នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​គេ​បាន​សង្កេត​ឃើញ​ថា​ការ​ប្រព្រឹត្ត​បទល្មើស​ដូចជា​ការសម្លាប់​មនុស្ស​ដែល​ជា​បទឧក្រិដ្ឋ​ជួនកាល​អាច​បង្ក​ឡើង​ដោយ​ក្មេង​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ឬ​ក្រោម​ ១៤ ​ឆ្នាំ​។ ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​តើ​ក្មេង​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ និង​ក្មេង​មាន​អាយុ​ពី​ ១៤ ​ឆ្នាំ​ដល់​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ត្រូវ​ប្រឈម​ចំពោះ​ទោសទណ្ឌ​យ៉ាង​ណា​នោះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច​នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ប្រសិន​បើ​ក្មេង​ម្នាក់​ជា​អនីតិជន​ (​អាយុ​ក្រោម​ ១៤) ​ឆ្នាំ បង្ក​បទល្មើស​សម្លាប់​គេ តើ​តាម​ផ្លូវ​ច្បាប់​ក្មេង​នោះ​អាច​មាន​ទោស​ដែរ​ទេ​?

ទាក់ទង​ក្មេង​អាយុ​នៅ​ក្រោម​ ១៤ ​ឆ្នាំ​ហើយ​គាត់​ទៅ​បង្ក​បទល្មើស​ដូចជា​សម្លាប់​មនុស្ស​ស្លាប់​ក្នុង​មធ្យោបាយ​ណា​មួយ​នោះ​បើ​តាម​ច្បាប់​ក្មេង​នោះ​មិន​ត្រូវ​ជាប់ទោស​ទេ ហើយ​ក្មេង​នោះ​ត្រូវ​ប្រគល់​ឲ្យ​ឪពុកម្តាយ​វិញ​។ ​ប៉ុន្តែ​សំណួរ​សួរ​ថា​បើ​ប្រគល់​ក្មេង​នោះ​ឲ្យ​ឪពុកម្តាយ​វិញ ដូច្នេះ​ឪពុកម្តាយ​នោះ​មាន​ទោស​ជំនួស​កូន​បាន​ទេ​? ​ករណី​នេះ​ឪពុកម្តាយ​មិន​អាច​ទទួល​ទោស​ជំនួស​បាន​ទេ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​គឺ​អ្នក​ណា​ធ្វើ អ្នក​នោះ​ទទួល តែ​ពួកគាត់​នឹង​ចេញ​សំណង​រដ្ឋប្បវេណី​ជំនួស​ឲ្យ​កូន​ដែល​បង្ក​បទល្មើស​នោះ​។

បើ​យោង​តាម​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​នៅ​ត្រង់​មាត្រា​ ១៤ ​បាន​ចែង​ថា អនីតិជន​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ (​ដប់​បួន​ឆ្នាំ​) ​ដែល​ជាប់​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ពុំ​អាច​ត្រូវ​បាន​ឃាត់ខ្លួន​ឡើយ ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ប្រគល់​អនីតិជន​នោះ​ទៅ​ឲ្យ​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​។

ក្នុង​ករណី​អនីតិជន​ត្រូវការ​កិច្ចការពារ​ និង​ថែទាំ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​ជន​នោះ​ទៅ​មន្ទីរ​ ឬ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចាត់វិធានការ​សមស្រប​ទៅ​តាម​សុខុមាលភាព​និង​ស្ថានភាព​សង្គម​របស់​អនីតិជន​។ ​មន្ទីរ ឬ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ត្រូវ​ធ្វើ​របាយការណ៍​អំពី​ការទទួល​ខុសត្រូវ​អនីតិជន​ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ជូន​ទៅ​ព្រះរាជអាជ្ញា​។

ក្នុង​ករណី​យល់​ឃើញ​ថា អនីតិជន​ត្រូវការ​កិច្ចការពារ​ និង​ថែទាំ​នោះ​មន្ទីរ​ ឬ​ការិយាល័យ​ត្រូវ​ចាត់​វិធានការ​ស្នើសុំ​ព្យួរ​ ឬ​ដកហូត​អំណាច​មេបា​ ឬ​បញ្ឈប់​អ្នក​អាណាព្យាបាល​សម្រាប់​អនីតិជន​ ឬ​អ្នក​អាណាព្យាបាល​ទូទៅ​ក្នុង​ករណី​ដែល​អនីតិជន​មាន​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ដើម្បី​តុលាការ​សម្រេច​អំពី​ការព្យួរ​ ឬ​ការដកហូត​ ឬ​ការបញ្ឈប់​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ និង​សិទ្ធិ​អាណាព្យាបាល​លើ​អនីតិជន​នោះ​។ ​

ក្នុង​ករណី​ដែល​អនីតិជន​គ្មាន​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​មន្ទីរ​ ឬ​ការិយាល័យ​ត្រូវ​សុំ​ទៅ​តុលាការ​ដើម្បី​សម្រេច​អំពី​សិទ្ធិ​អាណាព្យាបាល​លើ​អនីតិជន​នោះ​។ គ្រប់​អំពើ​ជា​បទល្មើស​ទាំងអស់​ដែល​ប្រព្រឹត្ត​ដោយ​អនីតិជន​អាយុ​ក្រោម​ ១៤ (​ដប់​បួន​) ​ឆ្នាំ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា​។

