ការកើត​មាន​អំពើ​ឆក់​លួច​ក្នុង​ករណី​ណាមួយ​ដែល​បង្ក​ឡើង​ដោយ​ជនល្មើស ហើយ​បទល្មើស​នោះ​កើត​មាន​នៅក្នុង​មូលដ្ឋាន​ណាមួយ ជា​នីតិវិធី​គឺ​ជនរងគ្រោះ​នោះ​ត្រូវ​ដាក់​ពាក្យបណ្តឹង​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ដែល​កើតហេតុ​នោះ​ដោយ​​ផ្ទាល់​។ ប៉ុន្តែ​ក្នុង​ករណី​នេះ​គឺ​​ជនរងគ្រោះ​មិន​បាន​ដឹង​ច្បាស់​អំពី​ឈ្មោះ ឬ អត្តសញ្ញាណ​របស់​ជនល្មើស​ឡើយ​។

ប្រសិន​បើ​មាន​ករណី​បែប​នេះ​តើ​ពាក្យ​បណ្តឹង​នេះ​គេ​ហៅថា​ជា​បណ្តឹង​អ្វី​? ​ដើម្បី​បាន​ជ្រាប​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ឧបមា​ថា​មាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ហើយ​ស្រាប់​តែ​មាន​ជនល្មើស​មក​ឆក់​យក​ទ្រព្យសម្បត្តិ​​របស់​គាត់​យក​ទៅ​បាត់​។ ប្រសិន​បើ​ជនរងគ្រោះ​បាន​ជួប​ហេតុការណ៍​បែប​នេះ តើ​គាត់​​គួរតែ​ដាក់​ពាក្យ​បណ្តឹង​នៅ​កន្លែង​ណា​?

ជា​នីតិវិធី ប្រសិន​បើ​មាន​ករណី​បែប​នេះ​កើត​មាន​ដូច​អ្វី​ដែល​បាន​សួរ​ខាង​លើ​ជា​គោលការណ៍​ជនរងគ្រោះ​មាន​ជម្រើស​ ២​ ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ក្នុងករណី​មាន​ចោរឆក់​ ឬ​លួច​ទ្រព្យសម្បត្តិ​នោះ​។ ទី​ ១ គឺ​ជនរងគ្រោះ​នោះ​គាត់​អាច​ទៅ​រាយការណ៍​ប្រាប់​មន្ត្រី​នគរបាល​នៅក្នុង​មូលដ្ឋាន​ដែល​ជនរងគ្រោះ​នោះ​បាន​ជួប​ហេតុការណ៍​។

ទី​ ២ គឺ​ប្រសិន​បើ​ជនរងគ្រោះ​មិន​ចង់​ប្តឹង​ទៅ​នគរបាល​មូលដ្ឋាន​ទេ​គឺ​គាត់​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ថ្នាក់​ដំបូង​ណា​មួយ​នៅតាម​ខេត្ត-ក្រុង​ក៏​បាន​។

តើ​ពាក្យ​បណ្តឹង​របៀប​នេះ​គេ​ហៅថា​ដូចមេ្ដច​ដែរ ?

ពាក្យបណ្តឹង​ដែល​ប្តឹង​នេះ​ត្រូវ​បាន​គេ​ហៅថា​ជា «​បណ្តឹង​បរិហារ​»​។ បណ្តឹង​បរិហារ​នេះ​មាន​ន័យ​ថា បរិហារ​បទល្មើស​។

អ៊ីចឹង​នៅពេល​ដែល​បទល្មើស​ណា​មួយ​កើតមាន​គឺ​ជនរងគ្រោះ​ណា​ ឬ​ជន​ណាមួយ​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​ក៏​មាន​សិទ្ធិ​ប្តឹង​ដែរ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​។ ករណី​បណ្តឹង​បរិហារ​នេះ​ដែរ​ក៏​មិន​បាន​សំដៅ​តែ​បុគ្គល​ដែល​ជា​ជនរងគ្រោះ​ដែរ​។ ​

ឧបមា​ថា យើង​ដើរ​ទៅ​កន្លែង​មួយ​ស្រាប់​តែ​ឃើញ​មាន​មនុស្ស​ស្លាប់​ហើយ​ក៏​មិន​ដឹង​ថា​នរណា​ជា​អ្នក​សម្លាប់​ជនរងគ្រោះ​នោះ​ដែរ​ប៉ុន្តែ​ជា​គោលការណ៍​យើង​ដែល​ជា​អ្នក​បាន​ឃើញ​មនុស្ស​ស្លាប់​នោះ​ក៏​មាន​សិទ្ធិ​ប្តឹង​ទៅ​នគរបាល​យុត្តិធម៌​បាន​ដូច​គ្នា​ដែរ​។ ​

គឺ​យើង​ដែល​បាន​ដឹង​បាន​ឃើញ​ករណី​នេះ​អាច​ប្តឹង​ទៅ​នគរបាល​យុត្តិធម៌​នៅក្នុង​មូលដ្ឋាន​នោះ​ ឬ​ប្តឹង​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​មាន​ការចុះ​ស៊ើបអង្កេត​។ នេះ​ក៏​គេ​ហៅថា​ជា​បណ្តឹង​បរិហារ​ផង​ដែរ​។ ប៉ុន្តែ​បណ្តឹង​របស់​យើង​នេះ​គ្រាន់​តែ​ជា​សេចក្តី​រាយការណ៍​អំពី​បទល្មើស​តែប៉ុណ្ណោះ​ពីព្រោះ​អ្នក​ប្តឹង​នោះ​មិនមែន​ជា​ម្ចាស់​បណ្តឹង​ទេ រីឯ​ម្ចាស់​បណ្តឹង​គឺ​ព្រះរាជអាជ្ញា​ទេ ព្រោះ​ព្រះរាជអាជ្ញា​គាត់​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​។ ការដាក់​ពាក្យ​បណ្តឹង​របៀប​នេះ​គឺ​ដើម្បី​ឲ្យ​នគរបាល​យុត្តិធម៌​ស្រាវជ្រាវ​​បន្ត​។

សូមកុំ​ច្រឡំ​អំពី​បណ្តឹង​​បរិហារកេរ្តិ៍ តែ​នេះ​ជា​បណ្តឹង​បរិហារ​ពី​បទល្មើស​តែ​ប៉ុណ្ណោះ​៕