ការទិញ​លក់​របស់របរ​នាពេល​​បច្ចុប្បន្ន មាន​ខ្លះ​បាន​ធ្វើ​តាម​វិធី​បង់រំលស់​។ ​ប៉ុន្តែ​ក្នុង​ករណី​អ្នកទិញ​មិន​គោរព​តាម​ការសន្យា តើ​ក្រុមគ្រួសារ ឬ​ឪពុកម្ដាយ​ជាប់​កាតព្វកិច្ច​បង់ប្រាក់​ជំនួស​ឬ​​ទេ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ដែល​មាន​ការិយាល័យ​ធ្វើការ​នៅ​បុរី​ឌឺរ៉ូយ៉ាល់មេគង្គ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា កូនប្រុស​លោក​ (​ក​) ​បាន​ទិញ​ម៉ូតូ​បង់រំលស់ ប៉ុន្តែ​បន្ទាប់ពី​ទិញ​បាន​គឺ​គេ​មិន​ព្រម​បង់លុយ​ប្រចាំខែ​ឲ្យ​ទៅ​​ក្រុមហ៊ុន​លក់​ម៉ូតូ​ទេ​។ ម្យ៉ាង​កាលពី​ពេល​ទិញ​ម៉ូតូ កូន​នោះ​គេ​ក៏​មិនបាន​ប្រាប់​ឪពុកម្តាយ​ឲ្យ​​ដឹង​ដែរ ហើយ​ខាង​ក្រុមហ៊ុន​បាន​មក​ទារលុយ​ពី​ឪពុកម្តាយ​តែ​ពួកគាត់​ប្រកែក ខណៈ​ពួកគាត់​មិន​បាន​ចុះហត្ថលេខា​ ឬ​ផ្តិតមេដៃ​ទទួល​ស្គាល់​ថា កូន​ពួកគាត់​ពិត​ជា​បាន​ទិញ​ម៉ូតូ​នោះ​។ ក្នុង​ករណី​នេះ តើ​ទាមទារ​ឲ្យ​ឪពុកម្ដាយ​ត្រូវតែ​ចេញសង​ជំនួស ឬ​យ៉ាងណា​?

ជារឿយៗ​ក្រុមហ៊ុន​លក់​យានយន្ត​ដោយ​ប្រើ​សេវាកម្ម​បង់​រំលស់​ឲ្យ​អតិថិជន តែងតែ​មាន​គោលការណ៍​របស់​ខ្លួន​ជាក់លាក់​។ ​ករណី​ខាងលើ​នេះ កូនលោក​ (​ក​) ​បាន​ទិញ​ម៉ូតូ​ពី​ក្រុមហ៊ុន​លក់​ម៉ូតូ ដោយ​បាន​បំពេញ​បែបបទ​តាម​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​។ ​ក្នុង​ន័យ​នេះ​មុន​នឹង​ក្រុមហ៊ុន​លក់​ម៉ូតូ​អនុម័ត​ផ្តល់​សេវាកម្ម​បង់​រំលស់​គឺ​ក្រុមហ៊ុន​​នោះ​បាន​សិក្សា​មើល​ពី​លទ្ធភាព​របស់​កូនលោក​ (​ក​) ​រួច​ហើយ​ថា តើ​គេ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបង់ប្រាក់​សង​ត្រឡប់មក​ក្រុមហ៊ុន​លក់​ម៉ូតូ​ដែរ​​ឬ​ទេ​? ​ឬក៏​មាន​អ្នកធានា​លើ​កាតព្វកិច្ច​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​ដែរ​ឬ​យ៉ាងណា​?

ផ្អែក​តាម​អង្គហេតុ​ខាងលើ​កូន​របស់​លោក​ (​ក​) ​មាន​សមត្ថភាព​គ្រប់គ្រាន់​ចំពោះ​សិទ្ធិ និង​កាតព្វកិច្ច​ជាមួយ​ក្រុមហ៊ុន​លក់​ម៉ូតូ​ដោយ​កូនលោក​ (​ក​) ​បាន​បង្កើត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការទទួល​យក​សេវាកម្ម​ទិញ​ម៉ូតូ​បង់​រំលស់​។ រីឯ​លោក​ (​ក​) ​វិញ មិនបាន​ចូលរួម​ពាក់ព័ន្ធ​ការលក់​ទិញ​នោះ​​ទេ​។ ដូច្នេះ​លោក​ (​ក​) ​មិន​បាន​បង្កើត​សិទ្ធិ និង​កាតព្វកិច្ច​ជាមួយ​ក្រុមហ៊ុន​លក់​ម៉ូតូ​ឡើយ​។ ​ចំណែកឯ​ក្រុមហ៊ុន​លក់​ម៉ូតូ​ក៏​មិនមាន​ទំនាក់ទំនង​សិទ្ធិ​លើ​បំណុល​ចំពោះ​លោក​ (​ក​) ​ដែល​តម្រូវ​ឲ្យ​លោក​ (​ក​) ​សង​ប្រាក់​ជំនួស​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះដែរ​។

ចុះ​បើ​ពេល​ទិញ​ម៉ូតូ​បង់រំលស់​នោះ​កូនប្រុស​លោក​ (​ក​) ​បាន​លួច​យក​សៀវភៅ​គ្រួសារ​​របស់​លោក​ (​ក​) ​ដាក់​តម្កល់​នៅ​ក្រុមហ៊ុន​ម៉ូតូ​តែ​លោក​ (​ក​) ​មិនបាន​ដឹង​។ ​បើ​មាន​ភ័ស្តុតាង​បែប​នេះ​ហើយ តើ​លោក​ (​ក​) ​អាច​ប្រកែក​បាន​ទេ​?

