The Phnom Penh Post Search

Search form

តើ​សំណង​មាន​ឥទ្ធិពល​លើ​គ្រប់​សំណុំ​រឿង​ឬ​ទេ​?

Content image - Phnom Penh Post
លោក មេធាវី យុង ផានិត នាពេល​កន្លង​មក​។ រូបថត គឹម សារុំ

តើ​សំណង​មាន​ឥទ្ធិពល​លើ​គ្រប់​សំណុំ​រឿង​ឬ​ទេ​?

នៅក្នុង​វិវាទ​ផ្លូវ​ច្បាប់​មាន​ករណី​ខ្លះ​ភាគី​ល្មើស​សុខចិត្ត​ចេញ​សំណង​ឲ្យ​ភាគី​ជនរងគ្រោះ​រួច​ហើយ​ ប៉ុន្តែ​នៅ​តែ​មាន​ទោស​ដដែល តើ​មកពី​មូលហេតុ​អី្វ​?​

ដើម្បី​បាន​ជ្រាប​ច្បាស់​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​ យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ខ្លឹមសារ​ដូចតទៅ ៖

ករណី​ភាគី​ (​ក​) ​មាន​ទំនាស់​ជាមួយ​ភាគី​ (​ខ​) ​ក្នុង​រឿង​បរិហារកេរ្តិ៍​ហើយ​ភាគី​ (​ក​) ​បាន​ទាមទារ​សំណង​ ៥ ​ពាន់​ដុល្លារ​ពី​ភាគី​ (​ខ​)​។ ​ដោយសារ​ភាគី​ទាំង​ពីរ​ជា​គ្រូបង្រៀន​ដូច​គ្នា​ពេល​ជំនុំជម្រះ​តុលាការ​បាន​សំណូមពរ​ឲ្យ​ភាគី​ទាំង​ ២ ​សម្រុះសម្រួល​គ្នា ព្រោះ​នៅ​សាលា​ជាមួយ​គ្នា​។ ​តើ​ក្នុង​រឿង​រដ្ឋប្បវេណី​អាច​សម្រុះ​សម្រួល​គ្នា​បាន​ឬ​ទេ​? ​ហើយ​រឿង​នេះ​ខុស​ពី​រឿង​ព្រហ្មទណ្ឌ​យ៉ាង​ដូចម្ដេច​ដែរ ?

ក្នុង​រឿង​រដ្ឋប្បវេណី​តុលាការ​អាច​ជួយ​អន្តរាគមន៍​បាន​លុះ​ណា​តែ​ភាគី​ហ្នឹង​ពឹងពាក់​ឲ្យ​ជួយ​ហើយ​ករណី​គឺជា​វិវាទ​រវាង​បុគ្គល​ និង​បុគ្គល​។ ​ដូចជា​ឈ្លោះ​គ្នា​រឿង​ដីធ្លី រឿង​លុយកាក់​ជាដើម​នេះ​គេ​ហៅ​ថា​ជា​រឿង​រដ្ឋប្បវេណី​។

បើ​ក្នុង​ទ្រឹស្តី​ច្បាប់​វិញ​គេ​ថា​ជា​រឿង​វិវាទ​បុគ្គល និង​បុគ្គល​។ អ៊ីចឹង​បើ​ពួកគាត់​ឈ្លោះ​គ្នា ហើយ​ភាគី​ម្ខាង​បាន​ទៅ​សុំ​តុលាការ​ឲ្យ​ជួយ​អន្តរាគមន៍​នៅ​ពេល​ពួកគាត់​ស្រុះស្រួល​គ្នា​តាម​វិធី​ណា​មួយ​ហើយ​ភាគី​ម្ខាង​សុំ​ដក​ពាក្យ​ ឬ​ចង់​បញ្ឈប់​ការ​វិវាទ​គ្នា​វិញ​នោះ​គឺ​តុលាការ​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​រឿង​ហ្នឹង​ទេ​។ ​ដូច្នេះ​បាន​ជា​តុលាការ​តែងតែ​លើក​ឡើង​ប្រាប់​ភាគី​ទាំង​ ២ ​ថា​រឿង​រដ្ឋប្បវេណី​ស្រួល​ទេ​នៅ​ពេល​ភាគី​ទាំង​ ២ ​ត្រូវ​គ្នា​យ៉ាង​ណា​នោះ​គឺ​តុលាការ​សម្រេច​ឲ្យ​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​។ ​

