ប្រជាពលរដ្ឋ តែងតែមានការខ្ចីបុល ឬចងការប្រាក់ ពីអ្នករកស៊ីចងការប្រាក់ឬពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬពីធនាគារ។ ករណី ខ្ចីបុលប្រាក់នេះ ជាទូទៅ ខាងម្ចាស់បំណុលតែងតែទាមទារ ឲ្យកូនបំណុលរកមនុស្សធ្វើជាសាក្សីដឹងឮដោយមានស្នាមមេដៃ ពីសាក្សីនោះផងទើបម្ចាស់បំណុលឲ្យលុយខ្ចី។ ពាក់ព័ន្ធករណីនេះ ប្រសិនបើកូនបំណុលមិនសងឬគេចខ្លួន តើអ្នកធ្វើជាសាក្សីនឹងមានកាតព្វកិច្ចសងប្រាក់ជំនួសកូនបំណុលដែរឬទេ?។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍ បានសម្ភាសជាមួយលោកស្រី មេធាវី លឹម ច័ន្ទលីដា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមហ៊ុនមេធាវីស៊ីឌីអេសមានការិយាល័យផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់ បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មានខ្លឹមសារដូចខាងក្រោម ៖
ឧបមាថា លោក (ក) បានពឹងពាក់លោក (ខ) ឲ្យផ្តិតមេដៃ ធ្វើជាសាក្សីដើម្បីខ្ចីប្រាក់ពីធនាគារប៉ុន្តែក្រោយពីបានប្រាក់លោក (ក) គេចខ្លួនបាត់ តើលោក (ខ) នឹងត្រូវមានកាតព្វកិច្ចចេញសងទៅម្ចាស់បំណុលជំនួសលោក (ក) ដែរឬទេ?
ក្នុងសង្គមរស់នៅពេលមានការខ្វះខាតប្រជាពលរដ្ឋតែងតែខ្ចីប្រាក់ឬវត្ថុពីគ្នាទៅវិញទៅមក ចំណែកប្រជាពលរដ្ឋមួយចំនួន ក៏មានការខ្ចីប្រាក់ពីធនាគារផងដែរដោយការខ្ចីប្រាក់នេះ ប្រជាពលរដ្ឋតែងតែទម្លាប់និយាយថា ខ្ចីបុលធនាគារ ឬចងការប្រាក់ធនាគារនេះ ដែលភាសាច្បាប់ គឺការខ្ចីបរិភោគ ដែលមានចែងក្នុងបញ្ញត្តិមាត្រា ៥៧៨ នៃក្រមរដ្ឋប្បវេណី «កិច្ចសន្យាខ្ចីបរិភោគ» គឺសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អ្នកឲ្យខ្ចីមានករណីកិច្ចប្រគល់ការប្រើប្រាស់ដោយសេរី នូវប្រាក់ ស្បៀងអាហារ ឬវត្ថុជំនួសផ្សេងទៀតក្នុងអំឡុងពេលដែលមានកំណត់ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកខ្ចី ហើយដែលអ្នកខ្ចីមានករណីកិច្ចសងទៅអ្នកឲ្យម្ចាស់ខ្ចីវិញនូវវត្ថុដែលមានប្រភេទគុណភាព និងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឲ្យខ្ចីនោះ។
តើមានមាត្រាច្បាប់ណាចែងច្បាស់លាស់ទេ ពាក់ព័ន្ធនឹងរឿងនេះ ?
