ការជួល​រថយន្ត​ទៅ​ឲ្យ​អ្នក​ជួល​ឬ​អ្នកផ្សេង​យកទៅ​ប្រើប្រាស់ ហើយ​អ្នក​ជួល​រថយន្ត​នោះ បាន​បើក​បុក​មនុស្ស​ស្លាប់​តើ​ម្ចាស់​រថយន្ត​នោះ នឹង​មាន​ទោស​ផ្នែក​ព្រហ្មទណ្ឌ​ដែរ​ទេ? សូម​តាម​ដាន​ការ​បកស្រាយ​ជុំវិញបញ្ហា​នេះ ពី​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៥ Eo ផ្លូវ​លេខ ៩ ក្រុម ៥ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ដូច​ខាងក្រោម៖

លោក (ក) បាន​ជួល​រថយន្ត​ទៅ​ឲ្យ​លោក (ខ) ហើយ​ចៃដន្យ​លោក (ខ) បើក​រថយន្ត​ទៅបុក​មនុស្ស​ស្លាប់​តើ​ករណី​នេះ​លោក (ក) ជា​ម្ចាស់​រថយន្ត​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ដែរ​ទេ?

ករណី​លោក (ក) បាន​ជួល​រថយន្ត​ទៅ​ឲ្យ​លោក (ខ) ហើយ​ចៃដន្យ​លោក (ខ) បើក​ទៅ​បុក​មនុស្ស​ស្លាប់ បញ្ហា​នេះ​លោក (ខ) គឺជា​អ្នក​ទទួល​ខុសត្រូវ នូវ​អំពើ​អនីត្យនុកូល​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស​របស់​ខ្លួន បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ការ​ខូចខាត​ដល់​បូរណភាព​រាងកាយ រហូត​ដល់​បាត់បង់​ជីវិត ឬ​បាត់បង់​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ ដោយ​ហេតុ​ថា លោក (ខ) បាន​បង្កើត​កំហុស​បណ្តាល​ឲ្យ​មាន​ព្យសនកម្ម និង​មាន​ចំណង​ហេតុ និង​ផល។ ចំណែកឯ​លោក (ក) ដែល​បាន​ជួល​រថយន្ត​វិញ​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ។

ប្រសិនបើ​លោក (ក) គាត់​ពាក់ព័ន្ធ​គឺ​ដោយ​មូល​ហេតុអ្វី ហើយ​បើ​មិន​ពាក់ព័ន្ធ​ដោយ​មូលហេតុ​អ្វី ?

បើ​លោក (ក) គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​វិញ ក្នុងករណី​ដែល​គាត់​មាន​បំណង ឬ​ឆន្ទៈ សម​គំនិត​ជាមួយ​លោក (ខ) រួមគ្នា​ប្រព្រឹត្ត​នូវ​កំហុស​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដោយ​ចេតនា ដោយ​ព្យាករ​ទុកជា​មុន​ថា នឹង​មាន​លទ្ធផល​កើត​ឡើង ហើយ​ទទួល​យក​លទ្ធផល​នោះ​ករណីនេះ​លោក (ក) ដែល​បាន​ជួល​រថយន្ត​របស់​គាត់​ឲ្យ​ទៅ​លោក (ខ) ដោយ​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​ច្បាប់​នោះ លោក (ក) ត្រូវ​ជាប់​ចោទ ក្នុង​ការ​សម​គំនិត ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ជាមួយ​គ្នា។

តែបើ​ក្នុងករណី​លោក (ក) មិន​ចង់​ជាប់​ពាក់ព័ន្ធ​វិញ​នោះ លុះត្រា​តែ​លោក (ក) មិន​បាន​សម​គំនិត​ជាមួយ​លោក (ខ) ប្រព្រឹត្ត​នូវ​អំពើ​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នកដទៃ ឬ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ប្រយោជន៍​ដល់​អ្នកដទៃ និយាយ​រួម​ដើម​ហេតុ​នៃ​អំពើ និង​ផល​ពី​ការ​ខូចខាត​ដែល​បាន​កើត​ឡើង​គឺ​មិន​បាន​បំពាន ហើយ​កាល​ណា​មិន​បាន​បំពាន​ក៏​មិន​មាន​ការ​ខូចខាត​កើត​ឡើង​ដែរ។

តើ​ម្ចាស់​រថយន្ត (លោក ក) គួរ​ធ្វើ​កិច្ចសន្យា​បែបណា​ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ការពារ​ខ្លួន ?

