ទំនាស់​ដី​ធ្លី​នៅ​តែ​ជា​បញ្ហា​ដែល​ករណី​ខ្លះ​​អ្នក​រស់នៅ​​ និង​អាស្រ័យ​ផល​​​លើ​ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ និង​​ខ្លះ​ត្រូវ​បាន​ហាម​ឃាត់​ មិន​ឲ្យ​រស់​នៅ​លើ​ដី​នោះ​ដោយ​សំអាង​ថា​ គ្មាន​ប្លង់​ត្រឹម​ត្រូវ។​ចំណែក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ជួល​ឲ្យ​ភ្ជួររាស់​លើ​ដី​នោះ​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ប៉ុន្តែ​អ្នក​ជួល​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ដែរ​ទេ។​

ជុំវិញ​​​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​អ្នក​ស៊ី​ឈ្នួល​នេះ​ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយ​លោក ផុន ​ធារិន ​ជា​មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី​ លីហ្គល​សៀល​ មាន​ការិយាល័យ​ផ្ទះ​លេខ ​១០ ​ផ្លូវ ​១០៥​ ភូមិ​បាក់​ទូក​ សង្កាត់​ទួល​សង្កែ ​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ដូច​ខាង​ក្រោម​៖​

ឧបមា​ថា​ មាន​ពលរដ្ឋ​បាន​ជួល​លោក ​(ក) ​ឲ្យ​ភ្ជួរ​ដី​ដាំ​ដំណាំ​ ប៉ុន្តែ​ពេល​កំពុង​ភ្ជួរ​ ស្រាប់​តែ​នគរបាល​ទៅ​ឃាត់​ខ្លួន​គាត់​ (អ្នក​ស៊ី​ឈ្នួល​ភ្ជួរ​) ​ដោយ​ចោទ​ថា​ ភ្ជួរ​លើ​ដី​របស់​រដ្ឋ​។ ​ចំណែក​អ្នក​ជួល​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ​តើ​ហេតុ​អ្វី? ​ប៉ុន្តែ​មុន​ឃាត់​ខ្លួន​នោះ​សមត្ថកិច្ច​ថា ​បាន​ជូន​ដំណឹង​ទៅ​តុលាការ​ហើយ។​ រីឯ​មេ​ភូមិ​អះអាង​ថា​ ដី​នោះ​ពលរដ្ឋ​ធ្វើ​ស្រែ​​ជាង ​២០ ​ឆ្នាំ​មក​ហើយ​។ ​សួរ​ថា​ អាជ្ញាធរ​តំណាង​ឲ្យ​រដ្ឋ​ ដូច្នេះ​​ហេតុ​អ្វី​ក៏​សមត្ថកិច្ច​មិន​ជឿ​​បែរ​ជា​ជឿ​តុលាការ​ទៅ​វិញ​?​

មាន​រឿង​ជា​ច្រើន​ក្នុង​សង្គម​បច្ចុប្បន្ន​​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ដី​ធ្លី​នេះ​។​ ករណី​ខ្លះ​​ ទំនាស់​​ដី​ធ្លី​កើត​ចេញ​​ពី​ភាព​មិន​ច្បាស់​​លាស់​របស់​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ជូន​ដំណឹង​អំពី​​សេចក្តី​ណែនាំ ​អនុក្រឹត្យ​បទដ្ឋាន​គតិយុត្ត​នានា ឬ​ការ​អន្តរាគមន៍​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​ចំពោះ​ការ​ចូល​កាន់​កាប់​ដី​​ខុស​​ច្បាប់​របស់​ពលរដ្ឋ ឬ​ឈ្មួញ​ជា​ដើម។​

ម្យ៉ាង​ទៀត វិវាទ​ក៏​អាច​​កើត​ចេញ​ពី​ការ​ឃុបឃិត​របស់​​ជន​ឱកាស​និយម​ដោយ​ទាញ​​​​យក​ប្រយោជន៍​តាម​រយៈ​ការ​កាប់​ឆ្ការ​ដី​របស់​ពលរដ្ឋ ​ដែល​ពួក​គេ​បាន​ចំណាយ​ពេល​​វេលា ថវិកា កម្លាំង​ញើស​​​ឈាម ដើម្បី​​សម្អាត​ និង​ដាំដុះ​ដំណាំ​លើ​ដី​ទាំង​នោះ ហើយ​ពួក​ឆ្លៀត​ឱកាស​ទាំង​​នោះ ក៏​ប្រើ​វិធី​គាប​សង្កត់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ទីតាំង​ដី​នោះ​ក្រោម​ហេតុ​ផល​ថា ជា​ដី​រដ្ឋ​ ឬ​ដី​ជម្រ​កព្រៃ​ឈើ​។​ល។​

