បុគ្គលណាមួយនៅពេលមិនទាន់ប្រព្រឹត្តបទល្មើស ឬមានកំហុសផ្នែកព្រហ្មទណ្ឌគឺបុគ្គលគ្រប់រូបត្រូវមានសិទ្ធិក្នុងការប្រកបការងាររបស់ខ្លួន ឬការនិយាយស្តី។ នេះបើផ្អែកតាមផ្លូវច្បាប់។ ប៉ុន្តែផ្ទុយទៅវិញបើបុគ្គលណាមួយប្រព្រឹត្តបទល្មើសខុសនឹងច្បាប់គឺបុគ្គលនោះត្រូវមានទោស ហើយក៏ត្រូវបាត់បង់សិទ្ធិមួយផ្នែកខ្លះដែរ។
ដើម្បីបានជ្រាបជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក មេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថាជនម្នាក់គាត់បានបង្កបទល្មើស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ តើអាចចាត់ទុកថាគាត់ត្រូវបាត់បង់សិទ្ធិតាំងពីពេលនោះមក ឬគាត់បាត់សិទ្ធិនៅដំណាក់កាលណាខ្លះ បន្ទាប់ពីការឃាត់ខ្លួននោះ ?
ដូចសំណួរដែលលោកបានសួរថា ជនម្នាក់ត្រូវបានបង្កបទល្មើសហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ និយាយពីផ្លូវច្បាប់សួរថា តើជននោះអាចចាត់ទុកថាគាត់ត្រូវបាត់បង់សិទ្ធិតាំងពីពេលនោះមកដែរឬយ៉ាងណា?
ជុំវិញករណីនេះពាក់ព័ន្ធនឹងផ្លូវច្បាប់គឺជននោះត្រូវបានបាត់បង់សិទ្ធិមួយផ្នែកហើយ ពោលគឺបើសមត្ថកិច្ចឃាត់ខ្លួនគាត់ហើយនោះបានន័យថាជននោះបាត់បង់សិទ្ធិក្នុងការដើរហើរហើយ។ ជននោះបានបាត់បង់សិទ្ធិចាប់តាំងពីពេលដែលសមត្ថកិច្ចឃាត់ខ្លួនម្ល៉េះ។
ជនដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ ហេតុអ្វីជននោះត្រូវបានដកហូតសិទ្ធិមួយផ្នែកខ្លះ?
ក្រោយពីជននោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងត្រូវបាត់បង់សិទ្ធិដើរហើរមែន ប៉ុន្តែសិទ្ធិអ្វីៗផ្សេងទៀតជននោះនៅមានដដែលដូចជា សិទ្ធិបញ្ចេញមតិជាដើម។ ជននោះត្រូវបានឃាត់ខ្លួនមែន តែគាត់មានសិទ្ធិផ្តល់ព័ត៌មានទៅឲ្យក្រុមគ្រួសារដើម្បីឲ្យគ្រួសារបានដឹងថា គាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនគាត់។ ម្យ៉ាងការផ្តល់ព័ត៌មានរបស់គាត់ក៏ដើម្បីឲ្យក្រុមគ្រួសារគាត់រកពឹងពាក់មេធាវីដើម្បីជួយការពារក្តីឲ្យគាត់អ៊ីចឹងទៅ។ ឥឡូវនេះគាត់ក្លាយជាជនគម្ហាត់ទេ ក៏ប៉ុន្តែសិទ្ធិក្នុងការបញ្ចេញមតិ ឬសិទ្ធិអីផ្សេងៗទៀតគឺគាត់នៅមានទាំងអស់ហ្នឹង។
នៅពេលជនជាប់ចោទត្រូវបាត់បង់សិទ្ធិមួយផ្នែកខ្លះ ចុះពេលជំនុំជម្រះក្តី តើជននោះត្រូវបានផ្តល់សិទ្ធិអ្វីខ្លះដល់គាត់នៅពេលសវនាការ? ផ្អែកលើមាត្រាណាខ្លះ ?
ការដែលត្រូវបានដកសិទ្ធិពីជននោះមួយផ្នែកខ្លះគឺដោយសារតែគាត់ជាជនគម្ហាត់ (ការឃាត់ខ្លួន) ផ្នែកព្រហ្មទណ្ឌហើយអ៊ីចឹងគាត់ត្រូវទទួលទោសតាមផ្លូវច្បាប់ព្រហ្មទណ្ឌ។ អ៊ីចឹងគាត់ត្រូវបានទទួលទណ្ឌកម្មផ្នែកវិន័យ។ ដូចជា ច្បាប់ដាក់ទោសគាត់ បង្ខំដាក់ទណ្ឌកម្មរយៈពេល ១ ខែ ឬ ៦ ខែ ១ ឆ្នាំ ឬ ២ ឆ្នាំអ៊ីចឹងទៅ បើគាត់នៅក្នុងគុក តើគាត់មានសិទ្ធិឯណាក្នុងការដើរហើរនោះ។
ឥឡូវជននោះត្រូវជាប់ទោសហើយត្រូវឃុំក្នុងពន្ធនាគារ ចុះនៅពេលតុលាការកោះហៅជននោះឲ្យឡើងជំនុំជម្រះតើតុលាការបានផ្តល់សិទ្ធិផ្នែកណាខ្លះដល់គាត់ក្នុងពេលជំនុំជម្រះ?
នៅក្នុងពេលជំនុំជម្រះតុលាការបានផ្តល់សិទ្ធិឲ្យគាត់ដែលទី ១ គាត់មានសិទ្ធិពឹងពាក់មេធាវីដោយខ្លួនឯង។ ទី ២ គាត់មានសិទ្ធិក្នុងការនិយាយបើគាត់ចង់និយាយជាមួយតុលាការគឺគាត់និយាយទៅ ហើយបើគាត់ចង់ឆ្លើយ ឬមិនចង់ឆ្លើយក៏ស្រេចតែគាត់ទៅ និងទី ៣ សិទ្ធិចុងក្រោយរបស់គាត់គឺគាត់ចង់សំណូមពរទៅតុលាការ។
បើគាត់ទទួលស្គាល់ថា គាត់បានប្រព្រឹត្តបទល្មើសណាមួយមែនគឺគាត់ស្នើសុំឲ្យតុលាការធ្វើយ៉ាងណាជួយបន្ធូរបន្ថយទោសឲ្យគាត់អ៊ីចឹងទៅ។ នេះជាសិទ្ធិរបស់គាត់ពោលគឺផ្នែកផ្លូវច្បាប់ គាត់តែងតែត្រូវបានផ្តល់សិទ្ធិឲ្យរហូត គ្រាន់តែគាត់គ្មានសិទ្ធិក្នុងការដើរហើរប៉ុណ្ណឹង តែសិទ្ធិបញ្ចេញមតិអីគឺគាត់នៅមានរហូត។
ចុះតើហេតុអ្វីទៅបានជាច្បាប់ដកហូតសិទ្ធិមួយផ្នែកខ្លះពីជនជាប់ចោទ?
បានជាច្បាប់កំណត់ដកហូតសិទ្ធិមួយផ្នែកខ្លះពីជនជាប់ចោទដោយសារថា គាត់ជាជនគម្ហាត់ (ការឃាត់ខ្លួន) ផ្នែកព្រហ្មទណ្ឌហើយអ៊ីចឹងគាត់ត្រូវបានដកសិទ្ធិខ្លះដូចជាសិទ្ធិដើរហើរអីហ្នឹង៕