ការឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅ​ពេល​ខ្លះ​គេ​សង្កេត​ឃើញ​ថា នគរបាល​យុត្តិធម៌​បាន​ធ្វើ​នៅ​តាម​ទីសាធារណៈ​ហើយ​គេ​ក៏​មិន​ដឹង​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​ឬ​យ៉ាង​ណា​ទេ​។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ជនសង្ស័យ​បាន​​រត់​ចូល​ទៅ​ពួន​ក្នុង​ផ្ទះ​គេ​ ឬ​ក្នុង​របង​ផ្ទះ​គេ​ ឬ​ក៏​ចូល​ពួន​ក្នុង​ផ្ទះ​ឪពុកម្តាយ​របស់​ខ្លួន​ផង​ក៏​មាន​។

ក្នុង​ករណី​បែប​នេះ​តើ​ច្បាប់​មាន​បែងចែក​ដូចម្តេច​ដែរ​? ជុំវិញ​​បញ្ហា​នេះ​ភ្នំពេញ ប៉ុស្តិ៍​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

បើ​ជន​ម្នាក់​បាន​បង្ក​បទល្មើស​​ហើយ​បាន​រត់​ចូល​ក្នុង​ផ្ទះ​គេ​​ ឬ​ផ្ទះ​ខ្លួនឯង ហើយ​ឪពុកម្តាយ​ក៏​ដឹង​ដែរ តែ​ពួកគាត់​នៅ​តែ​​អនុញ្ញាត​ឲ្យ​កូន​ចូល​ពួន រួច​នគរបាល​ដឹង​។ សួរ​ថា​ពេល​នោះ​តើ​នគរបាល​ត្រូវ​ជូន​ដំណឹង​​ដល់​ព្រះរាជអាជ្ញា​ ឬ​ក៏​ចូល​ទៅ​ឃាត់​ខ្លួន​ជន​នោះ​តែ​ម្តង​?

បញ្ហា​នេះ​គឺ​ចង់​និយាយ​ពី​បទល្មើស​ជាក់ស្តែង​បាន​ន័យ​ថា​ជន​នោះ​រត់​មក ហើយ​គេ​បាន​ឃើញ​ចូល​ក្នុង​ផ្ទះ​នោះ ករណី​បែប​នេះ​បើ​មាន​មន្ត្រី​នគរបាល​ដេញ​នោះ​គឺ​អាច​ចូលចាប់​ជន​នោះ​បាន​ (​គេ​ថា​ដេញ​ប៉ផាប់​ចាប់​ពភីង​)​។ ករណី​មួយ​ទៀត​ម្ចាស់​ផ្ទះ​នោះ​ស្រែក​ហៅ​ឲ្យ​សមត្ថកិច្ច​ចូល​ចាប់​ជន​នោះ​ពោល​គឺ​ដោយ​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ទីតាំង​។ ​តែ​បើ​បទល្មើស​នៅ​អត់​ជាក់ស្តែង​ទេ​គឺ​ទាល់​តែ​សុំ​ដីកា​ឆែកឆេរ​ពី​ព្រះរាជអាជ្ញា​។

បើ​យោង​មាត្រា​ ៨៦ ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់​ស្តែង​គឺ ៖

- បទល្មើស​ដែល​កំពុង​ប្រព្រឹត្ត

- បទល្មើស​ដែល​ទើប​ប្រព្រឹត្ត​រួច​ភ្លាម​។ ត្រូវ​ចាត់ទុក​ថា​ជា​បទល្មើស​ឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​ដែរ​កាលណា​នៅ​ក្រោយ​ពេល​មាន​បទល្មើស​រួច​បន្តិច​មកៈ

- ​ជន​ដែល​គេ​សង្ស័យ​ត្រូវ​បាន​សាធារណជន​ស្រែក​ដេញ​ប៉ផាប់​ចាប់​ពភីង

- ​បុគ្គល​ដែល​ត្រូវគេ​រកឃើញ​មាន​វត្ថុ​ ឬ​មាន​ស្លាកស្នាម ឬ​តម្រុយ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ ឬ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​។

មាត្រា​ ៨៧ ក្នុង​ករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​គ្រប់​បុគ្គល​ទាំងអស់​អាច​ចាប់​ខ្លួន​ជនល្មើស​ហើយ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​ជូន​មន្ត្រី​នគរបាល​​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​។

ទោះបី​យ៉ាង​ណា​ជា​គោលការណ៍ បើ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ទេ មិន​អាច​ចូល​ទៅ​គេហដ្ឋាន​ ឬ​ក៏​ទីតាំង​របស់​គេ​បាន​ទេ លុះត្រា​តែ​មាន​ដីកា​ឆែកឆេរ​។ ​ប៉ុន្តែ​យើង​ត្រូវ​យល់​ថា បើ​ផ្ទះ​គេ​មាន​របង មាន​អី​ត្រឹមត្រូវ អ៊ីចឹង​វា​ប៉ះពាល់​ទៅ​ដល់​កន្លែង​ទីតាំង​ឯកជន​របស់​គេ​មួយ​ទៀត​ហើយ​។ បើ​ចូល​​ទីតាំង​របស់​គេ​ជា​គោលការណ៍​ត្រូវ​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​សិន​។

ព្រោះ​ហេតុអ្វី​? ​គឺ​សមត្ថកិច្ច​ត្រូវ​តែ​ហ៊ុមព័ទ្ធ​កន្លែង​នោះ​សិន ថ្វីដ្បិត​តែ​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​ទីតាំង​របស់​គេ​គឺ​ត្រូវ​ចែក​ដាច់​ពី​គ្នា​។ ពេលណា​ចូល​ដល់​ទីតាំង​ឯកជន​របស់​គេ ហើយ​សមត្ថកិច្ច​សុំ​ចូល​ទីតាំង​នោះ​មិន​បាន​គឺ​ទាល់​តែ​មាន​ដីកា​ពី​តុលាការ​ទើប​ចូល​បាន​។ តែ​​បើ​មាន​ករណី​ដេញ​ប៉ផាប់​ចាប់​ពភីង​គឺ​នៅក្នុង​ទ្រឹស្តី​ច្បាប់​គឺ​សមត្ថកិច្ច​អាច​ចូល​ទីតាំង​នោះ​បាន តែ​បើ​ម្ចាស់​ទីតាំង​នោះ​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចូល​មាន​ន័យ​ថា ម្ចាស់​ទីតាំង​នោះ​លាក់​កំបាំង​បទល្មើស​។ មួយ​ទៀត​ទីតាំង​ឯកជន ហើយ​បិទទ្វារ​ហើយ​ស្រាប់​តែ​ម្ចាស់​ទីតាំង​នោះ​ឃើញ​ជនល្មើស​មក​ហើយ​​បើក​ទ្វារ​ឲ្យ​ចូល គឺ​មាន​ន័យ​ថា​ម្ចាស់​ផ្ទះ​នោះ​លាក់​បទល្មើស​។ ករណី​មួយ​ទៀត​គេ​និយាយ​ពី​ទីតាំង​សាធារណៈ​ដូចជា ផ្សារ​ជាដើម អ៊ីចឹង​ពេល​ជនល្មើស​រត់​ចូល​ទៅ​ក្នុង​ផ្សារ​នោះ​គឺ​សមត្ថកិច្ច​នគរបាល​ចូល​តាម​ភ្លាមៗ​បាន​៕

(សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)