ដើម្បី​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់​ចៀសវាង​ពី​ការមិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក (ខ) នោះ លោក (ក) មុន​នឹង​ជួល​រថយន្ត​របស់​គាត់ ត្រូវតែ​ធ្វើ​កិច្ចសន្យា​ជួល​រថយន្ត​ជា​លាយ​លក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់​លាស់ មាន​សាក្សី មាន​អត្ត​សញ្ញាណប័ណ្ណ មាន​លិខិត​ឆ្លងដែន មាន​សៀវភៅ​គ្រួសារ មាន​ប័ណ្ណ​បើកបរ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ងាយ​ស្រួល​ក្នុង​ការ​ស៊ើបអង្កេត​ពីបទ​ល្មើស​ដែល​បាន​កើត​ឡើង ជាពិសេស​ថែម​ទៀត​នោះ នៅ​ក្នុង​កិច្ចសន្យា​ជួល​រថយន្ត គឺ​ត្រូវតែ​ចែង​អំពី​សិទិ្ធ និង​កាតព្វកិច្ច របស់​ភាគី​អ្នក​ជួល​រថយន្ត​របស់​គាត់ ដូចជា​ក្នុង​រយ:ពេល​នៃ​ការ​ជួល​នេះ រួម​នឹង​ការ​កើត​មាន​នូវ​ព្យសនកម្ម ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​រថយន្ត ដែល​បាន​ជួល​នេះ​ដូចជា​គ្រោះ​ថា្នក់​ចរាចរណ៍​ឬ​ប្រព្រឹត្ត​អ្វីដែល​ផ្ទុយ​នឹង​ច្បាប់ អ្នក​ជួល​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ទាំង​រឿង​ព្រហ្មទណ្ឌ និង​រឿង​រដ្ឋ​ប្បវេណី។ល។

ចុះបើ​លោក (ក) គាត់​កំពុង​ជិះ​រថយន្ត​ជាមួយ​លោក (ខ) ហើយ​លោក (ខ) បើក​រថយន្ត​បុក​មនុស្ស​ស្លាប់​តើ​លោក (ក) ជាប់​ពាក់ព័ន្ធ​ដែរ​ទេ?

ករណីនេះ​លោក (ក) គាត់​កំពុង​ជិះ​រថយន្ត​ជាមួយ​លោក (ខ) ហើយ​លោក (ខ) បើក​បុក​មនុស្ស​ស្លាប់​ករណី​លោក (ក) មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះទេ អ្នកណា​ធ្វើ អ្នក​នោះ​គឺជា​អ្នក​ទទួល ហើយ​លោក (ក) មិនមែន​ជា​អ្នកបង្ក​ហេតុ គាត់​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ នូវ​កំហុស​ដែល​បាន​កើត​ឡើង​ឡើយ​ហើយ​បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​វិញ​នោះ គឺជា​គោលការណ៍​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ បុគ្គល​ម្នាក់ៗ ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​យោង​តាម មាត្រា ២៤ គោលការណ៍​ឯកត្តកម្ម​នៃ​ការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ។

ចំណែកឯ​លោក (ខ) វិញ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់ខ្លួន​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា ៨៥ បាន​ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន​ឬ​មិន​គោរព កាតព្វកិច្ច​នៃ​បទ​ប្បញ្ញត្តិ ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ០០០ ០០០ (បួន​លាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់​ប្រាំ​លាន) រៀល។

ក្រោយ​បុក​មនុស្ស​ស្លា​ប់លោក (ខ) គេចខ្លួនបាត់​នៅសល់តែ​លោក (ក) នៅ​ក្នុង​រថយន្ត តើ​នឹង​ត្រូវ​មាន​ទោស​ក្នុង​ចំណែក​ណាមួយ​ដែរ​ទេ​ព្រោះ​ថា បទល្មើស​កើត​ឡើង​ពេល​នោះ គាត់​ក៏​នៅ​ក្នុង​រថយន្ត​នោះ​ដែរ?

