ជាទូទៅ​យើង​ធ្លាប់​ឮថា​ប្រសិន​បើ​ផ្ទះ​ឯកជន​រាយ​ខ្សែភ្លើង​លយ​ចេញមក​ផ្លូវ​សាធារណៈ​ហើយ​ធ្វើឱ្យ​ឆក់​មនុស្ស​ស្លាប់ គឺ​តែង​ប្រឈម​ការជាប់​ទោស​តិច​ ឬ​ច្រើន​តាម​ទង្វើ​ចេតនា ឬ​អចេតនា​​របស់ខ្លួន​តាម​បណ្ដឹង​ភាគី​រងគ្រោះ​។ ​ចុះបើ​ករណី​ខ្សែភ្លើង​រដ្ឋ​ដាច់​ឆក់​មនុស្ស​ស្លាប់ តើ​ភាគី​គ្រួសារ​ជនរងគ្រោះ​អាច​ប្ដឹង​ទារ​សំណង​បាន​ឬទេ​? ​

ជុំវិញ​បញ្ហា​នេះ​​ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​ ៩ ភូមិ​ត្រពាំងថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមា​ថា លោក​ (​ក​) ​កំពុង​ដើរ​​តាមផ្លូវ​តែ​ចៃដន្យ​ខ្សែភ្លើង​ (​បណ្តាញ​​រដ្ឋ​) ​បាន​ដាច់​ធ្លាក់​ឆក់​លោក​ (​ក​) ​ស្លាប់​។ ​ករណី​នេះ​ប្រសិនបើ​គ្រួសារ​លោក​ (​ក​) ​ប្តឹង​ទាមទារ​សំណង​ពី​អាជ្ញាធរ​អគ្គិសនី​អាច​បានទេ​? ​បើ​អាច​ប្តឹង​បាន​មូលហេតុ​អ្វី​? ​បើ​មិន​បាន​មក​ពី​អ្វី​ដែរ​?

ករណី​នេះ​គ្រួសារ​លោក​ (​ក​) ​អាច​ប្តឹង​ទាមទារ​សំណង​ពី​អាជ្ញាធរ​អគ្គិសនី​បាន ពីព្រោះ​វា​ចូល​ទៅក្នុង​លក្ខខណ្ឌ​នៃ​អំពើ​អនីត្យានុកូល​។ ​អំពើ​អនីត្យានុកូល បាន​បែងចែក​ជា​ ៣ ​ប្រភេទ​ធំៗ​៖

១-​ ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​ខ្លួនឯង

២-​ ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​របស់​អ្នកដទៃ

៣-​ ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​របស់​សត្វ និង​វត្ថុ​។

តាម​សម្មតិកម្ម​ខាងលើ​គឺ​ចូល​​ទៅក្នុង​ការទទួល​ខុសត្រូវ​ចំពោះ​​អំពើ​របស់​សត្វ និង​វត្ថុ​ដូច​ដែល​មានចែង​នៅ​មាត្រា​ ៧៥១ នៃ​ក្រមរដ្ឋប្បវេណី​។

+​តែ​ប្រសិន​ករណី​នេះ​គ្រួសារ​លោក (​ក​) ​មិន​អាច​ប្តឹង​ទាមទារ​សំណង​ពី​អាជ្ញាធរ​អគ្គិសនី​បាន​ដោយ​ហេតុ​ថា កន្លែង​ដែល​លោក​ (​ក​) កំពុង​ដើរ​តាម​ផ្លូវ​​នោះ​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​​បាន​បិទ​បម្រាម​ហាមឃាត់​មិនឱ្យ​មាន​អ្នកដើរ​ ឬ​ធ្វើ​ចរាចរណ៍​នៅក្នុង​បរិវេណ​ដងផ្លូវ​នោះ​គឺ​អាជ្ញាធរ​អគ្គិសនី មិន​ទទួល​ខុសត្រូវ​លើ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​​ស្លាប់​ឡើយ ព្រោះ​លោក​ (​ក​) ​មិន​គោរព​តាម​ការណែនាំ និង​បម្រាម​របស់​អាជ្ញាធរ​អគ្គិសនី​។

ហេតុការណ៍​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ដូចនេះ​អាច​ចាត់ទុក​ជា​បទឧក្រិដ្ឋ​បានដែរ ឬទេ​​បើ​គ្មាន​បុគ្គល​ណា​ម្នាក់​ជា​អ្នក​បង្ក​ផ្ទាល់​នោះ​? តើ​ច្បាប់​នឹង​ដោះស្រាយ​បែប​ណា​?

+​សម្រាប់​ហេតុការណ៍​នេះ​មិន​ត្រូវ​បាន​ច្បាប់​ចាត់​ជា​បទឧក្រិដ្ឋ​នោះទេ វា​ចូលក្នុង​លក្ខខណ្ឌ​ជា​បទល្មើស​មជ្ឈិម គឺ​មនុស្ស​ឃាត​ដោយ​អចេតនា ដែល​មាន​ចែង​ត្រង់​មាត្រា​ ២០៧ ​នៃ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​ដោយសារ​តែ​អាជ្ញាធរ​អគ្គិសនី​គឺជា​នីតិបុគ្គល ហើយ​មិន​មាន​បុគ្គល​ណា​ដែលជា​អ្នកបង្ក​ផ្ទាល់​នោះ ដូច្នេះ​នីតិបុគ្គល​ជា​អ្នកទទួល​ខុសត្រូវ ហើយ​ការដាក់ទោស​ទៅ​លើ​នីតិបុគ្គល លើ​បទល្មើស​ខាងលើ​នេះ គឺ​​មាន​ចែង​ត្រង់​មាត្រា​ ៤២ និង​មាត្រា​ ២០៩ នៃ​ក្រមព្រហ្មទណ្ឌ​ក្នុង​នោះ​មាត្រា​ ២០៩ បានកំណត់​ការផ្តន្ទាទោស​លើ​នីតិបុគ្គល​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល ទៅ​ ៥០ ​លាន​រៀល​ព្រមទាំង​ទោស​បន្ថែម​​ណាមួយ​ ឬ​ច្រើន​ដូចតទៅ​៖