ប្រសិន​បើ​អនីតិជន​ត្រូវ​បាន​សាកសួរ​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​គឺ​តម្រូវ​ឲ្យ​គាត់​មាន​មេធាវី​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​នោះ​។ គាត់​ត្រូវ​មាន​មេធាវី​របស់​គាត់​អម​ជានិច្ច​ចាប់ពី​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ទៅ​។ តែ​ចំពោះ​នីតិជន​វិញ​​គឺ​គាត់​អាច​មាន​មេធាវី​ក៏​បាន​អត់​មេធាវី​ក៏​បាន ព្រោះ​គាត់​មាន​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​ហើយ​។

ក្នុង​ករណី​អនីតិជន​មាន​អាយុ​ចាប់ពី​ ១៤ ​ឆ្នាំ​ដល់​ក្រោម​អាយុ​ ១៨ ​ឆ្នាំ ហើយ​គាត់​បង្ក​បទល្មើស តើ​គាត់​ត្រូវ​មាន​ទោស​ដែរ​ទេ​?

ក្នុង​ករណី​អនីតិជន​ចាប់ពី​អាយុ​ ១៤ ​ឆ្នាំ​ឡើង​ដល់​ក្រោម​អាយុ​ ១៨ ​ឆ្នាំ​ហើយ​គាត់​ទៅ​បង្ក​បទល្មើស​គឺ​គាត់​ត្រូវ​មាន​ទោស​ហើយ​។ ប៉ុន្តែ​ទោស​របស់​គាត់​ស្មើ​នឹង​ពាក់កណ្តាល​នៃ​មនុស្ស​ពេញវ័យ​។ មាន​ន័យ​ថា​គាត់​ត្រូវ​តុលាការ​ផ្ទន្ទាទោស​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​អីចឹង​គាត់​ត្រូវ​តែ​ជាប់ទោស​​តែ​ ២ ​ឆ្នាំ​កន្លះ​ទេ បាន​ន័យ​ថា​​អប្បបរមា​នៃ​ទោស​គឺ​ទោស​ណា​ក្រោម​គេ​គឺ​យក​ទោស​នោះ​មក​ចែក​ជា ២ ទៀត​។

បើ​តាម​មាត្រា​ ១៦០ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា កាលណា​តុលាការ​សម្រេច​ផ្តន្ទាទោស​​ព្រហ្មទណ្ឌ​ទៅ​លើ​អនីតិជន​អាយុ​ចាប់ពី​ ១៤ (​ដប់​បួន​)​ ឆ្នាំ​ឡើង​ទៅ​មូលទោស​លើ​បទល្មើស​ដែល​ចោទប្រកាន់​ត្រូវ​បាន​បន្ថយ​ក្នុង​លក្ខខណ្ឌ​ដូចតទៅ ៖

១- ​អតិបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​ពាក់​កណ្តាល​។

២- ​ប្រសិន​បើ​អតិបរមា​នៃ​ទោស​នោះ​គឺជា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​អតិបរមា​ត្រូវ​បន្ថយ​មក​ដាក់​ពន្ធនាគារ​ ២០ (​ម្ភៃ​) ​ឆ្នាំ​។

៣- ​អប្បបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់​កណ្តាល​ប្រសិន​បើ​អប្បបរមា​នេះ​លើស​ពី​ ១ (​មួយ​) ​ថ្ងៃ​។

៤- ​អប្បបរមា​ និង​អតិបរមា​នៃ​ទោស​ពិន័យ​ជា​ប្រាក់​ត្រូវ​បន្ថយ​ពាក់កណ្តាល​។ ​ក្នុង​ករណី​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ប្រសិន​បើ​បទប្បញ្ញត្តិ​នៃ​មាត្រា​នេះ​មាន​អានុភាព​បន្ថយ​អតិបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​មក​ត្រឹម​ថិរវេលា​មួយ​ស្មើ​ ឬ​តិច​ជាង​ ៥ ​ឆ្នាំ​នោះ បទល្មើស​ដែល​ចោទប្រកាន់​នៅ​តែ​ជា​បទឧក្រិដ្ឋ​ដដែល​។

តើ​ពាក្យ​ថា​អនីតិជន​គឺ​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ចាប់ពី​អាយុ​ប៉ុន្មាន​ដែរ​ទៅ​?

បើ​យោង​មាត្រា​ ៤ ​នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​នៅ​ត្រង់​ចំណុច​ ៣ ​ចែង​ថា​អនីតិជន​សំដៅ​ដល់​ជន​ដែល​មាន​អាយុ​តិច​ជាង​ ១៨ (​ដប់​បី​) ​ឆ្នាំ​នៅ​​ពេល​ប្រព្រឹត្ត​បទល្មើស​៕