យោងតាមមាត្រា ៥៧៩ នៃក្រមរដ្ឋប្បវេណីការបង្កើតកិច្ចសន្យាខ្ចីបរិភោគ គឺបង្កើតឡើងតាមការព្រមព្រៀងរវាងអ្នកឲ្យ។ ដូចនេះកិច្ចសន្យាខ្ចីប្រាក់ ធនាគារដែលធ្វើឡើងរវាងលោក (ក) ដែលជាអ្នកខ្ចី និងធនាគារជាអ្នកឲ្យខ្ចីប្រាក់ គឺបង្កើតឡើងតាមឆន្ទៈ និងព្រមព្រៀងពិតប្រាកដ រវាងភាគីទំាង ២។ តាមអង្គហេតុខាង លើនេះ លោក (ខ) ក៏មិនមែនជាអ្នកធានាដែលនឹងត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងលោក (ក) ជាកូនបំណុល ដែលត្រូវមានកាតព្វកិច្ចចម្បងជាមួយនឹងម្ចាស់បំណុល (ធនាគារ) ទេ លោក (ក) គឺជាកូនបំណុលដែលត្រូវ អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឲ្យស្របទៅតាមខ្លឹមសារនៃកិច្ចសន្យាខ្ចីបរិភោគ និងគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ចំណែកលោក (ខ) ជាសាក្សីដឹងឮអំពីការខ្ចីប្រាក់រវាងលោក (ក)និងធនាគារ ហេតុនេះក្នុងករណីលោក (ក) រត់គេចខ្លួន ពុំព្រមបំពេញកាតព្វកិច្ចជាកូនបំណុលនោះលោក (ខ) ពុំមានកាតព្វកិច្ចត្រូវសងប្រាក់បំណុលជូនទៅធនាគារជំនួសលោក (ក) ដែលជាកូនបំណុលរបស់ធានាគារនោះទេ ដោយសារតែលោក (ខ) គ្រាន់តែជាសាក្សីដឹងឮអំពីការខ្ចីប្រាក់តែប៉ុណ្ណោះ។
តើលោក (ខ) មានការជាប់ពាក់ព័ន្ធ នឹងបំណុលនេះដែរឬទេ ព្រោះគាត់មិនមែនជាអ្នកខ្ចីលុយធនាគារផងនោះ? ប្រសិនបើលោក (ខ) ជាប់ពាក់ព័ន្ធតើគាត់ត្រូវជាប់បណ្តឹងរដ្ឋប្បវេណី ឬត្រូវមានទោសព្រហ្មទណ្ឌដែរឬទេ?
ដូចតាមការបកស្រាយខាងលើនេះ លោក (ខ) មិនមានការជាប់ពាក់ព័ន្ធនឹងបំណុលជាមួយនឹងធនាគារ និងមានកាតព្វកិច្ចជាកូនបំណុលដូចលោក (ក) នោះទេ ហើយធនាគារ ដែលជាម្ចាស់បំណុលមានសិទ្ធិប្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារឲ្យតុលាការចេញសាលក្រម បង្គាប់ឲ្យលោក (ក) ដែលជាចុងចម្លើយផ្តល់ តាវការលិក (ការសងប្រាក់) ដោយផ្អែកលើការអះអាង អំពីអត្ថិភាពនៃសិទ្ធិទាមទារប្រាក់ ដែលបានកំណត់ក្នុងបណ្តឹង។
ក្នុងដំណើរនីតិវិធីបណ្តឹង ការសាកសួរសាក្សីជាការសំខាន់ណាស់ ដែលធ្វើឡើងដោយសមូហវិធី ផ្អែកតាមមាត្រា ១៣៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ បើលោក (ខ)ត្ រូវបានកោះហៅ ក្នុងនាមគាត់ជាសាក្សី លោក (ខ) ត្រូវមានករណីកិច្ចចំពោះតុលាការ ហើយលោក (ខ) ដែលជាសាក្សី ត្រូវតែស្បថ មុននឹងឆ្លើយចំពោះមុខតុលាការយោងតាមបញ្ញត្តិមាត្រា ១៣៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ក្នុងករណីលោក (ខ) ជាសាក្សីមិនព្រមចូលខ្លួនទៅតុលាការ ដោយគ្មានមូលហេតុត្រឹមត្រូវទេ តុលាការអាចចេញដីកាសម្រេចនាំខ្លួនសាក្សី និងតុលាការចេញដីកាសម្រេចពិន័យជាប្រាក់ចំនួនមិនលើសពី ១០០០០០០(មួយលាន) រៀល។ តែលោក (ខ) ក៏មានសិទ្ធិបឹ្តងជំទាស់ និងដីកាសម្រេចរបស់តុលាការបានដែរយោងតាមមាត្រា ១៣២ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ហេតុនេះលោក (ខ) ជាប់ពាក់ព័ន្ធតែជាមួយនឹងបណ្តឹងរដ្ឋប្បវេណី ក្នុងនាមជាសាក្សី តែប៉ុណ្ណោះ មិនមែនក្នុងនាមជាកូនបំណុលដូចលោក (ក) ឬចុងចម្លើយនោះទេ ហើយក៏មិនមានទោសក្នុងរឿងព្រហ្មណ្ឌនោះដែរ៕