កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ​ប៉ុស្ដិ៍ បាន​ចុះ​ផ្សាយ​រួច​មួយ​វគ្គ​មក​ហើយ​អំពី​នីតិវិធី​នៃ​ការឃាត់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​របស់​សមត្ថកិច្ច​ក្នុង​ករណី​អ្នក​ប្រព្រឹត្តល្មើស​នោះ​រត់​ចូល​ផ្ទះ​អ្នកដទៃ​ ឬ​ផ្ទះ​ខ្លួនឯង​តាមរយៈ​ការផ្ដល់​បទសម្ភាស​ដោយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​យើង​សូម​លើក​យក​វគ្គ​បញ្ចប់​មក​ចុះ​ផ្សាយ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ចំពោះ​ឪពុកម្តាយ​ដែល​ដឹងថា​កូន​ប្រព្រឹត្ត​បទល្មើស​ហើយ ហើយ​នៅ​តែ​សមគំនិត​លាក់​បំពួន​កូន​តើ​សមត្ថកិច្ច​អាច​នាំ​ខ្លួន​ពួកគាត់​ទៅ​ជាមួយ​កូន​ដែល​បង្ក​ល្មើស​ដែរ​ឬ​ទេ​?

ករណី​នេះ​សមត្ថកិច្ច​មិន​អាច​ឃាត់​ខ្លួន​ម្តាយ​ឪពុក​នោះ​បាន​ទេ​។ ​ក្នុង​ន័យ​ច្បាប់​ឪពុកម្តាយ​ ឬ​អ្នក​ជាប់​សាច់ញាតិ គេ​អាច​ឲ្យ​ធ្វើ​ជា​សាក្សី តែ​មិន​ឲ្យ​ស្បថ​ទេ​ក្នុង​ន័យ​ហ្នឹង​គេ​មិន​ឲ្យ​ឪពុកម្តាយ​ ឬ​អ្នក​ជាប់​សាច់ញាតិ​ឆ្លើយ​ដាក់​បន្ទុក​លើ​សាច់ញាតិ​ខ្លួនឯង​បាន​ទេ​។ ​នគរបាល​អាច​បង្ខំ​ឲ្យ​ឪពុកម្តាយ​ជនល្មើស​ធ្វើ​ជា​សាក្សី​បាន​តែ​មិន​អាច​បង្ខំ​ឲ្យ​ស្បថ​បាន​ទេ​។

មាន​ន័យ​ថា​ស្មើ​នឹង​សាមីខ្លួន​មិន​អាច​ឆ្លើយ​ដាក់​បន្ទុក​ខ្លួនឯង​បាន​។ អ៊ីចឹង​ក្នុង​នាម​ជា​ឪពុកម្តាយ ជា​ប្តី​ប្រពន្ធ គេ​មិន​ឲ្យ​លាក់​កំបាំង​ជនល្មើស​ទេ ជនល្មើស​មាន​ន័យ​ថា​ (​អ្នកដទៃ​) ច្បាប់​មិន​បាន​និយាយ​ពី​ការអនុញ្ញាត​ទេ ក៏​ប៉ុន្តែ​ក្នុង​ន័យ​ហ្នឹង​គឺ​គេ​បកស្រាយ​ទៅ មាន​ន័យ​ថា​អ៊ីចឹង​។ ​កូន​ខ្លួនឯង​ចូល​ទៅ​លេង​ផ្ទះ​រឿង​អី​ថា​ឪពុកម្តាយ​មិន​អនុញ្ញាត​ឲ្យ​ចូល​លេង ហើយ​បើ​គេ​សួរ​ថា​មាន​ឃើញ​កូន​អ្នកឯង​នៅ​ផ្ទះ​ឬ​អត់​ហើយ​ម្តាយ​នោះ​​ថា​អត់ អ៊ីចឹង​ករណី​នេះ​ក្នុង​នាម​ជា​សាក្សី​ហើយ ។

អ៊ីចឹង​សាក្សី​គេ​មិន​ឲ្យ​ចាប់​បង្ខំ​ឪពុកម្តាយ​ ឬ​ប្តី​ប្រពន្ធ​ឆ្លើយ​ដាក់​កូន​ ឬ​ប្តី​ ឬ​ប្រពន្ធ​ខ្លួនឯង​ទេ​។

ក្នុង​មាត្រា​ ៩១ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា​នគរបាល​យុត្តិធម៌​អាច​ធ្វើ​ការឆែកឆេរ​បាន​។ ​ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ទទួល​ជា​បឋម​នូវ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ទោះបី​ជា​ការអនុញ្ញាត​ដោយ​ផ្ទាល់​មាត់​ក៏ដោយ​។

មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​ធ្វើការ​ឆែកឆេរ​នៅ​ចំពោះ​មុខ​អ្នក​កាន់កាប់​ទីកន្លែង​ ឬ​បើ​គ្មាន​អ្នក​កាន់កាប់​ទេ​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ​សាក្សី​ ២ ​នាក់​។ ​សាក្សី​ត្រូវ​ចាត់តាំង​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​។

ជាទូទៅ​នៅ​ពេល​ជនណា​ម្នាក់​ប្រព្រឹត្ត​បទល្មើស​ហេតុ​អី​បាន​ជា​សមត្ថកិច្ច​ត្រូវ​ជូន​ដំណឹង​ទៅ​ព្រះរាជអាជ្ញា​ជា​មុន​?ហើយ​បទល្មើស​ខ្លះ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយ​មិន​បាច់​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​?