យើង​ងាក​មក​សំណួរ​ខាង​លើ​នេះ​វិញ​ ចំណុច​សំខាន់​នៃ​សំណួរ​នេះ​ ថា​​តើ​ការ​កាន់​កាប់​ដី​របស់​ពលរដ្ឋ​ដែល​មេភូមិ​បាន​អះអាង​នោះ​ គាត់​បាន​កាន់​កាប់​ និង​អាស្រ័យ​ផល​លើ​ភោគៈ​នេះ​ តាំង​ពី​ពេល​ណា​មក​​ ហើយ​ពួក​គាត់​មាន​អ្វី​មក​​បញ្ជាក់​លើ​ការ​កាន់​កាប់​របស់​ពួក​គាត់​។ ​រីឯ​ការ​ឃាត់​ខ្លួន ​លោក ​(ក) ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ទៅ​សមត្ថកិច្ច​ ឬ​តុលាការ​ថា​ ​ខ្លួន​មិនមែន​ជា​អ្នក​កាន់​កាប់​ដី​ និង​អាស័្រយ​ផល​ទេ​ ខ្លួន​​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​​ភ្ជួរ​ដី​ប៉ុណ្ណោះ​។

ក្នុង​ករណី​លោក ​(ក) ​បង្ហាញ​ថា​ ខ្លួន​ជា​មនុស្ស​សុចរិត​ មិន​ពាក់ព័ន្ធ​ជាមួយ​ការ​កាន់​កាប់​ដី​​រដ្ឋ​នោះ​ទេ ​ឬ​ទំនាស់​នេះ​លោក ​(ក) ​ចាំបាច់​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។ ​ដោយ​ឡែក​ការ​ឃាត់​​ខ្លួន​លោក ​(ក) ​ប្រហែល​កើត​​ចេញ​ពី​បណ្តឹង​របស់​សាមី​អង្គភាព ឬ​ចំណាត់​ការ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ចំពោះ​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ដែល​សង្ស័យ​ថា​ លោក​ (ក) ជា​អ្នក​ប្រព្រឹត្ត។ ចំពោះ​លោក ​(ក) ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​ បាន​ស្នើសុំ​​គោលការណ៍​ឃាត់​ខ្លួន​ពី​ព្រះរាជ​អាជ្ញា​ជា​មុន​ ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ព្រហ្មទណ្ឌ​។

ការ​ចោទ​ជា​​សំណួរ​ថា៖ ​អាជ្ញាធរ​មូលដ្ឋាន​តំណាង​ឲ្យ​រដ្ឋ ដូច្នេះ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​មិន​ជឿ​បែរ​ជា​ទៅ​​ជឿ​តុលាការ​ដែល ​មិន​មែន​អាជ្ញាធរ​ដែន​ដី​ទៅ​វិញ? យើង​ត្រូវ​ដឹង​អំពី​ភារកិច្ច ​និង​តួនាទី​របស់​មន្រ្តី​នគរបាល​យុត្តិធម៌ ​ដែល​អនុវត្ត​ទៅ​តាម​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ប៉ុណ្ណោះ។​

ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ តុលាការ​វិនិច្ឆ័យ​​ផ្អែក​លើ​ភ័ស្តុតាង ​អង្គហេតុ​និង​អង្គ​ច្បាប់​។​ ក្នុង​ករណី​នេះ​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន ​(មេភូមិ​) ​​ត្រូវ​តវ៉ា​​ចំពោះ​មុខ​តុលាការ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដោយ​បញ្ជាក់​អង្គហេតុ​ និង​ភ័ស្តុតាង​ ដើម្បី​​ឲ្យ​តុលាការ​ និង​ស្ថាប័ន​​ពាក់ព័ន្ធ​ទាំង​នោះ​ ​សម្រេច​ផ្តល់​សិទ្ធិ​កាន់​កាប់​ និង​អាស្រ័យ​ផល​ជូន​ប្រជាពលរដ្ឋ​​។

(សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ)