ការទទួល​បាន​កេរមរតក​ពី​ម្តាយ​ឪពុក ឬ​ការបែងចែក​ផ្ទេរ​ទ្រព្យសម្បត្តិ​ឲ្យ​កូនចៅ​អាច​ទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​បាន​​លុះណាតែ​មាន​ជា​លាយលក្ខណ៍​​អក្សរ​។ ​ក្នុង​ករណី​ទទួលបាន​កេរ​មរតក​នេះហើយ បើ​មាន​បងប្អូន​ ឬ​សាច់ញាតិ​មក​ទារ​ចំណែក​ដើមឈើ ឬ​ដំណាំ​ផ្សេងៗ​លើ​ដី​នោះ​ដោយ​សំអាង​លើ​ប្រវត្តិ​អតីតកាល​ធ្លាប់​រស់នៅ​ទីនោះ​តើ​អាច​ធ្វើ​បាន​ដែរ​ឬទេ​?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ​ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ឧបមាថា លោក​ (​ក​) ​បាន​រៀបការ​ប្រពន្ធ ហើយ​ប្រពន្ធ​របស់​គាត់​ត្រូវបាន​ឪពុកម្តាយ​ចែក​ដី​ឲ្យ​ ១ ​ប្លង់​ដែល​ក្រោយ​មក​ដី​នោះ​ត្រូវបាន​កូនស្រី​គាត់​ធ្វើ​ប្លង់រឹង​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​។ ​ប៉ុន្តែ​ក្រោយមក​មាន​សាច់ញាតិ​ខាង​ប្រពន្ធ​លោក​ (​ក​) ​មក​ទាមទារ​យក​ដើមឈើ​ ១ ​ដើម​ដែល​ដុះ​លើ​ដី​នោះ​តាំង​ពី​មុន​ឆ្នាំ​ ១៩៧៩ ដោយ​សម្អាង​ថា​ជា​ដើមឈើ​របស់គាត់​។ ​ក្នុង​ករណី​នេះ​សាច់ញាតិ​នេះ មាន​សិទ្ធិ​ឬ​អត់​? ​រីឯ​លោក (​ក​) ​មាន​សិទ្ធិ​រារាំង​លើ​ការទាមទារ​ដើមឈើ​ដែរ​ឬ​ទេ​?

ជុំវិញ​បញ្ហា​នេះ យើង​ត្រូវ​ធ្វើការ​ពិចារណា​ជាមុន​ថា ដី​នោះ​គឺជា​កម្មសិទ្ធិ​របស់​ប្រពន្ធ​លោក​ (​ក​) ​ហើយ​ដែល​ប្លង់ដី​ក៏​បញ្ជាក់​ពី​ឈ្មោះ​ប្រពន្ធ​របស់​លោក​ (​ក​) ​ជា​អ្នក​កាន់កាប់​ទៀត​។ ​ដូច្នេះ​តាម​ច្បាប់​លោក​ (​ក​) ​មិន​អាច​មាន​សិទ្ធិ ឬ​មាន​យោបល់​ពាក់ព័ន្ធ​បញ្ហា​នេះ​ទេ​ព្រោះ​ដី​នោះ​មិនមែន​ជា​កម្មសិទ្ធិ​របស់គាត់​។ រឿងនេះ​បើ​ឪពុកម្តាយ​របស់​ប្រពន្ធ​លោក​ (​ក​) ​ឲ្យ​ដី​ទៅ​កូន​កាន់កាប់​ហើយ​គាត់​បាន​សន្យាថា​ឲ្យ​ដើមឈើ​នោះ​ទៅ​សាច់ញាតិ ករណី​នេះ​អាច​បាន​។ ​ប៉ុន្តែ​បើ​មិនបាន​សន្យា​​ដើមឈើ​ដែល​ដុះ​លើដី​នោះ​ក៏​ជា​កម្មសិទ្ធិ​របស់​ប្រពន្ធ​ដែរ​។ ​ចំពោះ​លោក​ (​ក​) ​ដែល​ជា​ប្តី​ពិត​មែន​តែ​គាត់​គ្មាន​សិទ្ធិ​ដើម្បី​និយាយ​តវ៉ា​ក៏ដោយ ប៉ុន្តែ​បើ​ប្រពន្ធ​ផ្តិតមេដៃ​ឲ្យ​លោក​ (​ក​) ​ជា​តំណាង​តវ៉ា​គឺ​អាហ្នឹង​បាន​។ ​ចំពោះ​ដើមឈើ​ដែល​សាច់ញាតិ​ខាង​ប្រពន្ធ​របស់​លោក​ (​ក​) ​អះអាង​ថា ជា​កេរ​របស់គាត់​ហើយ​ទាមទារ​វិញ​នោះ​គឺ​មិនអាច​បានទេ​។

យោងតាម​ច្បាប់​ភូមិបាល​ត្រង់​មាត្រា​ ៧ បាន​ចែងថា របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មុន​ឆ្នាំ​ ១៩៧៩ មិន​ត្រូវ​បានទទួល​ស្គាល់​។

ចុះបើ​បងប្អូន​បង្កើត​ខាង​ប្រពន្ធ​លោក​ (​ក​) ​តវ៉ា​ទាមទារ​យក​ចំណែក​ដើមឈើ​ ១ ​ដើម​នោះ​ដែរ តើ​អាច​បាន​ទេ​?

ករណី​នេះ​ក៏​មិនអាច​បានដែរ បើទោះ​ជា​បងប្អូន​បង្កើត​ក៏ដោយ ពីព្រោះ​ថា​ម្តាយ​ឪពុក​បាន​ចែក​ដី​នោះ​ឲ្យ​ទៅ​ប្រពន្ធ​លោក​ (​ក​) ​កាន់​កាប់​ជា​កម្មសិទ្ធិ​រួចទៅហើយ​។ ដូច្នេះ​អ្នកផ្សេង​ទៀត​គ្មាន​សិទ្ធិ​ទៅយក​ដើមឈើ​នោះ​បាន​ទេ​បើទោះ​ជា​បងប្អូន​បង្កើត​ក៏ដោយ​។ ​ករណីនេះ​លុះត្រាតែ​មាន​ការសន្យា​ពី​ម្តាយ​ឪពុក​ថា​ដើមឈើ​នោះ​ត្រូវ​តែ​ចែក​គ្នា​ទើប​អាច​ទាមទារ​យក​បាន​៕