អំពើ​កាប់សម្លាប់​សាច់ញាតិ​ ឬ​សម្លាប់​មនុស្ស​ហាក់​ស្តែង​ពី​ភាពសាហាវ​ព្រៃផ្សៃ​ដែល​អ្នក​ផង​គិត​ថា​មិនគួរ​នឹង​ធ្វើ​ទៅ​កើត​។ ​មូលហេតុ​ដែល​នាំឱ្យ​មាន​ករណី​បែប​នេះ​កើតឡើង គេ​មិន​ដឹង​ថា តើ​បុគ្គល​ប្រព្រឹត្ត​នោះ​បាន​យល់ដឹង​អំពី​ច្បាប់​ដែរ​ឬ​យ៉ាង​ណា​?

​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

តាម​លោក​សង្កេត តើ​មកពី​ពលរដ្ឋ​យើង​មិន​បាន​យល់ដឹង​ពី​ផ្លូវ​ច្បាប់​ច្រើន​ ឬ​ទើប​ពួកគាត់​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​មាន​ចរិត​កាច​សាហាវ​?

និយាយ​អំពី​ច្បាប់​គឺ​ពួកគាត់​ដឹងថា​ធ្វើ​ទៅ​ខុសច្បាប់ ប៉ុន្តែ​ត្រង់​​ថា ត្រូវ​ជាប់​ទោសទណ្ឌ​ប៉ុន្មាន​គឺ​ពួកគាត់​មិន​ដឹង​ទេ​។ ​មួយ​វិញ​ទៀត​ពលរដ្ឋ​ខ្លះ​យល់​ថា បញ្ហា​ក្នុង​គ្រួសារ​មិនមែន​ជា​បញ្ហា​ក្នុង​សង្គម​។ អ៊ីចឹង​ពួកគាត់​នៅ​តែ​យល់​ថា​ជា​រឿង​ការ​ប្រដែប្រដៅ​សមាជិក​ក្នុង​គ្រួសារ​ពួកគាត់​។ ​

នេះ​ជា​ការ​យល់ច្រឡំ​របស់​ពលរដ្ឋ និង​ជា​ចំណុច​សំខាន់​មួយ​ដែល​ទាំង​រដ្ឋាភិបាល ទាំង​​សង្គម​ស៊ីវិល​គួរ​ធ្វើ​យ៉ាង​ណា​​ឱ្យ​ពលរដ្ឋ​យល់​ថា មិនមែន​ជា​បញ្ហា​គ្រួសារ​គឺ​បញ្ហា​ក្នុង​សង្គម​ទាំង​មូល​។ សូម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ក៏​លោក​នៅ​មិន​ទាន់​យល់​ដឹង​ច្បាស់​អំពី​បញ្ហា​ហិង្សា​នេះ ហើយ​យល់​ថា​ជា​រឿង​ក្នុង​គ្រួសារ និង​មិន​សូវ​មាន​វិធានការ​ទប់ស្កាត់​ទេ​។

បច្ចុប្បន្ន​មាន​ការ​ប្រើ​ហិង្សា​កាប់​សម្លាប់​គ្នា​ដូចជា​កូន​សម្លាប់​ឪពុក ម្ដាយ​ ឬ​ប្តី​សម្លាប់​ប្រពន្ធ​និយាយ​រួម​ការសម្លាប់​គ្នា​នេះ​ហាក់​បង្ហាញ​ពី​ភាព​សាហាវ​តែម្តង​។ ​ខ្ញុំ​ចង់ដឹង​ថា​តើ​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី​ដែរ​?

