ការជួល​ជាងដែក​ឲ្យ​ទៅ​ផ្សារ​ឧបករណ៍​អ្វីមួយ​នៅក្នុង​ផ្ទះ​ហើយ​ចៃដន្យ​ត្រូវ​ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ក្នុង​បរិវេណ​ផ្ទះ​នោះ សួរថា តើ​ម្ចាស់ផ្ទះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស​នោះដែរ​ទេ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី អិលប៊ីអិល មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ១០ ផ្លូវ​ ១០៥ ភូមិ​បាក់ទូក​សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមា​ថា មាន​ម្ចាស់ផ្ទះ​មា្នក់​បាន​ជួល​ជាងដែក​ឲ្យ​ទៅ​ជួយ​ផ្សារ​ដំបូលផ្ទះ​របស់គាត់ តែ​ចៃដន្យ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​។ តើ​ករណី​បែប​នេះ​ម្ចាស់ផ្ទះ​គាត់​មាន​ចំណែក​ទទួល​ខុសត្រូវ​ដែរឬទេ​?

ក្នុង​អង្គហេតុ​ខាងលើ​នេះ ខ្ញុំ​ធ្វើការ​បែងចែក​ជា​ ២ ​ករណី​៖ ករណី​ទី​ ១ ម្ចាស់ផ្ទះ បាន​ម៉ៅការ​ឲ្យ​ជាងផ្សារដែក​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​កម្លាំង​ពលកម្ម សម្ភារ និង​ម៉ាស៊ីនភ្លើង​ជាដើម ហើយ​ម្ចាស់ផ្ទះ​នឹង​ធ្វើការ​ទូទាត់​ប្រាក់​ដោយផ្ទាល់​ទៅ​អ្នក​ម៉ៅ​ធ្វើ​ដំបូល​។ ​ក្នុងករណីនេះ​កាលណា​មាន​កម្មករ​ណា​ម្នាក់​ដែល​កំពុង​បំពេញ​ការងារ​របស់ខ្លួន​នៅក្នុង​កិច្ចការ​ម៉ៅការ​ដំបូលផ្ទះ​នេះ គ្រោះថ្នាក់ ដូចជា ពិការ​​ ឬ​ស្លាប់​នោះ​អ្នកម៉ៅការ​នឹង​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ គ្រោះថ្នាក់​ការងារ​នេះ ហើយ​ម្ចាស់​ផ្ទះ​ដែល​ផ្តល់​ការ​ម៉ៅការ​​នោះ មិន​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ការងារ​នេះឡើយ​។

ករណី​ទី​ ២ ក្នុងករណី​ម្ចាស់ផ្ទះ​បាន​ជួល​ជាងដែក​ឲ្យ​ធ្វើ​ដំបូល​ផ្ទះ​ឲ្យ​ខ្លួន​ដោយផ្ទាល់​ហើយ​ស្ថិត​នៅ​ក្រោម​ការណែនាំ​របស់​ខ្លួន នោះ​កម្មករ​ទាំងនេះ​គឺ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការទទួល​ខុសត្រូវ​ទាំងស្រុង​របស់​ម្ចាស់ផ្ទះ​។ យោងតាម​មាត្រា ២៤៨ កថាខណ្ឌ​ ១ នៃ​ច្បាប់​ស្តីពី​ការងារ​ចែង​ថា​៖ “​ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើការ​ ឬ​ក្នុងពេល​ធ្វើការ ទោះ​ដោយហេតុ​យ៉ាងណា​ក៏ដោយ ហើយ​ទោះ​មាន​កំហុស​មកពី​កម្មករ​និយោជិត ឬ​គ្មាន​ក៏ដោយ គឺ​គ្រោះថ្នាក់​ដែល​ធ្លាក់​លើ​រូបកាយ​កម្មករនិយោជិត​ក្នុង​ពេល​ធ្វើការ​ឲ្យ​និយោជក ឬ​នាយក សហគ្រាស ឬ​ធ្លាក់​លើ​សិស្ស​វិជ្ជាជីវៈ​មាន​ឈ្នួល​ក្តី ឥត​ឈ្នួល​ក្តី កាន់​មុខងារ​ជា​អ្វី​នៅ​ទីកន្លែង​ណាក៏ដោយ​”​។

ក្នុងករណី​ដែល​ការបំពេញ​ការងារ​នេះ កម្មករ​ទទួលរង​គ្រោះថ្នាក់​ដល់​ស្លាប់​នោះ​ម្ចាស់ផ្ទះ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​សំណង​ប្រាក់​បំណាច់​ដល់​ជនរងគ្រោះ​។ យោងតាម​មាត្រា​ ២៥៣ នៃ​ច្បាប់​ស្តីពី​ការងារ​បាន​ចែងថា​៖ “​ក្នុងករណី​ដែលមាន​គ្រោះថ្នាក់​ដល់​ស្លាប់​ ឬ​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​បាត់បង់​សមត្ថភាព​ពលកម្ម​ជា​អចិន្រៃ្តយ៍ ប្រាក់បំណាច់​ត្រូវ​បើក​ឲ្យ​អ្នករងគ្រោះ ឬ​អ្នក​សិទ្ធិវន្ត​ជា​ធនលាភ​”​។

ក្នុងករណី​គ្រោះថ្នាក់​ការងារ​នេះ កើតឡើង​ដោយ​កំហុស​ធ្ងន់ធ្ងរ​របស់​ជនរងគ្រោះ ហើយ​ភាគី​នៃ​វិវាទ​មិន​សុខចិត្ត​ចំពោះ​ការទាមទារ​សំណង ហើយ​ភាគី​វិវាទ​នោះបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​មាន​សមត្ថកិច្ច ហើយ​តុលាការ​ក៏​រកឃើញ​កំហុស​​គ្រោះថ្នាក់​ការងារ​នេះ ពិតជា​បណ្តាល​មកពី​ជនរងគ្រោះ​នោះ នោះ​តុលាការ​នឹង​អាច​កាត់បន្ថយ​ប្រាក់​ទាមទារ​ពី​តំណាង​ជនរងគ្រោះ​បាន ៕