តាមច្បាប់ អ្នកបើករថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ហើយ​នគរបាល​ចាប់បាន​ត្រូវ​មានទោស​។ ប៉ុន្តែ​ក្នុងករណី​អ្នកផ្សេង​ឡើង​បើករថយន្ត​របស់​អ្នកដទៃ ហើយ​ទៅបុក​មនុស្ស​ស្លាប់ តើ​ម្ចាស់​រថយន្ត​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដែរ​ឬ​យ៉ាងណា​? ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​ឡើង​បើករថយន្ត​អ្នកដទៃ​ដែល​ម្ចាស់​កំពុង​បញ្ឆេះ​ចោល ហើយ​បាន​បុក​មនុស្ស​ស្លាប់​។ ​ក្នុង​ករណី​នេះ តើ​ម្ចាស់​រថយន្ត​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ករណី​បុក​ស្លាប់​នោះដែរ​ឬ​យ៉ាងណា​? ព្រោះ​គេ​យល់ថា បើ​កុំ​តែ​គាត់​បើករថយន្ត​មក​ចត​ចោល​ក៏​គ្មាន​កើតរឿង​បែបនេះ​ដែរ​?

សម្រាប់​ករណីនេះ​ម្ចាស់​រថយន្ត មិន​ទទួលខុសត្រូវ​លើ​ការស្លាប់​មនុស្ស​ទេ ទោះបី​គាត់​បើក​រថយន្ត​មក​ចត​ចោល​ក៏ដោយ​​តែ​ម្ចាស់​រថយន្ត​គឺជា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​សំណង​រដ្ឋប្បវេណី​ដោយសារ​តែ​វា​កើតចេញ​ពី​អំពើ​អនីត្យានុកូល​របស់ខ្លួន ដោយ​ផ្អែក​ទៅ​លើ​មាត្រា​ ៧៥២ ​នៃ​ក្រម​រដ្ឋប្បវេណី​អំពី​ការទទួល​ខុសត្រូវ​ចំពោះ​វត្ថុ​គ្រោះថ្នាក់ វត្ថុ​គ្រោះថ្នាក់​នៅ​ក្នុង​ន័យ​នេះ​ត្រូវ​បាន​ច្បាប់​សន្មត​ដូចជា រថយន្ត​គ្រឿងចក្រ​សម្រាប់​ដឹកជញ្ជូន​គ្រឿងផ្ទុះ​វិទ្យុសកម្ម​ជាអាទិ៍​។ ​ដើម្បី​រួចផុត​ពី​ការទទួល​ខុសត្រូវ​កម្មសិទ្ធិករ​ ឬ​អ្នកគ្រប់គ្រង​វត្ថុ​ត្រូវបំពេញ​លក្ខខណ្ឌ​ណាមួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​ ៤ ​យ៉ាង​គឺ​៖

- ​ការខូចខាត​កើតឡើង​បណ្តាល​មកពី​ប្រធាន​សក្តិ

- ​ការខូចខាត​កើតឡើង​បណ្តាល​មកពី​ជនរងគ្រោះ

- ​ការខូចខាត​កើតឡើង​បណ្តាល​​មកពី​តតិយជន

- ​ខ្លួន​បាន​យកចិត្ត​ទុកដាក់​គ្រប់គ្រង​វត្ថុ​គ្រោះថ្នាក់​ដោយ​គ្មាន​វិការ​។

តើ​រវាង​លោក​ (​ក​) ​និង​ម្ចាស់​រថយន្ត​មួយណា​មានទោស​ធ្ងន់​ជាង​? ​បើ​លោក​ (​ក​) ​មាន​ទោស​ធ្ងន់​ជាង​មកពី​មូលហេតុ​អ្វី​?

យោង​តាម​មាត្រា​ ៧២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​ ២០១៥ ចែងថា​ “​អ្នកបើកបរ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការបើកបរ​យានជំនិះ​។ ​អ្នក​គ្រប់គ្រង​ ឬ​កម្មសិទ្ធិករ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី​ក្នុង​ករណី​យានជំនិះ​របស់ខ្លួន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​”​។

ផ្អែក​តាម​អង្គហេតុ​ខាងលើ​លោក (​ក​) ​មានទោស​ធ្ងន់​ជាង​ម្ចាស់រថយន្ត​ព្រោះថា លោក​ (​ក​) ​បាន​បើករថយន្ត​បណ្តាល​ឲ្យ​ទៅបុក​មនុស្ស​ស្លាប់​គាត់​គឺជា​ដើមហេតុ​នៃ​អំពើ​ផ្ទាល់ខ្លួន​របស់​គាត់ អ្នកណា​ធ្វើ អ្នកនោះ​ជា​អ្នក​ទទួល​ខុសត្រូវ ព្រោះ​ជា​គោលការណ៍​ក្នុង​រឿង​ព្រហ្មទណ្ឌ​បុគ្គល​ម្នាក់ៗ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​បើ​ការបុក​មនុស្ស​ស្លាប់​នោះ​ទៀតសោត​គឺ​វា​កើតឡើង​ដោយ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ការ​ខ្ជីខ្ជា​ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​នោះ​វា​ស្ថិត​ក្នុង​ធាតុ​ផ្សំ​នៃ​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​ដែលមាន​ចែង​ក្នុង​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ២ ​លាន​រៀល​ទៅ​ ៦ ​លាន​រៀល​។

ក្នុងករណីនេះ​ចុះ​បើ​លោក (​ក​) រត់​បាត់ តើ​សមត្ថកិច្ច​ត្រូវ​ចាប់​ម្ចាស់​រថយន្ត ​ឬ​យ៉ាងណា​?

