កាលពី​សប្ដាហ៍​មុន ភ្នំពេញ-ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចមកហើយ​នូវ​ច្បាប់​ស្ដីពី​ម៉ាក​​ពាណិជ្ជកម្ម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ដែល​តាម​ការបកស្រាយ​ពី​លោក​​មេធាវី ខាន់ ច័ន្ទកូលិច ប្រធាន​ការិយាល័យ​មេធាវី​មហិស្សរា​ និង​ជា​ភ្នាក់ងារ​តំណាង​ស្របច្បាប់​​នៃ​ម្ចាស់​ម៉ាក​គឺ​ច្បាប់​នេះ​អនុវត្ត​ទៅលើ​គ្រប់​ប្រភេទ​នៃ​ជំនួញ​ទាំង​ខ្នាតតូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​។ រីឯ​វគ្គ​នេះ លោក​បាន​ពន្យល់​ពី​ករណី​ទោសទណ្ឌ​វិញ​ម្ដង​ដែល​មាន​ខ្លឹមសារ​ដូច​​ខាងក្រោម ៖

បើ​មាន​ការ​រំលោភ​ ឬ​បន្លំ​យក​ម៉ាក​ក្រុមហ៊ុន​ផ្សេង​ទៅប្រើប្រាស់​ក្លែង​ជា​របស់ខ្លួន តើ​មាន​ការផ្តន្ទាទោស​ដូចម្តេច​ដែរ​?

អនុលោម​ទៅតាម​មាត្រា​ ១១ ​នៃ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជនាម​ និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ក្នុង​ករណី​មាន​ជនណាម្នាក់​ក្រៅពី​ម្ចាស់​ម៉ាក​ដែល​បាន​ចុះបញ្ជី​រួចហើយ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ពុំមាន​ការយល់ព្រម​ពី​ម្ចាស់​ម៉ាក​។ ​ម្ចាស់​ម៉ាក​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ជនណាម្នាក់​ដែល​បាន​ប្រើប្រាស់​ដោយ​រំលោភ​នូវ​ម៉ាក និង​មាន​សិទ្ធិ​ប្តឹង​ចំពោះ​ការប្រើប្រាស់​នូវ​សញ្ញា​ដែល​ប្រហាក់ប្រហែល​ដែល​បណ្តាល​ឱ្យ​មាន​ការភាន់ច្រឡំ​ជា​សាធារណៈ​។

ក) វិធានការ​រដ្ឋបាល៖

៤.១ ​ជូនដំណឹង​ទៅកាន់​អ្នក

រំលោភបំពាន​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​រំលោភបំពាន​អំពី​ផលប៉ះពាល់​ការពិន័យ និង​សំណង​ជំងឺ​ចិត្ត​។

៤.២ ជូនដំណឹង​ជា​សាធារណៈ​ដើម្បី​ឱ្យ​សាធារណជន​មាន​ការយល់ដឹង​ចំពោះ​អំពើ​រំលោភបំពាន​ម៉ាក​ និង​សាធារណជន​មាន​ការជ្រើសរើស​ទំនិញ ឬ​សេវា​ប្រកបដោយ​ការត្រិះរិះ​ពិចារណា​។

៤.៣/strong> នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ធ្វើជា​អ្នកសម្របសម្រួល​រវាង​គូភាគី​។

ខ) ​វិធានការ​តាម​មាត់ច្រក​ព្រំដែន​៖

ប្រទេស​កម្ពុជា​មាន​ច្រកទ្វារ​ព្រំដែន​ជា​លក្ខណៈ​អន្តរជាតិ​ និង​ច្រករបៀង​ដែល​ច្រក​ទាំងនេះ​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កើនឡើង​ជា​លំដាប់​​ក្នុង​នោះ​នាំឱ្យ​ការនាំ​ទំនិញ​ចូល​​មាន​លក្ខណៈ​សម្បូរបែប​។

យោង​មាត្រា​ ៣៥,៣៦ ​បុគ្គល​ដែលជា​អ្នកអនុវត្ត​នូវ​វិធានការ​តាម​មាត់ច្រក​ព្រំដែន​រួមមាន​៖ ​រដ្ឋបាល​គយ​ និង​រដ្ឋាករ​ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ឬ​តុលាការ​។

គ) ​វិធានការ​តាមផ្លូវ​តុលាការ​៖

ស្ថាប័ន​តុលាការ​គឺជា​អង្គភាព​ដែល​ធ្វើ​សេចក្តី​សម្រេច​ចុងក្រោយ​ក្នុង​ការដោះស្រាយ​វិវាទ​កម្មសិទ្ធិបញ្ញា​។

