ជាទូទៅ​វិវាទ​ក្ដីក្ដាំ​នៅក្នុង​តុលាការ​ភាគី​​ទំនាស់​តែងតែមាន​មេធាវី​ការពារ​រៀងៗ​​ខ្លួន ក៏ប៉ុន្តែ​ទំនង​ជាមាន​ពលរដ្ឋ​ភាគតិច​​ណាស់​ដែល​បាន​យល់​ដឹងថា តើ​រវាង​​មេធាវី​តំណាង​ដោយ​អាណត្តិ​ និង​មេធាវី​ការពារ​សិទ្ធិ​ខុសគ្នា​យ៉ាងដូចម្ដេច​?

​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

តើ​មេធាវី​តំណាង​ដោយ​អាណត្តិ ​និង​មេធាវី​ការពារ​សិទ្ធិ​មានន័យ​ខុសគ្នា​​ដូចម្តេច​?

មេធាវី​តំណាង​ដោយ​អាណត្តិ គឺ​សំដៅលើ​មេធាវី​ការពារ​ក្តី​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ព្រោះ​មេធាវី​តំណាង​ដោយ​អាណត្តិ​នេះ​អាច​ឡើង​ជំនុំជម្រះ និង​ឆ្លើយ​ជំនួស​ឲ្យ​កូនក្តី​បាន​។ ​ជា​នីតិវិធី ជាធម្មតា​បើ​មេធាវី​ការពារ​រឿងក្តី​ណាមួយ គឺ​មេធាវី​ត្រូវតែ​សិក្សា​សំណុំរឿង​នោះបាន​ល្អិតល្អន់ ឬ​ច្បាស់លាស់ ហើយ​ដូច្នេះ​តាមរយៈ​ការសិក្សា​សំណុំ​រឿងនេះ​មេធាវី​អាច​ឆ្លើយ​​ជំនួស​កូនក្តី​បាន​។ ​

ប៉ុន្តែ​បើ​គេ​និយាយថា​មេធាវី​ការពារ​សិទ្ធិ​វិញ គឺ​គេ​និយាយ​​សំដៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដូច្នេះ​​គេ​ហៅថា មេធាវី​ការពារ​សិទ្ធិ​។ ដូចគ្នា​នោះដែរ បើ​មេធាវី​ដែល​ត្រូវបាន​ចាត់តាំងពី​គណៈមេធាវី​វិញ គឺ​ការហៅ​ក៏​ដូចគ្នា​ដែរ គ្រាន់តែ​បន្ថែម​ពាក្យ​ថា មេធាវី​ចាត់តាំង​តំណាង​ដោយ​អាណត្តិ​ (​រឿង​រដ្ឋប្បវេណី​) ​ហើយ​បើ​រឿង​ព្រហ្មទណ្ឌ​វិញ​ហៅថា មេធាវី​ចាត់តាំង​ឲ្យ​ការពារ​សិទ្ធិ​។

ដូច្នេះ​បើ​តុលាការ​ប្រើពាក្យ​ថា​មេធាវី​តំណាង​ដោយ​អាណត្តិ​គឺ​គេ​ដឹង​​ថា​មេធាវី​នោះ​ការពារ​តែ​សំណុំរឿង​រដ្ឋប្បវេណី​ទេ ហើយ​បើ​តុលាការ​ប្រើពាក្យ​​ថា​មេធាវី​ការពារ​សិទ្ធិ​គឺ​គេ​សំដៅ​ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ​។

រាល់​ការជំនុំជម្រះ ពេលខ្លះ​គេ​ឃើញ​អវត្តមាន​ជន​ជាប់ឃុំ​ក្នុង​សវនាការ​​ប៉ុន្តែ​មាន​វត្តមាន​មេធាវី​ជា​តំណាង​។ តើ​​ការជំនុំជម្រះ​បែបនេះ​អាច​ចាត់ទុកថា នៅ​ចំពោះមុខ​ជន​ជាប់ឃុំ​បានទេ​?

ជាគោលការណ៍​ច្បាប់ បើ​ពេលខ្លះ​តុលាការ​ប្រើពាក្យ​ថា ជំនុំជម្រះ​ចំពោះ​​មុខ​ជនជាប់ចោទ គឺ​លុះណាតែ​ខាង​តុលាការ​បាន​ជូនដំណឹង​ដល់​ភាគី​ដែល​ត្រូវ​ចូលខ្លួន​មក​ជំនុំជម្រះ​នោះ​ទទួល​​បាន​លិខិត​កោះអញ្ជើញ ហើយ​ប្រាកដថា ភាគី​ពាក់ព័ន្ធ​បាន​ទទួល​លិខិត​កោះអញ្ជើញ​ពី​តុលាការ​។ ​ប៉ុន្តែ​បើ​អ្នកនោះ​គាត់​មិន​ចូលទៅ​បង្ហាញមុខ​ក្នុង​សាលជំនុំជម្រះ​ទេ​គឺ​គាត់​មាន​មេធាវី​ជា​តំណាង​ហើយ​។ តែបើ​លិខិតអញ្ជើញ​ពី​តុលាការ​មិនបាន​ទៅ​ដល់ដៃ​អ្នក​ដែល​​ត្រូវ​កោះអញ្ជើញ​ឲ្យ​ចូល​ជំនុំជម្រះ​នោះ​​ទេ ប៉ុន្តែ​មាន​មេធាវី​ជា​តំណាង​គឺ​តុលាការ​អាច​ជំនុំជម្រះ​កំបាំងមុខ​បាន​។