ដូច​បាន​ជម្រាបជូន​នូវ​ចម្លើយ​ខាងលើ​ដែរ ម្ចាស់​រថយន្ត​គាត់​ជា​អ្នកទទួល​ខុសត្រូវ​ផ្នែក​សំណង​រដ្ឋប្បវេណី​មិនមែន​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះទេ ហើយ​សមត្ថកិច្ច​មិន​អាច​ចាប់​ម្ចាស់​រថយន្ត​បានទេ តែ​ម្ចាស់​រថយន្ត​ត្រូវតែ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ព្យសនកម្ម​ដែល​បាន​កើតឡើង​ និង​ទំហំ​នៃ​ការទាមទារ​របស់​ភាគី​ខាង​សាច់ញាតិ​ជនរងគ្រោះ​ហើយ​សមត្ថកិច្ច​មាន​តួនាទី​ជា​​អ្នកសម្របសម្រួល​នូវ​ការចរចា​សំណង និង​ធ្វើ​កំណត់ហេតុ​រវាង​ភាគី​ទាំង​ ២ ​។

ក្នុង​ករណី​ដែល​ការចរចា​សំណង​មិន​ត្រូវ​គ្នា​ភាគី​ខាង​សាច់ញាតិ​ជនរងគ្រោះ​អាច​ប្តឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​សំណង​រដ្ឋប្បវេណី​។ ​សមត្ថកិច្ច​អាច​ធ្វើការ​សាកសួរ​ស្វែងរក​នូវ​អត្តសញ្ញាណ​របស់​ជនបង្ក​​ពី​ម្ចាស់​រថយន្ត​នោះបាន ហើយ​ម្ចាស់​រថយន្ត​ក៏ត្រូវ​ធ្វើការ​សហការ​ផ្តល់នូវ​អ្វីដែល​សមត្ថកិច្ច​ចង់បាន​ដើម្បី​ឈាន​ទៅ​ស្វែងរក​ការចាប់ខ្លួន​អ្នក​ដែល​បាន​បុក​មនុស្ស​ស្លាប់​នោះ ប៉ុន្តែ​សមត្ថកិច្ច​មិន​អាច​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ដូច​ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​នោះទេ​។

មួយទៀត​ម្ចាស់​រថយន្ត​ជិះ​ក្នុង​​រថយន្ត ហើយ​តៃកុង​ដែល​ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​បាន​បុក​មនុស្ស​ស្លាប់​។ សួរថា តើ​ម្ចាស់​រថយន្ត ឬ​តៃកុង​មួយណា​មាន​កំហុស​ធ្ងន់​ជាង​គេ​?

តាម​សមិទ្ធកម្ម​ខាងលើ​ម្ចាស់​រថយន្ត​គឺជា​និយោជក រីឯ​តៃកុង​ដែល​ជា​អ្នកស៊ីឈ្នួល​បើក​រថយន្ត​នោះ​គឺជា​និយោជិត​ដោយ​យោងតាម​មាត្រា​ ៧៤៧ ​នៃ​ក្រម​រដ្ឋប្បវេណី​បុគ្គល​ដែល​ប្រើ​និយោជិត​ ដើម្បី​អនុវត្ត​កិច្ចការ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការសង​នូវ​សំណង​នៃ​ការខូចខាត​ដែល​និយោជិត​បង្ក​ដល់​អ្នកដទៃ​ដោយ​ខុស​ច្បាប់​។ ​ដើម្បី​ឲ្យ​និយោជក​ទទួល​ខុសត្រូវ​សង​សំណង​នៃ​ការខូចខាត​ដោយ​កើតឡើង​ពី​អំពើ​អនីត្យានុកូល​របស់​និយោជិត​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ ៣ ​យ៉ាង​គឺ​៖

- ​ការប្រើ​និយោជិត​ដើម្បី​អនុវត្ត​កិច្ចការ​ណាមួយ​ជា​កំណត់

- ​អំពើ​អនីត្យានុកូល​នោះ​កើតឡើង​ក្នុង​អំឡុង​ពេលដែល​និយោជិត​អនុវត្ត​កិច្ចការ​របស់​ខ្លួន

- ​ព្យសនកម្ម​កើតឡើង​ជា​អំពើ​របស់​និយោជិត​។

ចំណែកឯ​តៃកុង​ឡាន​ជា​​អ្នកបើក​ផ្ទាល់​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​ ៧២ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​ ២០៧ ​នៃ​ក្រមព្រហ្មទណ្ឌ​៕