១. វិធានការ​បណ្តោះអាសន្ន​អាជ្ញាធរ និង​តុលាការ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការអនុវត្ត​ច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា​មាន​អំណាច​ចេញ​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​បណ្តោះអាសន្ន​ភ្លាមៗ​​ និង​ប្រសិទ្ធភាព​ដោយ​ឈរលើ​ភ័ស្តុតាង​ជាក់ស្តែង​ដើម្បី​រារាំង​ការរំលោភបំពាន និង​រក្សាទុក​​ភ័ស្តុតាង​ដែល​ពាក់ព័ន្ធ​។ ​វិធានការ​បណ្តោះអាសន្ន​មាន​ ២ គឺ​ទី​ ១ គឺ​ការឃាត់ទុក និង​ទី​ ២ ​គឺ​ការរឹបអូស​។

ឃ) វិធានការ​បណ្តឹង​៖

៣.១ បណ្តឹង​រដ្ឋប្បវេណី

ការទាមទារ​សំណង​រដ្ឋប្បវេណី​គឺជា​សិទ្ធិ​របស់​ម្ចាស់​ម៉ាក​។ ​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ពុំបាន​ចែង​អំពី​រូបមន្ត​កំណត់​អំពី​ការទាមទារ​សំណង​ឡើយ ប៉ុន្តែ​ច្បាប់​នេះ​ក៏​ពុំបាន​បិទ​សិទ្ធិ​របស់​ម្ចាស់​ម៉ាក​ក្នុង​ការទាមទារ​សំណង​ការខូចខាត​ដែល​កើតចេញ​ពី​ការរំលោភ​សិទ្ធិ​របស់​ម្ចាស់​ម៉ាក​ដែរ​។ ​ការទាមទារ​សំណង​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​ម្ចាស់​ម៉ាក​ស្របច្បាប់​ដោយ​ផ្អែក​ទៅលើ​ទំហំ​នៃ​ព្យសនកម្ម​ និង​ភ័ស្តុតាង​បញ្ជាក់​។

ចំពោះ​ពាក្យបណ្តឹង​ដែល​លើកឡើង​ខាងលើ​នេះ​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​៖ ​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​សេចក្តី​ថ្លែង​ពី​មូលហេតុ​ភ័ស្តុតាង​ឈ្មោះ​ និង​អាសយដ្ឋាន​អ្នកប្តឹង​ និង​អ្នកតំណាង​របស់គេ​ដែល​ត្រូវ​រៀបរាប់​ឱ្យបាន​ចប់សព្វគ្រប់​តាម​ការកំណត់​លិខិត​ប្រគល់​សិទ្ធិ/តំណាង​អាណត្តិ​កម្រៃ​រដ្ឋបាល​តាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ម្ចាស់​ម៉ាក​មាន​សិទ្ធិ​ប្តឹង​ទៅ​​លើ​៖

- ប្តឹង​ទៅលើ​អ្នករំលោភ​បំពាន

- ពិន័យ និង​សង​ការខូចខាត

- រឹបអូស​ និង​បំផ្លាញ​ទំនិញ​ដែល​រំលោភបំពាន

- ប្តឹង​សុំ​សេចក្តី​សម្រេច​បណ្តោះអាសន្ន​ពី​តុលាការ​ក្នុងការ​រឹបអូស​ ឬ​ឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​រំលោភបំពាន​បន្តទៀត​។

៣.១ បណ្តឹង​ព្រហ្មទណ្ឌ

អ្នករំលោភ​បំពាន​ទទួលរង​នូវ

- ​ការផាកពិន័យ ការដាក់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​រួមទាំង​ការរឹបអូស និង​ការបំផ្លាញ​ទំនិញ​ដែល​រំលោភបំពាន​មាន​បែបបទ និង​ការបង្ហាញ​ភ័ស្តុតាង​មាន​ភាពល្អិតល្អន់​ជាង​បណ្តឹង​រដ្ឋប្បវេណី

- ​ការប្រឆាំង​អាច​ខ្ពស់​ជា​បណ្តឹង​រដ្ឋប្បវេណី​។ ​

តាមច្បាប់​ខាងលើ​ត្រង់​មាត្រា​ ៦៤ និង​មាត្រា​ ៦៦ ​ត្រូវ​ពិន័យ​ជា​ប្រាក់​ ១ ​លាន​ទៅ​ ៥ ​លាន និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ ចុះ​តើ​អ្នក​ក្លែង​ផលិតផល​ត្រូវ​ទទួលទោស​កម្រិត​ណា​បើ​មិន​រាងចាល​?

ក្នុង​ករណី​ជនល្មើស​នោះ​មិន​រាងចាល​ត្រូវ​ទទួល​ខុសត្រូវ​ទ្វេដង​ចំពោះ​ការផាកពិន័យ និង​ដាក់ពន្ធនាគារ​ដូច​មានចែង​នៅក្នុង​មាត្រា​៕