ការ​រស់​នៅ​ក្នុង​សហ​គមន៍​ឬ​ក្នុង​​សង្គម​គ្រួសារ​​ គេ​តែង​ជួប​ប្រ​ទះ​ជារឿយៗនូវ​​បញ្ហា​ការយក​ទ្រព្យ​​ដោយ​អ្នក​​ដ​ទៃ​​ឬ​ដោយ​សមា​ជិក​នៅ​ក្នុង​គ្រួ​សារ​នោះ​​។​ប៉ុន្តែ​​អំ​ពើ​យក​ទ្រព្យស​ម្បត្តិ​របស់​អ្នកដ​ទៃ​តើ​ត្រូវ​មាន​ទោស​បែប​ណា​ ហើយ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ជា​សមា​ជិក​គ្រួសា​វិញ​តើ​ត្រូវ​មាន​ទោស​ដែរ​ទេ​​?​ជុំវិញ​បញ្ហា​នេះ​ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយ​លោក​មេធាវី​ ឡោ​ គីមហ្គិច នៃ​ក្រុម​មេធាវី​អា​ស៊ាន-អន្តរ​ជាតិ​ ដែល​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ ១៦R​ ផ្លូវ ២៥២ សង្កាត់​ចតុ​មុខ​ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម ៖

តើ​អ្វី​ទៅ​ជា​អំ​ពើ​លួច​ ហើយ​អំ​ពើ​លួច​នេះ​មាន​ត្រូវ​ផ្តន្ទា​ទោស​ដែរ​ទេ?

អំពើ​លួ​ច​មាន​ន័យ​ថា​ ន​រ​ណា​ម្នា​ក់យក​អ្វី​មួយ​ជា​របស់​យើង​ដែល​មាន​ន័យ​ថា​ជា​ទ្រព្យ​សម្បត្តិ​ឬ​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ន​រ​ណាម្នា​ក់​។​ដូច្នេះ​បើ​នរ​ណា​ម្នាក់​យកអ្វី​មួយ​របស់​អ្នក​ដ​ទៃ​ដោយ​គ្មាន​កា​រ​អ​នុ​ញ្ញាត​មាន​​ន័យ​ថា​លួច​។​

យោង​មាត្រា​ ៣​៥​៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា​ អំពើ​លួច​គឺ​ជា​អំពើ​ដក​ហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យ​ស​ម្ប​ត្តិ​ឬ​វត្ថុ​តាង​​​​​ឲ្យ​ផ្សេង​ៗ​ទៀត​របស់​អ្នក​ដទៃ​តាម​គ្រប់​មធ្យោ​បាយ​ក្នុង​គោល​បំ​ណង​​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​​របស់​ខ្លួន។​

បើ​អំ​ពើ​លួច​មាន​ចែង​នៅ​​ក្នុង​ច្បាប់​យ៉ាង​ដូច្នេះ​ ចុះ​ទោស​ទណ្ឌ​​វិញ​ តើអ្នក​ប្រ​ព្រឹត្ត​ត្រូវ​ជាប់​ក្នុងកម្រិត​ណាដែរ​?

ករណី​នេះ​ចំពោះ​ទោស​ទណ្ឌ​វិញ​ បើ​យោង​មាត្រា​ ៣​៥​៦ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​​ចែង​ថា​ អំពើ​លួច​ត្រូវ​ផ្តន្ទា​ទោស​​ដាក់​ពន្ធ​នា​គារ​ពី​ ៦ ​(ប្រាំ​មួយ​)​ ខែ​ទៅ ​៣ ​(បី​)​ ឆ្នាំ​ និង​ពិ​ន័យ​ជា​ប្រាក់​ពី ​១​ ០​០​០​ ​០​០​០​ ទៅ​ ៦ ​(​ប្រាំ​មួ​យ​) លានរៀល។​​

ក្នុងករណី​កូន​យក​ទ្រព្យ​សម្បត្តិ​ឪពុក​​ម្តាយ​ ឬ​ប្តី​ឬ​ប្រពន្ធ​​យក​ទ្រព្យ​សម្បត្តិក្នុ​ង​ផ្ទះ​ ​តើ​ចាត់​ទុក​ជា​អំ​ពើ​លួច​ដែរ​ទេ?

ការ​យក​ទ្រព្យ​សម្បត្តិ​របស់​បុព្វ​ញាតិ ឬ​បច្ឆា​ញាតិ ​មាន​ន័យ​ថា លួច​ទ្រព្យសម្បត្តិ​របស់​ឪពុក ឬ​របស់​កូន​អី​ជា​ដើម អា​ហ្នឹង​មិន​ចាត់​ថាជា​ការ​លួច​ទេ។ ការ​លួច​ទ្រព្យ​សម្បត្តិ​របស់​សហព័ន្ធ គឺ​របស់​ប្ដី ឬ​ប្រពន្ធ​អី​ជា​ដើមក៏​គេ​មិន​ចាត់​ទុក​ថាជា​អំពើ​លួច​ដែរ។

យើង​ជា​កូន ជា​ឪ ជា​ប្ដី​ប្រពន្ធ ​អី​ជា​ដើម គឺ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ ជា​ទ្រព្យ​សម្បត្តិ​រួម​គ្នា។ ម្ល៉ោះហើយ​ក្នុង​ន័យ​នោះ គេ​មិន​ចាត់ទុក​ថា ​ជា​ការ​លួច​ទេ៕