រឿង​នេះ​មាន​តែ​បទល្មើស​ជាក់ស្តែង​ទេ​ដែល​នគរបាល​យុត្តិធម៌​មិន​ជូន​ដំណឹង​ទៅ​ព្រះរាជអាជ្ញា​តែ​ក្រៅ​ពី​បទល្មើស​ជាក់ស្តែង​គឺ​នគរបាល​យុត្តិធម៌​ត្រូវ​ជូនដំណឹង​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​។ សំណួរ​សួរ​ថា​ហេតុ​អី​ចាំបាច់​ជូន​ដំណឹង​?

គឺ​ជូនដំណឹង​ទាក់ទង​នឹង​បទល្មើស​មិន​ជាក់ស្តែង នគរបាល​យុត្តិធម៌​ត្រូវ​តែ​ជូន​ដំណឹង​ទៅ​ព្រះរាជអាជ្ញា ពីព្រោះ​គេ​មិន​ចង់​ឲ្យ​ស្ថាប័ន​អនុវត្ត​ដោយ​ខ្លួនឯង​ទេ​ទុក​ឲ្យ​ស្ថាប័ន​តុលាការ ព្រោះ​ព្រះរាជអាជ្ញា​គាត់​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​មិនមែន​នគរបាល​យុត្តិធម៌​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​ទេ​។ ​ព្រោះ​ក្នុង​ន័យ​ច្បាប់​គេ​បែងចែក​អំណាច​ជា​ ៣ ​គឺ​អំណាច​នីតិប្បញ្ញត្តិ អំណាច​ប្រតិបត្តិ និង​អំណាច​តុលាការ​។

អ៊ីចឹង​នគរបាល​យុត្តិធម៌​ស្ថិត​នៅ​ក្នុង​កម្រិត​នីតិប្រតិបត្តិ ព្រោះ​គាត់​ចាំ​តែ​ចាប់​ហើយ​នឹង​ចង​ទេ គាត់​គ្មាន​សិទ្ធិ​ចាប់​ជនល្មើស​ខ្លួន​ឯង​ទេ ក៏​ប៉ុន្តែ​ច្បាប់​គេ​អនុញ្ញាត​តែ​មួយ​មុខ​គត់​គឺ​នគរបាល​មាន​សិទ្ធិ​ចាប់​ជនល្មើស​បាន​គឺ​បទល្មើស​ជាក់ស្តែង​។ បើ​មិន​មាន​គោលការណ៍​បែប​នេះ​ទេ នគរបាល​ពេល​ខឹង​នរណា​ម្នាក់​ចេះ​តែ​ដើរ​ចាប់​វាយ​អ្នក​នោះ​ប៉ាតណាប៉ាតណី​ហើយ ព្រោះ​ច្បាប់​គេ​បែងចែក​កុំ​ឲ្យ​ស្ថាប័ន​មួយៗ​មាន​អំណាច​ខ្លាំង​ពេក​។

តើ​ការឃុំ​ខ្លួន​នៅ​ដំណាក់កាល​នគរបាល​ជនសង្ស័យ​​ចាំបាច់​ត្រូវ​មាន​មេធាវី​ការពារ​ចម្លើយ​ជនសង្ស័យ​ដែរ​ទេ​?

ឥឡូវនេះ​មាន​តែ​ច្បាប់​យុត្តិធម៌​សម្រាប់​អនីតិជន​មួយ​គត់​ដែល​ចែង​មក​គឺ​ថា​នៅ​គ្រប់​ដំណាក់កាល​តាំងពី​ដំណាក់កាល​នគរបាល​ត្រូវ​តែ​មាន​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​ពួកគេ​មុន​នឹង​សួរចម្លើយ​។ រាល់​ដំណាក់កាល​សួរចម្លើយ​ត្រូវ​តែ​មាន​មេធាវី​ចំពោះ​អនីតិជន​។ មាន​តែ​រឿងក្តី​នេះ​មួយ​គត់​ដែល​ច្បាប់​អនុញ្ញាត​ក្រៅពី​រឿង​អនីតិជន​ហើយ​ដែល​ជា​បទឧក្រិដ្ឋ​ពេល​បើក​សវនាការ​ត្រូវ​តែ​មាន​វត្តមាន​មេធាវី​។

ចំពោះ​នៅ​ដំណាក់កាល​នគរបាល​វិញ​តើ​ជនល្មើស​ត្រូវ​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ទើប​បញ្ជូន​បន្ត​ទៅ​តុលាការ​?

នគរបាល​យុត្តិធម៌​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​បាន​ ៤៨ ​ម៉ោង​ ប៉ុន្តែ​ប្រសិន​បើ​ជនសង្ស័យ​នោះ​មាន​បញ្ហា​ផ្នែក​សុខភាព​ ឬ​បញ្ហា​អ្វី​មួយ​គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​ ២៤ ​ម៉ោង​ទៀត​។ ប៉ុន្តែ​មុន​នឹង​បន្ត​នីតិវិធី​ឃុំ​ខ្លួន​ត្រូវ​ជូន​ដំណឹង​មក​ព្រះរាជអាជ្ញា​សិន​៕