កាលពី​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ចុះផ្សាយ​ ១ ​វគ្គ​រួចមក​ហើយពី​ករណី​ដែល​សមត្ថកិច្ច​មិនអាច​ឃាត់ខ្លួន​ក្មេង​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ដែល​ប្រព្រឹត្តល្មើស​លើ​សាច់ញាតិ​ ឬ​អ្នកដទៃ​តាម​ការបកស្រាយ​ពី​លោក​មេធាវី កុយ ដុល្លា អត្តលេខ​ ១៩៧៨T ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដោយ​ផ្អែក​តាម​មាត្រា​ ១៤ ​កថាខណ្ឌ​ ១ ​នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​។ ​ប៉ុន្តែ​បើ​អ្នកប្រព្រឹត្ត​អាយុ​លើ​ពី​ ១៤ ​ឆ្នាំ​លោក​មេធាវី​បាន​បកស្រាយ​ដូចខាងក្រោម​៖

ប្រសិន​បើ​មនុស្ស​ពេញវ័យ​លេង​កាំភ្លើង​ហើយ​ផ្ទុះ​ត្រូវចំ​ម្ដាយ​​ ឬ​សមាជិកគ្រួសារ​ស្លាប់​តើ​គាត់​អាច​ត្រូវ​ឃាត់ខ្លួន​ដែរឬទេ​?

ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាងដើម​រួច​មក​ហើយ​ថា ការឃាត់ខ្លួន​ត្រូវបាន​ហាម​តែ​អនីតិជន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ប៉ុណ្ណោះ ដោយទ្បែក​អនីតិជន​ដែល​មាន​អាយុ​ចាប់ពី​ ១៤ ​ឆ្នាំ​ទ្បើង​ទៅ និង​នីតិជន​អាច​នឹង​ត្រូវបាន​ឃាត់ខ្លួន​ប្រសិន​បើ​រកឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ដូច​មាន​ចែង​ក្នុង​មាត្រា​​ ៨៦ និង​មាត្រា​ ៨៨ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ពោល​គឺ​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ចាត់​នីតិវិធី​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។

ដូច្នេះ​ត្រង់ចំណុច​នេះ​មនុស្ស​ពេញវ័យ​ក្នុង​គ្រួសារ​ដែល​លេង​កាំភ្លើង​ហើយ​ផ្ទុះ​ចំ​ស្ដ្រី​ ឬ​សាច់ញាតិ​ស្លាប់​នឹងត្រូវ​ឃាត់ខ្លួន និង​អាច​ប្រឈម​នឹង​បទល្មើស​ឃាតកម្ម ប្រសិន​បើ​គាត់​មាន​ចេតនា​បាញ់​តាម​មាត្រា​ ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​តាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ ប្រសិន​បើ​គាត់​គ្មាន​ចេតនា​សម្លាប់​ជនរងគ្រោះ​ទេ តែ​គាត់​មាន​ការធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន ឬ​​មាន​ការខ្ជីខ្ជា​ដែល​បណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​ (​ឧ.គាត់​គ្រាន់តែ​លលេង​ខ្វះ​ការប្រុងប្រយ័ត្ន រៀល​កៃកាំភ្លើង​បាញ់​ចំ​សមាជិក​គ្រួសារ​ធ្វើឲ្យ​ស្លាប់​ជាដើម​) ​ពោល​គឺ​មន្ត្រីនគរបាល​យុត្តិធម៌​មាន​សិទ្ធិអំណាច​ឃាត់ខ្លួន​ជន​នោះ​បាន​ដោយហេតុថា​ជនសង្ស័យ​​មិនមែន​ជា​អនីតិជន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​នោះទេ ហើយ​តាម​ច្បាប់​បច្ចុប្បន្ន​ក៏​ពុំមាន​អភ័យ​ឯកសិទ្ធិ​គ្រួសារ​នោះដែរ​។ ​ប៉ុន្តែ​ថិរវេលា​នៃ​ការឃាត់ខ្លួន​ចំពោះ​អនីតិជន និង​នីតិជន​មាន​លក្ខណៈ​ខុសគ្នា អាស្រ័យ​តាម​អាយុ និង​ប្រភេទ​បទល្មើស​ (​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​)​។ អ៊ីចឹង​សួរថា តើ​ការឃាត់ខ្លួន​មាន​ថិរវេលា​យ៉ាង​ដូចម្តេច​?