ខ្ញុំ​យល់​ឃើញ​ថា​ការ​ដែល​កើត​មាន​អំពើ​ហិង្សា​ដែល​រហូត​ដល់​សាច់ញាតិ​សម្លាប់​គ្នា​ ឬ​កូន​​សម្លាប់​ឪពុកម្តាយ​ជា​ហូរហែ​​ហ្នឹង ភាគច្រើន​យើង​សង្កេតឃើញ​ថា ទី​ ១ ​គឺ​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុញៀន​ដូចជា ពពួក​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ជាដើម​។

ទាំងអស់​នេះ​ហើយ​ដែល​ធ្វើឱ្យ​មាន​ការ​ថ្លោះធ្លោយ​រហូត​ដល់​កាប់សម្លាប់​គ្នា​បែប​នេះ​។​ រឿង​ទី​ ២ ​គឺ​ដោយសារ​ថា ជួន​កាល​បុគ្គល​នោះ​​មាន​ភាព​ស្ត្រេស​ដែល​បណ្តាល​មកពី​បរិយាកាស​នៅ​ជុំវិញ​ធ្វើឱ្យ​ជីវិត​មាន​ភាព​ស្មុគស្មាញ​ហើយ​ឈាន​ទៅ​មាន​អារម្មណ៍​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ខ្លាំង​។ អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យ​មនុស្ស​មាន​ចិត្ត​ឆេវឆាវ​កាប់សម្លាប់​គ្នា​នោះ​បាទ​។

បញ្ហា​ទី​ ៣ ​ប្រហែល​ជា​យើង​ខ្វះ​នូវ​ការអប់រំ​តាម​ផ្លូវ​ចិត្ត​ហើយ​ និង​ការអប់រំ​ផ្នែក​ខាង​សីលធម៌​ឱ្យ​បាន​ស៊ីជម្រៅ​ហើយ​​ និង​ការបញ្ជ្រាប​អហិង្សា​ឱ្យ​បាន​ជ្រៅ​ទៅក្នុង​សហគមន៍​។ មួយ​វិញ​ទៀត​គឺ​បុគ្គល​មួយ​ចំនួន​មាន​គំនិត​មួយ​បដិសេធ​រឿង​ហិង្សា​ ឬ​ក៏​ពាក្យ​សម្តី​ដែល​បង្កើត​ឱ្យ​មាន​ហិង្សា​ហ្នឹង គួរតែ​មាន​ការ​ការពារ​ ឬ​មាន​ការ​បង្ការ​កុំ​​ឱ្យ​វា​កើតមាន​។​ ​

ទាំង​អ្នក​នយោបាយ​ទាំង​បុគ្គល​ផ្សេងៗ​ទៀត​ហ្នឹង​គួរតែ​នាំ​គ្នា​ប្រើប្រាស់​ភាសា​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​​ជា​ភាសា​បែប​អហិង្សា អាហ្នឹង​វា​ប្រសើរ​។ ​នេះ​បើ​តាម​ការយល់ឃើញ​របស់​ខ្ញុំ​។

បច្ចុប្បន្ន​មាន​ការ​យក​ចិត្ត​ទុកដាក់​បង្រៀន​ ឬ​ក៏​អប់រំ​ដល់​សហគមន៍​អំពី​ករណី​ហិង្សា​ ឬ​ក៏​ផ្នែក​ផ្លូវ​ចិត្ត​ខ្លះ​ទេ​បើ​តាម​បទពិសោធ​​ដែល​លោក​ធ្លាប់​បាន​ដឹង​?

ករណី​នេះ​គឺ​ខាង​អង្គការ​យើង​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​អំពី​រឿង​ហិង្សា​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ហើយ​យើង​បាន​ធ្វើ​តាម​បណ្តា​ខេត្ត​នៅ​កម្ពុជា​ប្រហែល​ជា​ ៦ ​ទៅ​ ៧ ​ខេត្ត​ក្រុង​។ បាន​ន័យ​ថា​ការ​ធ្វើ​នេះ​គឺ​ដើម្បី​កាត់បន្ថយ​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​ដូច​សហគមន៍​ដែល​ការអនុវត្ត​នេះ​គឺ​ច្រើន​ដែរ និង​មាន​ការ​ផ្សារភ្ជាប់​គ្នា​ជាមួយ​នឹង​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការបង្ការ​ហិង្សា ហើយ​សហគមន៍​ក៏​មាន​ការអប់រំ​អំពី​អំពើ​ហិង្សា​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ដល់​សហគមន៍​។

