កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​ផ្សព្វផ្សាយ​មួយ​វគ្គ​រួច​ហើយពី​ភាពខុសគ្នា​រវាង​ការរៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី និង​ការរៀប​អាពាហ៍​ពិពាហ៍​តាមច្បាប់ តាមរយៈ​ការបកស្រាយ​ពី​លោក មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ​សម្រាប់​ថ្ងៃ​ចន្ទ​នេះ​យើង​សូម​ផ្សព្វផ្សាយ​វគ្គ​បន្ត​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​សំបុត្រ​អាពាហ៍ពិពាហ៍​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ហេតុអ្វី​បានជា​តម្រូវ​ឱ្យ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ ប្រសិន​បើ​បុរស​ស្ត្រី​យកគ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​គ្មាន​ចុះ​លិខិត​អាពាហ៍​ពិពាហ៍​ចាត់ទុក​ថា ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​បាន​ទេ​?

ការចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​គឺជា​ផ្នែក​មួយ​នៃ​ការបំពេញ​នូវ​លក្ខខណ្ឌ​ទម្រង់ និង​ជា​សក្ខីភាព​ជា​ភ័ស្ថុតាង និង​ជា​ឯកសារ ដែល​មាន​ការដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ហើយ​ប្រសិន​បើ​បុរស ស្ត្រី​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​គ្មាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​គឺ​មិន​ចាត់ទុក​ថា ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​នោះទេ​។

ចំពោះ​ប្តី​ប្រពន្ធ​មិនបាន​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​ហើយ​​មានកូន និង​មានទ្រព្យ​សម្បត្តិ​រួមគ្នា​ពេល​លែងលះ តើ​តុលាការ​កាត់សេចក្តី​បាន​ទេ​?

ចំពោះ​ប្តី​ប្រពន្ធ​មិន​បាន​រៀបការ​តាមផ្លូវ​ច្បាប់​ហើយ​មានកូន និង​មានទ្រព្យ​សម្បត្តិ​រួមគ្នា ពេល​លែងលះ តុលាការ​អាច​ពិចារណា​លើ​បញ្ហា​កូន​ក្នុង​ករណី​ដែល​ភាគី​មិនបាន​ព្រមព្រៀង​គ្នា​អំពី​អំណាច​មេបា តុលាការ​អាច​ធ្វើការ​វិនិច្ឆ័យ ទៅលើ​ស្ថានភាព​ជាក់ស្តែង​ថា តើ​គួរផ្តល់​អំណាច​មេបា​ទៅខាង​ណា ដែល​អាចឱ្យ​កូន​នោះ​មាន​លទ្ធភាព​រស់នៅ​ដោយ​សមរម្យ និង​ឱកាស​សិក្សា​រៀនសូត្រ​ជាដើម​។

តុលាការ​ក៏​អាច​សួរ​ចិត្ត​របស់​កូន​នោះ​ផងដែរ ក្នុង​ករណី​ដែល​កូន​នោះ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជ្រើសរើស​​អំណាច​មេបា​ដោយ​ខ្លួនឯង​។ ដោយឡែក​បញ្ហា​ទ្រព្យសម្បត្តិ​រួម​របស់​សហព័ទ្ធ​ដែល​មិនមាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ [​អេតាស៊ីវិល​] ​ជាទូទៅ​តុលាការ​​មិន​ធ្វើការ​ពិចារណា​នោះទេ គឺ​វា​​អាស្រ័យ​ទៅ​លើ​ការព្រមព្រៀង​របស់​គូភាគី​ប៉ុណ្ណោះ​បើ​មិនមាន​​ការឯកភាព​គ្នា​ក្នុង​ការបែងចែក​នោះទេ តុលាការ​អាច​វិនិច្ឆ័យ​​ និង​បែងចែក​ទៅតាម​ភ័ស្ដុតាង​របស់​ភាគី​ដែល​បង្ហាញ​ជា​ទ្រព្យ​ដែល​ខ្លួន​រកបាន​ជាដើម​។

តើ​សំបុត្រអាពាហ៍ពិពាហ៍ (​អេតាស៊ីវិល​) ​មាន​ប្រយោជន៍​ និង​ការពារ​អ្វីខ្លះ​ដល់​ប្តី​ប្រពន្ធ​ដែល​រៀបការ​?

អត្ថប្រយោជន៍​នៃ​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬ​អេតាស៊ីវិល​មាន​​ដូចជា​៖

១- ​ជា​ប្ដី​ប្រពន្ធ​ស្របតាម​ផ្លូវច្បាប់​ដែល​មិនអាច​រំលាយ​ទៅ​​វិញ​បាន​តាម​ទំនើងចិត្ត​របស់ខ្លួន​ឡើយ ពោល​គឺ​មានតែ​អំណាច​តុលាការ​ទើប​អាច​កាត់សេចក្តី​លែងលះ​បាន​។

២- ​ទ្រព្យសម្បត្តិ​រួម ក្រោយ​​អាពាហ៍ពិពាហ៍​ត្រូវ​ចែកគ្នា​ស្មើ​នៅពេល​លែងលះ​។

៣- ​កាន់តែ​មាន​សុភមង្គល និង​ជឿទុកចិត្ត​គ្នា​ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​។

៤- ​ទទួល​មរតក​ស្របច្បាប់

៥- ​ចុះ​សំបុត្រ​កំណើត​ឬ បញ្ជាក់​សំបុត្រកំណើត​កូន

៦- ធ្វើ​ប្លង់ ដី /​ផ្ទះ

៧- ​ធ្វើ​សៀវភៅ​ស្នាក់នៅ ​សៀវភៅ​គ្រួសារ

៨- ​ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព (​ការពារ​ប្រឆាំង​ការ​មាន​ប្ដី​ច្រើន ឬ​មាន​ប្រពន្ធ​ច្រើន )

៩- ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​រួម​របស់​ប្ដី /​ប្រពន្ធ

១០- ​ទទួល​អាហារកិច្ច​ពេល​ឪពុកម្ដាយ​លែងលះ​គ្នា

១១- ​គ្មាន​អំពើហិង្សា​ចំពោះ​កូន​

១២- ​ការគាំទ្រ​ដល់​កូន​។

ចំពោះ​ភាគី​ខាង​ប្រុស ឬ​ស្រី​រួមរស់​ជា​ប្តី​ប្រពន្ធ តែ​មិនបាន​រៀបការ​តាមច្បាប់ ហើយ​ពេល​ដែល​ភាគី​ណាមួយ​លួច​ទៅ​មាន​ស្រី ឬ​ប្រុស​ថ្មី តើ​ភាគី​មួយៗ អាចមាន​សិទ្ធិ​ប្តឹង​បាន​ទេ​?

ទាក់ទង​ភាគី​ខាង ប្រុស​ឬ ស្រី រួមរស់​ជា​ប្តី​ប្រពន្ធ តែ​មិនបាន​រៀបការ​តាមច្បាប់ ហើយ​ពេល​​ដែល​ភាគី​ណាមួយ​លួច​ទៅ​មាន​ស្រី ឬ​ប្រុស​ថ្មី គឺ​ភាគី​មួយៗ មិនអាច​ប្តឹង​គ្នា​បានទេ ព្រោះ​ភាគី​នីមួយៗ​មិនបាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​បាន​តម្រូវឱ្យ​ភាគី​នីមួយៗ​ត្រូវ​ទៅ​ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍​នៅមុខ​មន្ត្រី​អត្រានុកូលដ្ឋាន​រួម​នឹង​សាក្សី​ចំនួន​ ២ ​នាក់​ដែល​ជា​នីតិជន​៕