ក្រោយ​បុក​មនុស្ស​ស្លា​ប់លោក (ខ) គេចខ្លួនបាត់ នៅសល់​តែ​លោក (ក) នៅ​ក្នុង​រថយន្ត ករណី​នេះ​លោក (ក) នឹង​មិន​មាន​ទោស​ទណ្ឌ​អ្វី​នោះទេ បើ​ទោះបី​ជា​គាត់​នៅ​ក្នុង​រថយន្ត​ជាមួយ​លោក (ខ) ក៏ដោយ ព្រោះថា បទល្មើស​កើត​ឡើង​នោះ គឺ​លោក (ខ) ជា​អ្នក​បង្ក​កំហុស​របស់​ខ្លួន ឲ្យ​មាន​គ្រោះថ្នាក់​ការ​ខូចខាត​ដល់​បូរណភាព​រាងកាយ​រហូត​ដល់​បាត់បង់​ជីវិត​របស់​គេ។ ចំណែក​លោក (ក) វិញ មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​បំពាន​ឬ​បង្ក​ការ​ខូចខាត​ដល់​អ្នកដទៃ​នោះទេ ព្រោះ​ថា បើ​គ្មាន​អំពើ​បំពាន ក៏​គ្មាន​ការ​ខូចខាត​ឬ​លទ្ធផល​កើត​ឡើង​ដែរ។

តើ​វត្ថុតាង​ដែលជា​រថយន្ត​បង្ក​នោះ​លោក (ក) អាច​យកមក​វិញ​បានទេ នៅ​ពេល​ដែល​លោក (ក) ព្រម​ចេញ​សំណង​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ហើយ​នោះ ?

ចំពោះ​ករណីនេះ លោក (ក) នៅតែ​អាច​យក​វត្ថុតាង​ដែលជា​រថយន្ត​បង្ក​នោះ​របស់​ខ្លួន​មក​វិញ​បាន នៅ​ពេល​ដែល​លោក (ក) បាន​ជួយ​ចេញ​សំណង​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ចប់​សព្វ​គ្រប់​ព្រោះ​ថា វត្ថុតាង​ដំបូង​ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ឃាត់ និង​រក្សាទុក​រួចហើយ គាត់​ធ្វើការ​រាយការណ៍ និង​បញ្ជូន​ភ័ស្តុតាង​ដែល​ពាក់ព័ន្ធ​មក​ស្ថាប័ន​តុលាការ ដើម្បី​រក្សាទុក​ភ័ស្តុតាង​នេះ​តាមផ្លូវ​ច្បាប់ ហើយ​តុលាការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រគល់​វត្ថុតាង​នេះ​គឺមាន​ខាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត/ក្រុង និង​សាលា​ដំបូង​ខេត្ត​ក្រុង​ជា​អ្នក​ទទួល​រក្សា​ភ័ស្តុតាង​នេះ។

យោងតាម​មាត្រា ១១៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ព្រះរាជអាជ្ញា មាន​សមត្ថកិច្ច​បង្គាប់​ឲ្យ​ប្រគល់​វត្ថុ​ដែល​ចាប់​បាន​នៅ​ក្នុង​ពេល​ស៊ើបអង្កេតទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​វត្ថុ​ទាំង​នោះ​ពុំមាន​ប្រយោជន៍​សម្រាប់​ការសម្ដែង​ការពិត​នោះ​ទេ ហើយ​ប្រសិន​បើ​កម្មសិទ្ធិ​លើ​វត្ថុ​នោះ គ្មាន​ការ​ជំទាស់​អ្វី​ប្រាកដ​ប្រជា​ទេ។

ប៉ុន្តែ វត្ថុតាង​ដែលមាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស ឬ​ចំពោះ​ទ្រព្យសម្បត្តិ ដូចជា​អាវុធ ឬ​ជាតិ​ផ្ទុះ ព្រមទាំង​វត្ថុ​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ខុសច្បាប់ មិនអាច​ប្រគល់​ឲ្យ​វិញ​ទេ។ វត្ថុ​ទាំងនោះ​ត្រូវ​រឹប​អូស​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ត្រូវ​បំផ្លាញ​ចោល។

ក្នុងករណី​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ទេ គ្មាន​សមត្ថកិច្ច​ក្នុងការ​ប្រគល់​ទេ កាលណា​មាន​ការ​ចោទ​ប្រកាន់​ធ្វើ​ឡើង​នៅ​ចំពោះមុខ យុត្តាធិការ​ស៊ើបសួរ ឬ​យុត្តាធិការ​ជំនុំ​ជម្រះ។ ព្រះរាជ​អាជ្ញា និង​អគ្គ​ព្រះរាជ​អាជ្ញា នៅ​តែ​មាន​សមត្ថកិច្ច កាល​ណា​ការ​ស៊ើបសួរ​ត្រូវ​បាន​បញ្ចប់​ដោយ​សេចក្តី​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ជា​ស្ថាពរ៕