ក្នុង​នោះ​ដែរ​គឺ​យើង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ខាង​អាជ្ញាធរ​ឃុំ-សង្កាត់​លោក​មាន​ការ​អប់រំ​នេះ ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​។ ​ក្នុង​នោះ​យើង​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ-សង្កាត់ ហើយ​យើង​ឃើញ​នៅ​តាម​មូលដ្ឋាន​ដែល​យើង​សហការ​នោះ​មាន​ការ​ថយចុះ​នូវ​អំពើ​ហិង្សា​ហ្នឹង​ច្រើន​។

ប៉ុន្តែ​ចំពោះ ឃុំ-សង្កាត់​ណា​ដែល​យើង​អត់​បាន​សហការ​គឺ​មាន​កម្រិត​នៃ​អំពើ​ហិង្សា​ខ្ពស់​ជាង​ឃុំ-សង្កាត់​ដែល​យើង​បាន​ធ្វើ​។ ​ករណី​ដែល​នាំឱ្យ​មាន​អំពើ​ហិង្សា​កាប់សម្លាប់​គ្នា​គឺ​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​គ្រឿងញៀន​អីហ្នឹង​គឺ​បង្ក​ហិង្សា​ដល់​សហគមន៍​ក៏​ដូច​ក្នុង​គ្រួសារ​ច្រើន​។ ​ជា​រួម​ខាង​ខ្ញុំ​ធ្វើ​បាន​តែ​ជាង​ ១០០ ​ឃុំ-សង្កាត់​ប៉ុណ្ណោះ​​នៅ​ទូទាំង​ប្រទេស​។

ជា​ការ​ឆ្លើយតប​មកវិញ​ថា​តើ​​ពលរដ្ឋ​មាន​ការ​យល់ដឹង​ដល់​កម្រិត​ណា​ដែរ​ក្រោយ​ពី​ទទួល​ការអប់រំ​?

ខ្ញុំ​សង្កេត​ឃើញ​តួលេខ​នៃ​អំពើ​ហិង្សា​មាន​ការ​ថយចុះ​ច្រើន​។ ឯ​សម្រាប់​អង្គការ​ខ្ញុំ​ដោយសារ​តែ​យើង​ធ្លាប់​បាន​ទទួល​មូល​និធិ​ពី​ស្ថានទូត​អូស្ត្រាលី​គឺ​យើង​បាន​អប់រំ​ដល់​សហគមន៍​អំពី​ហិង្សា​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង​។ យើង​បាន​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​យើង​ក៏​អប់រំ​អំពី​សុខភាព​ពី​បញ្ហា​សង្គម បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ជាដើម​។ ​បន្ទាប់ពី​យើង​អប់រំ​គឺ​យើង​សង្កេត​ឃើញ​ថា​ពួកគាត់​មាន​ការ​យល់ដឹង​ច្រើន​។

ពួកគាត់​យល់​អំពី​ផលវិបាក​នៃ​អំពើ​ហិង្សា ប៉ុន្តែ​សំខាន់​គឺ​ពួកគាត់​គ្មាន​មធ្យោបាយ​ដោះស្រាយ​នេះ​រឿង​ទី​ ១ ​។ រឿង​ទី​ ២ ​ទៀត​គឺ​អត់​មាន​យន្តការ​ណា​ដើម្បី​គាំទ្រ​ពួកគាត់ ហើយ​តាម​ដឹង​គឺ​យន្តការ​មាន ប៉ុន្តែ​មិន​ទាន់​ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត និង​ខ្វះ​អ្នក​ពិគ្រោះ​យោបល់​នៅ​ពេល​ពលរដ្ឋ​គាត់​ជួប​នឹង​បញ្ហា​។ យើង​មាន​ឃុំ-សង្កាត់​មែន ក៏​ប៉ុន្តែ​សមត្ថភាព​របស់​អាជ្ញាធរ​ខ្លះ​នៅ​មាន​កម្រិត​ក្នុង​ការ​ដោះស្រាយ​ ឬ​ការអប់រំ​ផ្លូវចិត្ត​ជាដើម​គឺ​គាត់​មាន​ការខ្វះ​ចន្លោះ​។

កន្លង​មក​ ខាង​អង្គការ​ខ្ញុំ​ក៏​មាន​កម្មវិធី​បណ្តុះបណ្តាល​​គ្រូ​បង្គោល​សម្រាប់​អប់រំ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍​ផង​ដែរ​៕