ដូច​ដែល​បានបញ្ជាក់​អត្ថបទ​កន្លងមក​ដែរ សៀវភៅ​គ្រួសារ អត្តសញ្ញាប័ណ្ណ ឬ​ឯកសារ​ទាំងឡាយ​ដែល​មាន​តម្លៃ​គ្រាន់តែ​ជា​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​សមាជិក​គ្រួសារ​ និង​អត្តសញ្ញាណ​សម្គាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ មិន​មាន​តម្លៃ​ណាមួយ​ដែល​អាច​ចាត់ទុក​ជា​ទ្រព្យ​សម្រាប់​ធានា​លើ​បំណុល​បានឡើយ​។

ក្នុង​ករណី​ខាងលើ ទោះបី​ជា​កូនលោក​ (​ក​) ​បាន​លួច​យក​សៀវភៅ​គ្រួសារ ឬ​លោក​ (​ក​) ​អនុញ្ញាត​ឲ្យ​យក​សៀវភៅ​គ្រួសារ​មក​ប្រើប្រាស់​ក៏ដោយ ក៏​លោក​ (​ក​) ​នៅ​តែ​មិន​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ទទួលខុស​ត្រូវ​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​លក់​ម៉ូតូ​នោះ​ឡើយ​។ ក្រុមហ៊ុន​លក់​ម៉ូត​នេះ​អាច​ធ្វើតាម​គោលការណ៍​ក្រុមហ៊ុន ឬ​នីតិវិធី​ច្បាប់​ដើម្បី​ដកហូត ឬ​រឹបអូស​យក​ម៉ូតូ​នោះ​វិញ​បាន​។

ក្នុង​ករណី​នេះ​បើ​ក្រុមហ៊ុន​លក់​ម៉ូតូ​យក​សៀវភៅ​គ្រួសារ​លោក​ (​ក​) ​នោះ តើ​ការប្តឹង​ទៅ​តុលាការ​ត្រឹមត្រូវ​តាមច្បាប់​ឬ​​ទេ ខណៈ​គាត់​ប្រកែក​ថា សៀវភៅ​គាត់​ត្រូវ​បាន​កូន​លួច​?

ដូច​ដែល​បានបញ្ជាក់​ក្នុង​សំណួរ​ទី​ ២ ​ខាងលើ សៀវភៅ​គ្រួសារ​មាន​តម្លៃ​គ្រាន់តែ​ជា​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​សមាជិក​គ្រួសារ​ប៉ុណ្ណោះ មិនមែន​ជា​កម្មវត្ថុ​ដែល​ច្បាប់​កំណត់​ក្នុង​ការធ្វើ​សកម្មភាព​បណ្តឹង​ទាមទារ​សិទ្ធិ​លើ​បំណុល​ឡើយ​។

ប៉ុន្តែ​ក្រុមហ៊ុន​អាច​ប្រើ​ឯកសារ​នេះ​មាន​តម្លៃ​ជា​ភ័ស្តុតាង​សម្រាប់​ធ្វើ​សកម្មភាព​បណ្តឹង​ឲ្យ​កូនលោក​ (​ក​) ​ទទួល​ខុសត្រូវ​លើ​បំណុល​បាន​។

ចុះ​ប្រសិន​បើ​កូន​នោះ​មិនទាន់​គ្រប់​អាយុ​វិញ តើ​លោក​ (​ក​) ​ត្រូវតែ​ចេញ​សង​ជំនួស​កូន​គាត់​ដែរ​ឬ​ទេ​?

ក្នុង​ករណី​កូនលោក​ (​ក​) ​ជា​អនីតិជន​វិញ នោះ​កិច្ចសន្យា​ទិញ​ម៉ូតូ​បង់រំលស់ ដែល​បាន​បង្កើត​ជាមួយ​ក្រុមហ៊ុន​មិន​មាន​អនុភាព​តាមផ្លូវ​ច្បាប់​ឡើយ ហើយ​កិច្ចសន្យា​បែប​នេះ​អាច​លុបចោល​វិញ​បាន​។ ប៉ុន្តែ​អាណាព្យាបាល​ត្រូវ​ទទួល​ខុសត្រូវ​ជាមួយ​ក្រុមហ៊ុន​ដូចជា ត្រូវ​ប្រគល់​ម៉ូតូ​ទៅ​ក្រុមហ៊ុន​វិញ ​ឬ​ចេញ​សំណង​ខូចខាត​ទៅ​ឲ្យ​​ក្រុមហ៊ុន​ជាដើម​៕