ជាគោលការណ៍​ច្បាប់​ការឃាត់ខ្លួន​មាន​ថិរវេលា​ ៤៨ ​ម៉ោង​។ ថិរវេលា​នេះ​ត្រូវ​គិតពី​ម៉ោង​ដែល​សាមីខ្លួន​មក​ដល់​អង្គភាព​នគរបាល​ ឬ​កងរាជអាវុធហត្ថ​។ ចំពោះ​បទឧក្រិដ្ឋ​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ពន្យារ​ថិរវេលា​ឃាត់ខ្លួន​នេះ​បាន ប្រសិន​បើ​មាន​ភាពចាំបាច់​សម្រាប់​ការស៊ើបអង្កេត ដោយ​ស្នើសុំ​ការពន្យារ​ថិរវេលា​នេះ​ទៅ​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា​ត្រូវ​ផ្ទៀងផ្ទាត់​លើ​មូលកភាព​ថា តើ​ការស្នើសុំ​ពន្យារថិរវេលា​ឃាត់ខ្លួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​មាន​លក្ខណៈ​សមស្រប​ដែរឬ​ទេ​?​។ ទោះបី​ជា​យ៉ាងណាក្ដី ការពន្យារ​ថិរវេលា​នេះ​មិន​អាច​លើសពី​ ២៤ ​ម៉ោង​បាន​ទ្បើយ​។ ចំពោះ​អនីតិជន​វិញ ការពន្យារ​ថិរវេលា​ឃាត់​ខ្លួន​មិនអាច​ធ្វើបាន​ទ្បើយ​។

ចំពោះ​បទឧក្រិដ្ឋ អនីតិជន​ដែល​មាន​អាយុ​ពី​ ១៤ ​ឆ្នាំ​ ដល់​ក្រោម​ ១៦ ​ឆ្នាំ​ មិន​អាច​ត្រូវគេ​ឃាត់ខ្លួន​លើស​ពី​ ៣៦ ​ម៉ោង​ទ្បើយ​។

ចំពោះ​បទមជ្ឈិម អនីតិជន​ដែល​មាន​អាយុ​ពី​ ១៤ ​ឆ្នាំ ​ដល់​ក្រោម​ ១៦ ​ឆ្នាំ មិន​អាច​ត្រូវ​គេ​ឃាត់ខ្លួន​លើសពី​ ២៤ ​ម៉ោង​ទ្បើយ​។

ចំពោះ​បទឧក្រិដ្ឋ​អនីតិជន​ដែលមាន​អាយុ​ពី​ ១៦ ​ឆ្នាំ​ ដល់​ក្រោម​ ១៨ ​ឆ្នាំ​ មិនអាច​ត្រូវគេ​ឃាត់ខ្លួន​លើស​ពី​ ៤៨ ​ម៉ោង​ទ្បើយ​។

ចំពោះ​បទមជ្ឈិម អនីតិជន​ដែល​មាន​អាយុ​ពី​ ១៦ ​ឆ្នាំ​ ដល់​ក្រោម​ ១៨ ​ឆ្នាំ​ មិន​អាច​ត្រូវគេ​ឃាត់ខ្លួន​លើសពី​ ៣៦ ម៉ោង​ទ្បើយ​។

អនីតិជន​ដែល​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ ពុំ​អាច​ត្រូវគេ​ឃាត់ខ្លួន​ទ្បើយ​។

ខ្ញុំ​បាទ​សូមបញ្ជាក់​ជូន​ផងដែរ​ថា ថិរវេលា​នៃ​ការឃាត់ខ្លួន​ខាង​​លើ​នេះ​មាន​ចែង​ក្នុង​មាត្រា​ ៩៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

ឧបមា​ថា ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិន​ប្តឹង តើ​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​នោះ​បាន​ដែរ​ឬ​ទេ​?

នៅពេល​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​គឺ​បុគ្គល​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​អំពើ​របស់ខ្លួន​។ កាលណា​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ទ្បើង​ជាទូទៅ​អាចមាន​បណ្តឹង​ ២ ​គឺ​៖

បណ្តឹង​អាជ្ញា​ ឬ​បណ្តឹង​ព្រហ្មទណ្ឌ និង​បណ្តឹង​រដ្ឋប្បវេណី​នៅក្នុង​ដំណើរការ​នីតិវិធី​នៃ​រឿងក្តី​ព្រហ្មទណ្ឌ​។ សួរថា តើ​បណ្តឹងអាជ្ញា និង​បណ្តឹង​រដ្ឋប្បវេណី​ខុសគ្នា​យ៉ាង​ដូចម្តេច​?

