ស្ថាប័ន​ដែល​ជំនុំជម្រះ​អំពី​រឿង​វិវាទ​ផ្សេងៗ​នោះ​គឺជា​ស្ថាប័ន​ជជែក​វែកញែក​អំពី​ច្បាប់​ និង​រកខុស​រកត្រូវ​ឲ្យ​ភាគី​ទំនាស់​ដែល​ក្នុង​នោះ​មាន​សមាសភាព​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ក៏ដូចជា​មេធាវី​ដែល​តំណាង​ឲ្យ​ភាគី​ទំនាស់​ផង​ដែរ​។

ប៉ុន្តែ​ស្ថាប័ន​កាត់ក្តី​នោះ​តើ​ចែកចេញ​ជា​ប៉ុន្មាន​ថ្នាក់ ហើយ​ស្ថាប័ន​ណា​ហៅថា​សាលា​ដំបូង​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល ហើយ​ស្ថាប័ន​ ២ ​គឺ​សាលា​ដំបូង​ និង​សាលាឧទ្ធរណ៍ គេ​អាច​ហៅ​ពាក្យ​ថា​តុលាការ​បាន​ដែរ​ទេ​? ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ជាទូទៅ​នៅ​ពេល​មាន​រឿង​ក្តី​ណា​មួយ​ភាគី​វិវាទ​ត្រូវ​រត់​ទៅ​រក​ច្បាប់​ដើម្បី​ឲ្យ​ច្បាប់​កាត់ក្តី​ឲ្យ​ដែល​មាន​សាលា​ដំបូង​រាជធានី​ខេត្ត​ជា​ស្ថាប័ន​អារកាត់​​សេចក្តី​ឲ្យ​។ ប៉ុន្តែ​តើ​យើង​អាច​ហៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា តុលាការ​រាជធានី​ភ្នំពេញ​បាន​ទេ​?

តាម​ការ​សួរ​របស់​លោក​ដូច​សំណួរ​ខាង​លើ​នេះ​បើ​តាម​ការបែងចែក​ និង​ការកំណត់​ស្ថាប័ន​ច្បាប់​នោះ​គឺ​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ ២ ​ថ្នាក់​គឺ​តុលាការ​ជាន់​ទាប​ និង​តុលាការ​ជាន់​ខ្ពស់​។ ចំពោះ​តុលាការ​ជាន់​ទាប​នោះ​សំដៅ​ដល់​តុលាការ​ខេត្ត-ក្រុង​ និង​តុលាការ​យោធា​ដែល​តុលាការ​យោធា​នេះ​ក៏​ជា​តុលាការ​ជាន់​ទាប​ដែរ​។

ចំពោះ​ថា​តើ​យើង​អាច​ហៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ជា​តុលាការ​រាជធានី​ភ្នំពេញ​បាន​ឬ​យ៉ាង​ណា​នោះ​គឺ​បើ​តាម​ការកំណត់​ក្នុង​ច្បាប់​គេ​ហៅថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ជាទូទៅ​ប្រជាជន​ខ្មែរ​តែងតែ​នាំ​គ្នា​ហៅថា​តុលាការៗ ព្រោះ​ងាយ​យល់​ហើយ​ពាក្យ​ថា​តុលាការ​ដែល​មាន​នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​គឺ​ដាក់​ដើម្បី​ឲ្យ​អ្នក​ចូល​ស្តាប់​សវនាការ​ងាយ​បាន​ចាំ​ស្រួល​។

ប៉ុន្តែ​ជាទូទៅ​នៅក្នុង​បន្ទប់​សវនាការ​នៅ​ពេល​ចៅក្រម​ចាប់​ដើរចូល​ក្នុង​បន្ទប់​សវនាការ​ផ្តើម​ជំនុំជម្រះ​គឺ​ក្រឡាបញ្ជី​តែងតែ​ឲ្យ​អ្នក​ចូលរួម​ក្នុង​សវនាការ​នោះ​ក្រោកឈរ​ហើយ​ក្រឡា​បញ្ជី​ស្រែក​ថា​ «​តុលាការ​»​។

ចំពោះ​នៅ​សាលាឧទ្ធរណ៍​វិញ​តើ​គេ​អាច​ប្រើ​ពាក្យ​ថា​តុលាការ​ឧទ្ធរណ៍​បាន​ដែរ​ឬ​ទេ​?

នៅក្នុង​ភាសា​និយាយ​គេ​នៅ​ប្រើ​ពាក្យ​ថា​តុលាការ​ជា​ទីគោរព​អ៊ីចឹង​ទៅ​ ប៉ុន្តែ​តុលាការ​ជា​ស្ថាប័ន​អ៊ីចឹង​គេ​អាច​ប្រើ​ពាក្យ​ថា​តុលាការ​ក៏​បាន​ដែរ​។ ប៉ុន្តែ​ភាសា​បច្ចេកទេស​គេ​ត្រូវ​ប្រើ​សាលាឧទ្ធរណ៍​នឹង​ហើយ​។ ចំពោះ​ពាក្យ​ថា​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​វិញ​គឺ​គេ​សំដៅ​ដល់​ការជួប​គ្នា​ដែល​មាន​ចំនួន​ច្រើន​ដើម្បី​ជជែក​គ្នា​រកខុស​រកត្រូវ​ពី​រឿង​ព្រហ្មទណ្ឌ​។

ចំពោះ​នៅ​ស្ថាប័ន​ថ្នាក់​ខ្ពស់​វិញ​គេ​ហៅថា​យ៉ាង​ម៉េច​ដែរ​?

ករណី​នេះ​បើ​នៅ​ស្ថាប័ន​កាត់ក្តី​ថ្នាក់​ខ្ពស់​វិញ​គេ​ហៅថា​តុលាការ​កំពូល ហើយ​ស្ថាប័ន​មួយ​នេះ​ក៏​ចែក​ជា​សភា​ព្រហ្មទណ្ឌ​តុលាការ​កំពូល​ និង​សភា​ព្រហ្មទណ្ឌ​រដ្ឋប្បវេណី​ដែរ​។ ការបែងចែក​បែប​នេះ​គឺ​ដើម្បី​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ការងារ​​តែ​ប៉ុណ្ណោះ​៕