ការរើស​ទ្រព្យសម្បត្តិ ឬ​វត្ថុ​មាន​តម្លៃ​នៅ​តាម​ផ្លូវ​ដែល​គេ​ជ្រុះ ហើយ​បើ​យើង​រើស​បាន និង​មិន​បាន​ប្រកាស​រក​ម្ចាស់ទ្រព្យ​នោះ ឬ​មិន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច តើ​អ្នក​ដែល​រើស​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែរ​ទេ​? ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ដូចតទៅ៖

ឧបមា​ថា លោក (​ក​) ​ធ្វើ​ដំណើរ​តាមផ្លូវ​ហើយ​រើស​បាន​កាបូប​មួយ​ដែល​នៅក្នុង​កាបូប​នោះ​មាន​លុយ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ផ្សេងទៀត​។ ប៉ុន្តែ​គាត់​មិន​បាន​ប្រកាស​ជា​សាធារណៈ សួររក​ម្ចាស់​កាបូប​នេះ​ទេ​។ ក្រោយ​មក​ម្ចាស់​កាបូប​លុយ​នោះ​ឃើញ​លោក​ (​ក​) ​កាន់​កាបូប​នោះ​។ សួរថា តើ​លោក​ (​ក​) ​នឹង​ជាប់​សង្ស័យ​ថា ជា​អ្នក​លួច​ទ្រព្យសម្បត្តិ​គេ​ទេ​?

មុន​នឹង​មាន​ការបកស្រាយ​ពី​បញ្ហា​នេះ ខ្ញុំ​សូម​ផ្តល់​និយមន័យ​នៃ​អំពើ​លួច​ជាមុន​សិន​។ អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​មក​ធ្វើ​​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ បើ​តាម​បញ្ញត្តិ​មាត្រា ៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ​ទៅ​ ៣ (​បី​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០០០០០០ (​មួយ​លាន​) ​រៀល​ទៅ ៦០០០០០០ (​ប្រាំមួយ​លាន​) ​រៀល​។

បើ​ទោះបី​ជា​វត្ថុ ឬ​ទ្រព្យសម្បត្តិ​នោះ លោក​ (​ក​) ​ជា​អ្នក​រើស​បាន​ក៏ដោយ តែ​យើង​មិន​បាន​ប្រកាស​ជា​សាធារណៈ ដើម្បី​ប្រាប់​ដល់​ម្ចាស់​ឲ្យ​បានដឹង​ហើយ​នៅពេល​ដែល​ម្ចាស់​កាបូប​នោះ​រកឃើញ​គឺ​គេ​ចាត់ទុក​ថា លោក​ (​ក​) ​ជា​អ្នក​លួច​ដែរ​។ ព្រោះ​ថា​លោក​ (​ក​) ​នៅពេល​ដែល​រើស​កាបូប​នោះ​បាន​គឺ​គាត់​ប្រាកដ​ជា​ដឹងថា កាបូប​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នកដទៃ​រួច​ទៅ​ហើយ​។ ដូច្នេះ​មានន័យ​ថា លោក​ (​ក​) ​មាន​ចេតនា​លួច​របស់​គេ​ហើយ​។ នេះ​គ្រាន់តែ​រើស​បាន​ផង កុំថា​ឡើយ​ដល់​ទៅ​លួច​របស់​អ្នកដទៃ​។

អ៊ីចឹង តើ​លោក (​ក​) ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​ជាប់​សង្ស័យ​ពី​បទលួច នៅពេល​ដែល​គាត់​រើស​បាន​កាបូប​នោះ​?

