ជម្លោះ​ក្នុង​គ្រួសារ​ពេលខ្លះ​បាន​បង្ក​ជា​អំពើហិង្សា ប៉ុន្តែ​ជារឿយៗ​គេ​សង្កេត​ឃើញ​ថា​ករណី​បែប​នេះ​ដូចជា​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ឃាត់​ភ្លាមៗ​ទេ​ព្រោះ​ពលរដ្ឋ​តែង​យល់​ថា​វា​ជា​រឿង​បុគ្គល​ក្នុង​គ្រួសារ​របស់គេ។

ប៉ុន្តែ​ប្រសិនបើ​មាន​ជម្លោះ​ហើយ​អ្នកជិតខាង​ចូលទៅ​ឃាត់​រហូត​ទទួលរង​ការ​វាយ​ដំ​ផង​សួរថា តើ​មាន​ការ​ដោះស្រាយ​ផ្នែក​ផ្លូវ​ច្បាប់​យ៉ាង​ដូចម្តេច?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកស្រី មេធាវី លឹម ច័ន្ទ​លីដា សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​មេធា​វីស៊ីឌី​អេស​មាន​ការិយាល័យ​ផ្ទះ​លេខ ៥៤ ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ឧបមា​ថា មាន​ប្តី​ប្រពន្ធ​ក្នុង​គ្រួសារ​មួយ​ឈ្លោះ​គ្នា តែ​ពេល​នោះ​មាន​អ្នក​ជិត​ខាង​ឈ្មោះ​លោក (ក) ចូល​ឃាត់។​ពេល​នោះ​ស្រាប់​តែ​បុរស​ជា​ម្ចាស់​ផ្ទះ​វាយ​លោក (ក) បែក​ក្បាល។តើ​បុរស​ម្ចាស់​ផ្ទះ​មាន​កំហុស​ទេ ព្រោះ​អី​គាត់​ថា លោក (ក) ចូល​ក្នុង​ផ្ទះ​របស់​គាត់​ដោយ​ខ្លួន​ឯង?

នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​យល់ដឹង​ទាក់ទង​ទៅនឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មាន​ការ​ឈឺ​ឆ្អាល​ជាខ្លាំង ដោយ​ហេតុ​ថា ភាគ​ច្រើន​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា​ស្ត្រី និង​កុមារ​ដែល​ជា​មនុស្ស​ទន់​ខ្សោយ។

បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​តាមរយៈ​ក្រសួង​កិច្ចការ​នារី និង ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​និង​មាន​ការ​ចូលរួម​ជ្រោម​ជ្រែង​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​កំពុង​អនុវត្ត​បេសកកម្ម​ភាព​យ៉ាង​សកម្ម​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការពារ​ជន​រង​គ្រោះ​និង​ពង្រឹង​វប្បធម៌​អហិង្សា​និង​ភាព​សុខដុមរ​មនា​ក្នុង​គ្រួសារ ហើយ​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ទំនាស់​ឯកជន​របស់​គ្រួសារ​ឡើយ បញ្ហា​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​ទាំងមូល។

ភ្ជាប់​ជាមួយនឹង​សំណួរ​ខាងលើ​វិញ លោក (ក) មាន​ចេតនា​ចូលទៅ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ បែរ​ជា​ត្រូវ​ជន​មុខ​សញ្ញា (បុរស​ម្ចាស់​ផ្ទះ) បង្ក​អំពើ​ហិង្សា​នោះ វាយ​លោក (ក) បែក​ក្បាល។ ចំពោះ​ទង្វើ​ជន​បង្ក​នេះ គឺជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ទោះបី​ជន​មុខ​សញ្ញា​នេះ​បាន​អះអាង​ថា លោក (ក) បាន​ចូល​ក្នុង​ផ្ទះ​របស់​គាត់​មិន​មាន​ការ​អនុញ្ញាត​​ក៏ដោយ។

ចុះ​ប្រសិនបើ​លោក (ក) ដែល​ចូលទៅ​ផ្ទះ​មាន​ជម្លោះ​នោះ​ក្នុង​បំណង​ឃាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា តែ​ត្រូវ​បុរស​ម្ចាស់​ផ្ទះ​វាយ​បែក​ក្បាល។ តើ​លោក (ក) អាច​ប្តឹង​បុរស​ជា​ម្ចាស់​ផ្ទះ​នោះ​បាន​ដែរ​ទេ?