យោងតាម​មាត្រា​​ ២ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែងថា​“​បណ្តឹងអាជ្ញា និង​បណ្តឹង​រដ្ឋប្បវេណី​គឺជា​បណ្តឹង​ ២ ​ផ្សេង​គ្នា​។ ​បណ្តឹង​អាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​បង្ហាញ​ឲ្យ​ឃើញ​ពិរុទ្ធភាព​របស់​ជនល្មើស និង​ផ្តន្ទាទោស​ជន​​នោះ​តាមច្បាប់​កំណត់​។ ​បណ្តឹង​រដ្ឋប្បវេណី​មាន​គោលបំណង​ធ្វើ​ឲ្យ​ទទួល​បាន​នូវ​ការជួសជុល​ការខូចខាត​ដែល​បណ្តាល​មកពី​​អំពើ​ល្មើស​លើ​ភាគី​រងគ្រោះ​ពោល​​គឺ​ឲ្យ​ភាគី​រងគ្រោះ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​ដែល​ខ្លួន​បាន​ទទួលរង​”​។

តាម​ការពិនិត្យ​អង្គហេតុ​ខាងលើ​បើទោះបី​ជា​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​មិន​ដាក់​បណ្ដឹង​ទល់​​នឹង​បទល្មើស​នេះ​ក៏ដោយ ឬ​ក៏​ភាគី​រងគ្រោះ​ពុំបាន​តាំងខ្លួន​ជា​​ដើមបណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ទាមទារ​សំណង​ក៏ដោយ ក៏​នីតិវិធី​ព្រហ្មទណ្ឌ​នៅតែ​បន្ត​ដដែល ពីព្រោះ​ការលះបង់​សិទ្ធិ​ប្តឹង​ ឬ​ដក​ពាក្យបណ្តឹង​របស់​ភាគី​រងគ្រោះ​ (​ក្រុមគ្រួសារ​ជនរងគ្រោះ​) មិនអាច​បញ្ឈប់ ឬ​ព្យួរ​ការអនុវត្ត​បណ្តឹងអាជ្ញា​បានទេ ហើយ​ចំណុច​នេះ​មាន​ចែង​យ៉ាងច្បាស់​ក្នុង​មាត្រា​ ២៥ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​មាន​ន័យ​ថា បណ្តឹង​អាជ្ញា​មិនអាច​រលត់​ដោយ​ការមិន​ប្តឹង​ ឬ​ការដក​ពាក្យបណ្តឹង​ពី​ភាគី​រងគ្រោះ​ទ្បើយ លើកលែង​តែ​ច្បាប់​ចែង​ជាមុន​ថា ការដក​ពាក្យបណ្តឹង​នាំ​ឲ្យ​បណ្តឹង​អាជ្ញា​រលត់​ប៉ុណ្ណោះ​ (​ឧ.ក្នុង​ករណី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រសិន​បើ​មាន​ការដក​ពាក្យបណ្តឹង​នោះ​បណ្តឹងអាជ្ញា​នឹង​រលត់​នេះ​គឺ​ដោយសារ​តែ​មានច្បាប់​ចែង​យ៉ាងច្បាស់​ជា​មុន​សូម​មើល​មាត្រា​ ៣០៩ ​នៃ​ក្រមព្រហ្មទណ្ឌ​)​។

យើង​អាច​សាកល្បង​ពិចារណា​លើ​ករណី​នេះ ប្រសិន​បើ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ខាងលើ​​កើតទ្បើង តែ​ភាគី​រងគ្រោះ​បាន​ដក​ពាក្យបណ្តឹង​ ឬ​មិន​ដាក់​ពាក្យបណ្ដឹង​ទល់​នឹង​អំពើ​នោះ​ហើយ​​នាំ​ឲ្យ​បណ្តឹងអាជ្ញា​រលត់​ទៅ​តាម​ដែរនោះ​គឺអាច​មាន​ករណី​ផ្សេង​ទៀត​យក​គំរូ​តាម ហើយ​ភាគី​ជនសង្ស័យ​នឹងមិន​ខ្លាចរអា​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ទ្បើយ​។

