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​បើកបរ​គ្រប់រូប​ឲ្យ​ឆ្ពោះ​ទៅ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ជា​ចាំបាច់ រាជ​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន ក៏​ដូចជា​វិស័យ​ព័ត៌មាន មាន​ទូរទស្សន៍ ការ​សែត វិទ្យុ ទំព័រ​បណ្តាញ​សង្គម ត្រូវ​ពង្រីក​បន្ថែម​ការ​ចូលរួម​ចំណែក​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជាប់​លាប់ ហើយ​បន្ត​ទ្រទ្រង់ សកម្មភាព​អាទិភាព ដែល​មាន​ដូចជា កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ក្នុង​សាលា​រៀន និង​សហគម​ន៍ និង​ការ​កែ​លម្អ​កម្រិត​សុវត្ថិភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ស្រប​តាម​បច្ចេកវិទ្យា​ដែល​មាន​គុណភាព​ក្នុងការ​វិភាគ​លក្ខណៈ​បែប​វិទ្យាសាស្ត្រ និង​សន្សំ​សំចៃ​សេដ្ឋកិច្ច​ខ្ពស់​ហៅថា “StarRatingRoad Assessment Program”។

ពិតណាស់ ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជាមួយ​នឹង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់​ទូលំ​ទូលាយ (ទាំង​ផ្លូវ​ជាតិ​ផ្លូវ​ខេត្ត និង​ផ្លូវ​ជនបទ) ជាប់​លាប់​និង​ប្រកប​ដោយ​តម្លាភាព​ព្រោះ​ថា ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ជា​កាតា​លីករ​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​បើកបរ និង​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​គ្រប់រូប​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​សុវត្ថិភាព​បាន​លឿន។

ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ប្រជែង​ក្នុងស្ថានភាព​គ្រោះ​ថ្នាក់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​ល្មើស​ចំពោះ​ភ្លើង​បញ្ជា​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​បាន​និង​កំពុង​នៅ​តែ​បន្ត​កា្លយ​ជា​មូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់​ចម្បង។ ដូចនេះ ការ​ដាក់​ពង្រាយ​ការមេរ៉ា​អចល័ត «ដោយ​មាន​ទាំង​បំពាក់​សារ​រំឭក ប្រាប់​ជាមុន​លើ​ដង​ផ្លូវ” ​នៅ​តាម​គ្រប់​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ផ្លូវ​ក្នុង​ទីក្រុង និង​ផ្លូវលំ​ត​ភ្ជាប់​សំខាន់ៗ អាច​នឹង​ជំរុញ​ឲ្យ​អ្នក​បើកបរ​មាន​ស្វ័យ​ភ្ញាក់​រឭក​ខ្ពស់។

ចំពោះ​រាល់​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មក​អំពី​បញ្ហា​យានយន្ត​របស់​រថយន្ត ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុនធ្ងន់ រថយន្ត​ក្រុង​យាន​យន្តូ​បករណ៍។ល។

ជា​ចាំបាច់ ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវអនុវត្ត​ច្បាប់ និង​មាត្រា​ពាក់ព័ន្ធ​នៃ​ច្បាប់​ចរាចរណ៍​ក្នុង​ការ​ដាក់​ស្ថាន​ទម្ងន់ និង​ពិន័យ ចំពោះ​ម្ចាស់​ក្រុមហ៊ុន ដោយ​ម៉ឺងម៉ាត់ និង​ទុកជា​គំរូ ជំរុញ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ដទៃ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ក៏​ដូចជា ចាត់​អាទិភាព​ក្នុង​ការ​ធានា​សុវត្ថិភាព​យានយន្ត​ពង្រឹង​សមត្ថភាព ក្រម​សីលធម៌​និង​លទ្ធភាព​បើកបរ ចំពោះ​អ្នក​បើកបរ​របស់​ក្រុមហ៊ុន​ខ្លួន​នីមួយៗ៕