ដូច​ការបញ្ជា​ក់នៅ​ខាងលើ​រួចហើយ បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ​មិន​ត្រូវបាន​ចាត់​ទុក​ជា​ទំនាស់​ឯកជន​របស់​គ្រួសារ​ឡើយ។ ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ​មាន​លក្ខណ​ពិសេស​បំផុត​ដែល​ទាមទារ​ឲ្យ​មាន​ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​តម្រូវ​ឲ្យ​ចាត់​វិធានការ​សមស្រប​បំផុត​ដើម្បី​ការពារ​ជន​រង​គ្រោះ​ឬ​ជន​ដែល​អាច​នឹង​រង​គ្រោះ។

លើស​ពី​នេះ​ទៅទៀត​ច្បាប់​នេះ បាន​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន អង្គការ​នានា និង​ផ្នែក​ឯកជន​ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ។

ក្នុងករណីនេះ​ដោយ​ភ្ជាប់​ជាមួយ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ លោក (ក) មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​បណ្តឹង​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ដោយ​ខ្លួន​ឯង​ប្រឆាំង​នឹង​ជន​មុខ​សញ្ញា​ខាង​លើ​បាន ហើយ​ក៏​អាច​ធ្វើ​ពាក្យ​បណ្តឹង​សុំ​ដីកា​ការពារ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៅ​តុលាការ​បាន​ដែរ។

ម្យ៉ាងទៀត​ប្រសិនបើ​ទាំង ២ នាក់​ប្តី​ប្រពន្ធ​សម្លាប់​គ្នា​ស្លាប់​ទាំង ២ នាក់ ហើយ​លោក (ក) មាន​វត្តមាន​នៅ​ទីនោះ​ដែរ ប៉ុន្តែ​រឿង​នេះ​លោក (ក) មិន​ពាក់ព័ន្ធ​ទេ។តើ​សមត្ថកិច្ច​នគរបាល​អាច​ចាប់​លោក (ក) បាន​ទេ?

ជាទូទៅ លោក (ក) អាច​ប្រឈមមុខ​ចំពោះ​ការសង្ស័យ​របស់​សមត្ថ​កិច្ច ដែល​លោក (ក) ជា​កម្មវត្ថុ​ក្នុងការ​តាម​ដាន ការ​ស៊ើប​អង្កេត ឬ​ការនាំ​ខ្លួន​ដើម្បី​ធ្វើការ​សាក​សួរ​ទៅ​តាម​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌។

មន្ត្រីនគរបាល​យុត្តិធម៌​អាច​ស្នើសុំ​គោលការណ៍​ណែនាំ​ពី​ព្រះរាជ​អាជ្ញា​ដើម្បី​ធ្វើការ​ឃាត់​ខ្លួន​លោក (ក) ក្នុង​ដំណាក់​កាល​មន្ត្រី​នគរបាល​យុត្តិធម៌​បាន ដើម្បី​ស្វែងរក​តម្រុយ​ផ្សេងៗ​ទៀត​ពី​លោក (ក)។

ដោយឡែក​ក្នុងករណី​លោក (ក) បានបង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់គាត់​ថា មិន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ដូច​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ដាក់​ការ​សង្ស័យ​លើ​គាត់ ដោយ​លោក (ក) មាន​ភ័ស្តុតាង​ជា​សាក្សី​មក​បំភ្លឺ​ចំពោះមុខ​មន្ត្រី​នគរបាល​យុត្តិធម៌ នោះ​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ស្នើសុំ​គោល​ការណ៍​ពី​ព្រះរាជា​អាជ្ញា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក (ក) វិល​ត្រឡប់​ទៅផ្ទះ​វិញ​ឬ​ក្រោយ​ផុត​រយៈពេល​នៃ​ការ​ឃាត់​ខ្លួន​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​បុគ្គល​ដែល​ឃាត់​ខ្លួន​ទៅ​ព្រះរាជ​អាជ្ញា​ដើម្បី​ធ្វើការ​សម្រេច។

ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ខ្លួន តើ​រឿងនេះ​លោក (ក) គួរ​ត្រូវ​ធ្វើ​យ៉ាង​ណា?

ក្នុងករណី​បែបនេះ ដោយ​លោក (ក) មានបំណង​ចង់​ជួយ​ការពារ​ឬ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ជន​មុខ​សញ្ញា​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ លោក (ក) គួរ​គប្បី​ត្រូវ​រាយ​ការណ៍​ភ្លាម​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត តាមរយៈ​ទូរស័ព្ទ​ដៃ ឬ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ប្រាប់​ដំណឹង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ចំពោះ​អំពើ​ហិង្សា​ដែល​ជន​មុខ​សញ្ញា​កំពុង​ប្រព្រឹត្ត ឬ​អាច​នឹង​ប្រព្រឹត្ត​នា​ពេល​ខាង​មុខ។ លោក (ក) គួរ​គប្បី​ហៅ​អ្នក​ជិត​ខាង​បាន​ជា​គ្នា ដើម្បី​ចូលរួម​អន្តរាគមន៍​ការពារ​ជន​រង​គ្រោះ ឬ​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ៕