១-​​ ការរំលាយ​តាម​បែបបទ​កំណត់​ដោយ​មាត្រា​ ១៧០ ​នៃ​ក្រមព្រហ្មទណ្ឌ

២-​​ ការដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមដាន​របស់​តុលាការ

៣-​ ការហាមឃាត់​ចំពោះ​ការធ្វើ​សកម្មភាព​ណាមួយ ឬ​ច្រើន​តាម​បែបបទ​កំណត់​ដោយ​មាត្រា​ ១៧៧

៤-​ ការបិទ​គ្រឹះស្ថាន​ដែល​​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​បទល្មើស​តាម​បែបបទ​កំណត់​ដោយ​មាត្រា​ ១៧៦

៥-​ ការហាមឃាត់​ចំពោះ​ការធ្វើ​អាជីវកម្ម​លើ​គ្រឹះស្ថាន ដែល​បើកចំហ​ដោយ​សាធារណជន ឬ​ប្រើប្រាស់​ដោយ​សាធារណជន​តាម​បែបបទ​ដែល​កំណត់​ដោយ​មាត្រា​ ១៧៧

៦-​ ការបិទ​ផ្សាយ​សេចក្តី​សម្រេច​ផ្តន្ទាទោស​តាម​បែបបទ​នៃ​កំណត់​ដោយ​មាត្រា​ ១៨០

៧-​ ការផ្សាយ​សេចក្តី​សម្រេច​ផ្តន្ទាទោស​នៅក្នុង​សារព័ត៌មាន​សរសេរ​ជាដើម​។

សូមបញ្ជាក់ថា ការផ្តន្ទាទោស​ខាងលើ​នេះ​គឺជា​ការដាក់ទោស​​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ ចំពោះ​សំណង​រដ្ឋប្បវេណី វា​អាស្រ័យ​ទៅ​លើ​ការទាមទារ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ ឬ​សាច់ញាតិ​ជនរងគ្រោះ​។

ឧបមាថា ខ្សែភ្លើង​នោះ​កំពុង​ត្រូវ​ភ្នាក់ងារ​អគ្គិសនី​ ១ ​ក្រុម​ជួសជុល​ហើយ​ចៃដន្យ​អ្នក​ដំណើរ​​ដើរ​ជាន់​ខ្សែភ្លើង​ដែល​កំពុង​ជួសជុល​នោះ​ឆក់​ស្លាប់​។ ​តើ​ក្រុម​ភ្នាក់ងារ​អគ្គិសនី​នោះ​ជា​អ្នក​ទទួល​ខុសត្រូវ​ ឬ​ក៏​អង្គភាព​អគ្គិសនី​ជា​អ្នកទទួល​ខុសត្រូវ​? ​ព្រោះថា ប្រសិន​បើ​គ្មាន​ការជួសជុល​ភ្លើង​ទេ​ក៏​គ្មាន​ឆក់​មនុស្ស​ស្លាប់​ដែរ​?

+​បើសិន​ជា​ការស៊ើបអង្កេត​រកឃើញ​ថា​ការដើរ​ជាន់​ខ្សែភ្លើង​​នោះ​គឺជា​កំហុស​របស់​ភ្នាក់ងារ​អគ្គិសនី​នោះ​ដែល​កើតឡើង​​ចេញពី​ការធ្វេស​ប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា ការបំពាន​កាតព្វកិច្ច​សន្តិសុខ ជាដើម ភ្នាក់ងារ​នោះ​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ហើយ​ការទទួល​ខុសត្រូវ​សំណង​រដ្ឋប្បវេណី គឺជា​កាតព្វកិច្ច​របស់​ស្ថាប័ន​អគ្គិសនី​នោះ​។

តាមពិត​ច្បាប់​ចែងថា បទឧក្រិដ្ឋ​សំដៅ​ដល់​ការដាក់​ទោសទណ្ឌ​ជាប់​ពន្ធនាគារ​ផង​តែ​ដោយសារ​គ្មាន​ជនណា​ម្នាក់​ជា​អ្នកបង្ក ហើយ​ស្ថាប័ន​ ឬ​អង្គភាព​ជា​អង្គភាព​រួម​ទៀត​។ ដូច្នេះ​បើ​បញ្ចប់​ត្រឹម​សំណង​រដ្ឋប្បវេណី​អាច​ចាត់ទុក​ថា​ជា​ការត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​បាន​ទេ​?

+​ស្ថាប័ន​ ឬ​អង្គភាព​គឺជា​នីតិបុគ្គល ហើយ​ចំពោះ​ការទទួល​ខុសត្រូវ​ព្រហ្មទណុ្ឌ​របស់​នីតិបុគ្គល​គឺ​វា​មាន​រូបភាព​ខុសគ្នា ទៅ​នឹង​ការទទួល​ខុសត្រូវ​របស់​រូបវន្តបុគ្គល ហើយ​ការផ្តន្ទាទោស​​នេះ​ទៀតសោត​គឺមាន​ចែង​ត្រង់​មាត្រា​ ២០៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ដូច​ដែល​ខ្ញុំបាទ​ជម្រាប​ជូន​​ពី​ខាងដើម​មកហើយ​អំពី​លក្ខណ:​ក៏ដូចជា​រូបភាព​នៃ​ការដាក់​ទណ្ឌកម្ម​ទៅ​លើ​នីតិបុគ្គល​៕