ចំណែក​រឿង​ព្រហ្មទណ្ឌ​វិញ​គឺ​សំដៅ​លើ​រវាង​ជនល្មើស​ជាមួយ​នឹង​ភាគី​រដ្ឋ​គឺ​សំដៅ​លើ​ព្រះរាជអាជ្ញា​ដែល​តំណាង​ឲ្យ​រដ្ឋ តំណាង​ឲ្យ​ព្រះរាជា តំណាង​ឲ្យ​ភាគី​ខាង​រដ្ឋ តំណាង​ឲ្យ​សាធារណៈ​។ អ៊ីចឹង​រឿង​ព្រហ្មទណ្ឌ​ទោះបី​ជនរងគ្រោះ និង​ជនល្មើស​ត្រូវរ៉ូវ​គ្នា​ក៏ដោយ​ក៏​មិន​អាច​បញ្ចប់​សំណុំ​រឿង​ព្រហ្មទណ្ឌ​បាន​ដែរ​។ ​មាន​ន័យ​ថា​រាល់​សំណុំ​រឿង​ព្រហ្មទណ្ឌ​មិន​អាច​ភាគី​ណា​មួយ​ស្រុះស្រួល​គ្នា​បាន​ដោយ​មិន​បាន​ឆ្លង​​កាត់​នីតិវិធី​របស់​តុលាការ​ទេ​។ ​

មាន​ន័យ​ថា​ព្រះរាជអាជ្ញា​លោក​ជាដើម​បណ្តឹងអាជ្ញា​អ៊ីចឹង​បើ​ភាគី​ទាំង​ ២ ​ត្រូវ​គ្នា​ក៏​មិន​អាច​រំលត់​បណ្តឹង​អាជ្ញា​បាន​ដែរ​បើទោះ​ជា​ភាគី​ម្ខាង​ចេញ​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ក្តី​ពោល​គឺ​នោះ​គ្រាន់តែ​បញ្ចប់​ត្រឹម​សំណង​រដ្ឋប្បវេណី​ទេ​ ប៉ុន្តែ​ផ្នែក​ព្រហ្មទណ្ឌ​មិន​ទាន់​ចប់​ទេ​។ ​

ត្រឡប់​មក​វិញ​បើ​ចៅក្រម​លើក​ពី​សំណូមពរ​ដល់​ភាគី​ទាំង​សង​ខាង​ឲ្យ​មាន​ការ​សម្រុះសម្រួល​​គ្នា​ណា​មួយ​នោះ ជា​រឿង​រដ្ឋប្បវេណី​នេះ​ឯង​បើ​ភាគី​ទាំង​សង​ខាង​​ស្រុះស្រួល​គ្នា​យ៉ាង​ម៉េច​គឺ​ចៅក្រម​សម្រេច​ឲ្យ​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​បាន​។

ចុះ​បើ​ឧបមាថា​រឿង​ព្រហ្មទណ្ឌ ភាគី​ (​ក​) ​សង​លុយ​ទៅ​ភាគី​ (​ខ​) ​នូវ​សំណង​រដ្ឋប្បវេណី​អស់​ហើយ​ ប៉ុន្តែ​ក្រៅពី​នោះ​ក៏​នៅ​មាន​ទោស​ ១០ ​ឆ្នាំ​ទៀត​។ ​បើ​សង​គេ​អស់ តើ​គាត់​នៅ​តែ​ជាប់​ទោស​កម្រិត​នោះ​ទៀត​ ឬ​មួយ​​ក៏​យ៉ាង​ណា ?

យើង​ត្រូវ​ស្វែងយល់​ថា​រឿង​ព្រហ្មទណ្ឌ​មាន​បណ្តឹង​ ២ គឺ​ទី​ ១ ​ហៅ​ថា បណ្តឹង​អាជ្ញា និង​ទី​ ២ ​ហៅ​ថា​បណ្តឹង​រដ្ឋប្បវេណី​។ ​អ៊ីចឹង​រវាង​ជនរងគ្រោះ និង​ជនល្មើស​ពួកគាត់​អាច​ព្រមព្រៀង​គ្នា​បាន​តែ​រឿង​សំណង​រដ្ឋប្បវេណី​ទេ​ ឯ​រឿង​ទណ្ឌកម្ម​គឺ​អាស្រ័យ​លើ​ចៅក្រម​ជា​អ្នក​សម្រេច​តាម​បណ្តឹង​របស់​ព្រះរាជអាជ្ញា​។ ​

ភាគី​ម្ខាង​មិន​អាច​ស្នើ​ទៅ​ចៅក្រម​ដើម្បី​បន្ថយទោស​ដល់​ភាគី​ជនល្មើស​បាន​ទេ​បើ​ទោះ​ជា​ខាង​ភាគី​ជនល្មើស​បញ្ចប់​គ្នា​ត្រឹម​សំណង​ហើយ​ក្តី រីឯ​ការ​បន្ថយ​ទោស​ឬ​យ៉ាងណា​នោះ​អាស្រ័យ​លើ​តុលាការ​។ ស្ថាន​សម្រាល​ទោស​មិនមែន​ជាប់​ទាក់ទង​នឹង​សំណង​នៅ​ពេល​ភាគី​ជនល្មើស​សងលុយ​ហើយ​ចប់​ទេ​។ ​

បើ​និយាយ​ពី​ស្ថាន​សម្រាល​ទោស​​គឺ​និយាយ​ពី​កាលៈទេសៈ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​ស្ថានភាព​បុគ្គល​។ ​

