ជាធម្មតាការពឹងពាក់មេធាវីឱ្យការពារក្ដីក្នុងរឿងអ្វីមួយ គឺកូនក្ដីតែងប្រគល់ការទុកចិត្តលើមេធាវីរូបនោះ ហើយមានអ្នកខ្លះហ៊ានរហូតដល់ប្រគល់ឯកសារច្បាប់ដើម [ប្លង់កម្មសិទ្ធិ] ជូនមេធាវីដើម្បីរក្សាទុកក៏មានដែរ។ ប៉ុន្តែប្រសិនបើមេធាវី យកឯកសារ ឬប្លង់នោះទៅលក់ តើគាត់ប្រឈមនឹងបញ្ហាអ្វី? ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច ជាក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថា លោក (ក) បានពឹងពាក់មេធាវីម្នាក់ឱ្យការពារក្តីគាត់ក្នុងរឿងទំនាស់ដីធ្លី។ បន្ទាប់ពីកូនក្តីប្រគល់ឯកសារ និងប្លង់ដីទៅមេធាវីអស់ ស្រាប់តែមេធាវីរូបនោះបានយកប្លង់ដីរបស់កូនក្តីទៅលក់ឱ្យអ្នកផ្សេង។ ក្រោយមកមេធាវីរូបនោះត្រូវកូនក្តីប្តឹងនគរបាលឱ្យចាប់ខ្លួន។ ក្នុងករណីជាប់ពាក់ព័ន្ធបទល្មើសបែបនេះតើមេធាវីរូបនោះនឹងអាចបន្តបម្រើការងារជាមេធាវីបានទេ?
បើមានករណីបែបនេះកើតឡើងគឺតាមគោលការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺអ្នកដែលមានទោសព្រហ្មទណ្ឌ មិនអាចប្រកបការងារជាមេធាវីបានទេ។ មេធាវីរូបនោះគឺជាជនគំហាត់ (ការឃាត់) តាមផ្លូវតុលាការ។ តែបើក្នុងករណីតុលាការរកមិនឃើញពីអំពើល្មើសរបស់មេធាវីនោះទេគឺតុលាការនឹងឱ្យមេធាវីនោះរួចផុតពីបទចោទ ហើយបើគាត់មិនជាប់ពាក់ព័ន្ធបទល្មើសដូចចោទខាងលើទេ គឺមេធាវីរូបនោះមានសិទ្ធិប្រកបការងារជាមេធាវីបន្តទៀតបាន។
ធម្មតាមេធាវីត្រូវបានពឹងពាក់ដើម្បីការពារក្តីដល់ជនណាម្នាក់ចុះបើគាត់ទទួលសេវាកូនក្តី ហើយបែរជាមិនការពារឱ្យគេតើកូនក្តីប្តឹងបានទេ?
ករណីនេះ ប្រសិនបើកើតមានមែននោះ អ្នកដែលពឹងពាក់មេធាវីនោះត្រូវប្តឹងទៅគណៈមេធាវី ហើយគណៈមេធាវីនឹងធ្វើការកោះហៅមេធាវីរូបនោះដើម្បីដាក់ពិន័យ ឬត្រូវបញ្ឈប់ឱ្យប្រកបវិជ្ជាជីវៈរយៈពេលណាមួយ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណៈមេធាវី៕