ដូច្នេះ​បើ​តុលាការ​ប្រើពាក្យ​ថា កាត់ក្តី​​កំបាំងមុខ​ជនជាប់ចោទ ឬ​ជន​ជាប់ឃុំ​មានន័យថា លិខិតអញ្ជើញ​មិនបាន​ទៅ​ដល់ដៃ​សាមី​ខ្លួនគេ​ឡើយ​។ ​

ករណី​​ជំនុំជម្រះ​កំបាំងមុខ​នេះ គឺ​សំណុំរឿង​​ដែល​ក្រោយពី​ត្រូវ​តុលាការ​ជំនុំជម្រះ​រួច​គឺ​តុលាការ​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​សាលក្រម​ ឬ​សាលដីកា​កំបាំងមុខ​នោះ ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​ក្នុង​រឿង​នោះ​មាន​សិទ្ធិ​ប្តឹង​ទាស់​នឹង​សាលក្រម​កំបាំងមុខ​នោះ​ឲ្យ​ជំនុំជម្រះ​ឡើងវិញ​បាន​លើ​សាលក្រម​កំបាំងមុខ​របស់គាត់​។

ប៉ុន្តែ​ការបើក​សវនាការ​ជំនុំជម្រះ​ឡើង​​វិញ​នេះ​គឺ​ត្រូវមាន​វត្តមាន​ចៅក្រម​ដែល​ជំនុំជម្រះ​ពីលើ​ក​មុន​ដដែល​។ ​បើ​ក្នុង​​រឿង​ព្រហ្មទណ្ឌ​វិញ ទោះជា​មេធាវី​បាន​សិក្សា​សំណុំរឿង​របស់​កូនក្តី​ក៏ដោយ ក៏​មេធាវី​មិនអាច​ឆ្លើយ​ជំនួស​កូនក្តី​របស់ខ្លួន​បាន​ឡើយ ចាំបាច់​ត្រូវតែ​មាន​វត្តមាន​ជនជាប់ចោទ​ពេល​ជំនុំជម្រះ​។

ជា​គោល​កាណ៍ការ​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ គឺជា​ការកាត់ក្តី​ជា​សាធារណៈ ហើយ​នៅ​ចំពោះមុខ​ជនជាប់ចោទ​ទៀត​។ ​អ៊ីចឹង​ហើយ​បានជា​នៅ​​ពេល​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ជន​ជាប់ឃុំ​អវត្តមាន​ម្តងៗ​​មេធាវី​តែងតែ​តវ៉ា​ស្នើសុំ​តុលាការ​ទាមទារ​ឲ្យ​មាន​វត្តមាន​កូនក្តី​។ ការស្នើសុំ​ឲ្យ​មាន​វត្តមាន​កូនក្តី​ក្នុង​សវនាការ​នេះ​គឺ​ចង់​ឲ្យ​ជន​ជាប់ឃុំ​នោះបាន​ឆ្លើយ​ដោយ​ខ្លួនគេ​នៅ​ចំពោះមុខ​ចៅក្រម ដើម្បី​ឲ្យ​​ជន​នោះ​អស់ចិត្ត​។ ​

ករណីនេះ​បើ​ការជំនុំជម្រះ​នៅ​សាលាដំបូង​រាជធានី​-​ខេត្ត និង​​សាលាឧទ្ធរណ៍​តំបន់​ ឬ​ឧទ្ធរណ៍​រាជធានី​គឺ​ចៅក្រម​លោក​នឹងធ្វើ​ការពិចារណា​ទៅ​​លើ​សំណូមពរ​របស់​មេធាវី​អំពី​តម្រូវការឱ្យ​មាន​វត្ត​មាននៅ​ក្នុង​បន្ទប់​សវនាការ​ព្រោះ​ការជំនុំជម្រះ​ក្នុង​រឿង​ព្រហ្មទណ្ឌ​មេធាវី​គ្រាន់តែ​ការពារ​សិទ្ធិ​ជន​ជាប់ឃុំ​​ប៉ុណ្ណោះ​តែ​មិនអាច​ឆ្លើយ​ជំនួស​កូនក្តី​​បានទេ​ (​ក្នុង​រឿង​ព្រហ្មទណ្ឌ​)​។

ប៉ុន្តែ​បើ​​នៅ​តុលាការ​កំពូល​គឺមាន​មាត្រាមួយ​​ចែងថា បើទោះជា​ជន​ជាប់ឃុំ​មិន​មក​​បង្ហាញខ្លួន​ក្នុង​សវនាការ​ក៏ដោយ​ក៏​តុលាការ​អាចធ្វើ​ការជំនុំជម្រះ​បានដែរ​ឲ្យ​តែមាន​វត្តមាន​មេធាវី ព្រោះ​តុលាការ​កំពូល​ជំនុំជម្រះ​តែ​ទៅលើ​អង្គច្បាប់​​ប៉ុណ្ណោះ មិន​វែកញែក​ពី​អង្គហេតុ​ (​ដំណើររឿង​) ​នោះ​ទេ​៕