ដូចជា​ជន​នោះ​ដឹង​ខ្លួន​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ហើយ​ចេញ​សំណង​សង​ទៅ​ភាគី​ជនរងគ្រោះ​ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ស្ថាន​សម្រាល​ទោស​ដែរ​។ ​ការ​សារភាព​ការ​ចេញ​សំណង​សង​គេ ការ​មិន​ធ្វើឲ្យ​តុលាការ​ពិបាក​ក្នុង​ការ​ស៊ើបអង្កេត​ក្តី​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ស្ថាន​សម្រាល​ទោស​។ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា​រឿង​នោះ​ត្រូវ​បាន​បញ្ចប់​ ឬ​រំលត់​បណ្តឹង​អាជ្ញា​បាន​ទេ​។

ចុះ​បើ​ភាគី​ជនរងគ្រោះ​សំណូមពរ​ទៅ​តុលាការ​ថា​ឥឡូវ​ខាង​ជនល្មើស​គាត់​សង​លុយ​ខ្ញុំ​អស់​ហើយ​ឥឡូវ​ខ្ញុំ​សុំ​តុលាការ​ជួយ​បន្ថយ​ទោស​គាត់​ពី​ ៥ ​ឆ្នាំ​មក​ត្រឹម​ ៣ ​ឆ្នាំ​តើ​បាន​ទេ​?

ករណី​នេះ​ក៏​ចេះ​តែ​អាច​សំណូមពរ​បាន​ហើយ​ ប៉ុន្តែ​ការ​សម្រេច​​អាស្រ័យ​លើ​តុលាការ​។ ​

ទោះ​មាន​ការ​ស្នើសុំ​បែប​នេះ​ក្តី ក៏​ចៅក្រម​មិនមែន​ចេះ​តែ​ធ្វើ​តាម​ទាំង​ស្រុង​ទេ​គឺ​គាត់​ពិចារណា​ទៅ​លើ​អង្គហេតុ​ទៅ​លើ​ភ័ស្តុតាង​ក្នុង​សំណុំ​​រឿង​។ ​ករណី​នេះ​ចៅក្រម​ក៏​ពិចារណា​ផង​ដែរ​ថា តើ​ការ​សំណូមពរ​​នោះ​វា​ស៊ី​នឹង​លក្ខខណ្ឌ​ច្បាប់​ដែរ​ឬ​អត់​មិនមែន​ចេះ​តែ​យល់​ស្រប​តាម​ទេ​។ ​យើង​គួរ​ស្វែងយល់​ថា​ក្នុង​រឿង​ព្រហ្មទណ្ឌ​មាន​បណ្តឹង​ ២ ​ទី​ ១ ​គឺ​បណ្តឹង​រដ្ឋប្បវេណី និង​ទី​ ២ ​គឺ​បណ្តឹង​អាជ្ញា​។ ចំពោះ​បណ្តឹង​រដ្ឋប្បវេណី​រវាង​ជនល្មើស​ជាមួយ​នឹង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ឬ​ជនរងគ្រោះ​អាច​សម្រុះសម្រួល​គ្នា​បាន​។ ​

ឯ​ក្នុង​រឿង​ព្រហ្មទណ្ឌ​វិញ​មិន​​អាច​សម្រុះសម្រួល​គ្នា​ដោយ​ប្រការ​ណា​មួយ​បាន​ឡើយ​ក្នុង​ច្បាប់​ចែង​បែប​នេះ​។

ដូចជា​រឿង​បទល្មើស​ចរាចរណ៍ អ៊ីចឹង​ទោះបី​មាន​សំណង​មាន​អី​ក៏ដោយ បើ​និយាយ​តាម​នីតិវិធី​គឺ​ត្រូវ​តែ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ទោះ​ជា​ភាគី​ម្ខាង​ចេញ​សំណង​ហើយ​ក្តី​ដើម្បី​ឲ្យ​តុលាការ​ពិចារណា​ថា តើ​សំណង​នោះ​​ជា​ផ្នែក​មួយ​ក្នុង​ស្ថាន​សម្រាលទោស​ ឬ​ក៏​ត្រូវ​ឃុំ​ខ្លួន​ ឬ​មិន​ឃុំ​ខ្លួន​ជនល្មើស​គឺ​អាស្រ័យ​លើ​តុលាការ​ពោល​គឺ​ក្នុង​រឿង​ព្រហ្មទណ្ឌ​​គ្មាន​ការ​សម្រួល​គ្នា​ទេ ប៉ុន្តែ​សំណង​គ្រាន់​តែ​ជា​លក្ខខណ្ឌ​ក្នុង​ច្បាប់​ថា តើ​ស្ថានភាព​ណា​ខ្លះ​ដែល​ត្រូវ​ឲ្យ​មាន​ស្ថាន​សម្រាល​ទោស ប៉ុន្តែ​នៅ​តែ​ជា​សិទ្ធិ​របស់​តុលាការ​ជា​ដដែល​ទេ​។

សំណុំ​រឿង​ខ្លះ​ជា​រឿង​រដ្ឋប្បវេណី​ដាច់​ដោយ​ឡែក​មួយ​ទៀត ឯ​រឿង​ខ្លះ​វា​មាន​ទាំង​រដ្ឋប្បវេណី និង​រឿង​ព្រហ្មទណ្ឌ​៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​