ហេតុដូច្នេះ​ហើយ​ទើប​ច្បាប់​ចែង​ថា​ទោះបី​ជា​មាន​ការដក​ពាក្យបណ្តឹង​ ឬ​ក៏​ភាគី​រងគ្រោះ​មិន​ប្តឹង​ក៏ដោយ ក៏​បណ្តឹង​អាជ្ញា​នៅ​ដំណើរការ​ដដែល ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​នៅតែ​មាន​សិទ្ធិ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ព្រោះ​មានតែ​អយ្យការ​ (​ព្រះរាជអាជ្ញា​) ​ទេ​ទើប​មាន​សិទ្ធិ​ធ្វើ​បណ្តឹងអាជ្ញា​ (​មាត្រា ១៣១ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) ​ដើម្បី​ទាមទារ​ឲ្យ​យុត្តាធិការ​ស៊ើបសួរ និង​យុត្តាធិការ​ជំនុំជម្រះ​អនុវត្ត​ទៅតាម​ច្បាប់​។

ករណី​ស្រដៀង​គ្នា​នេះដែរ ឪពុក​បង្កើត​បាន​កាប់​កូន​ខ្លួនឯង​ស្លាប់ តើ​គាត់​ត្រូវ​មានទោស​ដែរឬ​ទេ ព្រោះ​គាត់​ជា​សាច់ញាតិ​ក្នុង​គ្រួសារ និង​ជា​មនុស្ស​ពេញវ័យ​ទៀត​។ ក្នុង​រឿងនេះ តើ​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវតែ​ឃាត់​ខ្លួន​គាត់​ដែរឬទេ​?

ដូច​បានបញ្ជាក់​ខាង​លើ​ហើយ​ថា ចំពោះ​ករណីនេះ​ច្បាប់​ពុំ​បាន​ផ្តល់​អភ័យឯកសិទ្ធិ​គ្រួសារ​​ទ្បើយ ហើយ​ការអនុវត្ត​បណ្តឹងអាជ្ញា​គឺ​អនុវត្ត​ទៅលើ​ទាំង​រូបវន្តបុគ្គល​ទាំង​នីតិបុគ្គល​ដោយ​ឥតប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ​ដើមកំណើត ឋានៈ​ក្នុងសង្គម ធនធាន ឬ​ស្ថានភាព​ផ្សេងទៀត​ទ្បើយ (​ដូច​មានចែង​ក្នុង​មាត្រា​ ៣ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)​។ ​

ត្រង់ចំណុច​នេះ​ស្តែង​ឲ្យ​ឃើញ​ថា​ការអនុវត្ត​បណ្តឹងអាជ្ញា​មាន​លក្ខណៈ​ទូទៅ និង​មិន​ចំពោះ​មានន័យថា ទោះបី​ជា​ជនសង្ស័យ​នោះ​ជា​បុព្វញាតិ​ ឬ​បច្ឆាញាតិ អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ ឬ​មាន​ជាតិ​សាសន៍​អ្វី​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​គឺ​ត្រូវ​ទទួលទោស​តាមច្បាប់​ព្រហ្មទណ្ឌ​លើកលែង​តែ​ច្បាប់​ផ្តល់​អភ័យឯកសិទ្ធិ​គ្រួសារ​ប៉ុណ្ណោះ ឧទាហរណ៍​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​បុព្វញាតិ ឬ​បច្ឆាញាតិ ឬ​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​សហព័ទ្ធ​ (​ប្តី ឬ​ប្រពន្ធ​) ​គឺ​មាន​អភ័យឯកសិទ្ធិ​គ្រួសារ​ដែល​មិន​អាច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បាន​ទេ នេះ​បើ​យោង​តាម​មាត្រា​ ៣៥៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក៏ប៉ុន្តែ​ផ្អែក​តាម​អង្គហេតុ​ខាងលើ​នេះ​ច្បាប់​ពុំបាន​ចែង​អំពី​អភ័យឯកសិទ្ធិ​គ្រួសារ​នោះ​ទេ ហេតុដូច្នេះ​ជនសង្ស័យ​ជា​ឪពុក​បាន​កាប់​កូន​ខ្លួនឯង​បណ្តាល​​ឲ្យ​ស្លាប់​នោះ​គឺ​ត្រូវ​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ធ្វើការ​ឃាត់ខ្លួន​ជន​នោះបាន​៕