បើ​លោក​ (​ក​) ​រើស​កាបូប ហើយ​យក​កាបូប​នោះ​ទៅ​ប៉ុស្តិ៍នគរបាល ឬ​បង្ហាញ​ដល់​សមត្ថកិច្ច ដើម្បី​ធ្វើការ​អំពាវនាវ​រក​ម្ចាស់​កាបូប​នោះ​ ឬ​លោក​ (​ក​) ​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​អំពាវនាវ​រក​ម្ចាស់​ក៏បាន​ដែរ​។ ធ្វើ​ដូចនេះ​បង្ហាញថា លោក​ (​ក​) ​មាន​ចេតនា​ល្អ​។ លុះ​ក្រោយមក​ពេល​ម្ចាស់​កាបូប​ដឹងថា កាបូប​នៅក្នុង​ដៃ​របស់​លោក (​ក​) ​ដោយ​គ្មាន​បាត់បង់​ប្រាក់​ផង​នោះ គឺ​ម្ចាស់​កាបូប​មិន​អាច​មក​ចោទ​លោក​ (​ក​) ​ថា​លួច​បាន​ទេ​។

ចុះ​បើ​មាន​មនុស្ស​ទៅ​បន្លំ​ថា គាត់​ជា​ម្ចាស់​កាបូប​នោះ ហើយ​ពេល​មាន​ការស្រាវជ្រាវ​ទៅ​ទើប​ដឹងថា គាត់​មិនមែន​ជា​ម្ចាស់​កាបូប​ពិតប្រាកដ​ទេ សួរ​ថា តើ​អាច​ចាត់​ជា​អំពើ​លួច​ដែរ​ទេ​?

ករណី​មាន​មនុស្ស​ទៅ​បន្លំ​ថា ទ្រព្យសម្បត្តិ​នោះ​ជា​របស់​ខ្លួន តែ​ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​ដឹងថា មិនមែន​ជា​របស់​អ្នក​នោះ ករណី​នេះ​ក៏​ចូលក្នុង​អំពើ​លួច​ដែរ​។ ព្រោះ​អ្នកនោះ​ដឹង​ហើយ​ថា របស់​នោះ​មិនមែន​ជា​របស់ខ្លួន​។

ឧទាហរណ៍ ករណី​មួយ​ទៀត​លោក​ (​ក​) ជ្រុះ​បាត់​អត្តសញ្ញាណប័ណ្ណ ហើយ​ចោរ​រើស​បាន​។ លុះ​ពេល​ចោរ​ម្នាក់​នោះ​ទៅ​លួច​ទ្រព្យសម្បត្តិ​គេ​ក៏​ជ្រុះ​អត្តសញ្ញាណប័ណ្ណ​នោះ ហើយ​គេ​រើស​បាន​សួរថា តើ​សមត្ថកិច្ច​នឹង​ទៅ​ចាប់​លោក​ (​ក​) ដែរ​ឬ​យ៉ាង​ណា ?

ករណី​នេះ​ជា​បឋម​គឺ​សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ទៅលើ​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​នោះ​ហើយ​ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ក៏​មិន​អាច​ចោទថា ម្ចាស់​អត្តសញ្ញាណប័ណ្ណ​នោះ​ពិតជា​ចោរ​ដែរ ឲ្យ​តែ​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​នោះ​បង្ហាញ​ភ័ស្តុតាង​ថា ពិតជា​ជ្រុះ​បាត់​អត្តសញ្ញាណប័ណ្ណ​មែន ។

ជាគោលការណ៍ ព្រហ្មទណ្ឌ បើ​យើង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ទេ ហើយ​យើង​មាន​ភ័ស្តុតាង​ថា យើង​មិន​ប្រព្រឹត្ត អាហ្នឹង​មួយរយ​ភាគរយ​គឺ​សមត្ថកិច្ច​មិនអាច​ចោទ​យើង​បានទេ​។ មិនមែន​ថា អ្នកឯង​ជ្រុះ​បាត់​ហើយ ហើយ​មាន​មនុស្ស​ម្នាក់​ទៀត​យក​ទៅ​ប្រព្រឹត្ត​បទល្មើស ហើយ​ឲ្យ​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ទទួល​ខុស​ត្រូវ​នោះ​គឺ​អត់​ទេ​។

ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​នោះ​បន្ទាប់ពី​ជ្រុះ​បាត់ ហើយ​គាត់​ទៅប្តឹង​សមត្ថកិច្ច​ប៉ូលិស​ជាមុន​នោះ គឺ​សមត្ថកិច្ច​មិន​អាច​ទៅ​ចាប់​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​នោះ​បាន​ទេ ព្រោះ​អី​គាត់​បាន​ប្តឹង​សមត្ថកិច្ច​ជាមុន​ហើយ​៕